សាច់ញាតិ​ឈឺ​ចាប់ ដែល​តុលាការ​ឃុំ​ខ្លួន​លោក ចៅ វាសនា ដោយ​អយុត្តិធម៌

ដោយ ហ៊ុំ ចំរើន
2024.09.05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាច់ញាតិ​ឈឺ​ចាប់ ដែល​តុលាការ​ឃុំ​ខ្លួន​លោក ចៅ វាសនា ដោយ​អយុត្តិធម៌

លោក ចៅ វាសនា ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​កំពុងជាប់ឃុំ​ក្នុង​ពន្ធនាគារ។ Photo: RFA


សាច់ញាតិ​ឈឺ​ចាប់ ដែល​តុលាការ​បន្ត​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​ខេត្ត​បន្ទាយមានជ័យ លោក ចៅ វាសនា ដោយ​អយុត្តិធម៌ ខណៈ​លោក​មាន​ជំងឺ​ប្រចាំ​កាយ ដែល​ត្រូវ​ព្យាបាល​ជា​ប្រចាំ។ មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​លើក​ឡើង​ថា រឿង​នេះ ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ។

កូន​ស្រី​ជន​ជាប់​ចោទ​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ឪពុក​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​លោក ចៅ វាសនា មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។

ចៅ​សង្កាត់​រង​ទី២ សង្កាត់ប៉ោយប៉ែត និង​កូន​ស្រី​លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៥ កញ្ញា​ថា ការ​បន្ត​ឃុំ​ខ្លួន​ឪពុក​អ្នក​ស្រី​នេះ​មិន​បាន​ផល់​ចំណេញ​អ្វី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​​ធ្វើ​គ្រួសារ​ព្រម​ទាំង​លោក ចៅ វាសនា មាន​ការ​ឈឺ​ចាប់​កាន់​តែ​ខ្លាំង ដើម្បី​ចូល​រួម​ជា​មួយ​​អ្នក​ប្រជាធិបតេយ្យ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ។

អ្នកស្រី ចៅ រតនៈ៖ «បែប​នេះ គឺ​វា​អយុត្តិធម៌​បំផុត​សម្រាប់​ឪពុក​ខ្ញុំ ហើយ​ឪពុក​ខ្ញុំ គាត់​ផ្ដោត​ថា​ មូលហេតុ​ដែល​​គាត់​មិន​អាច​ទាមទារ​រក​យុត្តិធម៌​បាន​ ដោយសារ​តែ​គាត់​ជា​មន្ត្រី​នៅ​ក្នុង​គណបក្ស​ប្រឆាំង។​ប៉ុន្តែ​បើ​សិន​ជា​គាត់​មិន​មែន​ជា​មន្ត្រី​នៅ​ក្នុង​គណបក្ស​ប្រឆាំង​​ប្រហែល​ជា​ងាយ​ស្រួល​ទាមទារ​រក​យុត្តិធម៌​ជូន​ខ្លួន​ឯង នេះ​ជា​ប្រសាសន៍​របស់​ឪពុក​ខ្ញុំ នៅ​ថ្ងៃ​ដែល​តុលាការ​សម្រេច​ឱ្យ​គាត់​ជាប់​ពន្ធនាគារ»

អ្នក​ស្រី​បន្ត​ថា លោក ចៅ វាសនា វ័យ​កាន់​តែ​ចាស់​និង​មាន​សុខភាព​ទ្រុឌទ្រោម ខណៈ​លោក​មាន​ជំងឺ​ភ្នែក និង​លើស​ឈាម ដែល​ត្រូវ​ការ​ព្យាបាល​ជា​ប្រចាំ។ អ្នក​ស្រី​បន្ថែម​ថា មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ចៅ វាសនា បាន​ប្ដឹង​ទាស់​ទៅ​តុលាការ​កំពូល​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោយ​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី៣ ខែ​ឧសភា​កន្លង​ទៅ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​បើក​សវនាការ​នៅ​ឡើយ​ទេ។

