កម្ពុជា
កម្ពុជា-នយោបាយ
12/08/2024 – 11:57
ដោយ៖ អោ ស្រីពេជ្រ
RFI
កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់បានចេញមុខថ្កោលទោស និងប្រឆាំងសកម្មភាពបំផុសបំផុលឱ្យមានការបះបោលផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា នៅថ្ងៃអាទិត្យទី១១សីហា កងទ័ព កងរាជអាវុធហត្ថ និងនគរបាលបានប្រកាសឱ្យដឹងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ក្រាប និងកម្ទេចឧបាយកលញុះញង់របស់ក្រុមដែលគេចាត់ទុកថា ជាក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស។ ប្រតិកម្មចេញមុខថ្កោលទោសព្រមៗគ្នារបស់កងកម្លាំងប្រដាប់អាវុធនេះធ្វើឡើង ខណៈចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជាហាក់កំពុងងើបឡើងនៅតាមបណ្តាញសង្គមថ្មីៗនេះ។
កងកម្លាំងប្រដាប់អាវុធប្រកាសត្រៀមកម្ទេចចលនាបះបោរផ្តួលរំលំរដ្ឋាភិបាល
នៅថ្ងៃទី១១សីហាកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់រួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការ និងប្រឆាំងរាល់ទង្វើទាំងឡាយណាដែលប៉ុនប៉ង ចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក តែក្នុងខ្លឹមសារស្រដៀងគ្នា កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់របស់កម្ពុជាបានចោទថា ការអំពាវនាវ និងការបំផុសញុះញង់ផ្តួលរំលំរដ្ឋាភិបាលនេះ គឺជាស្នាដៃរបស់ក្រុមមួយដែលគេហៅថា ក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ពោលគឺក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះត្រូវតែទទួលការបង្ក្រាបឱ្យចាស់ដៃ និងកម្ទេចចោល ដោយគ្មានការលើកលែង។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានចាត់ទុកការញុះញង់ប៉ុនប៉ងបង្កចលាចលផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា និងមិនប្រជាធិបតេយ្យជាអំពើល្មើសច្បាប់។ ក្នុងន័យនេះ កងទ័ពខ្មែរដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍វង្ស ពិសេនបានបញ្ជាឱ្យកងទ័ពជើងគោក ជើងទឹក និងអាកាស ព្រមទាំងកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវគ្រប់គ្រងពង្រឹងវិន័យផ្ទៃក្នុងឱ្យបានម៉ត់ចត់ និងត្រូវកម្ចាត់កម្លាំងដែលចាត់ទុកជាអមិត្តឱ្យទាន់ពេលវេលា។
ចំណែកឯ អគ្គស្នងការដ្ឋាននគរបាលជាតិដែលមានលោកស ថេត ជាអគ្គស្នងការបានបញ្ជាឱ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្នងការនគរបាលរាជធានី ខេត្ត អធិការដ្ឋានគ្រប់ចំណុះ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់ខ្លួន កម្ចាត់រាល់សកម្មភាពរៀបចំផ្តួលរំលំរដ្ឋាភិបាល។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញភក្តីភាពការពាររដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត និងអះអាងថាខ្លួនហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារ និងថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមនេះដែរ កងរាជអាវុធហត្ថ ដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍សៅ សុខាវិញក៏បានអះអាងថា ទោះក្នុងរូបភាពណាក្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេសត្រូវប្រឆាំងដាច់ខាត និងថ្កោលទោសការញុះញង់ ការផ្សព្វផ្សាយបង្កចលាចល បង្កវិទ្ធង្សនា បង្កអសន្តិសុខរបស់ពួកក្រុមជ្រុលនិយម និងពួកអគតិ តាមរយៈការអនុវត្តច្បាប់។
គួរកត់សម្គាល់ថា ប្រតិកម្មចេញមុខថ្កោលទោសព្រមៗគ្នារបស់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជានេះធ្វើឡើង ខណៈចលនាប្រឆាំងរដ្ឋាភិបាលកម្ពុជាហាក់កំពុងងើបឡើងវិញនៅលើបណ្តាញសង្គមថ្មីៗនេះ។ បុគ្គលមួយចំនួនក្នុងសម្លៀកបំពាក់យោធាបានចេញមកអះអាងថា ក្រុមប្រដាប់អាវុធជាច្រើនរយនាក់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរនៅជាមួយពលរដ្ឋដែលចង់ទម្លាក់មេដឹកនាំផ្តាច់ការគឺលោកហ៊ុន ម៉ាណែតចេញពីតំណែង។ ចរន្តបង្កចលនាបះបោលរដ្ឋាភិបាលកម្ពុជានេះ គឺធ្វើតាមលំនាំជ័យជម្នះទម្លាក់នាយករដ្ឋមន្ត្រីចេញពីអំណាចរបស់ពលរដ្ឋបង់ក្លាដែស។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នៅបង់ក្លាដែសនេះដែរលោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅក្រៅស្រុកបានជញ្ជឹងគិតថា ស្ថានការណ៍នយោបាយនៅស្រុកខ្មែរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏នឹងអាចឈានទៅរកផ្លូវដូចគ្នានេះពីព្រោះលោកចោទថា អំណាចផ្តាច់ការ គ្រួសារបក្សពួកនិយម និងពុករលួយស៊ីរូងផ្ទៃក្នុងនៅកម្ពុជាគឺជាកត្តាជំរុញឱ្យពលរដ្ឋទាញទម្លាក់លោកហ៊ុន ម៉ាណែតចេញពីតំណែង៕