គ្រួសារនាយករដ្ឋមន្ត្រី បង្ហាញក្ដីរីករាយជាមួយកូនចៅ ខណៈកុមារដទៃទៀតរស់ ក្នុងភាពលំបាក និងមិនបានសិក្សា

ដោយ សុ ជីវី
2024.08.12
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

គ្រួសារនាយករដ្ឋមន្ត្រី បង្ហាញក្ដីរីករាយជាមួយកូនចៅ ខណៈកុមារដទៃទៀតរស់ ក្នុងភាពលំបាក និងមិនបានសិក្សា

លោក ហ៊ុន សែន ធ្វើពិធីខួបកំណើតជាមួយចៅ កូន និងក្មួយ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្ហាញ​ក្ដី​រីករាយ​ក្នុង​គ្រួសារ តាម​រយៈ​ការ​បង្ហោះ​សកម្មភាព​នៅ​លើ​បណ្ដាញ​សង្គម​នានា ស្របពេល​ដែល​កុមារ​ផ្សេង​ទៀត កំពុង​រស់នៅ​ក្នុង​ស្ថានភាព​លំបាក ព្រាត់ប្រាស​ពី​ក្រុម​គ្រួសារ និង​មិន​ទទួល​បាន​ការ​សិក្សា​ត្រឹមត្រូវ។ អ្នកឃ្លាំមើល​បញ្ហា​សង្គម ចាត់​ទុក​ការ​ដឹកនាំ​របស់​គ្រួសារ​ត្រកូល ហ៊ុន ថា គ្មាន​គុណធម៌ និង​អមនុស្ស​ធម៌ ហើយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ចុះ​ចេញ​ពី​តំណែង​ប្រសិន​បើ​គ្មាន​សមត្ថភាព​ស្វែង​រក​សន្តិភាព​ពិត​ប្រាកដ​ជូន​ពលរដ្ឋ។

គ្រួសារ​លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែង​បង្ហោះ​រូប​ភាព និង​វីដេអូ បង្ហាញ​ពី​ការ​រស់នៅ​ជួបជុំ​គ្រួសារ​ប្រកប​ដោយ​ភាព​សុខដុមរមនា និង​អួត​សរសើរ ពី​ការ​សិក្សា​របស់​កូន​របស់​ខ្លួន នៅ​លើ​បណ្ដាញ​សង្គម​នានា រួម​មាន​ហ្វេសប៊ុក (Facebook) និង​តិកតុក (TikTok) ​ជាដើម។

ជាក់ស្ដែង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី ៣១ ខែ​កក្កដា បាន​បង្ហោះ​រូបភាព​ជាមួយ​កូនប្រុស​របស់​លោក ដែល​កំពុង​អង្គុយ​នៅ​លើ​កៅអី​ពណ៌​មាស ក្នុង​ទឹក​មុខ​ញញឹម​រាក់ទាក់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ថា ថ្ងៃនេះ ប្រជុំ​ជ្រុល​ម៉ោង​មក​ដល់​ផ្ទះ​យប់​បន្តិច បាន​កូនប្រុស​បបួល​ញ៉ាំ​ដំណាប់​ស្វាយ​កែវ​រមៀត មាន​រសជាតិ​ឆ្ងាញ់​ដើម្បី​ប៉ូវ​កម្លាំង។


ចំណែក​ឯ ឪពុក​របស់​លោក ហ៊ុន ម៉ាណែត គឺ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្មីៗ​នេះ ក៏​បាន​បង្ហោះ​សកម្មភាព​កំពុង​ទទួល​ទាន​អាហារ​ជួបជុំ​គ្រួសារ និង​ជាមួយ​ចៅៗ​ជាច្រើន​នាក់ នៅ​លើ​តុ​ពណ៌​មាស ក្រាល​ដោយ​កម្រាល​ព្រំ​ពណ៌​ក្រហម និង​មាន​ម្ហូប​អាហារ​ពាស​ពេញ​តុ​។ លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​វីដេអូ ក្នុង​ពេល​ដែល​លោក​កំពុង​បណ្ដើរ​ចៅ​របស់​លោក​ចំនួន​២​នាក់ លេង​ល្បែង​របស់​កុមារ​ និង​វីដេអូ​អោប​ថើប ចៅៗ​របស់​លោក​ផង​ដែរ។

