សមត្ថកិច្ច​ចាប់ខ្លួន​ប្រធាន​ក្រុមការងារ​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពត

ដោយ សុជីវី
2024.09.03
RFA

សមត្ថកិច្ច​ចាប់ខ្លួន​ប្រធាន​ក្រុមការងារ​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពត

 Photo: RFA


សាច់ញាតិ និង​គណបក្ស​កម្លាំង​ជាតិ​អះអាង​ថា មនុស្ស​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម​បាន​ចាប់ខ្លួន​ប្រធាន​ក្រុមការងារ​គណបក្ស​កម្លាំង​ជាតិ​ខេត្តកំពត លោក ជិន ប៊ុនណារត្ន័ នៅ​ថ្ងៃទី​២ ខែ​កញ្ញា ដោយ​មិន​បង្ហាញ​ដីកា ឬ​បញ្ជាក់​ពី​មូលហេតុ​នោះ​ទេ​។ ពួកគេ​សង្ស័យ​ថា ការ​ចាប់ខ្លួន លោក ជិន ប៊ុនណារត្ន័ នេះ​ដោយសារ​សកម្មភាព​នយោបាយ​របស់​លោក។

សាច់ញាតិ​របស់ លោក ជិន ប៊ុនណារត្ន័ ថ្លែង​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ថា លោក ជិន ប៊ុនណារត្ន័ ត្រូវ​បាន​មនុស្ស​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​៦​នាក់​ចាប់ លោក ប៊ុនណារត្ន័ នៅ​ម្ដុំ​ផ្សារ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​វេលា​ថ្ងៃ​ត្រង់នេះ​។ សាច់ញាតិ​របស់ លោក ប៊ុនណារត្ន័ ថា ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ដោយ​គ្មាន​ដីកា ហើយ​លោក​ជឿ​ថា លោក ជិន ប៊ុនណារត្ន័ មិនដែល​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ឡើយ​ទេ។

សាច់ញាតិ​របស់ លោក ប៊ុនណារត្ន័ ថា ការ​ចាប់ខ្លួន​នេះ​អាច​ធ្វើ​អាច​ធ្វើ​ឡើង​ដោយសារ​ករណី​នយោបាយ​ព្រោះថា លោក ប៊ុនណារត្ន័ បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រឆាំង​រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផង ហើយ​កន្លងមក​គណបក្ស​កាន់អំណាច​បរាជ័យ​ក្នុង​ការ​លួងលោម លោក​ឱ្យ ចុះចូល។

សាច់​ញាតិ​លោក ជិន ប៊ុនណារត្ន័៖ «បើ​និយាយ​រឿង​ការងារ​វិញ​មនុស្ស​នេះ​មិនបាច់​និយាយ​មនុស្ស​នេះ​ស្មោះ ស្មោះ​នឹង​បក្ស​ហើយ​ខាង​ប្រជាជន​គាត់​អូសទាញ​គាត់​ច្រើនណាស់​តែ​គាត់​អត់​ដែល​ចូល និយាយ​ទៅ​ខាង​ហ្នឹង​គឺ​គាត់​ស្អប់ គាត់​អត់​ចូលចិត្ត​ខាង​ប្រជាជន បើ​គាត់​ចុះចូល​គាត់​យូរហើយ តែ​មនុស្ស​ហ្នឹង​គាត់​ដាច់ខាត​នៅ​ប្រឆាំង មនុស្ស​គាត់​ស្មោះ​នឹង សម រង្ស៊ី និយាយ​ឱ្យ​ចំ»។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​ក្រុងភ្នំពេញ លោក សំ វិច្ឆិកា បាន​ទេ នៅ​ថ្ងៃទី២ ខែ​កញ្ញា។

ចំណែក អ្នកនាំពាក្យ​គណបក្ស​កម្លាំង​ជាតិ លោក ជា មុនី ថា គណបក្ស​បានដឹង​ពី​ករណី​ចាប់ខ្លួន​ប្រធាន​ក្រុមការងារ​គណបក្ស​កម្លាំង​ជាតិ​ខេត្តកំពត​រូប​នេះ ហើយ​គណបក្ស​កំពុង​រក​មេធាវី​ការពារ​លោក​តាម​ផ្លូវ​ច្បាប់។

គិត​ត្រឹម​ខែ​ដើម​កញ្ញា រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​»​បាន​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​រហូតដល់​ជាង​៤០​នាក់​ក្នុងចំណោម​អ្នកទោស​មនសិការ​ជាង​៨០​នាក់​។ ពលរដ្ឋ និង​អង្គការសិទ្ធិមនុស្ស​ចាត់​ទុក​ថា​ការ​ចាប់ខ្លួន​ទៅលើ​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ជាដើម នា​ពេល​កន្លងមក​នេះ​ធ្វើឡើង​ដោយ​គ្មាន​ភស្តុតាង និង​ដើម្បី​បង្ក្រាប​ទៅ​លើ​សំឡេង​រិះគន់​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment