ជនជាតិដើម​ភាគតិច​ចារ៉ាយ ចែករំលែក​ចំណោះ​ដឹង​ភ្លេង​គង​បុរាណ ដើម្បី​រក្សា​អត្តសញ្ញាណ

ដោយ សុជីវី
2024.08.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជនជាតិដើម​ភាគតិច​ចារ៉ាយ ចែករំលែក​ចំណោះ​ដឹង​ភ្លេង​គង​បុរាណ ដើម្បី​រក្សា​អត្តសញ្ញាណ

សហគមន៍ជនជាតិចារ៉ាយចូលរួម​ប្រារព្ធទិវា​អន្តរជាតិ​ជនជាតិដើម នៅឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី កាលពីថ្ងៃទី៩ សីហា ២០២៤។ រូប៖ គេហទំព័រ cipo cambodia


ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ រស់នៅ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា បាន​នាំគ្នា​រៀបចំ​ពិធី​ចែករំលែក​ចំណេះដឹង​ពី ភ្លេង​គង​បុរាណ​ដល់​អ្នក​ជំនាន់​ក្រោយ ក្នុង​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​៣០ និង​លើក​ទី​២០ នៅ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែសីហា​។ ពួកគេ​ប្ដេជ្ញាចិត្ត ផ្សព្វផ្សាយ​ភ្លេង​គង​បុរាណ វប្បធម៌ ប្រពៃណី និង​ភាសា ដើម្បី​រក្សា​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ។

ក្រុម​យុវជន​ជនជាតិដើម​ភាគតិច​ចារ៉ាយ​នៅ​ខេត្តរតនគិរី (JARAI YOUTH RTK GROUP) កាលពី​ថ្ងៃទី ៨ ខែសីហា បាន​បង្ហោះ​រូបភាព​ចាស់ព្រឹទ្ធាចារ្យ​មួយចំនួន កំពុង​កាន់​គង ដើម្បី​សម្ដែង និង​ចែករំលែក​ចំណេះដឹង​ភ្លេង​គង​បុរាណ​ដល់​យុវជន​ប្រមាណ​៣០​នាក់ នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​សរសេរ​ថា អបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក។

ប្រធាន​ក្រុម​យុវជន​ជនជាតិ​ដើម​ចារ៉ាយ ខេត្ត​រតនគិរី លោក រម៉ាម ធីម៉ូថេ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែ​សីហា ថា ភ្លេង​គង​បុរាណ​ត្រូវ​បាន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ និយម​ប្រើប្រាស់​ក្នុង​កម្មវិធី​ជាច្រើន​ដូចជា ពិធី​សែន​ភូមិ ពិធី​សែន​ចំការ ពិធី​រៀប​មង្គលការ​តាម​បែប​ប្រពៃណី និង​ពិធី​បុណ្យសព​ជាដើម។

លោក រម៉ាម ធីម៉ូថេ៖ «​ហើយនឹង​កម្មវិធី​សប្បាយៗ​ផ្សេងទៀត ដូច​ព្រឹត្តិការណ៍ ដែល​ខ្ញុំ​បាន​ធ្វើ​ឡើង​ហ្នឹង ដូចជា​ព្រឹត្តិការណ៍​ប្រកួត​បាល់ ឬក៏​ព្រឹត្តិការណ៍ ដែល​យើង​រៀបចំ​បែប​ជនជាតិ​ដើម គឺ​យើង​នឹង​យក​ភ្លេង​គង​ហ្នឹង​មក​ប្រគំ​ហើយ»។

ទាក់ទង​នឹង​ការ​ចែករំលែក​ចំណេះដឹង​ពី​ភ្លេង​គង​បុរាណ​នេះ ក្រុម​យុវជន​ចារ៉ាយ នៅ​ខេត្ត​រតនគិរី (JARAI YOUTH RTK GROUP) បាន​រៀបចំ​កម្មវិធី​មួយ ក្រោម​ប្រធានបទ ​«​ផ្ទេរ​ចំណេះដឹង​ភ្លេង​គង​បុរាណ​ទៅ​អ្នក​ជំនាន់ក្រោយ​» និង​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ជនជាតិ​ដើម​ភាគតិច ក្រោម​គម្រោង​មូលនិធិ ដាំ​ដុះ របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា កន្លងទៅ នៅ​សាលាបឋមសិក្សា​ភូមិ​គងធំ ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។

លោក រម៉ាម ធីម៉ូថេ បញ្ជាក់​ថា ការរៀបចំ​ពិធី​នេះ​ឡើង​គឺ​ក្នុង​គោលបំណង សំខាន់​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់​នូវ​អត្តសញ្ញាណ​របស់​ជនជាតិ​ដើម​ចារ៉ាយ និង​ទប់ស្កាត់​ការបាត់បង់​អត្តសញ្ញាណ​ទាំងនោះ ដោយសារតែ​លំហូរ​ចូល​នៃ​វប្បធម៌​បរទេស។

លោក រម៉ាម ធីម៉ូថេ៖ «ការ​ផ្ទេរ​ចំណេះដឹង​ភ្លេង​គង​បុរាណ​ទៅ​មនុស្ស​ជំនាន់​ក្រោយ ក្នុង​គោល​បំណង​គឺ​ឲ្យ ពួកគាត់​ចាប់អារម្មណ៍​ភ្លេង​គង​ឡើងវិញ ហើយ​ឲ្យ​ពួក​គាត់​រៀន​វាយ ហើយ​ឲ្យ​ពួកគាត់​ហ៊ាន​បង្ហាញ​នូវ​អ្វី​ដែល​ពួកគាត់​មាន ទាំង​ដែល​ពួកគាត់​ពុំ​ធ្លាប់​បាន​ប៉ះ​ទាល់តែសោះ ទាំង​ដែល​ពួកគាត់​មិន​ស្គាល់​ភ្លេង​គង ។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​រៀប​គម្រោង​មួយ​ហ្នឹង ពួកគាត់​បាន​ស្គាល់​ភ្លេង​គង ហើយ​ពួកគាត់​បាន​រៀន»។

កម្មវិធី​ផ្ទេរ​ចំណេះដឹង​ពី​ភ្លេង​គង​បុរាណ​នេះ មាន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ចំនួន​២​ក្រុម គឺ​ក្រុម​យុវជន​គម្រោង​ភូមិ​ប្លរ និង​ក្រុម​ចាស់ទុំ​ប៉ក​តូច បាន​ឡើង​សម្ដែង​វាយគង​នៅ​លើ​ឆាក ដោយ​ស្លៀកពាក់​បែប​ប្រពៃណី។

ឈុត​សម្លៀកបំពាក់​ប្រពៃណី​នោះ មាន​អាវ​ពណ៌​ខ្មៅ ឬ​ពណ៌​ត្នោត ហើយ​មាន​ឆ្នូត​ពណ៌​ក្រហម ពណ៌​ស និង​ពណ៌​មាស​នៅ​លើ​ក​អាវ និង​ជាយ​អាវ។

ចំណែក ការ​ប្រគំ​ភ្លេង​គង​បុរាណ​វិញ ពួកគេ​ប្រើ​ដៃ​ម្ខាង​កាន់​គង ដែល​មាន​រាង​មូល ធ្វើឡើង​ពី​លោហធាតុ និង​ដៃ​ម្ខាង​ទៀត​កាន់​ឧបករណ៍​សម្រាប់​វាយ ក្នុង​ចង្វាក់​យឺតៗ។ បទ​ចម្រៀង ជនជាតិ​ដើម​ចារ៉ាយ។

ប្រធាន​ក្រុម​យុវជន​ជនជាតិដើម​ចារ៉ាយ ខេត្ត​រតនគិរី លោក រម៉ាម ធីម៉ូថេ ពន្យល់​ថា បទ​ចម្រៀង ភ្លេង និង​របាំ ខាងលើ​នេះ មាន​អត្ថន័យ​រៀបរាប់​ពី​សត្វ​លលក កំពុង​បក់បោយ​នៅ​លើ​អាកាស​វេហា និង​ប្រៀបធៀប​ការរស់នៅ​របស់​មនុស្ស​ទៅ​នឹង​អតីតកាល ដ៏​សម្បូរ​បែប​នៃ​សម្បត្តិ​ធនធាន​ធម្មជាតិ។

