កម្ពុជា
13/08/2024 – 13:05
ដោយ៖ ញឹម សុផល
RFI
កងទ័ពអាកាសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនយន្តហោះប្រភេទ C-130H ចំនួន ២គ្រឿងមកកាន់ប្រទេសកម្ពុជា ដើម្បីបង្ហាញដល់នាយទាហានទ័ពអាកាសកម្ពុជាឲ្យបានទស្សនាដោយផ្ទាល់។ វត្តមានរបស់យន្តហោះយោធាអាមេរិកនៅកម្ពុជា ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកថាជានិមិត្តរូបនៃការបន្តប្តេជ្ញាចិត្តចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិកលោក ឡយ អូស្ទីន នៅកម្ពុជា កាលពីខែមិថុនា ឆ្នាំនេះ។
ស្ថានទូតអាមេរិក៖ ទស្សនកិច្ចកងទ័ពអាកាសអាមេរិកគឺជានិមិត្តរូបនៃទំនាក់ទំនងកម្ពុជា-អាមេរិក
ទំព័រហ្វេសប៊ុករបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃអង្គារទី១៣ ខែសីហានេះ បានបង្ហាញរូបភាពយន្តហោះយោធាធំៗចំនួន២ ដែលរូបភាពទី១ គឺជាការថតជុំគ្នារវាងកងទ័ពអាកាសអាមេរិកនិងកងទ័ពអាកាសកម្ពុជាអមដោយយន្តហោះយោធាដ៏ធំនៅខាងក្រោយ។ រីឯរូបភាពទី២ បង្ហាញពីការទស្សនា និងការពិភាក្សាគ្នារវាងកងទ័ពអាកាសប្រទេសទាំងពីរ នៅក្នុងបន្ទប់បើកបររបស់យន្តហោះដឹកជញ្ជូនកងទ័ពដ៏ធំនេះ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ស្ថានទូតអាមេរិកសរសេរថា ឆ្មាំជាតិជើងអាកាសក្នុងរដ្ឋ Montana បានបញ្ជូនយន្តហោះប្រភេទ C-130H ចំនួន ២គ្រឿង មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហា ដើម្បីធ្វើការបង្ហាញដល់នាយទាហាននៃកងទ័ពជើងអាកាសកម្ពុជា ក្នុងការទស្សនាដោយផ្ទាល់។
ទស្សនកិច្ចនេះ គឺជានិមិត្តរូបនៃការបន្តប្តេជ្ញាចិត្ត ចំពោះទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ហើយជាជំហានទៅមុខមួយ ក្នុងការពង្រឹងចំណងទាក់ទងគ្នា ដូចដែលរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក ឡយ អូស្ទីន ធ្លាប់បានគូសបញ្ជាក់ នៅក្នុងអំឡុងទស្សនកិច្ចរបស់លោកនៅកម្ពុជាកាលពីខែមិថុនាកន្លងមកទៅ។ នេះបើតាមស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ដោយឡែក រូបភាពនិងខ្លឹមសារទាំងនេះ មិនត្រូវបានបង្ហាញនៅខាងភាគីកងទ័ពកម្ពុជានោះទេ។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ មើលឃើញថា រូបភាពចុះផ្សាយដោយស្ថានទូតអាមេរិកបង្ហាញថា វិស័យយោធាកម្ពុជា និងអាមេរិកចាប់ផ្តើមងាករកគ្នាឡើងវិញ ក្រោយពីកម្ពុជាលុបចោលសមយុទ្ធយោធាឆ្មាំអង្គរ កាលពីឆ្នាំ២០១៧ និងបំរាមក្នុងការប្រើប្រាស់សព្វាវុធអាមេរិក កាលពីចុងឆ្នាំ២០២១។
សូមរំលឹកថា ក្នុងអំឡុងទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡយ អូស្ទីន កាលពីខែមិថុនា ឆ្នាំ២០២៤ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងអាមេរិក ធ្លាប់បានប្រកាសរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយគ្នាឡើងវិញ តាមរយៈការដោះដូរ ទស្សនកិច្ច សហប្រតិបត្តិការរក្សាសន្តិភាព និងតាមរយៈការបញ្ជូនសិក្ខាកាមកម្ពុជាឲ្យទៅសិក្សាជំនាញជើងគោក ជើងទឹក និងជើងអាកាសនៅសហរដ្ឋអាមេរិកជាដើម បន្ទាប់ពី កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរបានធ្លាក់ថយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