កម្ពុជា​នឹង​មិនអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទេ បើ​មិន​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស

ដោយ សុជីវី
2024.09.03
RFA

កម្ពុជា​នឹង​មិនអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទេ បើ​មិន​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ក្នុង​ប្រទេស

ព្រឹត្តិការណ៍​ជួបជុំ​ឡាន​អន្តរជាតិ ហ្គាំបល ៣០០០ លើក​ទី​២៥ (2024 Gumball 3000 Rally) មកដល់ប្រទេសកម្ពុជា។ រូប៖ ហ្វេសប៊ុកក្រសួង​ទេសចរណ៍


អ្នក​ឃ្លាំមើល​លើក​ឡើង​ថា ព្រឹត្តិការណ៍​ជួបជុំ​ឡាន​អន្តរជាតិ ហ្គាំបល ៣០០០ (Gumball 3000) ដែល​ឆ្លងកាត់​ប្រទេស​កម្ពុជា នឹង​ពុំ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ច្រើន​ឡើយ បើ​រដ្ឋាភិបាល មិន​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ។ ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ទេសចរណ៍ និង​អ្នក​រៀបចំ​កម្មវិធី ហ្គាំបល ៣០០០ បាន​រៀបចំ​ពិធី​ត្រៀម​នេះ (Pre-Event) នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា។

ខណៈ​កូនចៅ​អ្នកមាន​លុយ​មានអំណាច និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា កំពុង​សំញែង​ទ្រព្យសម្បត្តិ រថយន្ត​ទំនើបៗ ក្នុង​ពិធី​ជួបជុំ​រថយន្ត​កម្រិត​អន្តរជាតិ ហ្គាំបល ៣០០០ (Gumball 3000) នៅ​លើ​ទឹកដី​អង្គរ អ្នកឃ្លាំមើល​សង្កេតឃើញ​ថា កត្តា​នេះ មិនអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ឡើយ។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២ ខែ​កញ្ញា​ថា កម្ពុជា​ត្រូវ​បាន​សហគមន៍​អន្តរជាតិ វាយតម្លៃ​ថា ជា​ប្រទេស​សម្បូរ​ដោយ​អំពើពុករលួយ​ជា​ប្រព័ន្ធ ការ​រំលោភ​សិទ្ធិមនុស្ស និង​សម្បូរ​ដោយ​អំពើ​ចាប់ជំរិត និង​ការ​បាញ់​បោះ​អនាធិបតេយ្យ​ជាដើម​។ លោក​ថា ទោះ​ជា​មាន​ព្រឹត្តិការណ៍ ហ្គាំបល ៣០០០ ដែល​មាន​អ្នកចូលរួម​មកពី​អន្តរជាតិ​ក៏​ដោយ ក៏​មិនអាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ដែរ។

លោក ស៊ឹង សែនករុណា៖ «កាលណា​ទេសចរ​បរទេស​គេ​ចង់​មកលេង​នៅ​កម្ពុជា គេ​ត្រូវ​បើក​មើល​បណ្ដាញ​សង្គម ឬ​សារព័ត៌មាន​នានា ដែល​និយាយ​ពី​ទីកន្លែង ដែល​ពួកគេ​ត្រូវ​ទៅ ភូមិសាស្ត្រ ដែល​ពួកគេ​ត្រូវ​ទៅ តើ​វា​មាន​សុវត្ថិភាព​ដែរ​ទេ សម្រាប់​ខ្លួន​គេ និង​គ្រួសារ​គេ ដែល​នឹង​មក​ទស្សនា​កន្លែង​ហ្នឹង​? អីចឹង​បើ​គេ​មើល​មក កម្ពុជា​យើង​នៅ​មាន​អំពើ​បាញ់បោះ​អានាធិបតេយ្យ​ដូចជា​ជនជាតិ​ចិន​ថ្មីៗ យើង​ឃើញ​ហើយ ហើយ​និង​រឿង​ការ​ជួញដូរ​មនុស្ស​នៅក្នុង​កាស៊ីណូ នៅក្នុង​ហ្គេម​អន​ឡាញ ស្កេមមីង (Scamming) បោក​បញ្ឆោត​អ្វី​ទាំងអស់​នេះ យើង​សួរថា តើ​គេ​សម្រេចចិត្ត​មកលេង​ប្រទេស​យើង​?»។

