ដោយ ទីន ហ្សាការីយ៉ា
2024.09.04
RFA
លោក ហ៊ុន ម៉ាណែត និងមន្ត្រីក្រោមបង្គាប់របស់លោក ទៅធ្វើទស្សនកិច្ចតាមខេត្តជាយដែន នៅបង្គោលខ័ណ្ឌព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម លេខ៦៥ នៅក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
ក្រសួងព័ត៌មាននឹងចាប់ផ្ដើមរៀបចំដំណើរទស្សនកិច្ច ទៅខេត្តភាគឦសាន ដោយអះអាងថា ដើម្បីផ្តល់ឱកាសឱ្យពលរដ្ឋ និងយុវជន ឃើញជាក់ស្ដែង អំពីការអភិវឌ្ឍតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម។ ទោះជាយ៉ាងណាក្ដី មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ដំណើរទស្សនកិច្ចនេះ នឹងគ្មានប្រយោជន៍ឡើយ។
មន្ត្រីសង្គមស៊ីវិល និងគណបក្សប្រឆាំងមើលឃើញថា ដំណើរទស្សនកិច្ចទៅខេត្តភាគឦសាន គឺគ្រាន់តែជាការកម្សាន្តបែបទេសចរណ៍ ដើម្បីបង្វែរដានពលរដ្ឋឱ្យភ្លេច អំពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DATA) និងបញ្ហាជម្លោះព្រំដែនក្នុងខេត្តមួយចំនួន ដែលពលរដ្ឋខ្មែរត្អូញត្អែរ ពីការបាត់បង់ដីស្រែចម្ការ និងភូមិមួយចំនួន ទៅវៀតណាមគ្រប់គ្រង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៤ កញ្ញាថា កម្មវិធីនេះ គួរតែជាការងាររបស់គ្រឹះស្ថានអប់រំ ឬមហាវិទ្យាល័យ ជាដើម ដែលលោកគ្រូ អ្នកគ្រូ ដឹកនាំសិស្សនិស្សិត សិក្សាស្វែងយល់ឱ្យស៊ីជម្រៅអំពីស្ថានភាពព្រំដែន និងជម្លោះព្រំដែនជាដើម។
លោកថា ទង្វើនេះនឹងមិនផ្តល់ផលចំណេញ ដល់សង្គមជាតិនោះឡើយ ប្រសិនបើមិនឱ្យសាធារណជន ចុះទៅជួបពលរដ្ឋរងគ្រោះដោយផ្ទាល់ ដើម្បីស្វែងយល់ពីទុក្ខលំបាករបស់ពួកគាត់ ទាក់ទិនការបាត់បង់ដីស្រែចម្ការ ទៅវៀតណាម ក្នុងខេត្តត្បូងឃ្មុំ បន្ទាប់ពីបោះបង្គោលព្រំដែនរួចរាល់។
លោក ម៉ែន ណាត៖ «ប៉ុន្តែថ្នាក់នាយករដ្ឋមន្ត្រីថ្នាក់ក្រសួងបង្កើតរឿងអ៊ីចឹងឲ្យប្រជាពលរដ្ឋទៅមើលគឺវាអត់មានប្រយោជន៍ នៅតែបង្កើតការសង្ស័យនៅតែបង្កើតការបារម្ភធ្វើឲ្យប្រជាពលរដ្ឋមិនជឿទៅលើរដ្ឋាភិបាលដដែល រឿងកាន់តែធ្វើឲ្យប្រជាជនមិនទុកចិត្តជាងគេគឺរដ្ឋាភិបាលឃុបឃិតជាមួយវៀតណាម»។
ប្រតិកម្មធ្វើឡើងបន្ទាប់ពី កាលពីពេលថ្មីៗ នេះ ក្រសួងព័ត៌មានបានជូនដំណឹងឱ្យពលរដ្ឋ និងយុវជនចុះឈ្មោះជាមុន ដើម្បីទទួលបានសិទ្ធិធ្វើដំណើរទស្សនកិច្ចទិសឦសានលើកទី១ នឹងចាប់ផ្ដើមធ្វើដំណើរទៅកាន់តំបន់តាមបណ្ដោយព្រំដែនក្នុង ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីរដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែននៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឡាំ ជា បាននៅឡើយទេនៅថ្ងៃទី៤ កញ្ញា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
តែយ៉ាងណា ក្រសួងព័ត៌មានជូនដំណឹថា កម្មវិធីនេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមថ្ងៃទី ០៧ ខែកញ្ញាខាងមុខនេះ រហូតដល់ចុងឆ្នាំ ២០២៤ ដោយមានមនុស្សចូលរួមមួយលើក ២០០ រយនាក់។
រីឯរាល់ការចំណាយទាំងអស់ឧបត្ថម្ភដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា ព្រមទាំងជំនួយសប្បុរសជន។ ក្រសួងអះអាងថា ដំណើរទស្សនកិច្ចនេះនឹងមិនចំណាយថវិការដ្ឋ និងកញ្ចប់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននោះឡើយ។
ជុំវិញរឿងនេះអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ទង្វើនេះគ្រាន់តែជានយោបាយប្រជាភិថុតិរបស់លោក ហ៊ុន ម៉ាណែត ដើម្បីរម្ងាប់ចិត្តពលរដ្ឋ ដែលប្រឆាំងតវ៉ា មិនពេញចិត្តនឹងគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DATA)។
លោកថា រដ្ឋាភិបាលគួរតែនាំពលរដ្ឋស្វែងយល់ពីការបាត់បង់ដីខ្មែរទៅវៀតណាមគ្រប់គ្រង ក្នុងខេត្តត្បូងឃ្មុំ និងតំបន់អូរហ៊ុជ ក្នុងខេត្តមណ្ឌលគិរី ជាដើម។
លោក អ៊ុំ សំអាន៖ «ដែលប្រជាពលរដ្ឋទៅពួកគាត់ប្រហែលជាមិនអាចស្វែងយល់ពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាមបាននោះទេ ឈ្មោះគេព្យាយាមបង្វែងបានឲ្យប្រជាពលរដ្ឋមិនឲ្យពលរដ្ឋយល់ដឹងពីការបាត់បង់ទឹកដីនៅតាមព្រំដែន ឬក៏ប្រជាពលរដ្ឋដែលរងទំនាស់បាត់បង់ដីធ្លីដោយសារការបោះបង្គោលព្រំដែន»។
លោក អ៊ុំ សំអាន ត្រូវអាជ្ញាធរចាប់ខ្លួនទាំងមានអភ័យឯកសិទ្ធិសភា ដាក់ពន្ធនាគារជាង ២ឆ្នាំ ក្រោយពីលោកបានតស៊ូមតិ មិនពេញចិត្តនឹងអាជ្ញាធរបោះបង្គោលព្រំដែនចូល ធ្វើឱ្យបាត់បង់ដីខ្មែរ ទៅវៀតណាម ក្នុងខេត្តមួយចំនួន។
ជនជាតិដើមភាគតិចរស់នៅខេត្តមណ្ឌលគិរីថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ស្នើឱ្យរដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យពលរដ្ឋស្វែងយល់ ពីបញ្ហាព្រំដែនគ្រប់តំបន់ទាំងអស់ ព្រមទាំងតំបន់ព្រំដែនមានជម្លោះជាមួយវៀតណាម ប្រសើរជាងបង្ហាញតែចំណុចល្អៗ។
ពលរដ្ឋលាក់ឈ្មោះ៖ «តំបន់មានបញ្ហាខ្ញុំគិតថាប្រសិនបើមានកម្មវិធីទៅមើលក៏ល្អដែរ ដើម្បីឲ្យប្រជាជនឬក៏សហគមន៍ទៅមើល ថាកន្លែងនេះខ្វះខាតកន្លែងនោះអាចទទួលយកបានហើយ អញ្ចឹងទៅប្រជាពលរដ្ឋយើងអាចទទួលបានព័ត៌មាន លេងមានមន្ទិលសង្ស័យ»។
កន្លងទៅរដ្ឋាភិបាលបានរឹតត្បិត និងគំរាមកំហែងពលរដ្ឋ និងយុវជនមិនឱ្យចុះពិនិត្យតំបន់ព្រំដែនក្នុងខេត្តមួយចំនួនដែលពលរដ្ឋត្អូញត្អែរ បាត់បង់ភូមិបុរាណ និងដីស្រែចម្ការទៅវៀតណាមកាន់កាប់ បន្ទាប់ពីបោះបង្គោលព្រំដែនរួច។
រីឯសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីឆ្នាំ២០២០ បន្ទាប់ពីលោកចុះទៅ ពិនិត្យមើលបង្គោលព្រំដែន ដើម្បីប្រមូលបានព័ត៌មានទាក់ទងនឹងទាហានវៀតណាម ឆ្លងដែនមកឈ្លានពានអធិបតេយ្យកម្ពុជា ពាក់ឯកសណ្ឋានយោធាប្រដាប់ដោយកាំភ្លើង ដេញអ្នកភូមិត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មិនឲ្យធ្វើស្រែ នៅលើដីខ្មែរក្បែរតំបន់ព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។