ទន្ទឹម​នឹង​នេះ លោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន និង​អ្នកស្រី ពេជ្រ ចន្ទមុន្នី ដែល​ជា​ភរិយា លោក ហ៊ុន ម៉ាណែត ថ្មីៗ នេះ ក៏​បាន​បង្ហោះ អួត​សរសើរ​កូនប្រុស​របស់​លោក ហ៊ុន ម៉ាណែត ដែល​រៀន​ពូកែ និង​ទទួល​បាន​មេដាយ​មាស ក្នុង​ការ​ប្រឡង​លំដាប់​អន្តរជាតិ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី បាន​ជួបជុំ​គ្នា​យ៉ាង​កក់ក្ដៅ​ក្នុង​ទ្រនំ​មួយ​ដែល​មាន​ម្ដាយ​ឪពុក កូន ព្រម​ទាំង​តាយាយ​។ គេ​សង្កេត​ឃើញ​ទំនួល​ខុសត្រូវ​ទាំង​នេះ  ក្នុង​នាម​ជា​អាណាព្យាបាល  បង្ហាញ​ថា ពួកគាត់ ជា​ឪពុក ម្ដាយ និង​ជីតា​ល្អ នៅ​ក្នុង​គ្រួសារ។

ប៉ុន្តែ​ងាក​មក​មើល​ពី​ការ​ដឹកនាំ​ប្រទេស​វិញ ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ហាក់​ពុំ​បាន​គិតគូរ​ដល់​ក្រុម​គ្រួសារ​ពលរដ្ឋ​ទាំង​អស់​ក្នុង​ប្រទេស​ឡើយ។ ពលរដ្ឋ​បន្ត​រស់នៅ​ក្នុង​ភាព​ក្រីក្រ ជំពាក់​បំណុល​ធនាគារ គ្មាន​ការងារ​ធ្វើ ខ្វះ​ចំណូល ចំណាកស្រុក កូនចៅ​មិន​បាន​រៀនសូត្រ​ត្រឹមត្រូវ រស់នៅ​និរាស​ព្រាត់​ប្រាស់​ខ្វះ​ភាព​កក់ក្តៅ​ពី​ឪពុក​ម្តាយ និង​គ្រួសារ ជាពិសេស គឺ​ក្រុម​គ្រួសារ​របស់​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​ត្រកូល​ហ៊ុន​ចាប់​ដាក់​ពន្ធនាគារ ពង្រាត់​ប្រពន្ធ​កូន​អ្នក​ដទៃ​ឲ្យ​រស់​នៅ​ខ្ចាត់ខ្ចាយ​ឆ្ងាយ​ពី​គ្នា។

ជាក់ស្ដែង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បន្ត​ដល់​លោក ហ៊ុន ម៉ាណែត បាន​ពង្រាត់​ប្រពន្ធ​កូន​អ្នក​ដទៃ​ឲ្យ​រស់នៅ​ខ្ចាត់ខ្ចាយ​ឆ្ងាយ​ពី​គ្នា។

កាល​ពី​ថ្ងៃទី ០២ ខែ​កក្កដា តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​សកម្មជន​បរិស្ថាន​១០នាក់ ក្នុង​នោះ​មាន​កញ្ញា ​ឡុង គន្ធា កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត និង​លោក យីម លាងហ៊ី ​ជាដើម ឱ្យ​ជាប់​ពន្ធនាគារ​ពី​ ៦ឆ្នាំ ដល់ ៨ឆ្នាំ ក្រោម​បទ​ចោទ«រួមគំនិតក្បត់»និង«ប្រមាថ​ព្រះមហាក្សត្រ» ពាក់ព័ន្ធ​នឹង​សកម្មភាព​ការពារ​បរិស្ថាន។

ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ទាំងនេះ បាន​ធ្វើ​ឲ្យ​ពួកគេ​ត្រូវ​រស់នៅ​កំសត់​វេទនា ព្រាត់ប្រាស​ពី​ឪពុក​ម្តាយ បងប្អូន ប្រពន្ធ និង​កូនៗ​ជា​ទី​ស្រឡាញ់ ដែល​វ័យ​កំពុង​ត្រូវការ​ភាព​កក់​ក្តៅ និង​ថែទាំ​ពី​ឪពុក​ជា​បង្គោល​គ្រួសារ។ ករណី​របស់​សកម្មជន​បរិស្ថាន​លោក យីម លាងហ៊ី ដែល​កំពុង​ជាប់​ពន្ធនាគារ ​ប្រពន្ធ​របស់​លោក គឺ​លោក​ស្រី ហុង ស្រីម៉ៅ បាន​សម្រាល​បុត្រ​តែ​ម្នាក់​ឯង កាលពី​ថ្ងៃ​ទី២៧ ខែកក្កដា ខណៈ​ប្ដី​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​លោកស្រី ក៏​មាន​កូន​តូច​ម្នាក់​ទៀត​នៅ​ក្នុង​បន្ទុក។

លោកស្រី ហុង ស្រីម៉ៅ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី ៤ ខែ​សីហា​ថា សុខភាព​លោកស្រី​នៅ​ពុំ​ទាន់​ល្អ​ប្រសើរ​ឡើង​វិញ​ឡើយ ក្រោយពេល​សម្រាល​បុត្រ​រួច និង​កំពុង​មមាញឹក​មើល​ថែទាំ​កូន​តូចៗ​ចំនួន​២នាក់។ លោកស្រី ឲ្យ​ដឹង​ថា ក្នុង​នាម​ជា​ប្រពន្ធ និង​ជា​ម្ដាយ ពិត​ជា​មិន​ចង់​រស់នៅ​ឃ្លាត​ឆ្ងាយ​ពី​ប្ដី​ឡើយ ស្របពេល​ដែល​កូន​ប្រុស​ទី​១ ដែល​មាន​អាយុ ៥ខួប តែង​តែ​សួររក​ឪពុក។

លោកស្រី ហុង ស្រីម៉ៅ៖«គាត់​ចេះ​តែ​សួរ​រក​ប៉ា សួរ​ថា ម៉ាក់​ពេល​ណា​ប៉ា​ត្រឡប់​មក​វិញ? ម៉ាក់! ប៉ា​ទៅ​លើ​ហ្នឹង​ម៉េច​ក៏​យូរ​ម្ល៉េះ អត់​មក​វិញ​អីចឹង? គាត់​ចេះ​តែ​សួរ​យើង​អីចឹង​ទៅ មែន​ទែន​ទៅ​គាត់​នឹក​គ្រាន់​តែ​ថា គាត់​អាច​ទប់​ចិត្ត​បាន​ដែរ គាត់​ធ្លាប់​បែក​ពី​ឪពុក​ពី​មុន​មក បែក​ពី​ប៉ា​គាត់​ពី​មុន​មក​អីចឹង​ទៅ​គាត់​រាង​ស៊ាំ​ដែរ ប៉ុន្តែ​គ្រាន់​តែ​ថា គាត់​នៅ​តែ​នឹក ហើយ​គាត់​នៅ​តែ​សួររក»។

ស្រដៀង​គ្នា​នេះ ប្រពន្ធ​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ក៏​មាន​កូនតូចៗ ចំនួន​២នាក់​នៅ​ក្នុង​បន្ទុក កំពុង​ត្រូវ​ការ​ភាព​កក់​ក្ដៅ​ពី​ឪពុក​ដូចគ្នា​ដែរ។ ប្រពន្ធ​សកម្មជន​បរិស្ថាន ទទូច​ដល់​រដ្ឋាភិបាល និង​តុលាការ ឲ្យ​ដោះលែង​ប្ដី​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​វិញ។

ងាក​ទៅ​មើល​ការ​យក​ចិត្ត​ទុកដាក់​ លើ​កុមារ​ជា​ទូទៅ​វិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់​ពុំ​បាន​គិត​គូរ​ដល់​កុមារ​ទាំង​នោះ ឲ្យ​ដូច​កូនៗ​របស់​លោក​ឡើយ។

ជាក់​ស្ដែង​ គេ​សង្កេត​ឃើញ​នៅ​តាម​ភ្លើង​ស្តុប​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ គេ​តែង​ឃើញ​មាន​ក្មេងៗ​ស្លៀកពាក់​ខោអាវ​រយីករយាក ដើរ​សុំទាន​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ។ ក្រៅពី​តំបន់​នេះ គេ​សង្កេត​ឃើញ​កុមារ​ដើរ​សុំទាន​ខ្លះ​ទៀត ដូចជា​ នៅ​តំបន់​កោះ​ពេជ្រ សួន​ច្បារ​វត្ត​បទុមវតី តំបន់​មាត់ទន្លេ​ទល់​មុខ​ព្រះ​បរមរាជវាំង តាម​ផ្សារ​រាត្រី និង​នៅ​ត្រើយ​ម្ខាង​ទៀត​ទល់​មុខ​សណ្ឋាគារ​សុខា​អូតែល​ជាដើម។

