សកម្មជន​ស្ត្រី​វ័យក្មេង​មួយចំនួន​បាត់បង់​ឱកាស​សិក្សា​ដោយសារ​រដ្ឋាភិបាល​ចាប់​ពួកគាត់​ដាក់ពន្ធនាគារ

ដោយ សុជីវី
2024.09.04
RFA

សកម្មជន​ស្ត្រី​វ័យក្មេង​មួយចំនួន​បាត់បង់​ឱកាស​សិក្សា​ដោយសារ​រដ្ឋាភិបាល​ចាប់​ពួកគាត់​ដាក់ពន្ធនាគារ

យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ​ហៅ​កាត់​ថា YRDP ទាំង ៦នាក់ ដែល​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចាប់​ឃុំឃាំង នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០២៤ ដោយ​​​ចោទ​ប្រកាន់​អំពី​បទ​រួម​គំនិត​ក្បត់។ រូប៖ ហ្វេសប៊ុក


ក្រុម​ស្ត្រី​វ័យក្មេង និង​ជា​សកម្មជន​សង្គម​មួយចំនួន​បាត់បង់​ឱកាស​ទទួល​បាន​ការអប់រំ និង​រង​ការរំលោភ​សិទ្ធិ​ដោយសារ​រដ្ឋាភិបាល​ចាប់​ពួកគាត់​ដាក់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​ចាប់​យុវជន​វ័យក្មេង​ដាក់​ពន្ធនាគារ​មិន​បាន​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​នោះ​ឡើយ ផ្ទុយ​វិញ​កម្ពុជា​នឹង​ខាតបង់​ធនធានមនុស្ស​អភិវឌ្ឍន៍​សង្គម។

ខុសប្លែក​ពី​កូន​របស់​មន្ត្រី​រដ្ឋាភិបាល​ដែល​ក្រាញ​អំណាច​នៅក្នុង​ស្ថាប័នរដ្ឋ ហើយ​ទទួល​បាន​ឱកាស​សិក្សា​នៅ​ក្រៅ​ប្រទេស និង​តែង​មាន​ឪពុក​ចេញ​មុខ​ការពារ​នោះ ក្រុម​ស្ត្រី​វ័យក្មេង​ដែល​សកម្ម​ការងារ​សង្គម​បែរ​ជា​កំពុង​ជាប់ពន្ធនាគារ និង​មិនអាច​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ ដោយសារ​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស​ទៅវិញ។

មីង​របស់​កញ្ញា សើន ស្រីម៉ៃ គឺ​លោកស្រី គាន់ រដ្ឋា ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ក្មួយ​ស្រី​លោកស្រី​ជា​និស្សិត​សិក្សា​ផ្នែក​ទស្សនវិជ្ជា​ឆ្នាំ​ទី​២ នៅ​ពុទ្ធិក​សកលវិទ្យាល័យ​ព្រះសីហនុ។ លោកស្រី​បន្ត​ថា នៅពេល​សមត្ថកិច្ច​ចាប់​ក្មួយ​លោកស្រី​ដាក់​ពន្ធនាគារ​បែប​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​ក្មួយ​លោកស្រី។

លោកស្រី គាន់ រដ្ឋា៖ «យល់​ឃើញ​ថា ការ​ចាប់ខ្លួន​របស់​យុវជន​នីមួយៗ​នេះ​បំពាន​ទៅលើ​ផ្លូវច្បាប់​ធ្ងន់ធ្ងរ​ឬ​យ៉ាងម៉េច ឬក៏​មាន​ចំណុច​ណា​ដែល​គាត់​មាន​ចំណុច​ខ្វះខាត​។ តាំង​ពី​ដើម​មក​គាត់​ដែល​ធ្វើ​អី​បំពាន​រដ្ឋាភិបាល​កន្លែង​ណាខ្លះ ឬក៏​ឈ្មោះ ស្រី​ម៉ៃ​ហ្នឹង​គាត់​ធ្លាប់ធ្វើ​អី​បំពាន​ភូមិ​ឃុំ ឬក៏​បំពាន​អាជ្ញាធរ​រដ្ឋាភិបាល​កន្លែង​ណាខ្លះ​បាន​ក្មួយ​ចេញ​មក​ពី​បទ​ញុះញង់»។

ឪពុក​របស់​កញ្ញា រៀម ស្រីពេជ្ររតនា គឺ​លោក ជិន សារូ ថ្លែង​ថា រយៈពេល​២​សប្ដាហ៍​មកនេះ លោក​មិនបាន​ជួប​កូនស្រី​របស់​លោក​ឡើយ​ទេ ដោយសារ​មន្ត្រី​ពន្ធនាគារ​ប្រាប់​ឱ្យ​លោក​រង់ចាំ​រយៈពេល​១៥​ថ្ងៃ​ទើប​អាច​ជួប​កូន​បាន​។ លោក​បន្ត​ថា កូនស្រី​ជា​មនុស្ស​តស៊ូ និង​អត់ធ្មត់​នៅក្នុង​ការរៀនសូត្រ​បើទោះ​ជា​លោក​គ្មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ទំនុកបម្រុង​កូនក្ដី​ក៏​កូន​របស់​លោក​ប្រឹងប្រែង​រៀន​ដែរ។

លោក ជិន សារូ៖ «វា​ប៉ះពាល់​ពេល​នៅ​សិក្សា​អ៊ីចឹង​ដល់ពេល​ទៅ​អ៊ីចឹង​ខាត​រៀន​អស់​ដល់​តែ​ចាប់​អ៊ីចឹង​ទៅ​គ្នា​នៅ​ពេញ​រៀន​ថា ឱ្យ​កូន​ទៅ​រៀន​វា​បាន​ចំណេះ​បាន​អី​ពីព្រោះ​អី​ឪពុក​មិនសូវ​មានចំណេះ​ដល់ពេល​ទៅ​អ៊ីចឹង​។ បារម្ភ​ណាស់​រាល់ថ្ងៃ​នេះ​ដេក​មួយ​យប់ៗ​មិន​លក់​កូន​វា​ស្រី​ហើយ​វា​តូច​ទៀត»។

គិត​ចាប់តាំងពី​ខែ​កក្កដា មាន​សកម្មជន​សង្គម និង​នយោបាយ​យ៉ាងហោចណាស់​ជិត​១០០​នាក់ (៩៤) នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​រឿង​ការពារ​ធនធាន​ធម្មជាតិ និង​ការ​បញ្ចេញមតិ​មិន​គាំទ្រ​គម្រោង​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA)។ ក្នុងចំណោម​មនុស្ស​ជិត​១០០​នាក់​នោះ​មាន​ក្រុម​ស្ត្រី​វ័យក្មេង​ជិត​១០​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ពី​បទ​«​រួមគំនិត​ក្បត់ និង​ញុះញង់​»​ហើយ​យក​ពួកគាត់​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ដាច់ដោយឡែក​ពី​គ្នា។

ក្រុម​ស្ត្រី​វ័យក្មេង​ទាំងនោះ​ភាគច្រើន​គឺជា​និស្សិត និង​ជា​បុគ្គលិក​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ ទៅដល់​៣៣​ឆ្នាំ​។ ជាក់ស្ដែង​ដូចជា ក្រុម​ស្ត្រី​វ័យក្មេង​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន​៤​នាក់ រួមមាន កញ្ញា សើន ស្រីម៉ៃ កញ្ញា កាត់ ស៊ីណាត កញ្ញា រៀម ស្រីពេជ្ររតនា និង​កញ្ញា នឿន ស្រីណែត ជាដើម។ ក្រៅពី​យុវតី​ទាំង​៤​នាក់​នេះ​នៅ​មាន​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ជា​ស្ត្រី​វ័យក្មេង​ចំនួន​២​នាក់​ទៀត គឺ កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ដែល​សុទ្ធសឹងតែ​ជា​យុវជន​ឆ្នើម​ហ៊ាន​លះបង់​សិទ្ធិ​សេរីភាព​ដើម្បី​ការពារ​បរិស្ថាន និង​គំរូ​ភាព​ដល់​យុវជន​ជំនាន់​ក្រោយ។

បើ​ទោះ​បី​ជា​ពួកគាត់​ជា​យុវជន​វ័យក្មេង និង​មិនទាន់​បាន​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​ក្ដី ប៉ុន្តែ​ពួកគាត់​មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​ចូលរួម​កិច្ច​ការងារ​សង្គម និង​មិន​ខ្លាច​ប្រឈម​ជាប់គុក​ច្រវាក់​ឡើយ​។ កាល​នៅ​មាន​សេរីភាព​ពួកគាត់​តែងតែ​ចូលរួម​ជួយ​សង្គមជាតិ​តាមរយៈ​ការ​លើកឡើង​ពី​ក្ដី​កង្វល់​របស់​ពលរដ្ឋ​ដែល​រង​ការរំលោភ​យក​ដីធ្លី ការរំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​ផ្សេងៗ​មួយចំនួន​ដើម្បី​ស្នើ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។

កញ្ញា រៀម ស្រីពេជ្ររតនា ដែល​ជា​និស្សិត​ច្បាប់​ឆ្នាំ​ទី​៣ ធ្លាប់​លើកឡើង​ថា កញ្ញា​ចង់​ឃើញ​អ្នក​នយោបាយ​ទាំងអស់​ចេះ​រួបរួម​ផ្សះផ្សា​ជាតិ និង​បើក​លំហ​សិទ្ធិ​សេរីភាព​ឱ្យ​យុវជន​បាន​ចូលរួម​ការងារ​សង្គម​ដែល​ជា​ប្រយោជន៍​រួម​សម្រាប់​ពលរដ្ឋ។

កញ្ញា រៀម ស្រីពេជ្ររតនា៖ «ខ្ញុំ​សូម​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទាំង​ថ្នាក់លើ​ទាំង​ថ្នាក់ក្រោម​ឱ្យ​មាន​ការ​បើក​សិទ្ធិ​សេរីភាព​លើកទឹកចិត្ត​ទៅ​យុវជន ទៅដល់​ប្រជាពលរដ្ឋ​ដែល​ខំ​លះបង់​សាច់ឈាម​ញើស​សស្រាក់​ដែល​ខិតខំ​ការពារ​ធនធានធម្មជាតិ ធ្វើ​ការងារ​សង្គម​គ្រប់​ទីកន្លែង​នៅពេល​ពលរដ្ឋ​ជួប​ទុក្ខ​។ គួរណា​តែ​មាន​បេះដូង​ស្មោះ​ស​មុន​ហ្នឹង​ឈាន​ជើង​ថា ជា​មន្ត្រីរាជការ​ជា​អ្នកដឹកនាំ​ជា​អ្នក​មើលថែ​ជា​ឪពុកម្ដាយ​គេ​មិនមែន​ទៅ​ដើម្បី​បាន​កិត្តិយស​ស័ក្ដិ និង​បម្រើ​តែ​ពួក​មានអំណាច​ទេ»។

កន្លងទៅ​យុវជន ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បាន​បង្ហោះ​សារ​សម្ដែង​ការ​ហួសចិត្ត និង​ចាត់ទុក​ការ​ចាប់ខ្លួន​យុវជន​ដែល​ជា​ស្ត្រី គឺជា​រឿង​ដ៏​អាម៉ាស់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ហើយ​អ្នកខ្លះ រិះគន់​តុលាការ ថា​មាន​ចេតនា​ផ្ដាច់​ឫសគល់​សំឡេង​អ្នក​រិះគន់​ជាដើម។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែត និង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ការ​ចាប់ខ្លួន​យុវជន​វ័យក្មេង​ដាក់​ពន្ធនាគារ​បាន​ទេ​នៅ​ថ្ងៃទី៣ ខែ​កញ្ញា។

ទាក់ទិន​បញ្ហា​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សោកស្ដាយ​ដែល​រដ្ឋាភិបាល​ចាប់​យុវជន​វ័យក្មេង​ទាំងអស់​នេះ​ដាក់​ពន្ធនាគារ​ពីព្រោះ​ពួកគាត់​គឺជា​ធនធាន​ល្អ​សម្រាប់​អភិវឌ្ឍន៍​សង្គមជាតិ។ លោក​បន្ត​ថា តាម​នីតិវិធី​ច្បាប់​ដរាបណា​តុលាការ​រក​មិនឃើញ​ពី​ទោសកំហុស​របស់​ពួកគាត់​ទេ គឺ​គេ​អាច​សន្មត​ថា ពួកគាត់​ពុំ​មាន​ទោស​នោះ​ឡើយ។

លោក អំ សំអាត៖ «យើង​មើលទៅ​គ្រួសារ​ទាំងអស់​ហ្នឹង​តែងតែ​រំពឹង​ទៅលើ​ពួកគាត់​ទៅ​អនាគត​ថា កូន​របស់​ពួកគាត់​អាច​មាន​អនាគត​ល្អ​ដោយសារ​ការសិក្សា​បាន​ជ្រៅជ្រះ​អ៊ីចឹង​ទៅ​អាច​នឹង​មាន​ការងារ​ល្អ​សម្រាប់​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​ជាដើម​។ ប៉ុន្តែ​ដល់ពេល​មាន​បញ្ហា​នៃ​ការ​ចាប់ខ្លួន​ហ្នឹង​វា​ធ្វើ​ប៉ះពាល់​ច្រើន​អ៊ីចឹង​ទៅ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅដល់​ផ្លូវចិត្ត និង​ផ្លូវ​អារម្មណ៍​របស់​ក្រុម​គ្រួសារ ឬក៏​ឪពុកម្ដាយ​ពួកគាត់​បន្ថែម​ទៀត​ផង​ដែរ»។

កាលពី​ថ្ងៃទី​២៨ ខែ​សីហា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​មួយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សង្គម និង​ពលរដ្ឋ​ទាំងអស់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ឃុំខ្លួន​តាម​ទំនើងចិត្ត​ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រំលោភបំពាន​ទៅលើ​សេរីភាព​បញ្ចេញមតិ​ដែល​ផ្ទុយ​ពី​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ។

ក្រៅ​ពី​នេះ​នៅ​មាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ហៅ​កាត់​ថា APHR កាលពី​ថ្ងៃទី​២៩ ខែ​សីហា ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចាត់ទុក​ការ​ចាប់ខ្លួន​មនុស្ស​តាម​អំពើ​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុ​ជា​គឺជា ការ​បង្ក្រាប​យ៉ាង​រហ័ស និង​ឃោរឃៅ​ដែល​ជា​ការវាយប្រហារ​លើ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​ថែមទាំង​ក្រើនរំលឹក​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​ឱ្យ​ចាក​ឆ្ងាយ​ពី​កេរដំណែល​នៃ​ការដឹកនាំ​បែប​ផ្ដាច់ការ​ដូចជា​ឪពុក​របស់​លោក​គឺ លោក ហ៊ុន សែន។បើ​ទោះ​បី​ជា​ក្រុម​ស្ត្រី​វ័យក្មេង​ទាំងអស់​នោះ​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ និង​បាត់បង់​សិទ្ធិ​សេរីភាព​ក្ដី ក៏​ពួកគាត់​នៅតែ​មិន​ផ្លាស់ប្ដូរ​ជំហរ​រិះរក​មធ្យោបាយ​តស៊ូ​មតិ​ផ្សេងៗ​ទៀត​ដើម្បី​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment