តើ​ចៅក្រម​កាត់ក្ដី​សំណុំរឿង​យុវជន​ចលនា​មាតា​ធម្មជាតិ​ជា​នរណា?

ដោយ សុជីវី
2024.08.30
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តើ​ចៅក្រម​កាត់ក្ដី​សំណុំរឿង​យុវជន​ចលនា​មាតា​ធម្មជាតិ​ជា​នរណា?

អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា និងស្វាមី​គឺ​លោក ជីវ សុងហាក់ ​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌។ រូប ហ្វេសប៊ុកអ្នកស្រី អ៊ុក រ៉េតគន្ធា


យុវជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥​នាក់ បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ ក្រោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី អ៊ុក រ៉េតគន្ធា សម្រេច​ឱ្យ​ពួកគេ​ជាប់​ពន្ធនាគារ​រយៈពេល​ពី​៦ ទៅ​៨​ឆ្នាំ ពី​បទ «​រួមគំនិត​ក្បត់​» និង «​ប្រមាថ​ព្រះមហាក្សត្រ»។

តើ​ចៅក្រម​ដែល​ចេញ​សេចក្ដីសម្រេច​រូប​នេះ​ជា​នរណា​? តើ​ការ​សម្រេច​ក្ដី​នេះ​បាន​ឈរ​លើ​សុភ​វិនិច្ឆ័យ​ដែរ​ឬទេ?

ចៅក្រម ដែល​អាច​«​ធ្វើជា​ញញួរ​» របស់​អ្នកនយោបាយ​ជា​ពាក្យ ដែល​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ យក​មក​ពណ៌នា​ក្រុម​ចៅក្រម ដែល​កាត់ក្ដី​ដោយ​អយុត្តិធម៌ ឬ​កាត់ក្ដី ដើម្បី​តែ​ចាប់​សកម្មជន​សង្គម បរិស្ថាន សិទ្ធិមនុស្ស និង​អ្នកនយោបាយ​ដាក់​ពន្ធនាគារ​។ ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នកស្រី អ៊ុក រ៉េតគន្ធា មួយ​រូប​ដែរ។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គនសាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ថ្លែង​ថា ចៅក្រម​ប្រភេទ​នេះ មិន​ឈរ​លើ​គោលការណ៍​ច្បាប់ ឬ​ចំណេះដឹង​ដែល​បាន​រៀនសូត្រ​ពី​សាលា​ទេ គឺ​បាន​ត្រឹម​ជា​ឈ្នាន់​របស់​អ្នក​នយោបាយ។

លោក អាឡិចហាន់ដ្រូ ហ្គនសាឡេស ដេវិតសុន៖ «ឱ្យ​តែ​មាន​ចៅក្រម​ណា ព្រះរាជអាជ្ញា​ណា​កាន់​ក្ដី​រឿង​របស់​យើង គឺជា​ប្រភេទ​ចៅក្រម បែប​ញញួរ ដែល​អ្នកនយោបាយ​កាន់ វាយ បញ្ជា​ឱ្យ​ដោះលែង ដោះលែង បញ្ជា​ឱ្យ​ចាប់ៗ បញ្ជា​ឱ្យ​ព្យួរទោសៗ តែ​ប៉ុណ្ណឹង​ឯង​។ នៅ​កម្ពុជា​គឺ​គ្មាន​ទេ​ព្រះរាជអាជ្ញា ឬ​ចៅក្រម​ដែល​យើង​ចង់​បាន​ជាងគេ​ហៅថា អព្យាក្រឹត្យ​ពិតប្រាកដ​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ ហើយ​ជាពិសេស​យក​ច្បាប់​ជា​អាទិភាព គឺ​អត់​ស្ដាប់បង្គាប់​អ្នកនយោបាយ​ទេ គឺ​ខ្វល់ខ្វាយ​ពី​ប្រយោជន៍​រួម និង​ច្បាប់ ប្រភេទ​ហ្នឹង​អត់​មាននៅ​កម្ពុជា​ទេ»។

