អ្នក​តាមដាន​ថា ការ​ផ្តល់​ជំនួយ​យោធា​ឱ្យ​កម្ពុជា​ជា«យុទ្ធសាស្រ្ត​ការ​ទូត»​របស់​ឥណ្ឌូណេស៊ី​​ជា​«បងធំ​ដែល​មាន​ឥទ្ធិពល​យោធា​ក្នុង​តំបន់»

០៥ កញ្ញា ២០២៤
លាស់ លីបលីប
វីអូអេខ្មែរ

រូបឯកសារ៖ ទិដ្ឋភាពនៃ​សកម្មភាព​ផ្តល់ជំនួយយោធា​របស់​ឥណ្ឌូណេស៊ី​ដល់​កងទ័ពជើងគោក​កម្ពុជា កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤។ (Courtesy photo of Indonesian Embassy Phnom Penh)
រូបឯកសារ៖ ទិដ្ឋភាពនៃ​សកម្មភាព​ផ្តល់ជំនួយយោធា​របស់​ឥណ្ឌូណេស៊ី​ដល់​កងទ័ពជើងគោក​កម្ពុជា កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤។ (Courtesy photo of Indonesian Embassy Phnom Penh)

ភ្នំពេញ — នាពេល​ថ្មីៗ​នេះ ​កម្ពុជា​ទទួល​បាន​សព្វា​វុធ​យោធា​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ​៥០ ​ម៉ឺន​ដុល្លារ​អាមេរិក ​ដោយ​ក្នុង​នោះ​រួមមាន​ កាំភ្លើង​ខ្លី​ កំាំភ្លើង​វែង ​និង​គ្រាប់​រំសេវ​ជាដើម។​ ជំនួយ​ឥត​សំណង​ដែល​ឥណ្ឌូណេស៊ី​ផ្តល់​ឱ្យ​កម្ពុជា ​កាល​ពី​ថ្ងៃទី​ ២៩​ ខែ​សីហា ​ឆ្នាំ​២០២៤​ រួម​មាន​កាំភ្លើង​ចំនួន​ ១៥០ ​ដើម ​កាំភ្លើង​ខ្លី​ប្រភេទ ​G2 ​Elite ​ចំនួន ​២០ ​ដើម ​គ្រាប់​កាំភ្លើង ​M16 ​ចំនួន ​៥០ ​ម៉ឺន​គ្រាប់​ និង​គ្រាប់​កាំភ្លើង​ខ្លី​ចំនួន​ ៥០​ម៉ឺ ន​គ្រាប់។​

អាវុធ​យោធា​ទាំង​នេះ ​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​អាវុធ​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ដែល​មាន​ឈ្មោះ​ថា​ PT Pindad។​ ​នេះ​បើ​យោង​តាម​គេហ​ទំព័រ​របស់​ស្ថានទូត​សាធារណ​រដ្ឋ​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​ និង​សារ​ព័ត៌មាន ​Fresh News ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា។​


អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​យល់​ថា​ ជំនួយ​បែប​នេះ​ គឺ​ជា​រូប​ភាព​ល្អ​ដែល​អាច​បង្កើត​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ និង​ការ​ធ្វើ​ទំនើប​កម្ម​ក្នុង​វិស័យ​យោធា​កម្ពុជា​ ​ព្រម​ទាំង​កាត់​បន្ថយ​ការ​រិះ​គន់​ពី​បស្ចិម​ប្រទេស ​ដែល​ថា​ កម្ពុជា​មាន​ទំនោរ​ទៅ​ចិន។ ​ក្រៅ​ពី​នេះ ​អ្នក​តាម​ដាន​យល់​ថា ​វា​ក៏​ជា​យុទ្ធ​សាស្ត្រ​ការទូត​យោធា​របស់​ឥណ្ឌូណេស៊ី​ ដែល​ជា​សមាជិក​នៃ​ប្លុក​អាស៊ាន​ ដែល​ចង់​បង្ហាញ​ថា ​ខ្លួន​ក៏​មាន​ឥទ្ធិពល​យោធា​ក្នុង​តំបន់​ដែរ។​

លោក ​សេង វណ្ណលី ​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ ​ប្រាប់​វីអូអេ​ថា ​ការ​ផ្តល់​ជំនួយ​ផ្នែក​បច្ចេក​ទេស ​និង​សព្វាវុធ​ថ្មីៗ​របស់​ឥណ្ឌូណេស៊ី​មក​ឱ្យ​កម្ពុជា​នេះ ​គឺ​បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ​ជាង​មុន​ ជាពិសេស​បរិក្ខារ​ទាំង​នោះ​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ជាក់​ស្តែង​របស់​កម្ពុជា ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ក្នុង​វិស័យ​យោធា។ ​

លោក​យល់​ថា ​ការ​ពង្រីក ​និង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​សន្តិ​សុខ ​និង​យោធា​ជាមួយ​សមាជិក​ក្នុង​តំបន់ ​គឺ​បាន​សម្រាល​ការ​រិះគន់​របស់​បស្ចិម​ប្រទេស​មក​លើ​កម្ពុជា​ ដែល​ថា​ កម្ពុជា​ពឹង​ផ្អែក​តែ​លើ​ប្រទេស​ចិន ​ជា​ពិសេស​ពាក់​ព័ន្ធ​ទំនើប​កម្ម​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​ចិន​ផ្តល់​ជំនួយ។​

លោក​ថ្លែង​ថា៖ ​«កម្ពុជា ​តាម​ពិត​ទៅ​ព្យាយាម ​ធ្វើ​ពិពិធ​កម្ម​ទំនាក់​ទំនង​សន្តិសុខ​ និង​យោធា​រវាង​ប្រទេស​ក្នុង​តំបន់​ ក៏ដូច​ជា​បរទេស​ ជា​ពិសេស​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ជិត​ដិត​ជាមួយ​ប្រទេស​បស្ចិម​លោក ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា​ កម្ពុជា​មិន​ពឹង​ផ្អែក​តែ​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​យោធា ​និង​សន្តិ​សុខ​ជាមួយ​ចិន​តែ​ម្យ៉ាង​ទេ។ ​

ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ ការ​ពង្រីក ​និង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​សន្តិសុខ​ និង​យោធា​ជាមួយ​សមាជិក​ក្នុង​តំបន់​ វា​នឹង​ជួយ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន ​សម្រាលពី​ការ​រិះគន់​ពី​បស្ចិម​លោក ​ដែល​តែង​តែ​លើក​ឡើង​ថា​ កម្ពុជា​ពឹង​ផ្អែក​ទៅ​លើ​សន្តិសុខ​យោធា​ទៅ​លើ​ចិន»។​

រូបឯកសារ៖ ទិដ្ឋភាពនៃ​សកម្មភាព​ផ្តល់ជំនួយយោធា​របស់​ឥណ្ឌូណេស៊ី​ដល់​កងទ័ពជើងគោក​កម្ពុជា កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤។ (Courtesy photo of Indonesian Embassy Phnom Penh)
រូបឯកសារ៖ ទិដ្ឋភាពនៃ​សកម្មភាព​ផ្តល់ជំនួយយោធា​របស់​ឥណ្ឌូណេស៊ី​ដល់​កងទ័ពជើងគោក​កម្ពុជា កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៤។ (Courtesy photo of Indonesian Embassy Phnom Penh)

បន្ថែម​ពី​នេះ​ ​លោក​ សេង វណ្ណលី ​កត់​សម្គាល់​ថា ​ការ​បង្កើន​ជំនួយ​សព្វាវុធ​នេះ​ក៏​ជា​យុទ្ធ​សាស្ត្រ​ការទូត​យោធា​របស់​ឥណ្ឌូណេស៊ី​ ដែល​ឥណ្ឌូណេស៊ី​ចង់​បង្ហាញ​ខ្លួន​ជា​ «បង​ធំ​ដែល​មាន​ឥទ្ធិពល​យោធា​ក្នុង​តំបន់»​ ក្នុង​ពេល​ដែល​មាន​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​កាន់​តែ​ខ្លាំង។​

លោក​បន្ថែម​ថា៖ ​«ការ​ធ្វើ​ទំនើប​កម្ម​ ឬ​ការ​ពង្រឹង​ពង្រីក​វិស័យ​សន្តិ​សុខ​យោធា​របស់​ឥណ្ឌូណេស៊ី ​គឺ​ចង់​បង្ហាញ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ ជាពិសេស​ចិន​តែ​ម្តង ​[ឃើញ]​ថា​ ឥណ្ឌូណេស៊ី ​គឺ​ជា​ប៉ូល​មួយ​ដែល​អព្យាក្រឹត ​ហើយ​ជា​ប៉ូល​ឯករាជ្យ​ ហើយ​ជា​ប៉ូល​មួយ​ដែល​ចង់​រក្សា​តុល្យភាព​របស់​អាស៊ាន​ក្នុង​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​ចិន ​និង​អាមេរិក។ ​ហើយ​ឥណ្ឌូណេស៊ី​គឺ​ជា​ប្រទេស​ដែល​នឹង​មិន​ចុះញ៉ម​ទៅ​នឹង​ការ​វាតទី​លើ​ភូមិ​សាស្ត្រ​នយោបាយ​ ជាពិសេស​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ក៏ដូច​ជា​ទីតាំង​ដែល​ឥណ្ឌូណេស៊ី​មាន​ជម្លោះ​ដោយ​ប្រយោល»។​

អ្នក​វិភាគ​នយោបាយ​ និង​សង្គម​ លោក​ មាស នី​ យល់​ថា​ ការ​ផ្តល់​ជំនួយ​យោធា​របស់​ឥណ្ឌូណេស៊ី​មក​កម្ពុជា​នេះ ​គឺ​ជា​កាយ​វិការ​ល្អ​មួយ។​ ប៉ុន្តែ​លោក​ចោទ​សួរ​ថា​ តើ​កម្ពុជា​នឹង​ប្រើប្រាស់​បរិក្ខារ​ទាំង​នោះ​ក្នុង​គោល​បំណង​អ្វី?​

លោក​ប្រាប់​វីអូអេ​ថា៖ ​«គិត​ថា​ល្អ ​ក៏​ប៉ុន្តែ​សំខាន់​ត្រង់​ថា​ តើ​កម្ពុជា​នឹង​យក​គ្រឿង​ឧបករណ៍​យោធា​មក​ប្រើ​ក្នុង​បំណង​អ្វី ​ព្រោះ​សព្វ​ថ្ងៃ ​កំពុង​តែ​មាន​ការ​ប្រទាញ​ប្រទង់​រិះគន់​ទៅ​លើការ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ត្រៀម​លក្ខណៈ​បង្ក្រាប​លើ​បាតុកម្ម​ រឿង​អ្វី​[ផ្សេង]»។​

ការ​ប្រគល់​បរិក្ខារ​យោធា​ដល់​កម្ពុជា​នេះ​ ​ធ្វើ​ឡើង​នៅ​ព្រលាន​យន្ត​ហោះ​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី​២៩ ​ខែ​សីហា ​ក្រោម​វត្តមាន​ឯកអគ្គ​រដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា ​លោក​ Santo Darmosumarto ​និង​នាយ​ឧត្តម​សេនីយ៍ ​ម៉ៅ សុផាន់ ​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ ហើយ​ចំ​ថ្ងៃ​គម្រប់​ខួប​លើក​ទី ​៦៥ ​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។​

បើ​តាម ​គេហ​ទំព័រ​របស់​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​ ជំនួយ​យោធា​ទាំង​នេះ​ផលិត​ដោយ​ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​យោធា​របស់​ប្រទេស​ឥណ្ឌូណេស៊ី ​គឺ​ក្រុម​ហ៊ុន ​PT PINDAD។ ​ស្ថានទូត​ឥណ្ឌូណេស៊ី​បាន​ស្រង់​សម្តី​របស់​ឯក​អគ្គ​រដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា ​លោក​ Santo Darmosumarto​ យ៉ាង​ដូច្នេះ​ថា​ វាជា​រឿង​សំខាន់​ដែល​ឥណ្ឌូណេស៊ី ​និង​កម្ពុជា ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង ​និង​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​ គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្កើន​សមត្ថភាព​យោធា​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ​ក្នុង​បរិយាកាស​សន្តិសុខ​សកល​ដែល​មិន​អាច​ទាយ​ទុក​មុន​បាន។​

ឯកអគ្គ​រដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា ​បាន​គូស​បញ្ជាក់​ថា ​ការ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ការពារ​ជាតិ ​និង​សន្តិសុខ​ទ្វេភាគី​ នឹង​រួម​ចំណែក​ជា​វិជ្ជមាន ​មិន​ត្រឹម​តែ​ឆ្ពោះ​ទៅ​រក​សន្តិ​ភាព ​និង​ស្ថិរ​ភាព​របស់​ប្រទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​របស់​តំបន់​ទាំង​មូល​ផង​ដែរ។​

វីអូអេ​មិន​ទាន់​អាច​សុំការ​បញ្ជាក់​ពី​អ្នកស្រី ​ម៉ាលី សុជាតា ​អនុ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ និង​លោក ​ម៉ៅ សុផាន់ ​អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​បាន​នៅ​ឡើយ​ទេ។​

នៅ​មុន​ថ្ងៃ​ប្រគល់​បរិក្ខារ​យោធា​ទាំង​នោះ ​រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី​បាន​មក​បំពេញ​ទស្ស​កិច្ច​នៅ​កម្ពុជា ​កាល​ពី​ថ្ងៃទី​២១ ខែ​សីហា។​

រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា ​និង​ឥណ្ឌូណេស៊ី ​បាន​ជួប​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​សន្តិសុខ ​និង​ការពារ​ជាតិ។​ រដ្ឋមន្ត្រី​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ឡើង​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​ដែល​មាន​ស្រាប់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ ជាពិសេស​ការ​ជួញដូរ​មនុស្ស​ ដោយ​ត្រូវ​អនុវត្ត​យ៉ាង​ពេញ​លេញ ​និង​មាន​ប្រសិទ្ធ​ភាព​នូវ​លិខិត​តុបករណ៍​ពាក់​ព័ន្ធ​ ក្រោម​ក្រប​ខណ្ឌ​ទ្វេ​ភាគី ​និង​អាស៊ាន។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ដែល​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ។​

បន្ថែម​ពីនេះ ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ពង្រឹង​នូវ​មជ្ឈភាព ​ឬ​ភាព​នៅ​កណ្តាល ​និង​ឯកភាព​អាស៊ាន​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូ​នានា តាម​យន្តការ​អាស៊ាន ​ព្រម​ទាំង​ប្តេជ្ញា​ចំពោះ​ទស្សនៈ​វិស័យ​ ស្តីពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ ដែល​ជា​មគ្គ​ទេសក៍​ សម្រាប់​ការ​ចូលរួម​របស់​អាស៊ាន​នៅ​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ និង​តំបន់​មហា​សមុទ្រ​ឥណ្ឌា​ផង​ដែរ៕

What Next?

Recent Articles

Leave a Reply

Submit Comment