ពលរដ្ឋ​ព្រៃវែង​ជួប​ការ​លំបាក ដោយសារ​ក្រុមហ៊ុន​បូម​ខ្សាច់​ឱ្យ​បាក់​ច្រាំង និង​ប៉ះពាល់​លំនៅឋាន

ដោយ ប្រាជ្ញ ចេវ
2024.09.04
RFA

ពលរដ្ឋ​រស់នៅ​ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង កំពុង​ជួប​ផល​លំបាក ដោយសារតែ​សកម្មភាព​បូម​ខ្សាច់​លក់​នៅ​តាម​ដង​ទន្លេ បន្ត​កើត​មាន យ៉ាង​អនាធិបតេយ្យ ដែល​បណ្ដាល​ឱ្យ​បាក់​ច្រាំង ប៉ះពាល់​លំនៅឋាន និង​ស្រែចម្ការ ហើយ​ករណីនេះ ពួកគាត់​ថា ពុំ​ឃើញ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ណា​ចាត់​វិធានការ​ទប់ស្កាត់​នោះ​ឡើយ។

ពលរដ្ឋ​រស់នៅ​ឃុំ​ពាមមានជ័យ ស្រុក​ពាមរក៍​ កំពុង​តែ​បារម្ភ​បញ្ហា​ជីវភាព​ខ្វះខាត ដោយសារតែ​រក​ចំណូល មិនសូវ​បាន​ពីមុខ​របរ​នេសាទ និង​ការ​ធ្វើ​កសិកម្ម​ហើយ​ត្រូវ​មក​ជួប​បញ្ហា​បន្ថែម​ទៀត គឺ​ការ​បាក់​ច្រាំង ប៉ះពាល់​លំនៅឋាន និង​ស្រែចម្ការ ដោយសារតែ ក្រុម​ឈ្មួញ បូម​ខ្សាច់​នៅ​តាម​ដង​ទន្លេ បន្ត​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​។ ពួកគាត់ ទទូច​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់ លើ​ករណីនេះ ឱ្យ​បាន​តឹងរ៉ឹង​បំផុត។

ពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី ឃុំ​ពាម​មានជ័យ លោក វឿន វិសាក ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៣ ខែ​កញ្ញា ថា ពលរដ្ឋ​ភាគច្រើន​នៅ​ភូមិ​ថ្មី ពុំ​សប្បាយចិត្ត ចំពោះ​សកម្មភាព បូម​ខ្សាច់​របស់​ក្រុមហ៊ុន នៅ​តាម​ដង​ទន្លេ​នោះ​ទេ ហើយ​កន្លង​ទៅ ពួកគាត់ ធ្លាប់​នាំគ្នា តវ៉ា​ប្រឆាំង ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ចាត់វិធានការ​តឹងរ៉ឹង ចំពោះ ក្រុម​សាឡង់​បូម​ខ្សាច់​ខុសច្បាប់​ទាំងនោះ តែ​ពុំ​ឃើញ​មាន​ដំណោះស្រាយ​ជា​ដុំកំភួន ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ឡើយ។

លោក វឿន វិសាក បារម្ភ​ថា ប្រសិនបើ​សាឡង់​បូម​ខ្សាច់ នៅតែ​បន្ត​កើត​មាន​ជា​ហូរហែ បែបនេះ ប្រជា​ពលរដ្ឋ​កាន់តែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខ្លាច​បាក់​ស្រុត​ដី​ផ្ទះ កាន់តែច្​រើន ដែល​រំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​។ បន្ថែម​ពី​នោះ លោក​ឱ្យដឹង​ថា សា​ឡង់​បូម​ខ្សាច់ នេះ​ដំបូង​ឡើយ ធ្វើ​សកម្មភាព​បូម​ខ្សាច់ នៅ​លើ​ទឹកដី ខេត្ត​កណ្ដាល​ប៉ុណ្ណោះ តែ​ក្រោយមក ពួកគេ​តែងតែ លួច​ចូល​មក​បូម​នៅ​ចំណុច​ភូមី​ថ្មី ដែល​ជា​ទឹកដី​ខេត្ត​ព្រៃវែង។ «»