អ្នកស្រី អ៊ុក រ៉េតគន្ធា ជា​អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ប្រពន្ធ​លោក ជីវ សុងហាក់ ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​អតីត​ប្រធាន​គណៈមេធាវី​កម្ពុជា​។ បច្ចុប្បន្ន លោក ជីវ សុងហាក់ ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន។

អ្នកស្រី អ៊ុក រ៉េតគន្ធា បាន​ឈាន​ជើង​ចូលក្នុង​វិជ្ជាជីវៈ​ផ្នែក​ច្បាប់​នេះ​ដោយ​ស្បថ​ចូល​ជា​មេធាវី​នៅក្នុង​ឆ្នាំ២០០៥។ ព័ត៌មាន​ពី​គេហទំព័រ​គណៈមេធាវី​កម្ពុជា​ឱ្យ​ដឹង​ថា អ្នកស្រី អ៊ុក រ៉េតគន្ធា កើត​នៅ​ខែកញ្ញា ឆ្នាំ​១៩៧៤ នៅ​ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។

ក្នុង​តួនាទី​ជា​ចៅក្រម​មួយ​រូប អ្នកស្រី អ៊ុក រ៉េតគន្ធា បាន​ជំនុំជម្រះ​កាត់ក្ដី​សំណុំរឿង​ជាច្រើន​ក្នុង​នោះ​ក៏​មាន​សំណុំរឿង​ធំ​២ ដែល​ជា​សំណុំរឿង​មានការ​ចាប់អារម្មណ៍​គឺ រឿងក្ដី ដែល​មាន​ជន​ត្រូវ​ចោទ​ច្រើន​នាក់ ឬ​ជា​ក្រុម ដូចជា​សំណុំរឿង​យុវជន​សកម្មជន​បរិ​ស្ថាន ១០​នាក់ និង​រឿងក្ដី​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ៤០​នាក់។

នៅ​ថ្ងៃ​ទី២ ខែ​កក្កដា ប្រធាន​ក្រុម​ជំនុំជម្រះ​អ្នកស្រី អ៊ុក រ៉េតគន្ធា បាន​សម្រេច​ឱ្យ​សកម្មជន​បរិស្ថាន​ចំនួន ១០​នាក់​មានទោស​ជាប់​ពន្ធនាគារ ក្នុង​នោះ​សម្រេច​ឱ្យ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​៥​នាក់​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​៦​ឆ្នាំ ដល់ ៨​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការងារ​ការពារ​បរិស្ថាន​ក្រោម​បទ​ចោទ​«​រួមគំនិត​ក្បត់​»​និង​«​ប្រមាថ​ព្រះមហាក្សត្រ»។ តុលាការ​ដដែល​នេះ​សម្រេច​បញ្ជូន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​នាក់ រួមមាន គឺ​លោក ថុ​ន រដ្ឋា លោក យី​ម លាង​ហ៊ី លោក លី ចាន់​ដារ៉ាវុត កញ្ញា ឡុង គ​ន្ធា និង​កញ្ញា ភួន កែវ​រស្មី ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​តាម​ខេត្ត​ផ្សេងៗ​គ្នា ដាច់​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ថែម​ទៀត។

ចលនា.jpeg
យុវជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ (ពីឆ្វេង) លោក ថុន រដ្ឋា លោក លី ចាន់តារ៉ាវុត កញ្ញា ភួន កែវរស្មី លោក យឹម លាងហ៊ី និងកញ្ញា ឡុង គន្ធា នៅខាងមុខ​អគារសាលាដំបូង​រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ មិថុនា​ ២០២៤។​ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

មួយវិញទៀត​គឺ​កាលពី​ខែធ្នូ ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា បាន​កាត់ក្ដី​សំណុំរឿង​ចោទប្រកាន់​អតីត​មេដឹកនាំ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ៤០​នាក់ និង​សម្រេច​ដាក់ទោស​ពួកគេ​ឱ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី ៥ ទៅ ៧​ឆ្នាំ ក្រោម​បទ​ចោទ​រួមគំនិត​ក្បត់​ទាក់ទង​នឹង​ការ​គាំទ្រ​ដំណើរ​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់​អ្នកស្រី មូរ សុខហួរ ដែល​ពេលនោះ​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចៅក្រម​កាត់​ឱ្យ​ជាប់ទោស និង​ត្រូវ​អាជ្ញាធរ​តាម​ចាប់ខ្លួន ព្រមទាំង​ដកសិទ្ធិ​បោះឆ្នោត និង​ឈរឈ្មោះ​បោះឆ្នោត​ទាំងនោះ​រួមមាន​៖ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក ឡុង រី អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ អ្នកស្រី ជូឡុង សូម៉ូរ៉ា លោក នុត រំដួល លោក អ៊ូ ច័ន្ទឫទ្ធិ ជាដើម។

ការ​កាត់​ទោស​អ្នកនយោបាយ និង​សកម្មជន​បរិស្ថាន​ទាំងនេះ​រង​ការ​រិះគន់​ថា តុលាការ​រង​សម្ពាធ​អ្នក​នយោបាយ​គឺ​ឪពុក និង​កូន​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកស្រី អ៊ុក រ៉េតគន្ធា បានទេ​គិត​ត្រឹម​ថ្ងៃទី​២៩ ខែ​សីហា​។ ចំណែក​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ក៏​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​រឿង​នេះ​បាន​ដែរ។

បើ​ទោះជា​យ៉ាងណា ការ​កាត់ក្ដី​ដាក់ទោស​អ្នកនយោបាយ​ទាំង​ហ្វូង​នេះ ធ្វើឡើង​នៅ​ពេល​ដែល លោក ហ៊ុន សែន ពេល​នោះ​ព្រមាន​ទៅ​លោក សម រង្ស៊ី និង​អ្នកគាំទ្រ​ថា​អស់​ផ្លូវ គឺ​មាន​តែ​ជាប់​ពន្ធនាគារ។

លោក ហ៊ុន សែន៖ «នរណា​ក៏ដោយ​ពាក់ព័ន្ធ​នឹង​អា​ក្បត់ជាតិ​ហ្នឹង គឺ​អ្នក​ហ្នឹង​មានរឿង​។ កុំ​ភ្លេច​ថា អំណាច​នៅក្នុង​ដៃ ហ៊ុន សែន នៅ​ឡើយ​ទេ។ អត់​លេងសើច​បានទេ​រឿង​កន្លែង​ហ្នឹង ហើយ​ហៅ​កូន​ខ្ញុំ​ថា​អា​កូន​ក្រៅ​ខោ​។ អា​រឿង​បញ្ហា ដែល​កូន​ខ្ញុំ​ជា​កូន​វៀតណាម​ហ្នឹង គឺ​អាហ្នឹង​ជា​អ្នក​បញ្ចេះ​ឱ្យធ្វើ​។ ភាព​ឈ្លើយ​របស់​វា ហ្នឹងហើយ​បាន​វា​នៅ​ជាមួយគ្នា​មិនបាន​។ មនុស្ស​ពី​គាំទ្រ​ច្រើន​ទៅ​តិច​។ ប៉ុន្តែ​អ្ហែង​អស់​ផ្លូវ​ហើយ អ្ហែង​ចប់​ហើយ​។ អ្នក​ដែល​ជឿ​លើ​អាហ្នឹង​គឺ​ជម្រើស​មានតែ​ព្រៃ​ស​ទេ»។

ចំណែក លោក ហ៊ុន ម៉ាណែត ដែល​មាន​អំណាច​លោក ហ៊ុន សែន នៅ​ពី​ក្រោយខ្នង​លោក​បាន​ប្រកាស​ទុក​មុន​រួចជាស្រេច​ថា សុខចិត្ត​ឱ្យ​គេ​ហៅ​លោក​ថា «​ផ្ដាច់ការ​» ជាជាង​ឱ្យ​ប្រជាពលរដ្ឋ​ចោទ​លោក​ថា មិន​មាន​សមត្ថភាព​ក្នុង​ការ​ការពារ​សន្តិភាព។

