ដោយ សេក បណ្ឌិត
2024.08.16
RFA
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រមូលផ្ដុំកម្លាំងនគរបាលត្រៀម នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដើម្បីបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបាតុកម្ម ដែលនគរបាលហៅថា ជាការប៉ុនប៉ងធ្វើឡើងដោយខុសច្បាប់ នៅថ្ងៃទី១៨ សីហាខាងមុខ។ រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ពលរដ្ឋ និងអ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាល ដែលកំពុងពង្រាយកងកម្លាំងប្រដាប់អាវុធ ដើម្បីត្រៀមបង្ក្រាបលើប្រជាពលរដ្ឋ ដែលតវ៉ាប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។ ពួកគាត់ថា ទង្វើនេះ គឺជាការរំលោភសិទ្ធិមនុស្ស និងគោលការណ៍ច្បាប់។
ទោះបីជារដ្ឋាភិបាល ដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធតាមរាជធានី-ខេត្តក្ដី ក៏ប្រជាពលរដ្ឋហាក់មិនខ្លាចរអានោះដែរ ប៉ុន្តែពួកគាត់ បែរជាអស់សំណើច និងរិះគន់ទៅវិញថា ទង្វើនេះ គឺដើរផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
យុវជនរស់នៅរាជធានីភ្នំពេញម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែសីហា ថា ទោះបីរដ្ឋាភិបាលធ្វើការគំរាមកំហែង ចាប់ដាក់ពន្ធនាគារដោយគ្មានការលើកលែង និងរៀបជើងព្រួល បង្ក្រាបអ្នកតវ៉ាក្ដី ក៏រូបលោក និងយុវជនដទៃទៀត នឹងមិនបោះបង់គោលជំហរតវ៉ានោះទេ ព្រោះរឿងដាក់បញ្ចូលតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-DTA នេះ គឺពាក់ព័ន្ធនឹងបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ លោកបញ្ជាក់ថា ការតវ៉ារបស់ប្រជាពលរដ្ឋនេះ គ្មានគោលបំណងផ្ដួលរំលំរដ្ឋាភិបាលនោះទេ ដោយគ្រាន់តែចង់ឱ្យរដ្ឋាភិបាលដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍ត្រីកោណប៉ុណ្ណោះ ដូច្នេះ លោកស្នើរដ្ឋាភិបាល កុំឱ្យអនុវត្តនីតិវិធីហួសហេតុ និងលាបពណ៌ ចោទប្រកាន់មកលើពលរដ្ឋ។
យុវជនមិនបញ្ចេញឈ្មោះ៖ «រដ្ឋាភិបាល គឺរំលោភបំពានសិទ្ធិប្រជាពលរដ្ឋខ្លាំងណាស់ គឺគ្រាន់តែបញ្ចេញមតិយោបល់ប្រឆាំងនឹងការគាំទ្រគម្រោង CLV គឺចោទថា ញុះញង់ ចោទថា ក្បត់ជាតិទៅវិញ គឺខ្ញុំអត់គាំទ្រទេ។ ប៉ុន្តែ សម្រាប់ប្រជាពលរដ្ឋឥឡូវ គឺគាត់មិនមែនឆោតល្ងង់ ដែលមិនដឹងពីបញ្ហាស្រុកទេសនោះទេ គឺគាត់ដឹង គឺមានអ្នកងើបច្រើនណាស់។ សំខាន់ឱ្យតែគាត់មានឆន្ទៈពិតប្រាកដដឹកនាំទៅ»។
ការថ្លែងរបស់យុវជនរូបនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ រួមមាន ប៉ូលិស ប៉េអិម ទាហាន កងអង្គរក្ស និងកងកម្លាំងពិសេស ដាក់ពង្រាយនៅតាមរាជធានី ខេត្ត និងរឹតបន្តឹងសន្តិសុខកម្រិតខ្ពស់ ដើម្បីត្រៀមកម្ចាត់អ្នកតវ៉ាប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដែលរដ្ឋាភិបាលចោទថា ក្រុមអ្នកតវ៉ាមានបំណងធ្វើបាតុកម្ម ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។
អ្នកយកព័ត៌មានអាស៊ីសេរីសង្កេតឃើញថា នៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធ បានបង្កើនការដាក់ពង្រាយ និងយាមល្បាត នៅតាមទីតាំងសំខាន់ៗ ដោយក្នុងនោះមាន កងទ័ពគ្រប់យោធភូមិភាគ និងមន្ត្រីគណៈអភិបាលខេត្ត និងអាជ្ញាធរនៅតាមមូលដ្ឋាន បានកោះប្រជុំ ដើម្បីឃ្លាំមើល និងទប់ស្កាត់អ្នកតវ៉ាប្រឆាំងនឹងតំបន់អភិវឌ្ឍន៍ត្រីកោណនេះផងដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី១៦ ខែសីហា។
ទោះជាយ៉ាងណា លោក ឆាយ គឹមខឿន បានផ្ដល់សម្ភាសន៍ដល់សារព័ត៌មាន វីអូអេ កាលពីថ្ងៃទី១៥ ខែសីហា ថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្សយ៉ាងហោចណាស់ ១០នាក់ ពាក់ព័ន្ធនឹងបាតុកម្មដែលគ្រោងធ្វើ នៅថ្ងៃទី១៨ ខែសីហា ប្រឆាំងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា កំពុងដើរហួសបន្ទាត់ក្រហម តាមរយៈការប្រើប្រាស់អំណាចហួសហេតុ រំលោភសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងគំរាមកំហែង និងចាប់ខ្លួនអ្នកតវ៉ា ដោយគ្រាន់តែពួកគេបង្ហាញពីក្ដីបារម្ភ ចំពោះបូរណភាពទឹកដីប្រទេសខ្លួនឯង។ លោកយល់ថា មូលហេតុដែលប្រជាពលរដ្ឋតវ៉ាប្រឆាំងនឹងតំបន់អភិវឌ្ឍន៍ត្រីកោណ គឺដោយសារពួកគាត់មើលឃើញ ពីការដឹកនាំរបស់រដ្ឋាភិបាលបក្សកាន់អំណាចកន្លងមក បានធ្វើឱ្យបាត់បង់បូរណភាពជាតិ និងទឹកដី ទៅប្រទេសវៀតណាម និងលំហូរចូលជនអន្តោប្រវេសន៍កាន់តែច្រើន។
លោក ស៊ឹង សែនករុណា៖ «រដ្ឋាភិបាលខ្លួនឯងទេ ដែលយល់ពីរឿងហ្នឹង វាហួសពីព្រំដែនខ្លួនឯង ហើយដែលចេះតែលើកពីរឿងហ្នឹងមកដើម្បី គេហៅថា ព្រួយបារម្ភហួស ពីព្រោះការដឹកនាំរបស់ខ្លួនហ្នឹង វាអត់ល្អច្រើនពេកទៅ ដោយវិបត្តិសង្គមច្រើនពេកទៅ ខ្លាចពលរដ្ឋផ្ដួលរំលំខ្លួន។ អ៊ីចឹងទៅ ចេះតែប្រុងប្រៀបរៀបជើងព្រួលការពារអីអ៊ីចឹងទៅ ប៉ុន្តែការពិតហ្នឹង ខ្លួនឯងធ្វើលើសហើយ»។
ពលរដ្ឋបានអះអាងអំពីការរក្សាគោលជំហរបន្តការតវ៉ា ទាំងនៅក្នុងបណ្ដាញសង្គម និងខាងក្រៅ ទោះបីរដ្ឋាភិបាលគំរាមកំហែងក៏ដោយ។ ជាមួយគ្នានេះ ពួកគាត់ទាមទារឱ្យរដ្ឋាភិបាលស្ដាប់ពីហេតុផល និងក្ដីបារម្ភរបស់ប្រជាពលរដ្ឋ ជាជាងការលាបពណ៌ចោទប្រកាន់ និងបង្ក្រាបមកលើអ្នកតវ៉ា ដែលនាំឱ្យប្រជាពលរដ្ឋកាន់តែមានកំហឹង និងស្អប់រដ្ឋាភិបាលថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
Is this what you call a Democracy country? The Hun’s clan willing to take down anyone that opposes theirs’ plan to give away our land to the Vietnam! Hey Manet why don’t you call all the arm forces to eliminate all the innocent civilians that voice theirs’ concern about your corrupt government? You and your so call daddy will goes down in history as the ruthless dictator of all time in Cambodia! Manet! Take your West Point Diploma and wipe your ass…