Chao_Ratanak_and_Chao_Veasna_052422_Chao_Ratanak_FB.jpg
រូបថតឯកសារ៖ អ្នកស្រី ចៅ រតនៈ (ខាងឆ្វេង) និង​លោក ចៅ វាសនា កាល​ពី​ក្នុង​អំឡុងពេល​ឃោសនា​រកស​សំឡេង​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកអ្នកស្រី ចៅ រតនៈ

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល អ្នកស្រី មៅ ធីតា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៥ កញ្ញា។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក នី សុខា នៅ​តែ​យល់​ឃើញ​ថា ​រឿង​ក្ដីក្ដាំ​របស់​លោក​ ចៅ វាសនា ក៏​មិន​ខុស​ពី​សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​សង្គម​ដទៃ​ទៀត ដែល​កំពុង​ជាប់​ឃុំ ពួកគេ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ទេ ហើយ​តុលាការ​គួរតែ​ដោះ​លែង​ពួក​គេ​ឱ្យ​មាន​សេរីភាព​វិញ។ លោក​បញ្ជាក់​ថា អ្នក​ទាំង​នោះ​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ព្រោះ​ពួក​គេ​សម្ដែង​មតិ​ដោយ​សន្តិវិធី​ស្រប​ច្បាប់​ប៉ុណ្ណោះ។

លោក នី សុខា៖ «ការ​បញ្ចេញ​ទស្សនៈ​ការ​យល់​ឃើញ​អំពី​បញ្ហា​នយោបាយ​ការ​ទាស់​ទស្សនៈ ការ​ទាស់​គ្នា​ក្នុង​ទស្សនៈ​នយោបាយ អា​ហ្នឹង​មិន​មែន​ជា​អំពើ​អី ដែល​វា​ល្មើស​ទៅ​នឹង​ច្បាប់​ទេ។ អ៊ីចឹង​បាន​គេ​ថា ក្របខ័ណ្ឌ​នៃ​អ្នក​ទាំង​អស់​ហ្នឹង វា​ស្ថិត​នៅ​ក្នុង​ការ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ការ​បញ្ចេញ​មតិ ឬ​ជា​សិទ្ធិ​សេរីភាព នៅ​ក្នុង​ការ​ធ្វើ​នយោបាយ ដែល​ស្រប​ទៅ​នឹង​គោលការណ៍​ប្រទេស​យើង ដែល​ប្រកាន់​នូវ​ប្រជាធិបតេយ្យ​សេរី»

កាល​ពី​ថ្ងៃ​ទី៧ កុម្ភៈ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​សាលក្រម​សំណុំ​រឿង​របស់​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៣ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៦លាន​រៀល ហើយ​ត្រូវ​សង​សំណង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចំនួន ៨០លាន​រៀល ឬ​ប្រមាណ ២ម៉ឺន​ដុល្លារ។ សាលក្រម​នេះ ក៏​បាន​ដក​ហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​របស់​លោក ចៅ វាសនា រយៈ​ពេល ៥ឆ្នាំ។

អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ បាន​ចាប់​ខ្លួន​លោក ចៅ វាសនា ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​ កាល​​ពី​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង ពាក់ព័ន្ធ​នឹង​រឿង​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​គូស​ខ្វែង សន្លឹក​ឆ្នោត។ អាជ្ញាធរ​បាន​បញ្ជូន​លោក ចៅ វាសនា ទៅ​ឃុំ​ខ្លួន នៅ​ពន្ធនាគារ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី២៥ ខែកក្កដា ឆ្នាំ២០២៣។

លោក ចៅ វាសនា ធ្លាប់​ត្រូវ​បាន​តុលាការ​ខេត្តបន្ទាយមានជ័យ កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ម្ដង​រួច​មក​ហើយ ពី​បទ​ញុះញង់ និង​បាន​ចេញ​ពី​ពន្ធនាគារ​វិញ កាល​ពី​ដើម​ឆ្នាំ២០២២ បន្ទាប់​ពី​លោក​បាន​អនុវត្ត​ទោស​គ្រប់​ចំនួន ​រយៈពេល ៥ឆ្នាំ​ពេញ នៅ​ក្នុង​ពន្ធនាគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment