ដោយ សុ ជីវី
2024.09.03
RFA
អ្នកវិភាគបញ្ហាសង្គម លើកឡើងថា ស្ថាប័នពាក់ព័ន្ធគួរតែបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ចំពោះការអះអាង របស់កងកម្លាំងនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបកអាក្រាតរឿងអំពើពុករលួយ និងការរើសអើងមន្ត្រី ដែលហ៊ានចេញមុខការពារផលប្រយោជន៍ពលរដ្ឋ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យបញ្ជាការដ្ឋានយោធភូមិភាគទី៤ បានច្រានចោលការចោទប្រកាន់នេះ ដោយចាត់ទុកការអះអាងរបស់កងកម្លាំងរូបនោះ ជាការញុះញង់បង្កើតបញ្ហា។
អ្នកអត្ថាធិប្បាយបញ្ហានយោបាយ លោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី ៣ ខែកញ្ញា ថា ក្រសួងការពារជាតិ និងអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតមួយ ដើម្បីបង្ហាញភាពស្អាតស្អំរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលកំពុងរងការចោទប្រកាន់ពាក់ព័ន្ធ នឹងអំពើពុករលួយកិបកេងប្រាក់បៀវត្សរ៍កងកម្លាំង ការជួលមនុស្សមកបង្ហាញខ្លួនដើម្បីស៊ីលុយឈ្មោះខ្មោច និងការរើសអើងកងកម្លាំងដែលចេញមុខការពារពលរដ្ឋជាដើម។
លោក គឹម សុខ៖ «ទាល់តែមានការស៊ើបអង្កេតឲ្យច្បាស់លាស់ ហើយក្នុងស្ថានភាពកម្ពុជា ការស៊ើបអង្កេតនោះ ត្រូវធ្វើដោយចម្រុះអង្គភាពទើបអាចធានាបានព្រោះរដ្ឋាភិបាលបច្ចុប្បន្ន ប្រជាពលរដ្ឋអស់សេចក្ដីទុកចិត្តទៅហើយ ហើយប្រព័ន្ធរដ្ឋបាលរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នត្រូវបានគេមើលឃើញថា ធ្វើបាបប្រជាពលរដ្ឋហ្នឹង មិនបានបំពេញកាតព្វកិច្ចបម្រើប្រជាពលរដ្ឋផង ។ ដូច្នេះ គ្រាន់តែឲ្យមនុស្សផ្សេងៗ នៅក្នុងអង្គភាពទាហានដូចគ្នាមកឆ្លើយតបដើម្បីបំបាក់ទាហានម្នាក់ដែលគាត់និយាយអំពីភាពមិនប្រក្រតី និងរឿងពុករលួយនោះ មិនមែន ជាវិធីត្រឹមត្រូវទេ ហើយធ្វើឲ្យប្រជាពលរដ្ឋមហាជន កាន់តែចំអកថែមទៀត ចំអកកាន់តែខ្លាំង»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមេក្រុម«ខ»ដឹកជញ្ជូន នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ លោក រ័ត្ន ទីណា ដែលមានឋានន្តរស័ក្តិអនុសេនីយ៍ត្រី កាលពីថ្ងៃទី ២ ខែកញ្ញា បានប្រើគណនីហ្វេសប៊ុកឈ្មោះ ជី ឌី ជីង (Gidi Jing) ផ្សាយបន្តផ្ទាល់ (Live) ដោយអះអាងថា លោកត្រូវបានមេបញ្ជាការម្នាក់ ឈ្មោះ ប្រាក់ សារ៉ាន់ ធ្វើបាបដោយសារតែលោកជួយពលរដ្ឋស្លូតត្រង់។
ថ្លែងទាំងអួលដើមក ក្នុងឯកសណ្ឋានកងកម្លាំង លោក រ័ត្ន ទីណា បានអះអាងថា លោកកំពុងរងការគំរាមកំហែងចាប់ដាក់ពន្ធនាគារ និងរងការគំរាមដាក់ឲ្យចូលនិវត្តន៍មុនកំណត់ ឬត្រូវដកចេញពីក្របខណ្ឌកងកម្លាំង បន្ទាប់ពីលោកបានចេញមុខទាមទាររកដំណោះស្រាយវិវាទដីធ្លីជូនពលរដ្ឋចំនួន១៣គ្រួសារ នៅឃុំស្រយ៉ង់ ខេត្តព្រះវិហារកាលពីពេលកន្លងទៅ។ លោក ថែមទាំងអះអាងថា មេបញ្ជាការនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ពុំបានចាត់វិធានការចំពោះអ្នកលួចគ្រាប់រំសេវក្នុងបន្ទាយឡើយ។ លោក បន្តអះអាងទៀតថា លោកមានឯកសារគ្រប់គ្រាន់ អមដោយរូបភាព ដែលបញ្ជាក់ថា មេបញ្ជាការបានកិបកេងប្រាក់បៀវត្សរ៍របស់លោក និងការប្រព្រឹត្តិអំពើពុករលួយ មួយចំនួនទៀត។
លោក រ័ត្ន ទីណា៖ «គោរពដល់ព្រះមហាក្សត្រ និងសម្ដេចពុកជាទីគោរពស្រឡាញ់របស់ខ្ញុំ ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខ្ញុំជាទាហានមួយរូប ដែលស្ម័គ្រចិត្តបម្រើប្រជាពលរដ្ឋ ការពារទឹកដី ការពារបងប្អូន រឿងកន្លងខ្ញុំពីមុនមក ខ្ញុំឈឺចាប់ណាស់រាល់ថ្ងៃនេះ រឿងដីធ្លីខ្ញុំ ខ្ញុំឡាយព្រោះឃើញប្រជាពលរដ្ឋរបស់ខ្ញុំគាត់មានទុក្ខលំបាក រឿងអយុត្តិធម៌ រឿងដីធ្លី ដើម្បីអំពាវនាវដល់ថ្នាក់ដឹកនាំ ដល់ពេលខ្ញុំជួយប្រជាពលរដ្ឋខ្ញុំបាន ថ្នាក់ដឹកនាំបានឃើញជួយ ហើយជួយខ្ញុំ មិនគួរណាមេបញ្ជាការរបស់ខ្ញុំនេះ រករឿងខ្ញុំមិនចេះចប់មិនចេះហើយ ខ្ញុំអត់យល់ចំណុចហ្នឹងទេ ។ ខ្ញុំជាទាហាន ប្រជាពលរដ្ឋរបស់ខ្ញុំមានទុក្ខលំបាក សួរថាខ្ញុំឈមើលឬអត់? ហើយធ្វើបាបខ្ញុំ ខ្ញុំមិនដឹងនិយាយថាម៉េចទេ ។ ពីមុនមានគេខលមកលេខស្អីទេ អង់គ្លេសខ្ញុំមិនចេះមើលទេ គេថាគេមិនឲ្យខ្ញុំនៅបានសុខទេ បើនៅជួយប្រជាពលរដ្ឋ»។
បន្ទាប់ពីលោក រ័ត្ន ទីណា បានទំលាយរឿងរ៉ាវពុករលួយមួយចំនួននៅក្នុងបញ្ជាការដ្ឋានយោធភូមិភាគទី៤ អ្នកនាំពាក្យនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោក និត ណារ៉ុង កាលពីថ្ងៃទី ២ ខែកញ្ញា បានចេញសេចក្ដីបំភ្លឺច្រានចោលការលើកឡើងនេះ ។ លោក ចាត់ទុក អ្វីដែលលោក រ័ត្ន ទីណា បានលើកឡើងថា ប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់កងទ័ព។
ទន្ទឹមនឹងនេះ មេបញ្ជាការទិស ឧត្តមសេនីយ៍ត្រី អៀម សំអូន បានរាយការណ៍ទៅ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ លោក ពៅ ហេង ថា លោក រ័ត្ន ទីណា ជាកងកម្លាំង ដែលមិនសូវស្ដាប់បញ្ជាមេបញ្ជាការ ហើយតែងដើរហើរ ដោយសេរីគ្មានច្បាប់ទម្លាប់។ លោក បន្ថែមថា លោក រ័ត្ន ទីណា បានឡាយវីដេអូ លើបណ្ដាញសង្គមវាយប្រហារលើមេបញ្ជាការ នៃអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ និងបានចោទប្រកាន់ខុសពីការពិត និងញុះញង់ ប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ។
អ្វី ដែលគួរឲ្យកត់សម្គាល់នោះ ក្នុងការបកស្រាយ និងរាយការណ៍ជូនមេបញ្ជាការខាងលើនេះ ពុំបានបកស្រាយឲ្យច្បាស់ត្រង់ចំណុចអំពើពុករលួយ ការកិបកេងប្រាក់បៀវត្សរ៍កងកម្លាំង និងការគំរាមកំហែងផ្សេងទៀតឡើយ។
វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងអនុសេនីយ៍ត្រី រ័ត្ន ទីណា និងអ្នកនាំពាក្យបញ្ជាការដ្ឋានយោធភូមិភាគទី៤ លោក និត ណារ៉ុង ដើម្បីសុំការបំភ្លឺបន្ថែមជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី៣ ខែកញ្ញា។ ចំណែកឯអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
កាលពីឆ្នាំ២០២៣ លោក រ័ត្ន ទីណា ធ្លាប់បង្ហោះវីដេអូស្នើសុំកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ឲ្យដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពលរដ្ឋចំនួន១៣ គ្រួសារនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាមួយនឹងលោក ឃុត វី។
លោក រ័ត្ន ទីណា៖ «រាល់ថ្ងៃ គេស្រឡាញ់ណាស់ សម្ដេចពុកសម្ដេចម៉ែ ដល់ពេលអាមន្ត្រីល្ពៅមួយចំនួនតូចហ្នឹង វាធ្វើឲ្យធ្លាក់សន្លឹកឆ្នោត វាធ្វើឲ្យអាប់អោនកិត្តិយសសម្ដេចពុកសម្ដេចម៉ែ ហើយសម័យនេះ គេមិនជឿទេ គេនិយាយថា វាមិនដែលអាណាមានប័ណ្ណកម្មសិទ្ធិ មានឯកសារគ្រប់គ្រាន់ នៅតែគេធ្វើបាប ។ បងប្អូនបើមិនជឿណា ខ្ញុំនិយាយមែនណា មានឯកសារគ្រប់គ្រាន់ហើយ ប៉ុន្តែលុយបាំងមុខអស់ហើយ ខ្ញុំនិយាយឲ្យឃើញខ្ញុំអត់ខ្លាចទេ ខ្ញុំជាប់គុកក៏ខ្ញុំអត់ខ្លាចដែរ ខ្ញុំនិយាយនេះដកខ្លុំគ្រវាត់ចោលក៏ដកទៅបើខ្ញុំនិយាយខុស ដកខ្ញុំចោលទៅ ចុះបើការការពារជាតិទាំងមូលដែរ ឡើងសមរភូមិខ្ញុំមិនដែលខ្លាចស្លាប់ផង មិនដែលស្ដាយជីវិតផងបូជាជូនជាតិមួយទាំងមូលដែរ ចុះខ្ញុំរស់នៅបន្តិចបន្តួចម្ដេចក៏ធ្វើបាបខ្ញុំម្ល៉េះ»។
រហូតដល់ចុងឆ្នាំ២០២៣ លោក រ័ត្ន ទីណា បានកាន់ទូរស័ព្ទ រារាំង និងថតសកម្មភាពមនុស្សមួយចំនួន ដែលស្លៀកពាក់ស៊ីវិល ប្រដាប់ដោយកាំភ្លើង ហើយគំរាមបាញ់សម្លាប់ពលរដ្ឋ ដោយអះអាងថា ខ្លួនជាអាជ្ញាធរចុះអនុវត្តដីការបស់តុលាការ។
លុះដល់ខែមីនា ឆ្នាំ២០២៤ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរស្រាវជ្រាវលើករណីនេះ ដើម្បីរកដំណោះស្រាយជូនពលរដ្ឋ។ រហូតដល់ចុងខែ មីនា ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយបានកសាងសំណុំរឿង និងបញ្ជូនឈ្មោះ ឃុត វី ទៅតុលាការខេត្តព្រះវិហារ ពីបទទន្រ្ទាន កាន់កាប់ដីរដ្ឋ ដោយខុសច្បាប់។
ទាក់ទិននឹងភាពក្លាហាននិយាយការពិតរបស់លោក រ័ត្ន ទីណា នេះ អ្នកអត្ថាធិប្បាយនយោបាយ លោក គឹម សុខ បន្ថែមថា រដ្ឋាភិបាលគួរតែបើកការស៊ើបអង្កេតមួយដោយឯករាជ្យ ដើម្បីឲ្យសាធារណៈជនអស់មន្ទិលសង្ស័យ និងបង្ហាញពីភាពស្អាតស្អំ របស់បញ្ជាការដ្ឋានយោធភូមិភាគទី៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។