ដោយ ខាន់ លក្ខិណា
2024.08.10
RFA
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន គំរាមថា អ្នកមិនយល់ស្របតាមការពន្យល់របស់រដ្ឋាភិបាល រឿងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នឹងត្រូវចាប់ដាក់គុក។ យ៉ាងណាអ្នកឃ្លាំមើលថា ការគំរាមរបស់លោក ហ៊ុន សែន គ្មានប្រសិទ្ធភាពទប់ស្កាត់ការតវ៉ារបស់ប្រជាពលរដ្ឋនោះទេ ដរាបណារដ្ឋាភិបាលកម្ពុជាមិនចេញពីគម្រោងតំបន់ត្រីកោណ ពីព្រោះនេះជារឿងទឹកដីជាតិ។
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានណែនាំថ្នាក់ដឹកនាំ និង សមាជិកគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធឱ្យនាំគ្នាផុសខ្លឹមសារសម្ភាសន៍របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល ដែលបំភ្លឺអំពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
លោក ហ៊ុន សែន បញ្ជាឱ្យប្រធានគណបក្សប្រជាជនកម្ពុជានៅគ្រប់មូលដ្ឋាន ជាពិសេសក្នុងតំបន់ភាគឦសានកម្ពុជារួមទាំងមានខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង ធ្វើចលនាជំរុញថ្នាក់ដឹកនាំសមាជិករហូតដល់យុវជន នៃគណបក្សប្រជាជនកម្ពុជា ឱ្យផុសការបកស្រាយរបស់អ្នកស្រី ចម និម្មល លើបណ្ដាញសង្គមហ្វេសប៊ុកដោយកុំចាំចែករំលែកតគ្នាឬស៊ែ (Share)។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអ្នកស្រី ចម និម្មល កាលពីថ្ងៃទី០៩ ខែ សីហា បានបកស្រាយថា គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ គឺជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច សង្គម សន្តិសុខ និងការពារជាតិ និងគ្មានកិច្ចព្រមព្រៀងបញ្ជូនដែនដីទៅកាន់ប្រទេសជិតខាង ដូចមជ្ឈដ្ឋាននានាសង្ស័យនោះទេ។
ប្រធានព្រឹទ្ធសភា និងជាឪពុកនាយករដ្ឋមន្ត្រីគឺលោក ហ៊ុន សែន បានព្រមានចាប់ដាក់ពន្ធនាគារចំពោះអ្នកទាំងឡាយណា ដែលមិនស្ដាប់តាមការបកស្រាយរបស់ អ្នកស្រី ចម និម្មល។
លោក ហ៊ុន សែន ៖ «តាមស្ថាប័នក៏ធ្វើដូចគ្នាដែរ និយាយរួមអ្នកណាក៏ដោយ ឱ្យ[តែ]មានហ្វេសប៊ុក ចាប់ផ្ដើមពន្យល់ពីខ្លួនឯងទៅឱ្យយល់ពីខ្លួនឯងប៉ុនហ្នឹង ហើយ បកស្រាយប៉ុនហ្នឹងហើយ ហើយគឺបើថាវាមិនស្ដាប់ទៀតវាមានតែជម្រើសដែលនៅសល់មានតែគុក»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត លើកឡើងថា លោក ហ៊ុន សែន កាន់តែលែងខ្វល់អំពីទឹកដីជាតិ និងលែងស្ដាប់សំណូមពររបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស។ លោកថា សម្ដីគំរាមបែបនេះរបស់លោក ហ៊ុន សែន នឹង ធ្វើឱ្យរដ្ឋាភិបាលគ្រួសារហ៊ុន ប្រឈមនឹងបាតុកម្មតវ៉ារបស់ប្រជាពលរដ្ឋខ្មែរ ដូចកើតមាននៅប្រទេសបង់ក្លាដេស្ហដែរ ពីព្រោះប្រជាពលរដ្ឋខ្មែរមើលឃើញច្បាស់ថា លោក ហ៊ុន សែន គាបសង្កត់ពលរដ្ឋខ្មែរ ដែលមានឆន្ទៈការពារទឹកដីជាតិខ្មែរ ប៉ុន្តែ បម្រើផែនការមហិច្ឆតារបស់វៀតណាមទៅវិញ។
លោក ម៉ែន ណាត ៖«កាលណា [លោក] ហ៊ុន សែន ប្រតិកម្មនឹងប្រជាពលរដ្ឋ ហើយបន្តចាប់ប្រជាពលរដ្ឋ ដាក់ឃុំឃាំងទៀត បានន័យថា លោក ហ៊ុន សែន បន្តធ្វើសម្បទានទឹកដីជាតិ ទៅឱ្យប្រទេសវៀតណាម ដែលមានមហិច្ឆតាឈ្លានពានប្រទេសកម្ពុជាយូរហើយ ហើយយើងបារម្ភយើងបារម្ភថា សកម្មភាពទង្វើរបស់លោក ហ៊ុន សែន ហ្នឹង គឺកំពុងតែបង្កហានិភ័យសម្រាប់ការបាត់បង់សិទ្ធិគ្រប់គ្រង ទឹកដីជាតិរបស់យើងនៅថ្ងៃក្រោយ»។
អ្នកឃ្លាំមើលលើកឡើងថា មកដល់ពេលនេះ លោក ហ៊ុន សែន មិនទាន់បានបង្ហាញឯកសារកិច្ចព្រមព្រៀងទាំងអស់ ដែលទាក់ទងនឹងគម្រោងតំបន់ត្រីកោណ អភិវឌ្ឍន៍នៅឡើយទេ ប៉ុន្តែបែរជាគំរាមចាប់ប្រជាពលរដ្ឋដាក់គុកទៅវិញ។ ពួកគេថា ទង្វើរបស់លោក ហ៊ុន សែន រឹតតែធ្វើឱ្យប្រជាពលរដ្ឋសង្ស័យ និងលែងទុកចិត្តថា តើលោក ហ៊ុន សែន មានអ្វីលាក់បាំងប្រជាពលរដ្ឋខ្មែរបានជាលោកប្រឹងគំរាមប្រជាពលរដ្ឋខ្មែរ។
អ្នកឃ្លាំមើលក៏លើកឡើងដែរថា គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ ធំហួសពីកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទៅហើយ ដោយសារមានភ្ជាប់នូវសាច់រឿងនៃការស្ថាបនាស្ថាប័ននយោបាយ និងសភានៃប្រទេសទាំងបីផង។ ម្យ៉ាងទៀត លោក ហ៊ុន សែន មិនបានឆ្លើយប្រាប់ប្រជាពលរដ្ឋខ្មែរ ឱ្យបានច្បាស់អំពីសំណើរបស់ភាគីវៀតណាមកាលពីឆ្នាំ២០១៨ ដែលចង់ឱ្យដាក់ប្រទេសកម្ពុជាទាំងមូល ក្នុងគម្រោងនោះ។
ពួកគេថា បើលោក ហ៊ុន សែន មិនពន្យល់បញ្ជាក់បញ្ហាទាំងនេះ ឱ្យប្រាកដប្រជាទេ នោះទោះលោកអតីតនាយករដ្ឋមន្ត្រី ចេញសម្លុតប្រជាពលរដ្ឋយ៉ាងណា ក៏មិនអាចធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោក ឈប់តវ៉ាឡើយ ព្រោះនេះជារឿងទឹកដីជាតិ ហើយវិធីដោះស្រាយដ៏ល្អបំផុត គឺដកទឹកដីកម្ពុជាចេញ ពីគម្រោងតំបន់ត្រីកោណ អភិវឌ្ឍន៍តាមដំណើររបស់ប្រជាពលរដ្ឋខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។