ការ​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ទេសចរណ៍ និង​អ្នក​រៀបចំ​កម្មវិធី​ហ្គាំបល ៣០០០ បាន​រៀបចំ​កម្មវិធី​ត្រៀម នៃ​ព្រឹត្តិការណ៍​ហ្គាំបល​៣០០០ កាលពី​ថ្ងៃទី១ ខែ​កញ្ញា នៅ​ព្រលាន​យន្តហោះ​ចាស់​ខេត្ត​សៀមរាប។

កម្មវិធី​ត្រៀម​ព្រឹត្តិការណ៍ (Pre-Event) នេះ មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន អភិបាល​រង​ខេត្ត​សៀមរាប លោក ង៉ូវ សេងកាក់ ស្ថាបនិក​សមាគម​វប្បធម៌​រថយន្ត​កម្ពុជា លោក ទៀ ស្យាម ដែល​ជា​កូនប្រុស​របស់​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ និង​ប្រធាន​ក្រុមហ៊ុន និង​តារាចម្រៀង​មួយចំនួន​ផង​។ កម្មវិធី​នេះ ក៏​មាន​ការ​បើកបរ​សាកល្បង (Drag Race) ហើយ​មាន​រថយន្ត​ប្រណិតៗ ប្រមាណ​៨០​គ្រឿង​ចូលរួម។

ក្នុងចំណោម​រថយន្ត​ប្រណិតៗ​ទាំងនោះ​មាន​ដូចជា សេរីឡាំបូហ្គីនី (Lamborghini) ហ្វើរ៉ារី (Ferrari) រ៉ូលរ៉យស៍ (Roll Royce) ផច្ឆ (Porsche) អសស្តុនម៉ាទីន (Auston Martin) និង​ប៊ូកាទី (Bugatti) ជាដើម។

ព្រឹត្តិការណ៍ Gumball 3000 គឺជា​ព្រឹត្តិការណ៍​អន្តរជាតិ​មួយ ដែល​ប្រមូលផ្ដុំ​ដោយ​រថយន្ត​កំពូលៗ និង​ប្រណិតៗ ប្រមាណ​១៥០​គ្រឿង បើកបរ​ដោយ​អ្នកលេង (Playboy) មហាសេដ្ឋី និង​កំពូល​តារា​លំដាប់​ពិភពលោក ដែល​ឆ្លងកាត់​ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយ ក្នុង​ចម្ងាយ​ផ្លូវ​សរុប ៣០០០ ម៉ាយ៍ (Miles) ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​ដល់​ការងារ​មនុស្សធម៌។

បើទោះជា​ការ​ធ្វើ​ដំណើរ​ក្នុង​ចម្ងាយ​៣០០០ ម៉ាយ៍ ដែល​មាន​អ្នកលេង (Playboy)​ មហាសេដ្ឋី និង​អ្នក​ចូលចិត្ត​រថយន្ត​មកពី​ប្រទេស​ជាង​៥០ ប្រមាណ ២៥០​នាក់ ជិះឡាន​ប្រណិត​តម្លៃ​រាប់​សិប​ម៉ឺន​រហូត​ដល់​ខ្ទង់លាន​ដុល្លារ ឆ្លងកាត់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក​ក៏ដោយ ក៏​មិនមែន​សុទ្ធតែ​មនុស្ស​ទូទៅ​អាច​ចូលរួម​បាន​នោះ​ទេ គឺ​ពួកគេ​ត្រូវ​ចំណាយ​លុយ​ច្រើនជាង ៥​ម៉ឺន​ដុល្លារ​ជាមួយ​រថយន្ត​ទំនើប​មួយ​គ្រឿង និង​ក្រុម​កូនចៅ​អ្នក​មាន​លុយ​មាន​អំណាច​នៅ​កម្ពុជា ដែល​ដឹកនាំ​ប្រទេស​ក្រីក្រ​នៅ​លើ​ពិភពលោក។

ចំណែក​ពលរដ្ឋ​កម្ពុជា ដែល​មាន​រថយន្ត​មួយ​គ្រឿង​ទំនើប ហើយ​មានបំណង​ចង់​ចូលរួម​កម្មវិធី​នេះ អាច​ទិញ​សំបុត្រ​ចូលរួម​បាន​ជាមួយ​ក្រុម​វប្បធម៌​ឡាន​កម្ពុជា (Cambodia Car Culture) ដែល​មាន​លោក ទៀ ស្យាម ប្រធាន​ក្រុម និង​ជា​កូនប្រុស​របស់​អតីតរដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បាញ់ ក្នុង​តម្លៃ​៥​រយ​ដុល្លារ។

លោក ទៀ ស្យាម ដែល​ចូលចិត្ត​ជិះ​រថយន្ត​ប្រណាំង និង​ជិះ​រថយន្ត​ដើម្បី​លុកព្រៃ ឬ​ហៅថា អហ្វ រ៉ូដ (Off Road) បាន​យក​រថយន្ត​ទំនើប​មួយចំនួន ដូចជា​រថយន្ត​អង់គ្លេស​ម៉ាក ម៉ាក់ក្លែរិន ប្រាំពីរ​រយ​ម្ភៃ​អែស (McLaren 720s) ដែល​មាន​តម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ (​ចាប់ពី ៣១០ ០០០​ដុល្លារ ដល់ ៣៣៦ ០០០​ដុល្លារ​) និង​រថយន្ត​អាល្លឺម៉ង់ ផច្ឆ (Porsche X Bella , Porsche X Big King) ចំនួន​២​គ្រឿង ដែល​ត្រូវ​បាន​កែច្នៃ​ដោយ​សេដ្ឋី​ច្នៃ​ម៉ូដ​ជនជាតិ​ជប៉ុន ដែល​មាន​តម្លៃ​ខ្លួន​ខ្ទង់​១០​ម៉ឺន​ដុល្លារ​ជាដើម ចូលរួម​កម្មវិធី​នេះ។

ចំណែកឯ អគ្គនាយក​ក្រុមហ៊ុន​ជីបម៉ុង​គ្រុប លោក លាង ពៅ ដែល​ល្បី​ខាង​ហៅ​យុវជន​ឡើង​ទៅ​គាស់​ស្រាបៀ​ផឹក​នៅ​លើ​ឆាក ហើយ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ បាន​យក​រថយន្ត ប៊ូកាទី ឈីរ៉ុន (Bugatti Chiron) ដែល​មាន​តម្លៃ​ជាង ៤​លាន​ដុល្លារ (៤ ៣០០ ០០០​ដុល្លារ​) ចូលរួម​ព្រឹត្តិការណ៍​នេះ​។​

ទន្ទឹម​នឹង​នេះ ឧកញ៉ា ខេមរៈ សេរីមន្ត ដែល​ជា​តារាចម្រៀង​នៅ​ផលិតកម្ម​កាឡាក់ស៊ី របស់​ឧកញ៉ា​ឡេង ណាវ៉ាត្រា ដែល​ល្បី​ខាង​បោក​លុយ​ពលរដ្ឋ រឿង​ទិញ​ផ្ទះ​បាន​ដី បាន​យក​រថយន្ត​ម៉ាក ឡាំបូហ្គីនី (Lamborghini) និង​រ៉ូលរ៉យស៍ (Roll Royce)​ ចូលរួម​កម្មវិធី​នេះដែរ។

គេ​សង្កេតឃើញ​ភាគច្រើន​នៃ​អ្នកចូលរួម​កម្មវិធី​ត្រៀម​ព្រឹត្តិការណ៍ ហ្គាំបល ៣០០០ គឺជា​ជនជាតិ​ខ្មែរ ហើយ​មាន​ជនបរទេស​តិចតួច​ប៉ុណ្ណោះ​ចូលរួម។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី​២ ខែ​កញ្ញា។

ព្រឹត្តិការណ៍​ជួបជុំ​ឡាន​អន្តរជាតិ ហ្គាំបល ៣០០០ លើក​ទី​២៤ បាន​ធ្វើ​ឡើង​នៅ​សហគមន៍​អឺរ៉ុប ដែល​មាន​ឡាន​ទំនើបៗ​ចូលរួម​ប្រមាណ​១​រយ​គ្រឿង ធ្វើដំណើរ​លើ​ចម្ងាយ​ផ្លូវ ៣​ពាន់ម៉ាយ៍ ក្នុង​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៣​។​

ព្រឹត្តិការណ៍​ជួបជុំ​ឡាន​អន្តរជាតិ ហ្គាំបល ៣០០០ លើក​ទី​២៥ (2024 Gumball 3000 Rally) នឹង​ធ្វើ​ឡើង​នៅ​តំបន់​អាស៊ី ដែល​ចេញ​ដំណើរ​ពី​ទីក្រុង ហូជីមិញ (Ho Chi Minh) ប្រទេស​វៀតណាម (Vietnam) ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ទីក្រុង​សៀមរាប​ប្រទេស​កម្ពុជា ហើយ​បន្តដំណើរ​ទៅ​ទីក្រុង​បាងកក (Bangkok) និង​កោះ​ក្រាប៊ី (Krabi) ប្រទេស​ថៃ (Thailand) រួច​ឆ្ពោះទៅ​ទីក្រុង​កូឡាឡាំពួរ (Kuala LUMPUR) របស់​ប្រទេស​ម៉ាឡេស៊ី (Malaysia) និង​គោលដៅ​ចុងក្រោយ​នៅ​ប្រទេស​សិង្ហបុរី (Singapore) ក្នុង​រយៈពេល​៦​ថ្ងៃ ចាប់​ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២២ ខែ​កញ្ញា។

ចំណែក​ក្បួន​រថយន្ត​ទាំងនេះ នឹង​ឆ្លងកាត់​ប្រទេស​កម្ពុជា (Gumball 3000 Rally in Cambodia) នៅ​ថ្ងៃទី​១៥ ដល់​ថ្ងៃទី ១៧ ខែ​កញ្ញា​ខាង​មុខ​នេះ។

សារព័ត៌មាន​អន្តរជាតិ​មួយចំនួន​ហៅ​ព្រឹត្តិការណ៍ ហ្គាំបល ៣០០០ ថា ជា​ល្បែង​កម្សាន្ត (Playground) របស់​អ្នក​មាន ដែល​មាន​ឡាន​ប្រណិតៗ កម្រង​បានឃើញ ហើយ​ជា​ធម្មតា​ក្បួន​រថយន្ត​ទាំងនេះ បាន​រំលោភច្បាប់​ចរាចរណ៍​ពេញ​មួយ​សប្ដាហ៍។

ទោះជា​យ៉ាងណា លោក ស៊ឹង សែន​ករុណា មានប្រសាសន៍ថា កម្ពុជា​ជា​ទឹកដី​សម្បូរ​ទៅ​ដោយ​សម្បត្តិ​ធនធាន​ធម្មជាតិ ប្រាង្គ​ប្រាសាទ តំបន់​ទេសចរណ៍​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស ដែល​អំណោយ​ផល​ខ្លាំង​ខាង​វិស័យ​ទេសចរណ៍​។ លោក​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ រដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​ម៉ឺងម៉ាត់ ចំពោះ​ឧក្រិដ្ឋកម្ម ពង្រឹង​សន្តិសុខ​សង្គម និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment