លោក ហ៊ុន ម៉ាណែត ប្តេជ្ញា​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ឥណ្ឌូណេស៊ីក្រោម​ការ​ដឹកនាំ​របស់​លោក Prabowo Subianto

០៦ កញ្ញា ២០២៤
ស៊ុន ណារិន
វីអូអេខ្មែរ

លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​បានជួបជាមួយ​លោក Prabowo Subianto ដែល​នឹង​កាន់ដំណែង​ជាប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្មី។
លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​បានជួបជាមួយ​លោក Prabowo Subianto ដែល​នឹង​កាន់ដំណែង​ជាប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្មី។

ភ្នំពេញ — នៅ​ក្នុង​ជំនួប​មួយនៅថ្ងៃសុក្រនេះ មេដឹកនាំ​កម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា ​លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេចនៅក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​កម្ពុជានិង​ឥណ្ឌូណេស៊ី​ ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី ​គឺ​លោក Prabowo Subianto ដែល​នឹង​ចូល​កាន់​តំណែង​ជា​ប្រធានា​ធិបតី​ឥណ្ឌូណេស៊ី​ក្នុង​ខែ​តុលា​ខាង​មុខ។

លោក Prabowo ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ ទាំង​លោក ហ៊ុន ម៉ាណែត ​និង​លោក Prabowo ​បាន​ប្តេជ្ញា​បន្ត​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។ នេះ​បើ​តាម​សារ​ដែល​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បានគូស​បញ្ជាក់​ពី​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំងពីរ ព្រម​ទាំង​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​បន្តពង្រឹង និង​ពង្រីក​ទំនាក់​ទំនង​ឥណ្ឌូណេស៊ី-កម្ពុជា​ឱ្យកាន់​តែ​ជិត​ស្និទ្ធ និងរឹងមាំ​ថែម​ទៀត។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​លោក Prabowo នាពេលនេះ «នឹង​ចូលរួម​ពូនជ្រំ» ទំនាក់​ទំនងនិង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​ថែមទៀត។

ដំណើរ​ទស្សនកិច្ច​របស់​លោក Prabowo កើត​ឡើង​ក្រោយ​កម្ពុជា​ទទួល​បាន​សព្វា​វុធ​យោធា​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ​៥ ០​ម៉ឺន​ដុល្លារ​អាមេរិក ​ដោយ​ក្នុង​នោះ​រួមមាន​កាំភ្លើង​ខ្លី​ កំាំភ្លើង​វែង ​និង​គ្រាប់​រំសេវ​ជាដើម កាល​ពី​ថ្ងៃទី៣០ ​ខែ​សីហាកន្លងទៅ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន ម៉ាណែត និង​លោក Prabowo ក៏​បាន​ផ្លាស់​ប្តូរទស្សនៈ​អំពីការពង្រឹង​ និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី លើវិស័យ​សក្ដានុពល​មួយចំនួន​មាន​ជាអាទិ៍វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជ​កម្ម​ ការពារជាតិ​និងសន្ដិសុខ កសិកម្ម​ និង​ទេសចរណ៍ រួមទាំងការពិចារណា​លើ​លទ្ធភាព​ក្នុង​ការបង្កើន​ជើង​ហោះហើរត្រង់​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា​ កម្ពុជា​និង​ឥណ្ឌូណេស៊ី​កំពុង​ប្រារព្ធ​ខួប​លើក​ទី​ ៦៥ ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត ក្នុង​ឆ្នាំ​ ២០២៤ នេះ៕

What Next?

Recent Articles

Leave a Reply

Submit Comment