ដោយ សេក បណ្ឌិត
2024.09.05
RFA
រុមយុវជនដែលអាជ្ញាធរចាប់ខ្លួនដោយចោទថា បានចេញធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ជុំវិញរឿងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ឬ CLV។ រូប៖ ហ្វេសប៊ុក
លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត លើកឡើងថា ការចាប់មនុស្ស កាលពីថ្មីៗ នេះ ប្រមាណ ៦៦នាក់ និងបញ្ជូនទៅឃុំនៅពន្ធនាគារ ៩នាក់ គឺពាក់ព័ន្ធនឹងចេតនាទុច្ចរិតរបស់ក្រុមជ្រុលនិយមមួយចំនួន ដែលញុះញង់ពលរដ្ឋឱ្យផ្នូលរំលំរាជរដ្ឋាភិបាល។ ចំណែក ឃ្លាំមើលថា នេះ គ្រាន់តែជាលេស ខណៈអ្នកទាំង ៩នាក់ ដែលកំពុងឃុំខ្លួននៅក្នុងគុកនោះ សុទ្ធសឹងតែជាយុវជនវ័យក្មេង ដែលសកម្មលើកិច្ចការសង្គម ហើយ ពុំពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ។
លោក ហ៊ុន ម៉ាណែត ថា ការបង្ក្រាប និងចាប់ខ្លួនមនុស្សប្រមាណ ៦៦នាក់ និងដោះលែងវិញ ៥៧នាក់ ចំណែក ៩នាក់ទៀត កំពុងតែបន្តនីតិវិធី និងឃុំខ្លួននៅក្នុងពន្ធនាគារកន្លងទៅនេះ គឺ ដោយសារតែអ្នកទាំងនោះ ពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាល ដែលពុំមែនជាការតវ៉ាប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍ CLV-DTA ឬជាការបញ្ចេញមតិនោះឡើយ។
ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សមេធាវី និងសិក្ខាកាមមេធាវីប្រមាណជាង ១ពាន់នាក់ នៅថ្ងៃទី៥ ខែកញ្ញា លោក ហ៊ុន ម៉ាណែត អះអាងថា ការចាប់ខ្លួនមនុស្ស ដែលមានចេតនាទុច្ចរិត ប្រឆាំងនឹងរដ្ឋាភិបាល គឺជាការអនុវត្តច្បាប់ ដើម្បីការពារច្បាប់ និងការពារសិទ្ធិពលរដ្ឋ ដែលបានបោះឆ្នោតឱ្យដឹកនាំប្រទេស។ លោកថា រដ្ឋាភិបាលមិនអាចបណ្ដែតបណ្ដោយឱ្យក្រុមជ្រុលនិយមណាមួយ មកដុតបំផ្លាញប្រទេសជាតិ តាមអំពើចិត្តនោះឡើយ។
«អ៊ីចឹងការអនុវត្តនូវវិធានការច្បាប់ នៅថ្ងៃទី១៨ ខែសីហា កន្លងទៅនេះ គឺការអនុវត្តច្បាប់ ដើម្បីការពារច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលជាអ្នកបោះឆ្នោត ប្រជាមតិគឺ នៅពេលបោះឆ្នោតនេះឯង ដែលប្រជាពលរដ្ឋទាំងក្នុងនឹងក្រៅ ដែលអ្នកខ្លះត្រឡប់មកវិញ ដើម្បីបោះឆ្នោត។ អ៊ីចឹងទុកឱកាសឱ្យគាត់ស្ដាប់គាត់ ហើយគាត់ទុកប្រាំឆ្នាំឱ្យធានានូវសន្តិភាព ដោះស្រាយ ញ្ហាឱ្យគាត់ ហើយរដ្ឋាភិបាលនៅបន្តស្ដាប់ ចំពោះរឿងនេះ។ អ៊ីចឹង រដ្ឋាភិបាលគ្មានជម្រើសមិនអាចឱ្យអ្នកមួយចំនួនតូចមកដុតប្រទេស ហើយបំផ្លាញនូវរដ្ឋធម្មនុញ្ញ និងសិទ្ធិរបស់ពលរដ្ឋទូទាំងប្រទេសនោះទេ»។
ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត នេះ ក្រោយពេលដែលលោកបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចចាប់ខ្លួន ពលរដ្ឋណា ដែលចូលរួមបាតុកម្មប្រឆាំងនឹងគម្រោងកិច្ចសហប្រតិបត្តិតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) កាលពីថ្ងៃទី១៨ ខែសីហា ដែលមានប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេសរាប់ពាន់នាក់ ប្រមូលម្ដុំគ្នាបង្កើតក្រុមជជែកក្នុងបណ្ដាញប្រព័ន្ធតេឡេក្រាម (Telegram) ដើម្បីរៀបចំព្រឹត្តិការណ៍បាតុកម្មនៅក្រុងភ្នំពេញ។
នៅក្នុងព្រឹត្តិការណ៍នេះ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន និងលោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនពលរដ្ឋទ្រង់ទ្រាយធំ ហើយយុវជនសង្គម និងបុគ្គលិក អង្គការក្រៅរដ្ឋាភិបាលមួយចំនួន គឺជាគោលដៅ ដែលអាជ្ញាធរតាមឃ្លាំមើល និងចាប់ខ្លួនយ៉ាងឃោរឃៅ ដោយគ្មានដីកា និងគ្មានការផ្ដល់ដំណឹងដល់សាច់ញាតិ ឱ្យបានដឹងជាមុន។ បើទោះបីអ្នកទាំងនោះ ពុំបានចូលរួមជាមួយនឹងព្រឹត្តិការណ៍តវ៉ាប្រឆាំងទៅនឹងគម្រោង CLV-DTA នេះក្ដី។
ជាក់ស្ដែង យុវជនសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ៤នាក់ រួមមាន កញ្ញា រៀម ស្រី ពេជ្ររតនា លោក ធី ថន កញ្ញា កាត់ ស៊ីណាត និងកញ្ញា នឿន ស្រីណែត ត្រូវបានចាប់ខ្លួនចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែសីហា ហើយ តុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់»។ រីឯសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរម្នាក់ទៀត គឺកញ្ញា សើន ស្រីម៉ៃ ជាប់ពីបទ «ញុះញង់»។ អ្នកទាំង៥ ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារផ្សេងៗ គ្នា។
បន្ថែមពីនោះ បុគ្គលិកនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន អ្នកស្រី សាក់ កណ្ណិការ លោក ឈាង រិទ្ធី និងសមាជិកយុវជនអ្នកស្ម័គ្រចិត្ត ក្រុមអ្នកបន្តដំណើរ កញ្ញា ចៀន សុណា ក៏ត្រូវបានសមត្ថកិច្ចចាប់ និងចោទពីបទ «រួមគំនិតក្បត់» ផងដែរ។ អ្នកទាំងនេះ សុទ្ធសឹងតែជាយុវជន ដែលសកម្ម ចូលរួមកិច្ចការសង្គម ពុំបានពាក់ព័ន្ធនឹងផែនការផ្ដួលរំលំរដ្ឋាភិបាលនោះឡើយ។
អ្នកឃ្លាំមើល និងអង្គការជាតិអន្តរជាតិ បានរិះគន់យ៉ាងខ្លាំង វិធានការឃោរឃៅរបស់លោក ហ៊ុន ម៉ាណែត មកលើយុវជនសង្គមដោយចោទ និងចាប់ដាក់គុក គ្មានហេតុផលច្បាស់លាស់ ហើយថែមទាំងភ្ជាប់ពួកគេ ទៅនឹងព្រឹត្តិការណ៍ផ្ដួលរំលំរដ្ឋាភិបាល ដែលការណ៍នេះ គឺជា រឿងមិនពិតនោះឡើយ។ យុវជនទាំងនោះ កាលនៅមានសេរីភាព ពួកគេគ្រាន់តែបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសស៊ុក អំពីរឿងអយុត្តិធម៌សង្គម និងបង្ហាញពីការឈឺចាប់ ដែលយុវជនសង្គមផ្សេងទៀតជាមិត្តភ័ក្ដិ ត្រូវបានចាប់ខ្លួនទាំងអយុត្តិធម៌។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បណ្ឌិត សេក សុជាតិ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៥ ខែ សីហាថា ការចាប់ខ្លួនសកម្មជនសង្គម ដែលភ្ជាប់ទៅនឹងព្រឹត្តិការណ៍ ផ្ដួលរំលំរដ្ឋាភិបាលនោះ ហាក់ពុំឆ្លុះបញ្ចាំងអំពីការពិតជាក់ស្ដែងនោះទេ។ លោកថា រដ្ឋាភិបាលគួរតែពិចារណាឡើងវិញ ហើយធានានូវសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋឱ្យបានទូលំទូលាយ ដែលមានចែងនៅក្នុងច្បាប់។
បណ្ឌិត សេក សុជាតិ៖ «យើងដឹងហើយថា យុវជន គឺជាអ្នកដឹកនាំបន្តវេនសង្គម ហើយនៅពេលដែលយើង បំផ្លាញយុវជន ស្មើនឹងយើងបំផ្លាញប្រទេស នៅថ្ងៃអនាគត។ ដូច្នេះ វាគឺជាបញ្ហា ដែលរដ្ឋាភិបាលគួរតែពិចារណាសារឡើងវិញ ហើយដោះស្រាយដោយសន្តិវិធី មិនគួរប្រើប្រាស់មធ្យោបាយហិង្សា បង្ខិតបង្ខំឱ្យគេទទួលយកកំហុស ទាំងដែលគេមិនបានធ្វើនោះទេ»។
កាលពីថ្ងៃទី២៨ ខែសីហា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញសេចក្ដីថ្លែងការណ៍ពាក់ព័ន្ធនឹងអាជ្ញាធររដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ចាប់ខ្លួនមនុស្សចំនួន ៩៤នាក់ ដោយសារពួកគាត់មិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម។
អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងពីរ ពិនិត្យឃើញថា ក្នុងចំណោមមនុស្ស ៩៤នាក់ ដែលត្រូវបានចាប់ខ្លួននោះ មាន៥៩នាក់ គឺជាសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជនផ្សេងៗ ទៀត រួមទាំងកុមារមួយចំនួនផងដែរ។ អ្នកទាំង ៥៩នាក់ កំពុងជាប់ឃុំបណ្ដោះអាសន្ន និងជាប់ចោទពីបទញុះញង់ និងរួមគំនិតក្បត់ ដោយសារតែការបញ្ចេញទស្សនៈដោយសន្តិវិធី។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ និងអង្គការលើកលែងទោសអន្តរជាតិ ទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ លុបចោលការចោទប្រកាន់ និងប្រគល់សេរីភាពជូនពួកគាត់ឡើងវិញ៕
Damn! Manet turns himself into the worst dictator the world would ever see! នេះដូចពាក្យស្លោកថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! ថាឪចុះមិនបានចូលរៀនឲ្យបានជ្រៅជ្រះ តែអាកូនគ្មានគំនិតនេះបានទទួលចំណេះដឹងគួរសមដែរ តែបែជាទីងមោងជាងឪវាទៅទៀត!