ប្រជា​ពលរដ្ឋនៅក្នុង​ភូមិ​ថ្មី ឃុំ​ពាម​មានជ័យ ម្នាក់ទៀត លោក ឈឿន យុន លើកឡើង​ថា កន្លងទៅ​នេះ ប្រជាពលរដ្ឋ​បាន​តវ៉ា ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត សិក្សា​ពី​ផល​ប៉ះពាល់​ដល់​អ្នកភូមិ ដែល​បណ្ដាល​មក​ពី​ការ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម ហើយ លោក​ថា សកម្មភាព​បូម​ខ្សាច់ តាំង​ពី​ព្រឹក​រហូតដល់​យប់ ដោយ​អ្នកភូមិ​មិនអាច​ទៅ​ហាមឃាត់​បាន​ឡើយ​។ លោក​ថា អាជ្ញាធរ​ខេត្ត​ទំនងជា​ទទួល​បាន​ផលប្រយោជន៍​ពី​អាជីវកម្ម​ខ្សាច់​នោះ ទើប​ពួកគាត់ ហាក់​មិន​ចាប់អារម្មណ៍​ចំពោះ​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ។

ពលរដ្ឋ​លើកឡើង​ថា ដី​ច្រាំងទន្លេ​ខាងក្រោយ​ផ្ទះ​របស់​ពួកគាត់ បាន​បាក់​ស្រុត​ជាច្រើន​ខែ​មក​ហើយ ចាប់​តាំង​ពី​មាន​វត្តមាន ក្រុម​សាឡង់​បូមខ្សាច់ ហើយ​មក​ដល់​ពេល​នេះ មាន​ដី​ផ្ទះ​ពលរដ្ឋ ប្រមាណ​៥ គ្រួ​សារបាន​បាក់​ស្រុត​ធ្លាក់​ចូល​ទឹកទន្លេ ចំណែក ដំណាំ រួមមាន ចេក ស្វាយ ខ្នុរ ដូង រាប់​សិប​ដើម​បាក់​រលំ​ជា​បណ្ដើរៗ។

កាលពី​ថ្ងៃទី​២៨ ខែ​សីហា កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ប្រមាណ​២០០​គ្រួសារ បាន​ប្រមូល​ម្ដុំ​គ្នា​តវ៉ា នៅមុខ​សា​ឡង់​បូម​ខ្សាច់ ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ពាម​មានជ័យ ស្រុក​ពាម​រក៍ ដើម្បី ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ទប់ស្កាត់ សកម្មភាព បូម​ខ្សាច់​ខុសច្បាប់​ហើយ ចាប់​ក្រុម​ឈ្មួញ​ទាំងនោះ ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។ តែ​យ៉ាងណា ពលរដ្ឋ​ថា រហូត​មក ដល់​ពេល​នេះ អាជ្ញាធរ​ពុំ​អើពើ​ចាត់វិធានការ​នោះ ឡើយ ចំណែក​សាឡង់ បូម​ខ្សាច់ នៅ​តែ​បន្តសកម្មភាព​ដដែល។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង លោក ជា កក្កដា និង អភិបាល ស្រុក​ពាមរក៍ លោក កែវ ពិសី ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី៣ ខែ​កញ្ញា។

ទោះជា​យ៉ាងណា អភិបាល ស្រុក​ពាមរក៍ លោក កែវ ពិសី បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក ក្រោយពី​មាន​ការ​តវ៉ា របស់​ពលរដ្ឋ​ថា កន្លង​ទៅ​នេះ មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត បាន​ចុះទៅ​បោះ​ពោង​កំណត់ព្រំដែន​ឱ្យ ក្រុមហ៊ុន បូម​ខ្សាច់ រួចហើយ រួម​នឹង​កិច្ចសន្យា​មួយចំនួន ដើម្បី​ឱ្យ​អនុវត្ត​ទៅតាម​ច្បាប់​កំណត់ តែបើ​នៅតែ លួច​បូម​ទាំង បំពាន​ទៀត នឹង​ត្រូវ​ផាកពិន័យ​ទៅតាម​ច្បាប់។

