យុវជន​ ៥នាក់​ នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ត្រូវ​បាន​ចោទ​អំពី​បទ​រួម​គំនិត​​ក្បត់ និង​ញុះញង់ ខណៈ​​ម្នាក់​ទៀត​បន្ត​បាត់​ដំណឹង

ដោយ សុជីវី
2024.08.21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​ ៥នាក់​ នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ត្រូវ​បាន​ចោទ​អំពី​បទ​រួម​គំនិត​​ក្បត់ និង​ញុះញង់ ខណៈ​​ម្នាក់​ទៀត​បន្ត​បាត់​ដំណឹង

យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ​ហៅ​កាត់​ថា YRDP ទាំង ៦នាក់ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់​ឃុំឃាំង នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០២៤ ដោយ​​​ចោទ​ប្រកាន់​អំពី​បទ​រួម​គំនិត​ក្បត់។ រូប៖ ហ្វេសប៊ុក


មន្ត្រី​សង្គម​ស៊ីវិល​ឱ្យ​ដឹង​ថា យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន ៥នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ខណៈ​យុវជន​ម្នាក់​ទៀត​ ជា​បុគ្គលិក​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ហៅ​កាត់​ថា YRDP អ្នកស្រី សាក់ កន្និការ នៅ​តែ​បន្ត​បាត់​ដំណឹង។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​ចាប់​ខ្លួន​យុវជន​ ៦នាក់​នេះ ​គឺជា​រឿង​អយុត្តិធម៌ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​បញ្ជូន​យុវជន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ២​នាក់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស ដោយ​កញ្ញា រៀម ស្រីពេជ្ររតនា ឃុំ​នៅ​ពន្ធនាគារ ម២ និង​លោក ធី ថន ឃុំ​នៅ​ពន្ធនាគារ ម១។ ចំណែក​ឯ​យុវជន​ចំនួន ៤នាក់​ទៀត លោក នុត សវនា អះអាង ថា​លោក​មិន​ទាន់​ដឹង​អាជ្ញាធរ​បញ្ជូន​ពួកគាត់​យក​ឃុំ​នៅ​ពន្ធនាគារ​ណា​នៅ​ឡើយ​ទេ។


វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី២១ ខែសីហា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បញ្ជាក់​ថា យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ៤នាក់​រួមមាន កញ្ញា រៀម ស្រី ពេជ្ររតនា លោក ធី ថន កញ្ញា កាត់ ស៊ីណាត និង​កញ្ញា នឿន ស្រីណែត តុលាការ​ចោទ​ប្រកាន់​ពី​បទ «រួមគំនិតក្បត់»។ រីឯ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ម្នាក់​ទៀត​គឺ កញ្ញា សើន ស្រីម៉ៃ ជាប់​ពី​បទ «ញុះញង់»។ អ្នក​ទាំង៥ ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ផ្សេងៗ​គ្នា។

រីឯ​បុគ្គលិក​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​អ្នកស្រី សាក់ កន្និការ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី១៨ ខែ​សីហា  ដែល​ប្រភព​មួយ​ចំនួន​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ​នៅ​មិន​ទាន់​ទទួល​ដំណឹង​ពី​អ្នកស្រី​នៅ​ឡើយ។ ពួកគាត់​នាំ​គ្នា​បង្ហោះ​សារ​នៅ​បណ្ដាញ​សង្គម​ព្រាតព្រោង​ថា រយៈពេល ៤ថ្ងៃ​មក​ហើយ​ដែល​ក្រុម​គ្រួសារ​សាច់​ញាតិ​បាត់​ដំណឹង​អ្នកស្រី សាក់ កន្និការ មិន​ដឹង​ថា អ្នកស្រី មាន​បាយ​ហូប ឬ​មាន​សំលៀក​បំពាក់​ផ្លាស់​ឬ​នៅ​ទេ។


