កម្ពុជា
03/09/2024 – 11:30
ដោយ៖ អ៊ឹង ប៊ុនថន
RFI
គណបក្សកម្លាំងជាតិបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី០៣ ខែ កញ្ញានេះដោយចាត់ទុកការចាប់ខ្លួនលោក ជិន ប៊ុនណ្ណារ័ត្ន អគ្គនាយករដ្ឋបាលរបស់គណបក្សជំទាស់នេះថាជាការគំរាមកំហែងផ្នែកនយោបាយ និងជាការបន្តធ្វើទុក្ខបុកម្នេញលើគណបក្សកម្លាំងជាតិ។ ទន្ទឹមគ្នានេះ គណបក្សប្រឆាំងដដែលនេះបានហៅការបន្តចាប់ខ្លួនសមាជិករបស់ខ្លួនថាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
គណបក្សកម្លាំងជាតិថា ការចាប់ខ្លួនលោក ជិន ប៊ុនណ្ណារ័ត្ន ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ
សាច់ញាត្តិរបស់ លោក ជិន ប៊ុណ្ណារ័ត្ន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនថា ជនស្លៀកពាក់ស៊ីវិលមួយក្រុមជាអ្នកចាប់ខ្លួនសមាជិកជាន់ខ្ពស់របស់គណបក្សកម្លាំងជាតិដោយមិនបានបង្ហាញដីកាពីតុលាការទេ។
ចំណែកគណបក្សកម្លាំងជាតិបានបញ្ជាក់ថា ការចាប់ខ្លួន លោក ជិន ប៊ុណ្ណារ័ត្ន ដែលជាប្រធានក្រុមការងារគណបក្សកម្លាំងជាតិខេត្តកំពតផងនោះបានកើតឡើងនៅម៉ោងជិត១២ថ្ងៃត្រង់ក្នុងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងន័យនេះ គណបក្សកម្លាំងជាតិបានទទូចឲ្យដោះលែង លោក ជិន ប៊ុណ្ណារ័ត្ន ដោយឥតលក្ខខណ្ឌដើម្បីបើកលំហសេរីភាពនយោបាយរបស់គណបក្សកម្លាំងជាតិក្នុងការចូលរួមចំណែកដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
បើតាមមន្ត្រីបក្សប្រឆាំង មានអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលយ៉ាងហោចណាស់ជាង ៤០នាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់តាំងពីលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ឡើងកាន់អំណាច។ ដោយឡែក សម្រាប់តែគណបក្សកម្លាំងជាតិមួយ គឺមានក្បាលម៉ាស៊ីន របស់គណបក្សនេះជាច្រើននាក់ត្រូវបានចាប់ខ្លួន រួមមាន លោក ស៊ុន ចន្ធី ប្រធានគណបក្ស លោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិកគណបក្ស លោក ជិន ប៊ុនណ្ណារ័ត្ន អគ្គនាយករដ្ឋបាលជាដើម។
ចំណែក លោក មឺ សេងហ៊ ហៅ គា វិសាល ដែលជាអនុប្រធានគណបក្សកម្លាំងជាតិខេត្ត កំពង់ចាមទើបត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំពីបទ «ញុះញង់ឱ្យមានការរើសអើង» និង«ជេរប្រមាថជាសាធារណៈ»៕