គេ​សង្កេត​ឃើញ​ថា ក្រុម​សា​ឡង់​បូម​ខ្សាច់ ដែល​តែងតែ​ធ្វើ​សកម្មភាព បូម​ខ្សាច់ យ៉ាង​អនាធិបតេយ្យ តាម​ដង​ទន្លេមេគង្គ នៅ​ចំណុច ស្រុក​លើកដែក ខេត្ត​កណ្ដាល និង​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង គឺ​មាន​ក្រុមហ៊ុន​ឈ្មោះ ចតុមុខ រីសសន៍ សឹបផ្លាយ អ៊ីមផត អិ​ច​ផត ឯ​.​ក ( Chaktomuk Resources supply import Export Co.LTD) និង ក្រុមហ៊ុន គ្លូ​ប៊​ល ហ្គ្រី​ន (ខេមបូឌា) អេនើ​ជី ឌី​វេឡុ​ប​មេន (GLOBAL GREEN ENERGY DEVELOPMENT CO., LTD)​។ ជានិច្ចកាល ក្រុមហ៊ុន​ទាំងពីរ​នេះ បាន​លួច​មក​បូម​ខ្សាច់ នៅ​តំបន់​ស្រុក​ពាម​រក៍ ដែល​ខុសពី​ច្បាប់​កំណត់​។ តែ​យ៉ាងណា​ពលរដ្ឋ​ឱ្យ​ដឹង​ថា ទោះបី​ក្រុមហ៊ុន​នេះ បំពាន់​ច្បាប់​ក្ដី ពុំ​ឃើញ​អាជ្ញាធរ​ចាត់វិធានការ​ឡើយ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទាំងពីរ​ខាង​លើ​នេះ ដើម្បី​ឆ្លើយតប​បានទេ​នៅ​ថ្ងៃទី​៣ ខែ​កញ្ញា។

ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ហេង គឹមហុង យល់​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស ក្រសួង​រ៉ែ និង​ថាមពល មិនអាច បណ្ដែតបណ្ដោយ​ឱ្យ​មាន​កា​រ​បូម​ខ្សាច់ ដែល​កើតឡើង​តាម​អំពើ​ចិត្ត​នោះ​ទេ​។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ គួរតែ​សិក្សា​ពី ផល​ប៉ះពាល់​បរិស្ថាន និង​ពលរដ្ឋ​ជា​ចម្បង ហើយ​ប្រសិន បើ​ក្រុមហ៊ុន​ណា រំលោភច្បាប់​ត្រូវ​ដក​អាជ្ញាប័ណ្ណ និង ចាប់​ក្រុម​ឈ្មួញ​ទាំងនោះ មក​ផ្ដន្ទាទោស​ចំពោះមុខ​ច្បាប់ ព្រោះថា នេះ​ជា​ការ​ប៉ះពាល់​យូរអង្វែង។

កាលពី​ថ្ងៃទី​៣១ ខែសីហា រដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់។ ការបង្កើត​គណៈកម្មាធិការ​គ្រប់គ្រង​ធនធាន​ខ្សាច់ គឺ​ដើម្បី​ត្រួតពិនិត្យ​តាមដាន​ការ​ធ្វើ​អាជីវកម្ម​ធនធាន​ខ្សាច់ និង​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​ករណី​បូម​ខ្សាច់​អនាធិបតេយ្យ ឬ​ខុស​បច្ចេកទេស​ជាដើម​។ ពលរដ្ឋ​រស់នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​កំពុង​រង​ផល​ប៉ះពាល់​ផ្ទះសំបែង និង​ដីស្រែ​ចំការ​ដោយសារ​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន ទទូច​ឱ្យ​គណៈកម្មាធិការ​ទើប​បង្កើត​ថ្មី​នេះ បញ្ជូន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ការ​បូម​ខ្សាច់​នៅ​មូលដ្ឋាន​របស់​ពួកគេ និង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment