ប្រជាពលរដ្ឋ​ចំនួន ២ស្រុក នៅ​ខេត្ត​បន្ទាយមានជ័យ តវ៉ា​រឿង​អាជ្ញាធរ​ប្ដូរ​ទីតាំង​អាស្រ័យ​ផល​នៅ​តំបន់២ ជាប់​បឹង​ទន្លេសាប

ដោយ ប្រាជ្ញ ចេវ
2024.09.04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង


ប្រជាពលរដ្ឋ​ជាង ១០០នាក់ នៅ​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ លើក​គ្នា​តវ៉ា​មិន​ឱ្យ​អាជ្ញាធរ​ចុះ​វាស់វែង​ដី ក្រោយ​មាន​ការ​បង្ខំ​ពួកគាត់​ឱ្យ​ចាប់ឆ្នោត​ផ្លាស់ប្ដូរ​ដី​នៅ​តំបន់២ ជាប់​បឹង​ទន្លេសាប ដែល​ធ្វើ​ឱ្យ​ពួកគាត់​ម្នាក់ៗ បាត់​ដី​អស់​ជាង​ពាក់កណ្ដាល។ មន្ត្រី​សង្គម​ស៊ីវិល​ថា យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ បាន​បង្ក​ឱ្យ​មាន​ភាព​ចលាចល និង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ។

ពលរដ្ឋ​ធ្វើ​ស្រែ​នៅ​តំបន់២ ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​នាំ​គ្នា​តវ៉ា​ប្ដូរផ្ដាច់ មិន​ឱ្យ​អាជ្ញាធរ​ចុះ​វាស់វែង និង​បោះ​បង្គោល​កំណត់​តំបន់២ នោះ​ទេ ដោយសារ​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ ដែល​ប្រមូល​ដី​ពី​ប្រជាពលរដ្ឋ និង​ឱ្យ​ពួកគាត់​ចាប់ឆ្នោត​នេះ ធ្វើ​ឱ្យ​ពួកគាត់​បាត់បង់​ដី​បង្កបង្កើន​ផល និង​បង្កើត​ឱ្យ​មាន​ការ​ប្រទូសរ៉ាយ រវាង​ពលរដ្ឋ នឹង​ពលរដ្ឋ។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ លោក លី ថុង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃទី០៤ ខែ​កញ្ញា ថា លោក​មិន​ព្រម​ឱ្យ​អាជ្ញាធរ​បោះ​បង្គោល​ឡើយ ព្រោះ​រដ្ឋបាល​ខេត្ត មិនទាន់​ដោះស្រាយ​សំណើ សុំ​អាស្រ័យ​ផល​លើ​ដី​អាស្រ័យ​ផល​ចាស់​នៅ​ឡើយ។ លោក​បន្ត​ថា ដី​អាស្រ័យ​ផល​របស់​លោក សរុប​មាន​ចំនួន ១០ហិកតារ ប៉ុន្តែ​បន្ទាប់ពី​ចាប់ឆ្នោត​ហើយ ដី​របស់​លោក​នៅសល់​តែ​ជាង ២ហិកតារ​ប៉ុណ្ណោះ ខណៈ​ទីតាំង​ដី​នោះ នៅ​ឆ្ងាយ​ពី​ផ្ទះ​ដល់ទៅ ១៥គីឡូម៉ែត្រ និង​មិនទាន់​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ឡើយ។

លោក លី ថុង៖ «បាទ គេ​ថា (ដាក់​ពង្រាយ​កងកម្លាំងធំ​ជាង​មុន គេ​ថា​ចង់​ដឹង​ចាំ​មើល​ឈ្នះ​ចាញ់។ បើ​និយាយ​ពី​អ្នកស្រែ​វិញ​នោះ ជំពាក់​គេ​ថ្លៃ​ជី ថ្លៃ​ថ្នាំ។ បើ​និយាយ​ទៅ គ្នា​ធ្វើស្រែ​សព្វថ្ងៃ​នេះ ទប់ទល់​ឱ្យ​តែ​បាន​បង់​អង្គការ​ទេ ថ្លៃ​ជី​នោះ គេ​ចេះតែ​អនុគ្រោះ​ទៅ បាន​មក​ក៏​សង​គេ​ពាក់កណ្ដាល​ទៅ ឆ្នាំក្រោយ​ធ្វើ​ទៀត ដល់​ពេល​គ្នា​អស់​ដី​ទៅ ចប់​បាត់»

ការ​ថ្លែង​របស់​កសិករ​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០នាក់ ដែល​តំណាង​ឱ្យ​ជាង ២០០គ្រួសារ មក​ពី​ស្រុកព្រះនេត្រព្រះ និង​ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ប្រមូល​ផ្ដុំ​គ្នា​តវ៉ា នៅ​ឃុំភ្នំលៀប នៅ​ពេល​អាជ្ញាធរ​ចុះ​មក​វាស់វែង​បោះ​បង្គោល​ខណ្ឌ​ចែក​ដី​តំបន់២ និង​តំបន់៣ ជាប់​បឹង​ទន្លេសាប ពី​ថ្ងៃ​ទី២ រហូត​ដល់​ថ្ងៃ​ទី៤ ខែកញ្ញា។

ការ​តវ៉ា​ថ្ងៃ​ដំបូង អាជ្ញាធរ​បាន​ផ្អាក​ការ​វាស់វែង និង​ត្រឡប់​ទៅ​វិញ។ លុះ​ដល់​ថ្ងៃ​បន្ទាប់ មន្ត្រី​រដ្ឋបាល​ខេត្ត ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ លោក ឃ្លោក នួយ បាន​នាំ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រហែល ២០នាក់ មក​សម្លុត​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​យក​លទ្ធផល​ចាប់ឆ្នោត​របស់​អាជ្ញាធរ។ ក្នុង​នោះ អាជ្ញាធរ​បាន​និយាយ​ដោយ​លើ​ដៃ​ចង្អុល​ទៅកាន់​ប្រជាពលរដ្ឋ មិន​ឱ្យ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទៀត​នោះ​ទេ ដោយ​មន្ត្រី​ទាំង​នោះ បាន​បង្គាប់​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​លិខិត​ស្នើសុំ​ដំណោះស្រាយ​ពី​រដ្ឋបាល​ខេត្ត។ ក៏ប៉ុន្តែ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួក​គាត់​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋបាល​ខេត្ត​ជាច្រើន​ដង​មក​ហើយ ក៏ប៉ុន្តែ អភិបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​ប្រកាន់​ជំហរ មិន​កែប្រែ​របៀប​ដោះស្រាយ​ជូន​ពលរដ្ឋ​នោះ​ទេ។

មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​ភាព​ច្របូកច្របល់​នេះ គឺ​ដោយសារ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ខែកក្កដា បាន​ប្រមូល​ដី​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​នៅ​តំបន់២ ទាំង​អស់ ដាក់​រួម​ចូល​គ្នា រួច​ហើយ​ឱ្យ​ប្រជាពលរដ្ឋ​ចាប់ឆ្នោត យក​ក្បាល​ដី​សា​ជា​ថ្មី ដើម្បី​ដំណើរការ​កំណត់​ព្រំ​ប្រទល់​តំបន់២។ ក៏ប៉ុន្តែ ការ​ចាប់ឆ្នោត​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​សប្បាយចិត្ត ព្រោះ​ថា ដី​ដែល​ពួក​គាត់​ចាប់​ឆ្នោត​បាន មាន​ទីតាំង​ដាច់ស្រយាល គ្មាន​ប្រឡាយ​ទឹក និង​មាន​ទំហំ​តូច​ជាង​ដី​អាស្រ័យ​ផល​ចាស់។ ក្នុង​នោះ មាន​ប្រជាពលរដ្ឋ​ខ្លះ បាន​ប្រទូសរ៉ាយ​គ្នា ដោយសារ​ម្ចាស់​ដី​ចាស់ មិន​ព្រម​ប្រគល់​ដី​ទៅ​ឱ្យ​ម្ចាស់​ថ្មី។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី និង​មេឃុំ​ភ្នំលៀប លោក សួន សំផុង ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែកញ្ញា។

កាលពី​ឆ្នាំ២០២២ នៅ​មុន​ពេល​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អតីត​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​អាជ្ញាធរ​នៅ​តាម​ខេត្ត​ជាប់​បឹង​ទន្លេសាប ឱ្យ​កាត់​ឆ្វៀល​ដី​តំបន់២ ដែល​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​លើស​ពី ១០ឆ្នាំ ផ្ដល់​កម្មសិទ្ធិ​ឱ្យ​ពួក​គាត់​កាន់កាប់។

លោក ហ៊ុន សែន៖ «ប៉ុន្តែ​ខ្ញុំ​ព្រះករុណា​សូម​បញ្ជាក់​ថា ដើម្បី​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ នូវ​ភាព​ស្របច្បាប់​នៃ​ការ​អាស្រ័យ​ផល វា​ទាមទារ​ឱ្យ​យើង​កែ​នូវ​លិខិត​អនុក្រឹត្យ កែតម្រូវ​និយាមកា ពេល​ហើយ ដាក់​បង្គោល​សាជាថ្មី ដោយ​កាត់​តំបន់៣ ឱ្យ​ទៅជា​តំបន់២ រួច​ហើយ​តំបន់២ ដែល​មើល​ទៅ​ឃើញ​ថា វា​គោក​រាក់​អស់​ទៅ​ហើយ វា​លែង​មាន​លទ្ធភាព​អ្វី ដើម្បី​ស្ដារ​ឡើងវិញ​ទៅ​ហើយ ត្រូវ​កាត់​វា​ចូល​ទៅ​តំបន់១ ដើម្បី​ប្រគល់​កម្មសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​តែម្ដង»

ទាក់ទិន​រឿង​នេះ អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត មានប្រសាសន៍ថា វិធី​ចាប់ឆ្នោត​បែងចែក​ក្បាល​ដី​របស់​អាជ្ញាធរ គឺជា​រូបភាព​សមធម៌ ក៏ប៉ុន្តែ បើ​ក្រឡេក​ទៅ​មើល​លទ្ធផល​វិញ ការ​ចាប់ឆ្នោត​នេះ បាន​បង្កើត​ឱ្យ​មាន​ភាព​ច្របូកច្របល់ និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីធ្លី ខាតបង់​ផល​ប្រយោជន៍​ជាច្រើន។

លោក អ៊ិន គង់ជិត៖ «ក្នុងនាម​សង្គម​ស៊ីវិល យើង​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត គួរ​ផ្អាក​ការ​វាស់វែង​នេះ​សិន ហើយ​រៀបចំ​ឱ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​ឡើងវិញ រៀបចំ​វេទិកា​ពិគ្រោះ​យោបល់ ឱ្យ​ពួកគាត់​លើក​ជា​មតិ​យោបល់ លើក​ជា​សំណូមពរ ហើយ​យក​សំណូមពរ​របស់​ពួកគាត់ ទៅ​ដោះស្រាយ ប្រកប​ដោយ​សមធម៌ យុត្តិធម៌ ហើយ​ដែល​ប្រជាពលរដ្ឋ អាច​ទទួលយក​បាន»

រដ្ឋាភិបាល​កម្ពុជា បាន​បែងចែក​ដី​បឹង​ទន្លេសាប​ជា ៣តំបន់ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​គ្រប់គ្រង។ ក្នុង​នោះ​ដី​តំបន់៣ ជា​ដី​ដែល​មិន​អាច​អាស្រ័យ​ផល និង​មិន​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​បាន​ឡើយ។ ចំណែក​តំបន់២ ជា​ដី​ដែល​អាច​អាស្រ័យ​ផល តែ​មិន​អាច​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ និង​តំបន់១ ជា​ដី​ដែល​អាច​អាស្រ័យ​ផល និង​អាច​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​បាន​ផង​ដែរ។

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋបាល​ខេត្ត​បញ្ឈប់​យន្តការ​នេះ និង​ងាក​មក​ជជែក​ជាមួយ​ពលរដ្ឋ ផ្ដល់​ដំណោះស្រាយ​រួម​មួយ ជាជាង​ការ​ប្រើប្រាស់​អំណាច និង​កម្លាំង​អាជ្ញាធរ​មក​តតាំង​ជាមួយ​ពលរដ្ឋ ដែល​មាន​តែ​ម្រាមដៃ​ដប់​សំពះ​សុំ​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment