ជប៉ុនផ្ដល់ប្រាក់កម្ចីជាង ៥៥លានដុល្លារដល់កម្ពុជាដើម្បីបង្កើនការផ្គត់ផ្គង់ភ្លើងអគ្គិសនីក្នុងក្រុងភ្នំពេញ

កម្ពុជា
06/09/2024 – 14:10
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នេះ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំប្រទេសកម្ពុជាបានចុះហត្ថលេខាផ្ដល់កម្ចីសម្បទានដល់កម្ពុជាចំនួន ៧ ៩៨៨លានយ៉េន ឬស្មើប្រមាណ ៥៥លានដុល្លារអាមេរិកដើម្បីឱ្យកម្ពុជាពង្រីកបណ្ដាញអគ្គិសនីក្នុងទីក្រុងភ្នំពេញ។ ការផ្ដល់កម្ចីនេះត្រូវបានទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន JICA អះអាងថា គឺដើម្បីជួយសម្រេចគោលបំណងរបស់កម្ពុជាក្នុងការពង្រឹងអគ្គិសនីក្នុងទីក្រុងភ្នំពេញ។

ជប៉ុនផ្ដល់ប្រាក់កម្ចីជាង ៥៥លានដុល្លារដល់កម្ពុជាដើម្បីបង្កើនការផ្គត់ផ្គង់ភ្លើងអគ្គិសនីក្នុងក្រុងភ្នំពេញ


ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធស្ដីពីការផ្ដល់កម្ចីប្រមាណ ៥៥លានដុល្លាររបស់ជប៉ុនឲ្យកម្ពុជាបានប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិដោយមានវត្តមានចូលរួមពីលោកសុខ ចិន្តាសោភា រដ្ឋមន្ដ្រីក្រសួងការបទេស និងលោក អឹអិនុ អាត្សឺស៊ិ ឯកអគ្គរាជទូតវិសាមញ្ញរបស់ជប៉ុនប្រចាំកម្ពុជា។ នៅក្នុងទំហំទឹកប្រាក់ប្រមាណ ៥៥លានដុល្លារនេះ ជប៉ុនបានផ្ដល់ឱ្យកម្ពុជាដើម្បីអនុវត្តលើគម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយភ្លើងអគ្គិសនីក្នុងទីក្រុងភ្នំពេញ។ ទន្ទឹមគ្នានេះ និងបើតាមក្រសួងការបរទេសកម្ពុជាដដែល ប្រាក់កម្ចីរបស់ជប៉ុនពេលនេះក៏ជាការជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែរ។

ទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិជប៉ុន JICA បានបញ្ជាក់ឱ្យដឹងថា កម្ចីនេះនឹងជួយសម្រេចគោលបំណងរបស់កម្ពុជាក្នុងការពង្រឹងស្ថិរភាពនៃការផ្គត់ផ្គង់ភ្លើងអគ្គិសនីនៅក្នុងរាជធានីភ្នំពេញតាមរយៈការផ្តល់ឲ្យនូវអនុស្ថានីយ បណ្ដាញបញ្ជូន បណ្ដាញចែកចាយ និងសម្ភារៈបរិក្ខារពាក់ព័ន្ធថ្មី ព្រមទាំងការស្តារឡើងវិញនូវអនុស្ថានីយដែលមានស្រាប់។ វិទ្យុបារាំងអន្ដរជាតិ RFI មិនទាន់ទទួលបានការឆ្លើយតបពីលោកហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលទេ គិតត្រឹមរសៀលថ្ងៃទី៦ កញ្ញា។  

ជប៉ុនផ្ដល់ប្រាក់កម្ចីជាង ៥៥លានដុល្លារដល់កម្ពុជាដើម្បីបង្កើនការផ្គត់ផ្គង់ភ្លើងអគ្គិសនីក្នុងក្រុងភ្នំពេញ
ជប៉ុនផ្ដល់ប្រាក់កម្ចីជាង ៥៥លានដុល្លារដល់កម្ពុជាដើម្បីបង្កើនការផ្គត់ផ្គង់ភ្លើងអគ្គិសនីក្នុងក្រុងភ្នំពេញ © TVK

ជាការកត់សម្គាល់នៅទីក្រុងភ្នំពេញ អគ្គិសនីកម្ពុជាតែងប្រកាសផ្ដាច់រន្ដអគ្គិសនីញឹកញាប់ក្នុងមួយថ្ងៃៗដោយលើកយកមូលហេតុទៅពន្យល់ថា ក្រុមការងារបច្ចេកទេសត្រូវធ្វើការជួសជុលបរិក្ខារ ឬផ្លាស់ប្ដូរឧបករណ៍អគ្គិសនីជាដើម។ គួរបញ្ជាក់ថា ក្រៅពីបានផ្ដល់ប្រាក់កម្ចីពេលនេះ ជប៉ុនធ្លាប់បានផ្ដល់ជំនួយ ជិត២លានដុល្លារសម្រាប់ពង្រីកបណ្តាញអគ្គិសនីនៅទីក្រុងភ្នំពេញកាលពីខែកក្កដា ឆ្នាំ២០២៤៕

What Next?

Recent Articles

Leave a Reply

Submit Comment