លើស​ពី​នេះ កុមារ​ខ្លះ​ទៀត ត្រូវ​បាន​ម្ដាយ​ឪពុក ឲ្យ​ជួយ​ទូល​នំ​ចំណី និង​អាហារ​សម្រន់​ផ្សេង​ទៀត លក់​នៅពេល​រាត្រី នៅ​ទីតាំង​ខាង​លើ​ផង​ដែរ។

ដោយ​ឡែក កុមារ​រង​គ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​វិញ ក៏​ខ្វះ​ការ​យកចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ដូចគ្នា។ ករណី​កុមារ​នៅ​តំបន់​បឹងតាមោក ប្រមាណ​៣០​នាក់ ក្នុង​ចំណោម​១០០នាក់ បាន​បោះបង់​ការ​សិក្សា​ក្រោយ​ពី​រដ្ឋាភិបាល បាន​ប្រគល់​ដី​នៅ​តំបន់​នោះ ឲ្យ​ទៅ​បក្ខពួក និង​អ្នកមាន​លុយ​មាន​អំណាច​ក្រោម​ហេតុផល​ផ្សេងគ្នា ហើយ​កត្តា​នេះ បាន​បណ្ដាល​ឲ្យ​ម្ដាយ​ឪពុក​កុមារ​នៅ​តំបន់​នោះ បាត់​បង់​ប្រាក់​ចំណូល ជំពាក់​បំណុល​ធនាគារ និង​បង្ខំ​ចិត្ត​ឲ្យ​កូន​ឈប់​រៀន ដើម្បី​ជួយ​រក​លុយ​ដោះ​បំណុល។

ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក ដែល​មាន​កូន​ឈប់​រៀន​ចំនួន​៤នាក់ ក្នុង​ចំណោម​ចំនួន​៦នាក់ គឺ​លោកស្រី ទឹម អ៊ុក ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោកស្រី មិន​បាន​ជំរុញ​ឲ្យ​កូន​របស់​លោកស្រី​ឈប់​រៀន​នោះ​ទេ ប៉ុន្តែ​ការ​ឈប់​រៀន​នោះ គឺ​កើត​ចេញ​ពី​កូន​លោកស្រី បាន​ឃើញ​ពី​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ និង​បារម្ភ​ថា អាជ្ញាធរ​អាច​នឹង​រុះរើ​ផ្ទះ​របស់​ពួកគេ។ លោកស្រី ក៏​ចង់​ឲ្យ​រដ្ឋាភិបាល គិតគូរ​ពី​ការ​សិក្សា​របស់​កុមារ​នៅ​តំបន់​បឹង​តាមោក ឲ្យ​ដូច​ដែល​លោក​នាយករដ្ឋមន្ត្រី បាន​ផ្គត់​ផ្គង់​ឲ្យ​កូនៗ​របស់​ពួកគាត់ ដូចគ្នា​ដែរ។

លោកស្រី ទឹម អ៊ុក៖ «ខ្ញុំ​មាន​ការ​បារម្ភ​ដល់​វា ពេល​វា​ធំ​ទៅ​ដល់​ពេល​វា​មាន​គ្រួសារ តែ​ពេល​នៅ​តូច​អីចឹង មិន​អី​ទេ​ព្រោះ​នៅ​លើ​យើង​គ្រប់គ្រង​ពួកវា។ យើង​គឺ​ពិបាក​ហើយ ដោយសារតែ​ពួកខ្ញុំ​មិន​ចេះ​ហ្នឹង​ហើយ​បាន​លំបាក គឺ​ប្រើ​តែ​កម្លាំង​បាយ​ប្ដូរ​យក​ប្រាក់​បន្តិច​បន្តួច ប្រថុយ​ជីវិត​យក​ប្រាក់​បន្តិច​បន្តួច ដែល​យើង​ទៅ​បឹង ទៅ​វាល​ហ្នឹង»។

ទាក់ទង​នឹង​បញ្ហា​វិវាទ​ដីធ្លី​នេះ​ដែរ ​ទារក​ម្នាក់ មាន​វ័យ​ជាង​មួយ​ខួប បាន​ជាប់​ពន្ធនាគារ​ខេត្ត​កោះកុង ជិត​១០០ថ្ងៃ ជាមួយ​ម្ដាយ គឺ​លោកស្រី ផាវ ញ៉ើង ដែល​ជា​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង​។ ការ​ឃាត់​ខ្លួន​​លោកស្រី ផាវ ញ៉ើង គឺ​ធ្វើឡើង​បន្ទាប់​ពី​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី នៅ​ខេត្ត​កោះកុង នាំគ្នា​ឡើង​ទៅ​ដាក់​ញត្តិ​ស្នើសុំ​ដំណោះស្រាយ​វិវាទ​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ចុង​ខែមិថុនា ឆ្នាំ​២០២៣។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ើង ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ​លោកស្រី​អាណិត​កូន​តូច ដែល​មិន​ទាន់​ដឹង​ក្ដី​ផង បែរ​ជា​បាត់បង់​សេរីភាព និង​ជួប​ការ​លំបាក​សព្វ​បែបយ៉ាង​ជាមួយ​ម្ដាយ​នៅ​ក្នុង​ពន្ធនាគារ។

លោកស្រី ផាវ ញ៉ើង៖«នឹក​ឃើញ​ឈឺ​ចាប់​ខ្លាំង​មែន​ទែន​មក​ដល់​ថ្ងៃ​នេះ វា​មិន​គួរ បើ​យើង​ប្រព្រឹត្ត​បទ​ល្មើស​មែន គេ​ចាប់​ខ្លួន​យើង​មិន​តូចចិត្ត​ទេ យើង​មិន​ឈឺ​ចាប់​ទេ ព្រោះ​អី​យើង​បាន​ប្រព្រឹត្ត​បទល្មើស ប៉ុន្តែ​នេះ​ជា​រឿង​មួយ​ហួស​ចិត្ត​យើង​គ្រាន់​តែ​ដើរ​ទៅ​ដាក់​ញត្តិ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ បែរ​ទៅ​ជា​ចាប់​យើង​ដាក់​ពន្ធនាគារ​ទៅ​វិញ។ ការ​ទម្លាក់​បទ​ចោទ​នេះ ក៏​អីចឹង​ដែរ​ យើង​ទៅ​ទាមទារ​តវ៉ា​ដីធ្លី​យើង ដើម្បី​ចង់​បាន​ដំណោះស្រាយ​ដីធ្លី តែ​អ្នកឯង​ចោទ​ប្រកាន់​យើង​ពី​បទ​ញុះញង់ ដល់​ពេល​យើង​ទៅ​ដាក់​ញត្តិ​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ពី​បទ​ញុះញង់​បែរ​ទៅ​ជា​ចាប់​ឃុំ​ខ្លួន​យើង​ទៅ​វិញ។ នេះ​ជា​រឿង​មួយ​រង​ភាព​អយុត្តិធម៌​ខ្លាំង ហើយ​ខ្ញុំ​តូច​ចិត្ត​ខ្លាំង​ណាស់​សម្រាប់​កូន​មួយ​នេះ គឺ​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ចិត្ត​ខ្ញុំ​ហើយ​គឺ​ខ្ញុំ​នៅ​តែ​នឹក​នៅ​តែ​រលឹក​គាត់​រហូត​មក​ទាល់​ថ្ងៃ​នេះ ដោយសារ​តែ​គាត់​នៅ​ពេល​ឃើញ​បន្ទប់​គេ​ចេញ​មុន​អីចឹង​ទៅ​គាត់​ឈ្ងោក​តោង​លុត​ជង្គង់​ហៅ​គេ យំ​ទារ​ចេញ (ពី​បន្ទប់​ឃុំឃាំង) អីចឹង​ទៅ»។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​០៤ ខែ​សីហា។

អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស លោក ស៊ឹង សែនករុណា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​សំញែង​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​សប្បាយ​ហ៊ឺហា លើ​គំនរ​ទុក្ខ​របស់​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ពី​ការ​ក្រាញ​អំណាច ការ​រំលោភ​បំពាន​ដីធ្លី បញ្ហា​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក គឺ​បង្ហាញ​ពី​ភាព​អមនុស្ស​ធម៌ និង​គ្មាន​គុណធម៌​ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​រដ្ឋ។ អ្នក​ឃ្លាំ​មើល​រូប​នេះ លើកឡើង​ថា ក្នុង​សង្គម​ប្រជាធិបតេយ្យ​ពិត​ប្រាកដ មេ​ដឹក​នាំ​ដែល​ដឹង​ខ្លួន​ថា  អសមត្ថភាព មិន​អាច​ស្វែងរក​សេចក្ដី​សុខ​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ជូន​ពលរដ្ឋ គឺ​ហ៊ាន​លាលែង​ពី​តំណែង​ដោយ​ខ្លួន​ឯង​។

លោក ស៊ឹង សែនករុណា៖ «បើសិនជា​ក្នុង​នាម​ជា​មនុស្ស ក្នុង​នាម​មិន​បាច់​ដល់​កម្រិត​អ្នកដឹកនាំ​ទេ សូម្បី​តែ​អ្នក ដែល​មាន​កម្រិត​ការ​យល់ដឹង មាន​សីលធម៌ មាន​គុណធម៌ ក៏​គេ​មិន​ហ៊ាន​បង្ហាញ​ភាព​ឡូយ​ឆាយ​របៀប​ហ្នឹង​ដែរ។ ប៉ុន្តែ​នេះ មេដឹកនាំ​ស្រុក​ខ្មែរ​យើង គឺ​ជា​មេ​ដឹកនាំ មួយ​ដែល​អ​គុណធម៌​បំផុត​មួយ ​ដែល​ប្រមាថ​មើល​ងាយ​ទៅ​លើ​ជីវភាព ទៅ​លើ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្លួន នេះ​ជា​ការ​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់ ហើយ​ពលរដ្ឋ​ខ្មែរ​គួរតែ​មាន​ការ​កត់សម្គាល់​ មាន​ការ​តាម​ដាន​ឲ្យ​បាន​ច្បាស់​អំពី​រឿង​នេះ នេះ​ហើយ​មេដឹកនាំ គិតតែ​ពី​ប្រយោជន៍​របស់​ខ្លួនឯង អាត្មានិយម សោយ​សុខ​តែ​ក្រុម​គ្រួសារ​របស់​ខ្លួនឯង ក្នុង​ខណៈ​ដែល​ពលរដ្ឋ​របស់​ខ្លួន​កំពុង​រស់​រង​ទុក្ខវេទនា ចំណាក​ស្រុក អ្នក​ខ្លះ​រក​តែ​អ្វី​ហូប​មិន​បាន​ផង»។

ការ​បង្ហាញ​ក្ដី​រីករាយ ហ៊ឺហា សប្បាយ របស់​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន លើ​បណ្ដាញ​សង្គម​នេះ ទំនង​ជា​ពួកគេ​ចង់​បង្ហាញ​ទៅ​ពលរដ្ឋ​ថា ការ​ដឹកនាំ​របស់​ពួកគេ កំពុង​តែ​រីកចម្រើន ហើយ​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស មាន​អាហារ​ហូបចុក​សម្បូរ ហូរហៀរ និង​មាន​ការ​សិក្សា​រៀនសូត្រ​ល្អ​ប្រសើរ​សម្រាប់​កុមារ​។ តែ​ផ្ទុយ​ទៅ​វិញ ស្ថានភាព​រស់នៅ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយ​មាន​ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​រាប់​លាន​នាក់ បញ្ហា​បំណុល​វ័ណ្ឌក និង​បញ្ហា​វិវាទ​ដីធ្លី ដែល​ធ្វើឲ្យ​ពលរដ្ឋ​មួយ​ចំនួន​បាត់បង់​ទី​ជម្រក និង​កុមារ​បោះបង់​ការ​សិក្សា​ជាដើម។ អ្នកឃ្លាំមើល ចាត់ទុក​ការ​អួត​អាង​ពី​ក្ដី​សុខ​របស់​ថ្នាក់​ដឹកនាំ​ប្រទេស លើ​គំនរ​ទុក្ខ​វេទនា​របស់​ពលរដ្ឋ ជា​ទង្វើ​អសីលធម៌ និង​គ្មាន​គុណធម៌ និង​ទាមទារ​ឲ្យ​មេដឹកនាំ​ទាំង​នោះ ចុះចេញ​ពី​តំណែង​ប្រសិន​បើ មិន​អាច​ស្វែងរក​ក្ដី​សុខ​ពិត​ប្រាកដ​ជូន​ពលរដ្ឋ​បាន​នោះ​ទេ ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles