ដោយ ទីន ហ្សាការីយ៉ា
2024.09.03
RFA
ប្រជាពលរដ្ឋមកគាំទ្រសមាជិក ដែលត្រូវបានក្រុមហ៊ុនប្ដឹង នៅមុខសាលាដំបូងខេត្តស្ទឹងត្រែង ថតនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ
ពលរដ្ឋរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង អះអាងថា ក្រុមហ៊ុន សល សុភា ពាណិជ្ជ របស់សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានរំលោភយកដីស្រែចម្ការ និងប្ដឹងពលរដ្ឋដាក់ពន្ធនាគារ ខណៈដីស្រែចម្ការទាំងនោះ ពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ១៩៩២ មក។ មន្ត្រីសង្គមស៊ីវិល ស្នើឲ្យអាជ្ញាធរខេត្តស្ទឹងត្រែងដោះស្រាយវិវាទដីធ្លី ដោយយុត្តិធម៌ និងសន្តិវិធី។
ពលរដ្ឋ ២២៨គ្រួសារ រស់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង អះអាងថា ក្រុមហ៊ុន សល សុភា ពាណិជ្ជ ដែលជាកម្មសិទ្ធិរបស់សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈុន កុសល បានរំលោភយកដីស្រែចម្ការរបស់ពលរដ្ឋជាង១ពាន់ហិកតារ រួចគំរាមកំហែង និងប្ដឹងពលរដ្ឋពីបទកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ថែមទៀត។ ខណៈនៅរសៀលថ្ងៃទី០៣ ខែកញ្ញា សាលាដំបូងខេត្តស្ទឹងត្រែង បានកោះហៅប្រជាពលរដ្ឋចំនួន២នាក់ ឲ្យចូលបំភ្លឺពាក់ព័ន្ធការកាប់ទន្ទ្រានដីព្រៃ ប៉ុន្តែតុលាការពន្យារពេលក្នុងការសាកសួរ ដោយសារមានប្រជាពលរដ្ឋជាច្រើននាក់មកគាំទ្រនៅមុខតុលាការ។
ប្រជាពលរដ្ឋចូលឆ្លើយបំភ្លឺក្នុងសាលាដំបូងខេត្តស្ទឹងត្រែង លោក មន មឿន ប្រាប់វិទ្យុអាស៊ីសេរីថា តុលាការពន្យារពេលដោយលើកហេតុផលថា ព្រះអាជ្ញាមិនទំនេរ។ លោកអំពាវនាវឲ្យ សាលាដំបូងខេត្តស្ទឹងត្រែងទម្លាក់ចោលបទចោទ និងឈប់កោះហៅប្រជាពលរដ្ឋបន្តទៀត ពីព្រោះដីធ្លីទាំងនោះប្រជាពលរដ្ឋអាស្រ័យផលជាង៣០ឆ្នាំមកហើយ ។
លោក មន មឿន៖ «គេថាខ្ញុំកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ មានតែកាំបិតកាប់កូនឈើតូចៗ ខ្ញុំសូមពរសូមឲ្យបញ្ចប់ដីការនឹង កុំឲ្យមានការកោះហៅប្រជាពលរដ្ឋទៀត ពីព្រោះពួកខ្ញុំអត់ដឹងថាខុសអ្វីផង»។
ពលរដ្ឋម្នាក់ទៀត គឺលោកស្រី ណាក់ ស្រីមុំ អះអាងថា មូលហេតុអ្នកភូមិឡើងមកគាំទ្រសមាជិកខ្លួន ដោយសារពលរដ្ឋទាំងនោះមិនមានកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ។ លោកស្រីបន្ថែមថា ពលរដ្ឋដែលត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់នេះ ដោយសារពួកគាត់មិនព្រមផ្ដិតមេដៃប្រគល់ដីឲ្យទៅរដ្ឋ ដែលរដ្ឋនឹងយកដីទាំងនោះឲ្យទៅក្រុមហ៊ុនឯកជន។ លោកស្រីថា ប្រសិនបើអ្នកភូមិមិនមានដីទាំងអស់នេះនោះទេ ពួកគាត់មិនដឹងរស់នៅពឹងអ្វីឡើយ។
លោកស្រី ណាក់ ស្រីមុំ៖ «ខ្ញុំគិតថាអយុត្តិធម៌ណាស់ បើមិនអយុត្តិធម៌ខ្ញុំមិនមកតវ៉ាទេពីព្រោះខ្ញុំមនុស្សស្រី មនុស្សស្រីក៏ត្រូវតែខ្លាចដែរតែពេលនេះគ្មានអ្វីត្រូវខ្លាចទេពីព្រោះវាជារបស់ខ្ញុំពិតមែន របស់អ្នកភូមិខ្ញុំដែលមានការចង្អុលបង្ហាញពីមេភូមិ និងមេឃុំ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង និងតំណាងក្រុមហ៊ុន សល សុភា ពាណិជ្ជ លោក ឈុន កុសល បានទេ នៅថ្ងៃទី៣ ខែកញ្ញា។
ទោះជាយ៉ាងណាកាលពីថ្ងៃទី២២ ខែសីហា តុលាការខេត្តស្ទឹងត្រែង បានចាប់ឃុំខ្លួនប្រជាពលរដ្ឋម្នាក់ចោទពីបទកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ប៉ុន្តែត្រូវបានដោះលែងវិញ នៅថ្ងៃដដែល បន្ទាប់ពីប្រជាពលរដ្ឋជាច្រើននាក់តវ៉ានៅមុខផ្ទះអភិបាលខេត្តស្ទឹងត្រែង។
ទាក់ទិនបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ឃើញថា ប្រសិនបើប្រជាពលរដ្ឋមិនមានដីសម្រាប់អាស្រ័យផល រដ្ឋាភិបាលគួរតែកាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋបានអាស្រ័យផល ហើយអាជ្ញាធរពាក់ព័ន្ធគួររកដំណោះស្រាយដោយសន្តិវិធី និងពិចារណាឡើងវិញចំពោះការប្ដឹងប្រជាពលរដ្ឋដែលមិនមានដីសម្រាប់បង្កបង្កើតផលនេះ។
លោក យិន ម៉េងលី៖ «ហើយថ្មីៗ ប្រមុខរដ្ឋាភិបាលលោកក៏បានលើកឡើងពីគម្រោងផ្ដល់ដីសម្បទានសង្គមកិច្ចដែរ។ អ៊ីចឹង អាជ្ញាធរ ឬមន្ទីរពាក់ព័ន្ធធ្វើការពិចារណាឡើងវិញ ចំពោះបណ្ដឹងប្ដឹងប្រឆាំងប្រជាពលរដ្ឋអត់មានដីសម្រាប់បង្កបង្កើនផលនេះ»។
ក្រុមហ៊ុន សល សុភា ពាណិជ្ជ របស់លោក ឈុន កុសល ជាសមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងអ្នកស្រី កែវ សុភា ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន២ខេត្តកាលពីឆ្នាំ២០០៥ គឺខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង លើផ្ទៃដីជាង១ម៉ឺនហិកតារ (១២.៩១២) ដើម្បីដំណាំកៅស៊ូ ហើយបច្ចុប្បន្នក្រុមហ៊ុននេះកំពុងរំលោភយកដីស្រែចម្ការជាង១ពាន់ហិកតារបន្ថែមទៀត។
អ្នកភូមិព្រមានថា ប្រសិនបើអាជ្ញាធរខេត្តស្ទឹងត្រែងមិនព្រមដោះស្រាយ និងឈប់ធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋនោះទេ ពលរដ្ឋនឹងនាំគ្នាឡើងទៅរាជធានីភ្នំពេញ ដើម្បីស្នើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោះស្រាយឲ្យពួកគាត់៕