កម្ពុជា
កម្ពុជា-តំបន់ត្រីកោណ
03/09/2024 – 13:24
ដោយ៖ អោ ស្រីពេជ្រ
RFI
សមាជិកគណបក្សនយោបាយក្រៅរដ្ឋាភិបាលដែលកំពុងជាប់ឃុំក្នុងពន្ធនាគារក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ក្នុងអំឡុងពេលអាជ្ញាធរបង្ក្រាបចលនាបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ CLV ថា ពួកគេនឹងមិនសុំការអភ័យទោស និងមិនទទួលយកកំហុសដែលខ្លួនមិនបានប្រព្រឹត្តិជាដាច់ខាត។ នេះជាលើកឡើងរបស់ក្រុមគ្រួសារ និងមេធាវីការពារក្តីប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៣ កញ្ញាដោយបញ្ជាក់បន្ថែមថា ពួកគេកំពុងប្រឹងប្រែងតតាំងរឿងក្តីនេះតាមនីតិវិធីច្បាប់ត្រឹមត្រូវ។
បង្ក្រាបបាតុកម្មប្រឆាំង CLV៖ សមាជិកបក្សក្រៅរដ្ឋាភិបាលអះអាងមិនទទួលកំហុសដើម្បីរួចទោស
លោក មិន ពៅ ប្អូនប្រុសអ្នកស្រី សែម សុផល ដែលជាសកម្មជននយោបាយបក្សប្រជាធិបតេយ្យមូលដ្ឋាននៅខេត្តកណ្តាលបានប្រាប់វិទ្យុបារាំងអន្តរជាតិថា ចាប់ពីថ្ងៃបងស្រីត្រូវបានចាប់ខ្លួនក្នុងថ្ងៃទី១៦ សីហាមក អ្នកស្រី សែម សុផល ទើបត្រូវបានគេអនុញ្ញាតឱ្យក្រុមគ្រួសារមកជួបសួរសុខទុក្ខផ្ទាល់លើកដំបូងក្នុងមជ្ឈមណ្ឌលកែប្រែទី២ នៅថ្ងៃទី២កញ្ញា និងថា សុខភាពផ្លូវកាយ ផ្លូវចិត្តអ្នកស្រីសែម សុផល គឺល្អធម្មតា។ តាមលោក មិន ពៅ អ្នកស្រី សែម សុផល នឹងមិនសុំការអភ័យទោស និងទទួលយកកំហុសដែលខ្លួនមិនបានប្រព្រឹត្តដើម្បីរួចទោសជាដាច់ខាត។ ទោះយ៉ាងណា លោក មិន ពៅ គ្មានក្តីរំពឹងសោះឡើយថា បងស្រីរបស់លោកនឹងទទួលបានយុត្តិធម៌ ខណៈការតតាំងរឿងក្តីដែលមានជំនួយមេធាវីពីអង្គការលីកាដូធ្វើឡើងដើម្បីតែសម្របសម្រួលនីតិវិធីតាមផ្លូវច្បាប់មួយចំនួន រួមទាំងការជួបគ្រួសារប៉ុណ្ណោះ។
ចំណែកសកម្មជននយោបាយបក្សភ្លើងទៀន ២នាក់ទៀត គឺលោក ឡោ ធន និងលោក ស៊ុន ពិសិដ្ឋ កំពុងឋិតនៅក្នុងពន្ធនាគារខេត្តប៉ៃលិន។ លោក អែម ចាន់ថា មេធាវីការពារក្តីឱ្យសកម្មជននយោបាយទាំង ២រូបបានបញ្ជាក់ថា លោក ស៊ុន ពិសិដ្ឋ មានស្ថានភាពធម្មតា តែលោក ឡោ ធន កំពុងជួបការលំបាកខ្លាំងដោយសារលោកត្រូវដាក់ឱ្យឋិតក្នុងបន្ទប់ជាប់ឃុំជាមួយអ្នកទោសឧក្រិដ្ឋផ្សេងទៀត។ សម្រាប់លោកមេធាវី អែម ចាន់ថា លោក ឡោ ធន ជាជនសង្ស័យដែលមិនគួរត្រូវជាប់ឃុំលូកឡំជាមួយអ្នកទោសឧក្រិដ្ឋទេ។
ក្នុងន័យនេះ លោកមេធាវី អែម ចាន់ថា បានដាក់សំណើសុំឱ្យកូនក្តីទាំង២នាក់បាននៅក្រៅឃុំជាបណ្តោះអាសន្នកាលពីថ្ងៃទី២៨ សីហា តែលោកនៅមិនទាន់ទទួលបានចម្លើយយ៉ាងណាពីចៅក្រមស៊ើបសួរនៅឡើយទេគិតត្រឹមរសៀលថ្ងៃទី៣ កញ្ញានេះ។ គួររម្លឹកថា មានសមាជិកគណបក្សភ្លើងទៀនសរុប៣រូបដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនអំឡុងពេលអាជ្ញាធរបង្ក្រាបចលនាបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ CLV។ តែកាលពីថ្ងៃទី២៤ សីហា សមត្ថកិច្ចបានដោះលែងសមាជិកមួយរូបវិញគឺលោក មាស កុល បន្ទាប់ពីលោកបានសារភាពព្រមប្តូរឥរិយាបទមកសុំជ្រកកោននយោបាយជាមួយបក្សកាន់អំណាច។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលការឃ្លាំមើលបញ្ហាសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំខេត្តកោះកុងដែលកំពុងតាមដានសំណុំរឿងនេះបានចាត់ទុកការបន្តឃុំខ្លួនសកម្មជនយោបាយខាងលើថាជាការរំលោភសិទ្ធិមនុស្ស និងរំលោភសិទ្ធិនយោបាយធ្ងន់ធ្ងរណាស់។ មន្ត្រីលីកាដូដដែលរូបនេះសង្ឃឹមថា ដំណើរការតុលាការលើសកម្មនយោបាយគណបក្សក្រៅរដ្ឋាភិបាលទាំងនេះនឹងធ្វើឡើងដោយអនុលោមតាមស្តង់ដារ នីតិវិធីច្បាប់ និងគោលការណ៍យុត្តិធម៌។ គួរជ្រាបថា អស់ពេលជាង ២សប្តាហ៍កន្លងទៅដែលសមាជិកនយោបាយរបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សភ្លើងទៀនទាំង ៣នាក់ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ក្នុងអំឡុងពេលអាជ្ញាធរបង្ក្រាបចលនាបាតុកម្មប្រឆាំងគម្រោងអភិវឌ្ឍតំបន់ត្រីកោណរបស់រដ្ឋជាមួយឡាវ និងវៀតណាម។
បើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ Amnesty International និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch អាជ្ញាធរខ្មែរបានចាប់ខ្លួនអ្នកប្រឆាំងគម្រោង CLV ដ៏ចម្រូងចម្រាសមួយនេះយ៉ាងហោចណាស់ ៩៤នាក់ ក្នុងនោះមួយភាគធំជាសកម្មជនបរិស្ថាន សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស ព្រមទាំងអនិតិជនជាច្រើននាក់ផ្សេងទៀត៕