កម្ពុជា
បាតុកម្មក្រៅប្រទេស-គម្រោងត្រីកោណអភិវឌ្ឍន៍
11/08/2024 – 11:31
ដោយ៖ សាំ ឧត្តម
RFI
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសរាប់ពាន់នាក់នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នាជាមួយ ឡាវ និងវៀតណាម CLV-DTA។ ពលរដ្ឋដែលចេញធ្វើបាតុកម្មបានអះអាងថា ពួកគេមិនគាំទ្រគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV នេះឡើយ ដោយព្រួយបារម្ភពីការបាត់បង់ទឹកដីទៅកាន់ប្រទេសវៀតណាម។ តែអ្នកនាំពាក្យរដ្ឋាភិបាល បានហៅការធ្វើបាតុកម្មនេះថា ធ្វើឡើងដោយក្រុមជ្រុលនិយម។
ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសរាប់ពាន់នាក់ចេញតវ៉ាប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA
ដូចការគ្រោងទុក ការធ្វើបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV របស់ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េ ជប៉ុន និងអូស្ត្រាលីបានចាប់ផ្តើមឡើងនៅព្រឹកថ្ងៃ១១ សីហានេះ។ នៅកូរ៉េខាងត្បូង គណៈកម្មការរៀបចំមហាបាតុកម្មបានឱ្យដឹងថា មានពលរដ្ឋខ្មែរយ៉ាងហោចណាស់២ម៉ឺននាក់បានចេញមកធ្វើបាតុកម្មនៅកណ្តាលទីក្រុងសេអ៊ូល ដើម្បីទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម។
ក្រៅពីការទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីគម្រោង CLV ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េក៏ស្នើឱ្យតុលាការខ្មែរដោះលែងសកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិ និងក្រុមសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឱ្យមានសេរីភាពឡើងវិញ។
បើតាមគណៈកម្មការរៀបចំមហាបាតុកម្ម បាតុករក៏ដើរដាក់ញត្តិទៅស្ថានទូតខ្មែរប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងបណ្តាស្ថានទូតបរទេសដែលជាម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ផងដែរ ដើម្បីជំរុញឲ្យកម្ពុជាដកខ្លួនពីគម្រោង CLV នោះ។
ចំណែកនៅប្រទេសអូស្ត្រាលីវិញ ក្រុមការងាររៀបចំបាតុកម្មបានបញ្ជាក់ថា មានពលរដ្ឋខ្មែររស់នៅក្នុងទីក្រុងម៊ែលបនប្រមាណ៥០០នាក់ចេញមកតវ៉ា និងទាមទារឱ្យរដ្ឋាភិបាលលុបចោលគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នេះ និងបានអំពាវនាវឱ្យបញ្ឈប់ការគំរាមកំហែងមកលើសិទ្ធិសេរីភាពរបស់ពលរដ្ឋ សកម្មជនការពារបរិស្ថាន សកម្មជនការពារសង្គម និងសកម្មជននយោបាយបក្សប្រឆាំង។
ក្រៅពីបាតុកម្មនៅកូរ៉េខាងត្បូងនិងអូស្ត្រាលី ពលរដ្ឋខ្មែរនៅប្រទេសជប៉ុនឯណោះក៏បានហែរក្បួនបាតុកម្មនៅកណ្តាលទីក្រុងតូក្យូ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះដែរ។
ទាក់ទងនឹងការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសនាពេលនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងមកវិទ្យុបារាំងអន្តរជាតិ RFI ថា នេះជាសិទ្ធិរបស់ពលរដ្ឋខ្មែរ។ ប៉ុន្តែលោក ប៉ែន បូណា ដាស់តឿនឱ្យយុវជនខ្មែរប្រយ័ត្នចាញ់បោកក្រុមមួយដែលលោកហៅថា «ជ្រុលនិយមដែលមានបំណងចង់ដុតបំផ្លាញ់ប្រទេសជាតិ និងរុញប្រទេសឱ្យធ្លាក់ទៅក្នុងភាពវឹកវរ និងសង្គ្រាមស៊ីវិលឡើងវិញ»។
តាមអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក្រុមជុលនិយមនឹងមិនអាចសម្រេចផែនការផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ពលរដ្ឋបានឡើយ ខណៈរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ការពារនូវសន្តិភាព ស្ថេរភាពនយោបាយ និងអធិបតេយ្យភាពទឹកដី។
សូមជម្រាបថា មុនផ្ទុះការតវ៉ាព្រមៗគ្នាប្រឆាំងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ពីសំណាក់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសបែបនេះ តុលាការខ្មែរបានចោទប្រកាន់ លោក ស្រ៊ុន ស្រ៊ន សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយលោកធ្វើបទអត្ថាធិប្បាយអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កាលពីថ្ងៃទី២៣ ខែកក្កដា៕