លោក ហ៊ុន ម៉ាណែត៖ «បើ​ថា​ហៅ​ខ្ញុំ​ផ្ដាច់ការ​ដោយសារ​ខ្ញុំ​ប្ដេជ្ញាចិត្ត​ការពារ​សន្តិភាព​មិន​ឱ្យ​ប្រជាពលរដ្ឋ​ស្លាប់ មិន​ឱ្យ​ប្រទេស​ដើរ​ថយក្រោយ​ដូច​ពេល ដែល​យើង​បាត់​សន្តិភាព​នៅពេល​មុន​នោះ ខ្ញុំ​សុខចិត្ត​ទទួល​ចុះ»។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិច មើល​ឃើញ​ថា ក្នុង​ដំណាក់កាល​ដែល​អំណាចតុលាការ​មិនអាច​នៅ​ឯករាជ្យ​ពី​អ្នកនយោបាយ​បែបនេះ សកម្មជន​សង្គម នយោបាយ បរិស្ថាន និង​អ្នកការពារ​សិទ្ធិមនុស្ស​ជាដើម​នឹង​មិនអាច​បាន​ទទួល​យុត្តិធម៌​ឡើយ។

លោក អាឡិច៖ «គ្រប់គ្នា​រិះគន់ ហើយ​ហ្នឹង​ប្រជាជន​ខ្មែរ​គឺ​ច្រើនណាស់​អត់​ស្វាគមន៍ អត់​សប្បាយចិត្ត​ទាល់តែសោះ​សាលក្រម​ចាប់​ដាក់​ពន្ធនាគារ​យុវជន​ចលនា​មាតា​ធម្មជាតិ​។ អីចឹង​ម្នាក់​ហ្នឹង (​ចៅក្រម​ប្រាកដ​ណាស់​ថា​ខ្មាស​គេ ហើយ​មិនយូរ​ទេ​ចាប់ផ្ដើម​ខ្មាស​ខ្លួនឯង ហ្នឹង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ក្នុង​ពេល​អនាគត​ចៅក្រម​ណាក៏ដោយ ប្រធាន​តុលាការ​ណាក៏ដោយ ព្រះរាជអាជ្ញា​ណាក៏ដោយ ដែល​បាន​ពាក់ព័ន្ធ​នឹង​រឿង​នេះ នៅក្នុង​ខែកក្កដា ឬ​មុន​នេះ​គឺ​ក៏​ត្រូវ​មាន​បញ្ហា​ចំពោះមុខ​ច្បាប់​ដែរ​នៅ​ពេល​ដែល​កម្ពុជា​មាន​តុលាការ​ឯករាជ្យ មាន​ប្រព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ មាន​សភា​ប្រជាធិបតេយ្យ មាន​រដ្ឋាភិបាល​ត្រឹមត្រូវ ព្រោះ​អី​អ្នកឯង​រំលោភ​អំណាច ដែល​អ្នកឯង​មាន»។

យុវជន​ចលនា​មាតា​ធម្មជាតិ ដែល​ក្រុមប្រឹក្សា​ជំនុំជម្រះ រួម​ទាំង​អ្នកស្រី​ចៅក្រម អ៊ុក រ៉េតគន្ធា កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​នេះ ពួកគេ​ភាគច្រើន​មាន​អាយុ​ជាង ២០​ឆ្នាំ ដែល​វ័យ​នេះ​ក៏​ស្របាល​គ្នា និង​វ័យ​របស់​កូនៗ​របស់​អ្នកស្រី អ៊ុក រ៉េតគន្ធា ដែរ ដែល​អ្នកស្រី​តែងតែ​បង្ហាញ​ក្ដី​ស្រឡាញ់​ថ្នាក់ថ្នម​ពួកគេ នេះ​បើ​តាម​រូបភាព ដែល​អ្នកស្រី​បង្ហោះ​តាម​បណ្ដាញ​សង្គម​។ អ្នកស្រី អ៊ុក រ៉េតគន្ធា មានកូន​៣​នាក់ ដែល​កូនប្រុស​ច្បង​ក៏​ជា​អ្នកច្បាប់​ដូច​ម្ដាយ​ឪពុក​ដែរ។

សកម្មជន​បរិស្ថាន កញ្ញា ឡុង គន្ធា បាន​ថ្លែង​នៅមុន​ពេល​កញ្ញា​ជាប់​ពន្ធនាគា​រថា កញ្ញា​គ្មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ទេ គឺ​នាង​គ្រាន់តែ​ស្រឡាញ់​បរិស្ថាន ធនធាន​ធម្មជាតិ​។ កញ្ញា​ក៏​ចង់​មាន​ឱកាស​បាន​រៀនសូត្រ ដូច​កូនៗ​ចៅក្រម​ដែរ។

កញ្ញា ឡុង គន្ធា៖ «ការ​ចាប់​ខ្ញុំ​ដាក់​ពន្ធនាគារ​ម្ដងទៀត ខ្ញុំ​នឹង​បាត់បង់​ឱកាស​ក្នុង​ការ​សិក្សា​ម្ដងទៀត​។ ខ្ញុំ​ក៏​ចង់​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ដូច​កូន​របស់​អ្នក​ទាំងអស់គ្នា​ដែរ​។ ដូច​កូន​អ្នកធំ ដូច​កូន​នាយករដ្ឋមន្ត្រី ដូច​កូន​មន្ត្រី​ធំៗ ដូច​កូន​លោកស្រី​ចៅក្រម កូន​របស់​លោក​អាជ្ញាធរ​ដូចគ្នា​ដែរ​។ ខ្ញុំ​ក៏​ត្រូវ​ការរៀនសូត្រ ខ្ញុំ​ក៏​ចង់​យក​ចំណេះដឹង ដែល​ខ្ញុំ​មាន ដើម្បី​មក​ជួយ​ប្រទេសជាតិ​ខ្ញុំ​។ ខ្ញុំ​ក៏​ចង់​រៀនសូត្រ​ដូច​គេ​។ វ័យ​របស់​ពួក​ខ្ញុំ​ជា​វ័យ​ដែល​ត្រូវ​ទទួល​បាន​ការ​សិក្សា»។

ចំណែក​យុវជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត បាន​ស្រែក​ផ្ដាំ​នៅ​ប៉ុន្មាន​នាទី​មុន​ពេល​លោក​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ថា​អ្នក​ដែល​នៅ​លើ​ច្បាប់​កាត់ទោស​ពួកគាត់​ដាក់​ពន្ធនាគារ​នេះ នឹង​មិន​រួចខ្លួន​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន។

លោក លី ចាន់ដារ៉ាវុត៖ «អ្នក​កាត់ទោស​ពួក​ខ្ញុំ​ថ្ងៃ​ហ្នឹង កាត់ទោស​សហគមន៍​ថ្ងៃ​ហ្នឹង អ្នក​គិតថា​អ្នក​រួចខ្លួន​ហើយ​។ អ្នក​គិតថា​អ្នក​រួចខ្លួន​ហើយ ព្រោះ​អ្នក​ឈរ​លើ​ច្បាប់ ព្រោះ​អ្នក​បញ្ជា​តុលាការ​បាន​។ ប៉ុន្តែ​អ្នក​កុំ​ភ្លេច​ថា អ្នក​មិន​រួចខ្លួន​ចំពោះមុខ​ប្រវត្តិសាស្ត្រ​នោះ​ទេ​។ ប្រវត្តិសាស្ត្រ​នឹង​ចារ​ឈ្មោះ​អ្នក​ក្បត់​ជាតិ​ពិត​ប្រាកដ»។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តើ​ចៅក្រម​កាត់ក្ដី​សំណុំរឿង​យុវជន​ចលនា​មាតា​ធម្មជាតិ​ជា​នរណា?"

  1. Anonymous says:

    This couple doesn’t hesitate to destroy any cambodian because they are vietnamese