ដោយ ច័ន្ទ ដារ៉ូ
2024.08.12
RFA
ក្រុមយុវជនខ្មែរធ្វើបាតុកម្មនៅទីក្រុងសេអ៊ូល (Seoul) ប្រទេសកូរ៉េខាងត្បូង (South Korea) ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍(CLV) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ រូប៖ RFA
ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុនជាងមួយម៉ឺននាក់ បានប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្មទាមទារឱ្យរដ្ឋាភិបាលក្រុងភ្នំពេញដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ជាមួយវៀតណាមនិងឡាវ។ បាតុកម្មនៅតាមបណ្តាប្រទេសទាំងនេះ បន្ទាប់ពីពួកគាត់ព្រួយបារម្ភថា តំបន់អភិវឌ្ឍន៍ត្រីកោណពិសេស (CLV) នឹងអាចនាំឲ្យកម្ពុជាបាត់បង់ធនធានធម្មជាតិ និងទឹកដីកម្ពុជាទៅឲ្យប្រទេសវៀតណាមដូចសម័យអតីតកាល។
ពលរដ្ឋខ្មែរជាង១ម៉ឺននាក់ ភាគច្រើនជាយុវជនធ្វើការ និងរស់នៅប្រទេសកូរ៉េខាងត្បូង (South Korea) និងជប៉ុន (Japan) មកពីតំបន់ជិតឆ្ងាយបានប្រមូលផ្តុំគ្នាធ្វើមហាបាតុកម្មនៅថ្ងៃអាទិត្យ ទី១១ ខែសីហា។
បាតុកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសទាំងនេះ ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បញ្ឈប់ដាក់ខេត្តខ្មែរចំនួន៤នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស (CLV) ជាមួយប្រទេសវៀតណាម (Vietnam) និងឡាវ (Lao)។ ក្រៅពីនេះ ក្រុមបាតុករទាមទារឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យ ដោះលែងសកម្មជននយោបាយ យុវជនបរិស្ថាន និងសង្គមដែលកំពុងជាប់ពន្ធនាគារដោយអយុត្តិធម៌ឱ្យមានសេរីភាពឡើងវិញផងដែរ។
ទិដ្ឋភាពនៃមហាបាតុកម្មទ្រង់ទ្រាយធំនៅប្រទេសកូរ៉េខាងត្បូងប្រព្រឹត្តទៅយ៉ាងផុសផុល ដោយមនុស្សម្នាបានធ្វើដំណើរពីតំបន់ និងទីក្រុងនីមួយៗ ស្លៀកពាក់ចម្រុះពណ៌នាំគ្នាសម្តែងមតិ និងលើកបដាអមដោយសំឡេងស្គរ ស្រែកព្រមៗគ្នាលាន់ឮពេញទីលានបាតុកម្ម នៅក្នុងទីក្រុងសេអ៊ូល (Seoul)។
សម្រែកក្រុមបាតុករ៖ « យើងមកនេះដើម្បីបង្ហាញឱ្យរបបទីក្រុងភ្នំពេញឃើញថាយុវជននៅកូរ៉េមិនគាំទ្រគម្រោង CLV ជាដាច់ខាត ដកថយ ដកថយ»។
កញ្ញា ឆូ ដាវីន ស្ថិតក្នុងចំណោមបាតុករជាងម៉ឺននាក់ដែលចូលរួមមហាបាតុកម្មនៅពេលនេះ ប្រាប់វិទ្យុអាស៊ីសេរីថាកញ្ញានិងពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េផ្សេងទៀតធ្វើដំណើរតាមឡានក្រុងរយៈពេល៤ម៉ោងដើម្បីចូលរួមមហាបាតុកម្មសម្តែងមតិក្នុងក្រុងសេអ៊ូល ពីព្រោះកញ្ញាឈឺចាប់នឹងរដ្ឋាភិបាលកម្ពុជាធ្វើបាបពលរដ្ឋខ្មែរនៅក្នុងប្រទេសឱ្យរងទុក្ខវេទនាឥតឈប់ឈរ ជាពិសេសក្តីបារម្ភខ្លាចបាត់បង់ទឹកដីដោយសារគម្រោងអភិវឌ្ឍន៍ត្រីកោណ CLV របស់រដ្ឋាភិបាល។
កញ្ញា ឆូ ដាវីនោះ « អ្នកណាក៏ដោយឱ្យតែប្រឆាំងនឹងគំនិតរបស់គាត់ (លោកហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត) គឺគាត់ចាត់ទុកថាក្បត់ជាតិ អ៊ីចឹងហើយ បងប្អូនយើងមិនសុខចិត្តទេ ពីព្រោះទឹកដីខ្មែរទាំងអស់នេះមិនមែនជាកម្មសិទ្ធិរដ្ឋាភិបាល ក្រុមគ្រួសារត្រកូលហ៊ុន តែមួយក្តាប់នោះទេ គឺជាទឹកដីរបស់បងប្អូនទាំងអស់គ្នា អ៊ីចឹងហើយបងប្អូនដែលចូលរួមនេះមិនសុខចិត្តជាដាច់ខាត»។
តំណាងគណៈកម្មាការរៀបចំបាតុកម្មនៅប្រទេសកូរ៉េខាងត្បូងលោក មាស វិសាល ប្រាប់ថាបាតុកម្មនេះមានសន្ទុះខ្លាំងជាងលើកណាៗទាំងអស់។ លោកបន្តថាអ្នកចូលរួមបាតុកម្មមានស្មារតីសាមគ្គីភាព ជាតិនិយមខ្ពស់ ដោយមិនខ្លាចការគំរាមរបស់មេដឹកនាំក្រុងភ្នំពេញនោះទេ។ ម្យ៉ាងទៀតពលរដ្ឋខ្មែរនៅទីនោះ បើទោះបីរស់នៅក្រៅប្រទេសសុខស្រួលយ៉ាងណាក្តី ក៏ពួកគាត់មិនភ្លេចមាតុភូមិកំណើតឡើយ។
លោក មាស វិសាល៖ « ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េមានតែប៉ុន្មានម៉ឺននាក់ តែយើងឃើញថា ពួកគាត់មិនងាយសុំច្បាប់គេ (ថៅកែ) មកចូលរួមបាតុកម្ម ឈប់មួយថ្ងៃៗមិនងាយទេ ការលះបង់ ការបង្ហាញចំនួនអ្នកចូលរួមនៅថ្ងៃនេះគឺជាការដាក់សម្ពាធ និងបង្ហាញទៅរដ្ឋាភិបាលឱ្យទទួលស្គាល់ថាប្រជាពលរដ្ឋមិនគាំទ្រការសម្រេចនោះ អ៊ីចឹងសូមស្តាប់ប្រជាពលរដ្ឋ បើមិនចង់ឱ្យពលរដ្ឋងើបប្រឆាំងដូចប្រទេសដទៃ »។
ចំណែកប្រជាពលរដ្ឋខ្មែរនៅប្រទេសប៉ុនរាប់រយនាក់នៅថ្ងៃទី១១ ខែសីហាក៏បានចេញធ្វើបាតុកម្មនៅកណ្តាលទីក្រុងតូក្យូ (Tokyo) ដើម្បីប្រឆាំងនឹងគម្រោងតំបន់ត្រីកោណCLV នេះដែរ។ ក្រុមបាតុករបានជួបជុំសម្តែងមតិ និងដើរដង្ហែក្បួនបាតុកម្ម ចេញពីសួនច្បារស៊ីនយូហ្គឹ ជូអូ (Shinjuku Chuo) ឆ្ពោះទៅសាលាក្រុងស៊ីនយូហ្គឹ (Shinjuku City Hall)។
តំណាងបាតុករនៅប្រទេសជប៉ុនលោកស្រី មាស ភារ៉ា ប្រាប់វិទ្យុអាស៊ីសេរីថាបាតុកម្មរៀបចំឡើងព្រមៗគ្នានេះបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ពលរដខ្មែរ ខ្វល់ខ្វាយពីជោគវាសនារបស់ប្រទេសជាតិ ដោយភ័យខ្លាចជាប់ផុងខ្លួនដូចទឹកដីកម្ពុជាក្រោមកាលពីសម័យអតីតកាល។ លោកស្រីមើលឃើញថា រដ្ឋាភិបាលកម្ពុជាបកស្រាយពីគម្រោងត្រីកោណអភិវឌ្ឍន៍កន្លងមក មិនមានសុច្ចរិតភាព និងគ្មានតម្លាភាពដែលមិនអាចធ្វើឱ្យពលរដ្ឋខ្មែរជឿជាក់រឿងទឹកដីជាមួយប្រទេសវៀតណាមបានឡើយ។
លោកស្រី មាស ភារ៉ា៖ «យើងមិនចូលរួមការដាក់គម្រោងនោះចូលរួមអភិវឌ្ឍន៍ គាត់ចេញមកគំរាមថា អ្នកនិយាយពាក់ព័ន្ធរឿងហ្នឹងចាប់ដាក់គុក ខ្ញុំថារបបគាត់ជិតអស់ថ្ងៃបញ្ចាប់ហើយ គាត់អត់ចេញធ្វើអ្វីក្រៅពីគំរាមចា៎ មេដឹកនាំល្អគេត្រូវដោះស្រាយ គេអត់មានយកការគំរាម បំភ័យពលរដ្ឋទេ»។
គណៈកម្មការរៀបចំបាតុកម្មនឹងយកញត្តិដែលជាសំណើ និងក្តីកង្វល់របស់បាតុករ ទៅដាក់នៅស្ថានទូតកម្ពុជា និងបណ្តាប្រទេសម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសប្រចាំប្រទេសកូរ៉េខាងត្បូង និងជប៉ុនឆាប់ៗនេះ។
រដ្ឋាភិបាលប្រទេសកម្ពុជា វៀតណាម និង ឡាវ បានព្រមព្រៀងគ្នាបង្កើតតំបន់ ត្រីកោណអភិវឌ្ឍន៍ (CLV) កាលពីឆ្នាំ ១៩៩៩។ គម្រោងនេះ មានខេត្តចំនួន ១៣ ជាចំណុះ ដោយប្រទេសកម្ពុជាមាន៤ខេត្តនៅភាគឦសាន ដែលមានពលរដ្ឋ សរុបតែជាង ៥០ម៉ឺននាក់។ ប្រទេសឡាវមាន៤ខេត្ត ដែលមានប្រជាជនសរុបជាង៧០ម៉ឺននាក់។ រីឯប្រទេសវៀតណាមមាន៥ខេត្ត ដែលមានប្រជាជន រហូតដល់ជាង ៧លាននាក់។
លោក ហ៊ុន សែន តែងតែព្រមានពីការប្រើប្រាស់គុកច្រវ៉ាក់ចំពោះពលរដ្ឋដែលហ៊ានបញ្ចេញមតិរឿងទឹកដីនេះ ប៉ុន្តែពលរដ្ឋខ្មែរនៅតែមិនចុះញ៉មចំពោះការគំរាមនេះឡើយ។
វិទ្យុអាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១១ ខែសីហា។ ប៉ុន្តែលោកប្រាប់សារព័ត៌មានក្នុងស្រុកដោយចោទថាបាតុកម្មរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសរៀបចំដោយក្រុមប្រឆាំងរដ្ឋាភិបាល។
ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត គាំទ្រពលរដ្ឋខ្មែរធ្វើបាតុកម្ម ពីព្រោះបញ្ហាទឹកដីជាបញ្ហារបស់ខ្មែរទាំងអស់ត្រូវឈឺឆ្អាល និងចូលរួមឱ្យបានច្រើន។ លោកសង្កេតឃើញថាបាតុកម្មរបស់ពលរដ្ឋនៅតាមបណ្តាប្រទេសដូចជានៅប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអូស្រ្តាលីជាដើម បង្ហាញឱ្យឃើញកាន់តែច្បាស់ថាពលរដ្ឋខ្មែរលែងខ្លាចសារគំរាមរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៀតហើយ។
លោក ម៉ែន ណាត៖ «រឿងត្រីកោណអភិវឌ្ឍន៍នេះ ជារឿងរបស់ជាតិដែលពលរដ្ឋខ្មែរភ័យបារម្ភថាថ្ងៃក្រោយទៅយើងបាត់គ្រប់គ្រងទឹកដីជាតិយើង ម៉្លេះហើយ គាត់មានមនសិការដោយខ្លួនឯង ចេញមកតវ៉ាដោយទឹកចិត្តខ្លួនឯង គាត់ភ័យបារម្ភពីជាតិលិចលង់ ពីព្រោះប្រវត្តិសាស្រ្តខ្មែរមានរឿងច្រើនហើយពាក់ព័ន្ធមហិច្ឆតារបស់វៀតណាម »។
ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់និន្នាការនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេសបានរួមកម្លាំងសាមគ្គីគ្នាចេញសម្តែងមតិ និងធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ងាកមកស្តាប់មតិរបស់ប្រជាពលរដ្ឋ ដោយបញ្ឈប់ដាក់ខេត្តខ្មែរចំនួន៤នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស (CLV)។ ក្រុមបាតុករព្រមានថាពួកគាត់នឹងបន្តចេញធ្វើបាតុកម្មកាន់តែធំថែមទៀត បើសិនរដ្ឋាភិបាលមិនព្រមដកខ្លួនចេញគម្រោងនេះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។