លោក រម៉ាម ធីម៉ូថេ៖ «គឺ​រៀបរាប់​អំពី​សត្វ​លលក​យំ និយាយ​អំពី​ជំនាន់​ដើម ដែល​យើង​ធ្លាប់​មាន​ព្រៃ យើង​នៅ​មាន​ចំការ​វិល​ជុំ យើង​នៅ​មាន​ការរស់នៅ​បែប​ជនជាតិ​ដើម យើង​នៅ​សម្បូរ​សប្បាយ​នៅ​ពេល​ដែល​យើង​ឭ​សម្លេង​លលក​ហ្នឹង ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា នឹក​រលឹក​ដល់​សម័យ​ដើម ដែល​យើង​រស់នៅ​សុខសាន្ត រស់នៅ​ជាមួយនឹង​ធម្មជាតិ»។

យុវតី​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ នៅ​ខេត្ត​រតនគិរី កញ្ញា រចំ មុន្នី ដែល​បាន​ចូលរួម​ពិធី​ផ្ទេរ​ចំណេះដឹង​គង​បុរាណ​នេះ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែ​សីហា​ថា កញ្ញា​ប្ដេជ្ញា​នឹង​បន្ត​ផ្សព្វផ្សាយ​ពី​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី​របស់​ពួកគេ​ឲ្យ​ពិភពលោក​បាន​ស្គាល់។

កញ្ញា រចំ មុន្នី៖ «ត្រូវ​ផ្ដើម​ចេញពី​យុវជន​ខ្លួនឯង ដែល​ទទួលស្គាល់​ថា របាំ​ហ្នឹង ភាសា​ហ្នឹង របស់​ហ្នឹង ជា​របស់​ខ្លួន​យើង ជា​របស់​វប្បធម៌​យើង ជា​របស់​ជនជាតិ​យើង​ទើប អ្នក​ផ្សេងទៀត គេ​នឹង​ដឹង​តាម​ក្រោយ​ថា អាហ្នឹង​វា​មកពី​ខាង​ជនជាតិ​នេះ ឬ​ជនជាតិ​នោះ​អីចឹង​។ សម្រាប់​ខ្ញុំ ក្នុងនាម​ខ្ញុំ ខ្ញុំ​នឹង​តាំងចិត្ត​បង្ហាញ ហើយ​ភ្ជាប់​នឹង​វប្បធម៌ ប្រពៃណី នឹង​ខ្លួន​របស់ខ្ញុំ​ដើម្បី​គេ​មើល​មក គេ​ដឹង​ថា ខ្ញុំ​ជា​អ្នកណា​គេ»។

ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ គឺជា​ជនជាតិ​ដើម​ភាគតិច​មួយ ក្នុងចំណោម​ជនជាតិ​ដើម​ទាំង​២៤​អំបូរ​នៅ​កម្ពុជា​។ ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ ពុំ​មាន​ជំនឿ​លើ​សាសនា​ឡើយ ប៉ុន្តែ​ពួកគេ​រស់នៅ​មាន​ជំនឿ​លើ​អា​រុក្ខ​អារក្ខ អ្នកតា ដែល​ថែរក្សា​ព្រៃ ភ្នំ ទន្លេ និង​ពិធីសែនព្រេន​ជាដើម ។ ចំណែក​ការរស់នៅ និង​អាស្រ័យ​ផល​របស់​ពួកគេ​វិញ ជនជាតិ​ចារ៉ាយ​រស់នៅ​ជាមួយ​ធម្មជាតិ និង​ពឹង​ផ្អែកលើ​ការ​ធ្វើ​កសិកម្ម​លើ​ដី​ចំការ​វិល​ជុំ ក្រោម​រូបភាព​ជា​ដី​សមូហភាព។ ស្ថិតិ និង​ទិន្នន័យ​របស់​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា ឲ្យ​ដឹង​ថា ជនជាតិ​ដើម​ចារ៉ាយ​នៅ​កម្ពុជា មាន​ចំនួន​ជិត ៣​ម៉ឺន​នាក់ (២៥.២៦២)។

យុវជន​ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ គ្រោង​រៀបចំ​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​លើក​ទី​៣០ និង​លើក​ទី​២០ នៅ​កម្ពុជា នៅ​ថ្ងៃទី​២០ ខែ​សីហា ខាងមុខ​នេះ នៅ​សហគមន៍​តាំង​សេម្លូ ក្នុង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី ដើម្បី​ផ្សព្វផ្សាយ​ពី​ភ្លេង​គង​បុរាណ ទំនៀមទម្លាប់ ប្រពៃណី និង​វប្បធម៌​របស់​ពួកគេ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment