ដោយ មាន ឫទ្ធិ
2024.08.13
RFA
ទិដ្ឋភាពក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) នៅខេត្តស្ទឹងត្រែង ថតពីលើអាកាស។ រូប៖ ផ្ដល់ឱ្យ
ពលរដ្ឋនៅខេត្តស្ទឹងត្រែង អះអាងថា ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែធ្យូងឈ្មោះ ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) បានរំលោភយកដីស្រែចម្ការ និងផលដំណាំរបស់ពលរដ្ឋជាច្រើនគ្រួសារ ដោយមិនមានសំណងសមរម្យនោះទេ។ មន្ត្រីសង្គមស៊ីវិល នៅតែទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធសិក្សាពីផលប៉ះពាល់ជាមុនសិន មុនផ្ដល់ឲ្យក្រុមហ៊ុនឯកជនវិនិយោគ។
តំណាងប្រជាពលរដ្ឋរស់នៅឃុំតាឡាត់ លោក ប៉ុន សាវឿន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ ខែសីហាថា អស់រយៈពេល៤ខែមកហើយ ដែលក្រុមហ៊ុនចិនឈ្មោះ ហ្គ្រីន វូត ធ្វើអាជីវកម្មរ៉ែធ្យូង ដោយបានឈូសឆាយ និងកាយយករ៉ែធ្យូង ធ្វើឲ្យប៉ះពាល់ដីស្រែចម្ការ និងផលដំណាំរបស់ប្រជាពលរដ្ឋជាង១០០គ្រួសារ ដោយមិនបានផ្ដល់សំណងសមរម្យដល់ពលរដ្ឋឡើយ។ លោកបន្ថែមថា អាជ្ញាធរនៅតំបន់នោះ បានគំរាមកំហែងពលរដ្ឋមិនឲ្យចេញតវ៉ានោះទេ ប្រសិនបើមានការតវ៉ា នឹងចាប់ពួកគាត់ដាក់ពន្ធនាគារ។ លោកថា ពលរដ្ឋបានស្នើសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយ ប៉ុន្តែអាជ្ញាធរថាពលរដ្ឋរស់នៅលើដីក្រុមហ៊ុន ខណៈពួកគាត់រស់នៅតាំងពីដូនតាមក។
លោក ប៉ុន សាវឿន៖ «ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេ បើខ្ញុំសំណូមពរទៅខាងស្រុកខេត្ត តែគេមិនអើពើ អភិបាលខេត្តមកដល់ផ្ទាល់មិនទាំងសួរនាំប៉ះពាល់ប្រជាជនផង គេទៅតែកន្លែងការដ្ឋានមានប៉ូលិសទាហានគេ ក៏គេទៅវិញទៅគេមិននិយាយរឿងប៉ះពាល់ពួកខ្ញុំផង អភិបាលស្រុក អភិបាលខេត្តមករាល់ថ្ងៃ តែគេមិនដែលនិយាយរកផង ឃើញនឹងភ្នែកផ្ទាល់ក៏មិននិយាយអ្វី ប្រជាជនសួរនាំក៏មិននិយាយអ្វី»។
ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយស្វែងរកដំណោះស្រាយ ដោយផ្ដល់សំណងសមរម្យដល់ប្រជាពលរដ្ឋ ដែលក្រុមហ៊ុនបានឈូសឆាយដំណាំ ដូចជាស្វាយចន្ទី ដំឡូង និងដីស្រែចម្ការ ពីព្រោះប្រជាពលរដ្ឋនៅតំបន់នោះបច្ចុប្បន្នរស់នៅពឹងផ្អែកទៅលើដំណាំកសិកម្ម ដើម្បីបានប្រាក់ទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា និងអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានទេនៅថ្ងៃទី១១ ខែសីហា។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានចុះហត្ថលេខាឲ្យក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន ធ្វើអាជីវកម្មរ៉ែធ្យូងលើផ្ទៃដី ៨,៨១ គីឡូម៉ែត្រការ៉េ ឬស្មើជិត១ពាន់(៨៨១)ហិកតារ នៅក្នុងភូមិសាស្ត្រតំបន់តាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុន ហ្គ្រីន វូត ឌីវេឡុបមេន មិនបានបង្ហាញពីផលប៉ះពាល់ ឬដោះស្រាយអំពីផលប៉ះពាល់សង្គម និងបរិស្ថាននោះទេ។ លើសពីនោះ អាជ្ញាធរជំនាញក៏មិនបានបង្ហាញព័ត៌មានជាក់លាក់ណាមួយដល់ប្រជាពលរដ្ឋតំបន់នោះដែរ។
ទាក់ទិនបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី យល់ឃើញថា រាល់ការចេញតវ៉ា ឬស្នើសុំឲ្យជួយដោះស្រាយបញ្ហារបស់ពលរដ្ឋគឺមិនមានអ្វីខុសច្បាប់នោះទេ ផ្ទុយទៅវិញការគំរាមកំហែងរបស់អាជ្ញាធរគឺជាការរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា អាជ្ញាធរមូលដ្ឋានប្រសិនបើមិនហ៊ានដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋ គួរធ្វើរបាយការណ៍ត្រឹមត្រូវ និងយុត្តិធម៌មួយដាក់ទៅអាជ្ញាធរថ្នាក់ជាតិដើម្បីរកដំណោះស្រាយ។
លោក យិន ម៉េងលី៖ «យើងយកមូលដ្ឋានច្បាប់មកនិយាយ យើងយកប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលមកនិយាយ អ៊ីចឹងយើងអាចដោះស្រាយបញ្ហាបានហើយ អ៊ីចឹងហើយបានជាប្រមុខរដ្ឋាភិបាលលើកឡើងថា មានការកាត់ឆ្វៀលនេះឯង ខ្ញុំមិនចង់ឮថា មានការអភិវឌ្ឍន៍មានប្រជាពលរដ្ឋទឹកភ្នែកទេ មានការអភិវឌ្ឍន៍មានការរីករាយសប្បាយទាំងអស់គ្នាវិញ»។
នេះមិនមែនជាលើកទីមួយនោះទេ ដែលក្រុមហ៊ុនចិនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល ហើយបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ និងមិនមានដំណោះស្រាយសមរម្យ និងគ្មានតម្លាភាព។ នេះជាគម្រោងវិនិយោគមួយក្នុងចំណោមគម្រោងវិនិយោគជាច្រើនទៀត នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV ដែលធ្វើឲ្យពលរដ្ឋរស់នៅជុំវិញតំបន់នោះរងទុក្ខ បាត់បង់ដីធ្លី ផ្ទះសម្បែង និងរំលោភសិទ្ធិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។