កម្ពុជា
កម្ពុជា-នយោបាយ
31/08/2024 – 12:01
ដោយ៖ សាំ ឧត្តម
RFI
សភាអាស៊ានដើម្បីសិទ្ធិមនុស្ស APHR នៅថ្ងៃទី៣០ ខែសីហា បានចេញសេចក្តីថ្លែងការណ៍មួយដោយចាត់ទុកការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នថា ជាការដឹកនាំបែបផ្តាច់ការ និងយកគំរូពីលោក ហ៊ុន សែន ដែលត្រូវជាឪពុក។ ការអះអាងយ៉ាងដូច្នេះ ដោយសភាអាស៊ានដើម្បីសិទ្ធិមនុស្សសង្កេតឃើញរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបង្ក្រាបក្រុមសកម្មជន និងពលរដ្ឋមិនបន្ថយដៃ ខណៈពលរដ្ឋយ៉ាងហោចណាស់៩៤នាក់ត្រូវបានចាប់ខ្លួនក្រោយរិះគន់គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ។
សភាអាស៊ានដើម្បីសិទ្ធិមនុស្សចាត់ទុកការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នៅតែផ្តាច់ការមិនខុសពីឪពុក
តាមរយៈសេចក្តីថ្លែងការណ៍ពីទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី សភាអាស៊ានដើម្បីសិទ្ធិមនុស្ស ឬហៅកាត់ថា APHR បានហៅចំណាត់ការរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទៅលើការបង្ក្រាបក្រុមសម្លេងប្រឆាំងកន្លងមក ថាជាការរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយ៉ាងធ្ងន់ធ្ងរ និងបំពានលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយដែលកំពុងបំផ្លាញនីតិរដ្ឋក្នុងប្រទេស។
គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤មក សភាអាស៊ានដើម្បីសិទ្ធិមនុស្សបានកត់សម្គាល់ឃើញថា ពលរដ្ឋខ្មែរយ៉ាងហោចណាស់៩៤នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីពួកគេបានចេញមុខរិះគន់ទៅលើគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។ ក្នុងនោះ មនុស្សចំនួន៥៩នាក់ដែលរួមមានកុមារផងនោះ ត្រូវបានឃាត់ខ្លួនក្រោមការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។
លោក Charles Santiago សហប្រធានសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាអតីតសមាជិកសភាម៉ាឡេស៊ីបានថ្លែងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែយកលំនាំការដឹកនាំបែបផ្តាច់ការពីឪពុករបស់លោកដដែល។ តាមអតីតសមាជិកសភាម៉ាឡេស៊ីរូបនេះ ពលរដ្ឋខ្មែរគឺជាអនាគតរបស់ប្រទេសពុំមែនជាសត្រូវឡើយ ហើយការបង្ក្រាបពួកគេ រដ្ឋាភិបាលអាចមានចេតនាចង់គេចពីការទទួលខុសត្រូវអ្វីមួយ។
ចំណែកលោកស្រី Arlene Brosas សមាជិកសភាតំណាងប្រទេសហ្វីលីពីនវិញ ទទូចឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការគំរាមកំហែង និងធ្វើទុកបុកម្នេញពលរដ្ឋខ្មែរបន្តទៀត។ អ្វីដែលលោកស្រីចង់ឃើញនាពេលនេះ គឺចង់ឱ្យរដ្ឋាភិបាលកម្ពុជាគោរព និងការពារសិទ្ធិរបស់ពលរដ្ឋខ្មែរ។
ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ APHR លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងមកវិទ្យុបារាំងអន្តរជាតិRFIថា សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា គឺមានភាពទូលំទូលាយ ហើយរាល់ចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលណាដែរប្រព្រឹត្តអំពើខុសច្បាប់ គឺពុំមែនជាអំពើផ្តាច់ការនោះទេ។ តាមលោក ប៉ែន បូណា សេចក្តីថ្លែងការណ៍របស់សភាអាស៊ានដើម្បីសិទ្ធិមនុស្ស ពុំបានឆ្លុះបញ្ចាំងពីឆន្ទះរបស់ពលរដ្ឋខ្មែរឡើយ។
តែទោះយ៉ាងណា សមាជិកនៃសភាអាស៊ានដើម្បីសិទ្ធិមនុស្សក៏បានស្នើរួមគ្នាឱ្យសហគមន៍អន្តរជាតិ និងប្រទេសជាសមាជិកអាស៊ានទាំងអស់ទាមទារឱ្យកម្ពុជាចេញមុខទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ដ្បិតពួកគេមើលឃើញថាដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកំពុងដើរថយក្រោយ។
សូមរំលឹកថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កាសែត Politico បានទិទៀន លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំគ្មានការកែទម្រង់ និងបែបផ្តាច់ការដូចឪពុក ទោះបីលោកបានទទួលការសិក្សាខ្ពស់ពីប្រទេសលោកខាងលិចក៏ដោយ។ គ្រានោះកាសែត Politico បានលើកយកករណីបង្ក្រាបសំឡេងប្រឆាំង និងអ្នករិះគន់ ការបោះឆ្នោតក្លែងបន្លំ អំពើពុករលួយ និងបក្សពួកនិយមនៅក្រោមការដឹកនាំរបស់លោកមួយឆ្នាំមកនេះ៕