អ្នកឃ្លាំមើល​ថា អាជ្ញាធរ​កំពង់ធំ​គួរតែ​ទទួលខុសត្រូវ​លើ​ករណី​លិច​ទូក​បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់

ដោយ ប្រាជ្ញ ចេវ
2024.08.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកឃ្លាំមើល​ថា អាជ្ញាធរ​កំពង់ធំ​គួរតែ​ទទួលខុសត្រូវ​លើ​ករណី​លិច​ទូក​បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់

ទូកចម្លងដឹកសិស្ស អនុវិទ្យាល័យចំនួន១៥នាក់ បានលិចអំឡុងពេលឆ្លងស្ទឹងសែន ស្ថិតនៅភូមិគ្រួសស ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក


អ្នកឃ្លាំមើល​ថា អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​គួរតែ​ទទួលខុសត្រូវ​ចំពោះ​ករណី​លិច​ទូក​បណ្ដាល​ឲ្យ​កុមារី​ម្នាក់​ស្លាប់​នៅ​ខេត្ត​កំពង់ធំ កាលពី​ខែ​មិថុនា​កន្លង​ទៅ​។ ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ភរិយា ផ្ដល់​សាឡាង​មួយ​គ្រឿង សម្រាប់​ដឹក​ពលរដ្ឋ និង​សិស្សសាលា​នៅ​តំបន់​លិច​ទូក​ចម្លង​ខាងលើ តែ​មិនឃើញ​មាន​ចំណាត់ការ​លើ​អាជ្ញាធរ ដែល​មិន​យកចិត្តទុកដាក់​ពី​សុវត្ថិភាព​របស់​ពលរដ្ឋ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១២ ខែសីហា​ថា ក្រសួង​មហាផ្ទៃ គួរតែ​ចុះ​ពិនិត្យ​ការអនុវត្ត​ភារកិច្ច​របស់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន ចំពោះ​ករណី​លិច​ទូក​ចម្លង​បណ្ដាល​ឲ្យ​យុវតី​ម្នាក់​ស្លាប់​កាលពី​ខែមិថុនា​កន្លង​ទៅ ។ លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​ធ្វេសប្រហែស​ក្នុង​ការ​អនុវត្ត​តួនាទី​របស់ខ្លួន គួរតែ​ទទួលខុសត្រូវ​តាមច្បាប់។

លោក ស៊ឹង សែនករុណា៖ «មន្ត្រី​ដែល​ទទួលខុសត្រូវ​តួនាទី​ទាំងអស់​ហ្នឹង​ពុំគួរ​ទទួលទាន​តែ​ប្រាក់ខែ ហើយ​ខ្វះ​ការ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​បែប​ហ្នឹង​ទេ ហាក់​ដួច​ជា មើលស្រាល​អាយុជីវិត​របស់​ប្រជាពលរដ្ឋ។ អីចឹង​គួរតែ​ធ្វើការ​ពិនិត្យ​ជាមុន​ពី​បញ្ហា​ប្រព័ន្ធ​សុវត្ថិភាព សណ្ដាប់ធ្នាប់​អ្វី​ផ្សេងៗ​ហ្នឹង ដើម្បី​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់ មានការ​ពេញចិត្ត​ក្នុង​ការ​ដឹកនាំ ការពារ បង្ការ​សុវត្ថិភាព​នៅ​មូលដ្ឋាន»។

ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ភរិយា បាន​ផ្ដល់​សាឡាង​មួយ​គ្រឿង ដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់ ដែល​មាន​ទូក​ចម្លង​លិច​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១០ ខែ​សីហា។ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ មាន​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន ២​ពាន់​នាក់ (១២. ៣៧៩) មកពី​ភូមិ​ចំនួន​១៦ ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ដងស្ទឹងសែន ក្នុង​នោះ​មាន​ពលរដ្ឋ​ចន្លោះ​ពី​១៥០ ទៅ​២០០​នាក់ ឆ្លង​កាត់​ស្ទឹង​នេះ​ជា​រៀងរាល់ថ្ងៃ ។ នេះ​បើ​តាម​អភិបាលស្រុក​ប្រាសាទ​សំបូរ លោក ឃឺម សុខឃាង ថ្លែង​ក្នុង​ពិធី​ប្រគល់​សាឡាង​ជូន​ពលរដ្ឋ កាលពី​ថ្ងៃទី ១០ ខែសីហា​។​

ទូក​ចម្លង​មួយ​គ្រឿង បាន​ដឹក​សិស្សានុសិស្ស​ចំនួន​១៥​នាក់ ឆ្លង​ដងស្ទឹង​សែន ពី​ត្រើយម្ខាង​ទៅ​ត្រើយម្ខាង​ទៀត ហើយ​បាន​លិច​ចូល​ទៅ​ក្នុង​ទឹក នៅ​ឃុំ​ស្រើង ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ បណ្ដាល​ឲ្យ​កុមារី​ម្នាក់​បាន​បាត់បង់​ជីវិត កាល​ពី​ថ្ងៃទី​៨ មិថុនា។

អាជ្ញាធរ​មូលដ្ឋាន និង​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ឈូក​ឲ្យ​ដឹង​ថា ហេតុការណ៍​លិច​ទូក​ដឹក​សិស្សសាលា​នេះ គឺ​បណ្ដាល​មក​ពី​អ្នក​បើកបរ​ទូក​ក្នុង​ល្បឿន​លឿន និង​បាន​ដឹក​សិស្សានុសិស្ស​ចំនួន​ច្រើន ខណៈ​សិស្សានុសិស្ស​ទាំងនោះ​ពុំ​មាន​អាវ​ពោង​សង្គ្រោះ​ជីវិត​ឡើយ។ ក្រោយ​ពី​ហេតុការណ៍​នេះ កើតឡើង​អាជ្ញាធរ​បាន​ឃាត់ខ្លួន​ម្ចាស់​ទូក​ចម្លង​ម្នាក់ ប៉ុន្តែ​គ្មាន​អាជ្ញាធរ​ណា​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្វេសប្រហែស​របស់​ខ្លួន​នោះ​ទេ ហើយ​ចំណែក​ពី​ខាង​រដ្ឋាភិបាល​ក៏​គ្មាន​ចំណាត់ការ​ទៅលើ​អាជ្ញាធរ​នៅក្នុង​ខេត្ត​នេះ​ដែរ។

វិទ្យុ​អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ដើម្បី​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១២ ខែ​សីហា។

ករណី​លិច​ទូក​បណ្តាល​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត​បែបនេះ បាន​កើត​ឡើងជា​ច្រើន​លើក​ច្រើនសា​មក​ហើយ ប៉ុន្តែ​រដ្ឋាភិបាល ហាក់​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​រឿង​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ដោយ​បណ្តោយ​ឲ្យ​ទូក​ចម្លង ដែល​គ្មាន​ប្រព័ន្ធ​សុវត្ថិភាព​នៅ​បន្តដំណើរ​ការ​ដដែល។

ជាក់ស្ដែង​ដូច​ករណី ទូកដ​ខ្នាត​តូច​សម្រាប់​ចម្លង​ប្រជាពលរដ្ឋ​ពី​ភូមិ​កំពង់​ពោធិ និង​ភូមិ​អំពិល​ទឹក ទៅ​ភូមិ​កោះ​ចំរើន ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល បាន​លិច និង​បណ្តាល​ឱ្យ​សិស្ស​១១​នាក់​បាន​ស្លាប់ កាល​ពី​យប់​ថ្ងៃទី​១៣ តុលា ឆ្នាំ​២០២២។

អ្នកឃ្លាំមើល​លើកឡើង​ថា ក្រសួង​មហាផ្ទៃ គួរតែ​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ភារកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន ហើយ​ប្រសិនបើ​រក​ឃើញ​ថា ពួកគេ​ធ្វេសប្រហែស​ក្នុង​ភារកិច្ច​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ គួរតែ​មាន​វិធានការណ៍​តាម​បទ​វិន័យ​នគរបាល​ជាតិ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ហេតុការណ៍​នេះ កើតឡើង​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

What Next?

Recent Articles

Leave a Reply

Submit Comment