ការ​ចាប់​ខ្លួន​ក្រុម​យុវជន​ទាំង​នេះ គឺ​ក្រោយ​ពេល​ពួកគាត់ បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​អំពី​រឿង​អយុត្តិធម៌​សង្គម និង​បង្ហាញ​ពី​ការ​ឈឺចាប់​ដែល​យុវជន​សង្គម​ផ្សេង​ទៀត​ដែល​ជា​មិត្តភ័ក្ដិ​របស់​ពួកគាត់​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អយុត្តិធម៌។ ពួកគាត់ មិន​បង្ហាញ​អំពី​គម្រោង​ចូលរួម​ធ្វើ​បាតុកម្ម​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​រឿង CLV នោះ​ឡើយ។

គូ​ដណ្ដឹង​របស់​កញ្ញា រៀម ស្រីពេជ្ររតនា គឺ​លោក ហ៊ន លីហ្សា ថ្លែង​ថា លោក​សោកស្ដាយ និង​តក់ស្លុត​នៅ​ពេល​ទទួល​ដំណឹង​ថា គូ​ដណ្ដឹង​របស់​លោក​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​នៅ​ពន្ធនាគារ​ព្រៃស​ទាំង​គ្មាន​កំហុស។

លោក ហ៊ន លីហ្សា៖ «គាត់​មិន​បាន​ទៅ​ធ្វើ​អ្វី​ខុស​ផង គឺ​បែរ​ជា​គេ​ចោទ​គាត់​ពី​បទ​រួម​គំនិត​ក្បត់។ ចង់​ឱ្យ​ទាក់ទង​នឹង​តុលាការ​ឱ្យ​គិត​ឡើងវិញ ព្រោះ​ការ​ដាក់​ទោស​គាត់​ច្រើន​ណាស់​រហូត​ដល់​ទៅ​១០ឆ្នាំ វា​មិន​សាក​សម​ទេ។ អាច​ជួយ​ដោះលែង​គាត់​មក​វិញ​មក ព្រោះ​អី​មើល​ទៅ​វា​មិន​ជា​មាន​ទោស​អី​ធ្ងន់ធ្ងរ​នោះ​ទេ»

ជុំវិញ​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី ដែល​តាម​ដំណើរ​រឿង​នេះ​ឱ្យ​ដឹង​ថា យុវជន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន ៥នាក់ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់។ លោក​បន្ត​ថា ការ​ចោទ​ប្រកាន់​យុវជន​ពី​បទ​ល្មើស​ធ្ងន់ៗ បែប​នេះ​គឺ​បង្ហាញ​ថា សិទ្ធិ​សេរីភាព​របស់​ក្រុម​យុវជន​រង​ការ​រឹតត្បិត​ធ្ងន់ធ្ងរ។

លោក យិន ម៉េងលី៖«ដោយសារ​តែ​យើង​មើល​ឃើញ​បទល្មើស​ហ្នឹង វា​ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញ​មតិ ហើយ​សេរីភាព​ហ្នឹង​ក៏​វា​មាន​សារសំខាន់​ដែរ អ៊ីចឹង រដ្ឋាភិបាល​គប្បី​តែ​ពិចារណា​ពី​បញ្ហា​លម្ហ​សេរីភាព​ហ្នឹង។ ប៉ុន្តែ បញ្ហា​ទាំងអស់​នេះ យើង​ឃើញ​ថា វា​មាន​ទំនាក់ទំនង​ទៅ​នឹង​បញ្ហា​នយោបាយ។ កាលណា​បញ្ហា​នយោបាយ​មិន​មាន​ស្ថិរភាព បញ្ហា​នយោបាយ​មិន​មាន​ភាព​ប្រសើរ​ទេ ទាំង​អស់​ហ្នឹង​យើង​ឃើញ​ថា​លំបាក​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ដល់​សេរីភាព​ទាំង​អស់​ហ្នឹង។ អ៊ីចឹង សំខាន់​ដំបូង​គឺ​ថា ធ្វើ​យ៉ាងម៉េច​ក្នុង​ការ​ផ្សះផ្សា​ផ្នែក​នយោបាយ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង»

ក្រុម​គ្រួសារ​សាច់​ញាតិ និង​យុវជន ព្រមទាំង​មន្ត្រី​សង្គម​ស៊ីវិល នៅតែ​ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល ដោះ​លែង​ក្រុម​យុវជន​សង្គម​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ពីព្រោះ​សកម្មភាព​របស់​ក្រុម​យុវជន​ទាំង​នោះ​ពុំ​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles