ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​នៅ​ខេត្តសៀមរាប​រង​ការ​បំផ្លាញ​ដោយ​គ្រាប់បែក ក្នុង​ពេល​ពលរដ្ឋ​បារម្ភ​បាត់បង់​ដី​ទៅ​វៀតណាម ដោយសារ​គម្រោង CLV

2024.08.29
RFA

ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម​នៅ​ខេត្តសៀមរាប​រង​ការ​បំផ្លាញ​ដោយ​គ្រាប់បែក ក្នុង​ពេល​ពលរដ្ឋ​បារម្ភ​បាត់បង់​ដី​ទៅ​វៀតណាម ដោយសារ​គម្រោង CLV

ស្តូប​មិត្ត​ភាព​កម្ពុជា​វៀតណាម​នៅ​ខេត្ត​សៀមរាប​រង​ការ​បំផ្លាញ​ ដោយ​ការ​ដាក់​គ្រាប់បែក​ឱ្យ​ផ្ទុះ កាល​ពី​​វេលា​យប់​ម៉ោង ២ ថ្ងៃ​ទី២៦ សីហា ឆ្នាំ២០២៤។ រូប៖ ពីពលរដ្ឋ


ស្តូប​មិត្ត​ភាព​កម្ពុជា​វៀតណាម​នៅ​ខេត្ត​សៀមរាប​រង​ការ​បំផ្លាញ​ក្នុង​ពេល​ ដែល​ពលរដ្ឋ​មួយ​ចំនួន​ព្រួយ​បារម្ភ ខ្លាច​បាត់បង់​ទឹកដី​ទៅ​វៀតណាម​ ដោយសារ​គម្រោង CLV។ មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ទង្វើ​នេះ​ជា​មធ្យោបាយ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយ​លាក់លៀម ដើម្បី​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​ក្ដី​កង្វល់​រួម​របស់​ពួកគាត់។


ក្រោយ​ពី​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម ត្រូវ​ជន​សង្ស័យ​បំផ្លាញ អាជ្ញាធរ​បាន​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ជា​ច្រើន​នាក់ យាម​ល្បាត​យ៉ាង​ប្រុង​ប្រយ័ត្ន ហាម​មិន​ឱ្យ​មហាជន​ចូល​ក្នុង​បរិវេណ​ស្តូប​នោះ​ឡើយ។ ផ្នែក​ខ្លះ​តាម​ដង​ផ្លូវ​នៅ​ក្បែរ​តំបន់​នោះ ​សមត្ថកិច្ច​បាន​ដាក់​រនាំង ឬ​បារ៉ាស់ ហាម​មិន​ឱ្យ​អ្នក​ដំណើរ​ឆ្លង​គាត់។

ពលរដ្ឋ​មួយ​គ្រួសារ មាន​ទី​លំ​នៅ​កៀក​នឹង​ស្តូប​នោះ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា ពួកគាត់​កំពុង​ដេកលក់ កណ្ដាល​យប់ ស្រាប់​តែ​មាន​សំឡេង​ផ្ទុះ​ដូច​គ្រាប់​បែក​ នៅ​ត្រង់​ចំណុច​ស្តូប​នេះ ធ្វើ​ឱ្យ​ពួកគាត់​ភ្ញាក់​ពី​ដំណេក។

ព្រះ​សង្ឃ​គង់​នៅ​វត្ត​មួយ​ ក្នុង​ខេត្ត​សៀមរាប​មាន​ថេរ​ដីកា​សុំ​មិន​បញ្ចេញ​ព្រះនាម​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព មាន​ថេរ​ដីកា​ថា ទង្វើ​នេះ​ អាច​ជា​កំហឹង​របស់​ពលរដ្ឋ​ដែល​កំពុង​កើត​ទុក​មិន​សុខ​ចិត្ត នឹង​រដ្ឋាភិបាល​មិន​ផ្ដាច់​ខ្លួន​ពី​គម្រោង CLV ចេញ។

ព្រះអង្គ​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ឈឺ​ចាប់​បៀម​ក្នុង​ចិត្ត ខ្លាច​ក្រែង​បាត់​បង់​ទឹក​ដី ទៅ​ប្រទេស​វៀតណាម​បន្ថែម​ទៀត ព្រោះ​បច្ចុប្បន្ន​រដ្ឋាភិបាល​បាន​រឹតត្បិត​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​គ្រប់​រូបភាព។

ព្រះសង្ឃ​លាក់​ព្រះនាម៖ «អាច​ជា​កម្ដៅ​ដែល​ប្រជា​ពលរដ្ឋ​កើត​ទុក្ខ​មិន​សុខ​ចិត្ត គាត់​អាច​ជា​ការ​ឈឺ​ចាប់​ចារ​ទុក​ជា​ប្រវត្តិ​សាស្ត្រ​នានា​ យើង​ដឹង​ហើយ​ថា​ប្រវត្តិ​សាស្ត្រ​វៀតណាម​តែង​តែ​ឈ្លាន​ពាន​កម្ពុជា ​ទៅ​ពួកគាត់​អាច​យក​ជា​កំហឹង​ហ្នឹង​ជា​ទៅ​លើ​ជន​ជាតិ​វៀតណាម»

ស្តូប​មិត្ត​ភាព​កម្ពុជា​វៀតណាម ដែល​អាជ្ញាធរ​ទើប​នឹង​សាងសង់​រួចរាល់ មិន​ទាន់​សម្ពោធ​នៅ​ឡើយ​ទេ ឋិត​នៅ​ក្បែរ​រង្វង់​មូល​អប្សរា ក្បែរ​ផ្លូវ ៦០ ក្នុង​ក្រុង​សៀមរាប ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​បំផ្លាញ កាល​ពី​យប់​ម៉ោង ២ ថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០២៤។ មក​ទល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​សៀមរាប​ មិន​ទាន់​បង្ហាញ​លទ្ធផល​ស៊ើប​អង្កេត​ជា​សាធារណៈ​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀមរាប លោក លី វណ្ណៈ បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី២៩ សីហា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ចំណែក​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​បំផ្លាញ​ស្តូប​មិត្តភាព-កម្ពុជា​វៀតណាម​ជា​មនុស្ស​ជាតិ​និយម​ជ្រុល និង​មាន​ចិត្ត​ចង្អៀត​ចង្អល់។

លោក សុខ ឥសាន៖ «អា​ហ្នឹង​ជា​មនុស្ស​ភ្លេច​កំណើត​ហើយ​យើង​ទាំង​អស់​គ្នា​ដែល​ជា​ខ្មែរ នៅ​ក្នុង​ប្រទេស​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ដោយ​សារ​អ្នកណា គឺ​ដោយសារ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ដែល​មាន​ការ​ជួយ​គាំទ្រ​ពី​កង​កម្លាំង​វៀតណាម»

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​ថា ទង្វើ​នេះ​គឺ​ជា​កំហឹង​របស់​ពលរដ្ឋ ដែល​មិន​ពេញ​ចិត្ត​នឹង​គម្រោង CLV បង្កប់​រូបភាព​ឈ្លាន​ទឹក​ដី​ខ្មែរ។ លោក​យល់​ថា រដ្ឋាភិបាល​គួរតែ​ទទួល​យក​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ដោះស្រាយ​ ដោយ​ត្រូវ​ដក​គម្រោងCLVចេញ។

លោក អ៊ុំ សំអាន៖ «រដ្ឋាភិបាល​គួរ​តែ​ធ្វើ​ទៅ​តាម​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​មាន​កំហឹង​ចំពោះ​ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​វៀតណាម​នេះ​ ដោយ​វាយ​ស្តូប​យួន​ដែល​មាន​នៅ​គ្រប់​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ហ្នឹង​ហើយ ដាក់​មក​វិញ​ដោយ​រូប​សំណាក់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ អីជា​ដើម»

ជុំវិញ​រឿង​នេះ អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ ខេត្ត​បន្ទាយ​មានជ័យ​ និង​ខេត្ត​សៀមរាប លោក អ៊ិន គង់ជិត មិន​គាំទ្រ​ចំពោះ​ការ​សម្ដែង​មតិ​ដោយ​ហិង្សា​នោះ​ទេ ។

តែ​យ៉ាង​ណា​លោក​សង្កេត​ថា បច្ចុប្បន្ន​ពលរដ្ឋ​ហាក់​គ្មាន​មធ្យោបាយ​បញ្ចេញ​មតិ​ដោយ​បើក​ចំហ​នោះ​ឡើយ ទើប​ពួកគាត់​បង្ខំ​ចិត្ត​ប្រើប្រាស់​រូបភាព​នេះ​ដោយ​លាក់​លៀម។

លោក អ៊ិន គង់ជិត៖«គាត់​ប្រើ​ប្រាស់​រូបភាព​ដោយ​មិន​បញ្ចេញ​មុខ​ ហើយ​ជា​មធ្យោបាយ​សុខ​សុវត្ថិភាព​ដើម្បី​ពួកគាត់​ដែរ​ ព្រោះ​ពួកគាត់​គ្មាន​មធ្យោបាយ​ដែល​បញ្ចេញ​មតិ​ ទៅ​ពួកគាត់​ប្រើ​រូបភាព​នេះ​ដើម្បី​ចង់​ផ្ញើ សារ​ទៅ​រាជ​រដ្ឋាភិបាល​ឱ្យ​ប្រែ​មក​ជា​ស្ដាប់​កង្វល់​របស់​ពួកគាត់»

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត សង្ស័យ​ថា ការ​បំផ្ទុះ​នេះ​អាច​ជា​ឈុតឆាក របស់​អាជ្ញាធរ​ដើម្បី​ចាប់​មនុស្ស​តាម​ទំនើង​ចិត្ត​ ក្នុង​ពេល​ដែល​ពលរដ្ឋ​កំពុង​ប្រតិកម្ម​ខ្លាំង នឹង​គម្រោង CLV

លោក ម៉ែន ណាត៖«យើង​សង្ស័យ​ថា​មាន​ការ​រៀបចំ​ឈុតឆាក​ ដើម្បី​រៀបចំ​ផែន​ការ​ចាប់​មនុស្ស​ដាក់​ឃុំ​បន្ថែម​ទៀត​ ដើម្បី​បង្ក្រាប​ផ្ទៃ​ក្នុង​ខ្លួន​ឯង​ខណៈ​ពេល​ដែល​ប្រជាជន​ខ្មែរ​កំពុង​តាម​ពាវ​នាវ​រដ្ឋាភិបាល​ឲ្យ​ដក​ចេញ​ពី​គម្រោង CLV»។

អាជ្ញាធរ​លោក ហ៊ុន ម៉ាណែត​ចាប់​បាន​សកម្មជន​ប្រឆាំង​នឹង​គម្រោង CLV តាម​ទំនើង​ចិត្ត​ប្រមាណ ជិត ១០០នាក់។

កាល​ពី​ចុង​ឆ្នាំ២០១៧ សារ​ព័ត៌មាន​វៀតណាម បាន​ចុះ​ផ្សាយ​ថា ភាគី​កម្ពុជា​បាន​រាយការណ៍​ទៅ​ក្រសួង​ការពារ​ជាតិ​វៀតណាម ស្នើ​សុំ​ថវិកា​ចំនួន​ជាង ៧លាន​ដុល្លារ​អាមេរិក (៧.៨០០.០០០) ដើម្បី​កសាង​ស្តូប​មិត្ត​ភាព​វៀតណាម-កម្ពុជា ចំនួន ១៧ នៅ​កម្ពុជា ក្នុង​បំណង​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។

ស្តូប​មិត្ត​ភាព-កម្ពុជា​ទាំង​នេះ មាន​រូប​ទាហាន​វៀតណាម​ម្នាក់ ទាហាន​ឡាវ​ម្នាក់ និង​រូប​ស្ត្រី​ខ្មែរ​ម្នាក់​ព​កូន​ខ្ចី។

កន្លង​ទៅ​ក៏​មាន​ករណី​មាន​ជន​មិន​ស្គាល់​មុខ​បាន​លួច​ដុត និង​វាយ​បំបែក​ ស្តូប​មិត្ត​ភាព​កម្ពុជា-វៀត​ណាម ឋិត​ក្នុង​ខេត្ត​ព្រះវិហារ និង ខេត្ត​បន្ទាយ​មានជ័យ​ ដោយសារ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​កសាង​ស្តូប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment