អាជីវក​តំបន់​អង្គរ​ស្នើ​ឱ្យ​អ្នក​នយោបាយ​សាមគ្គី​គ្នា​ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ

ដោយ ហ៊ុំ ចំរើន
2024.09.06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជីវក​តំបន់​អង្គរ​ស្នើ​ឱ្យ​អ្នក​នយោបាយ​សាមគ្គី​គ្នា​ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ

អាជីវក​លក់​ដូរ​ចល័ត នៅ​អែម​មាត់​ស្ទឹង​សៀមរាប នៅ​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ


ស្ត្រី​មេម៉ាយ​លក់​ដូរ​ខ្នាត​តូច​ចល័ត និង​អ្នក​ផ្តល់​សេវាកម្ម​ទេសចរ​ក្នុង​តំបន់​អង្គរ​ខេត្ត​សៀមរាប​កំពុង​មាន​សម្ពាធ​ផ្លូវ​ចិត្ត និង​ជួប​បញ្ហា​ជា​ច្រើន​ផ្នែក​ជីវភាព ​ដោយសារ​ការ​ស្វែង​រក​ប្រាក់​ចំណូល របស់​ពួកគាត់​កាន់​តែ​យ៉ាប់​យឺន​ខ្លាំង។
បញ្ហា​នេះ​ពួកគាត់​បាន​ទម្លាក់​កំហុស​លើ​វិបត្តិ​នយោបាយ​អូស​បន្លាយ​ពេល​​ ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​រយៈ​ពេល​វែង។
ក្រុម​អាជីវក​ទាំង​នោះ​ស្នើ​ឱ្យ​អ្នក​នយោបាយ​សាមគ្គី​គ្នា​ស្តារ​វិស័យ​នេះ ដើម្បី​សម្រាល​ជីវភាព​ពលរដ្ឋ​ឆាប់​រហ័ស។ 

ចាប់​ពី​ព្រឹក​ព្រលឹម​ស្រាងៗ​ពេល​ព្រះអាទិត្យ​រះ​រហូត​ដល់​ម៉ោង​ជាង ១១ព្រឹក ស្ទើរជារៀងរាល់ថ្ងៃ នៅ​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​សៀបរាប​រួម​មាន តំបន់​មាត់​ស្ទឹង​សៀមរាប, ​ផ្លូវ​ទៅ​ប្រាសាទ​អង្គរ​វត្ត និង​ផ្លូវ​ជា​ច្រើន​ទៀត ស្ទើរ​គ្រប់​តំបន់​នៅ​ទី​ប្រជុំជន​កំពុងមាន​ភាព​ស្ងប់ស្ងាត់​កាន់​តែ​ខ្លាំង ។
កន្លែង​ផ្តល់​សេវាកម្ម​ទេសចរណ៍​មួយ​ចំនួន ដែល​ធ្លាប់​មាន​មនុស្ស​ច្រើន​អ៊ូអរ ​មាន​អាជីវក​លក់ដូរ​យ៉ាង​សប្បាយ​រីករាយ ទឹក​មុខ​ញញឹម​រាក់ទាក់​  ក៏ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ហាង​លក់​ដូរ​តូច​ធំៗ​ជា​ច្រើន​កន្លែង​ បាន​បិទទ្វារ​ជា​បន្ត​បន្ទាប់ ហាង​ខ្លះ​ដាក់​ស្លាក​លក់ ឬ ជួល។ រីឯ​កន្លែង​ផ្តល់​សេវាកម្ម​ទេសចរណ៍​ខ្លះ​ទៀត បាន​បញ្ឈប់​បុគ្គលិក​ជា​បណ្តើរៗ ។

ស្ត្រី​មេម៉ាយ​ម្នាក់​កំពុង​អង្គុយ​លក់​នំប៉័ង អែប​មាត់​ស្ទឹង​សៀមរាប​ទឹក​មុខ​ស្រងូត​ស្រងាត់​ក្នុង​ស្ថានភាព​មិនសូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ច្រើន គឺ​អ្នកស្រី វី រីណា ​វ័យ ៤៤ឆ្នាំ រៀបរាប់​ថា លោកស្រី​បាន​ខ្ចី​ប្រាក់ ពី​វិស័យ​ឯកជន ដើម្បី​ធ្វើ​ដើមទុន​រកស៊ី​ដោយ​ត្រូវ​បង្វិល​សង​ម្ចាស់​បំណុល​វិញ​ប្រចាំ​ថ្ងៃ។ ក៏ប៉ុន្តែ​ប្រសិន​លក់​មិន​សូវ​ដាច់​ លោកស្រី​នឹង​ប្រឈម​បញ្ហា​ជាមួយ​ម្ចាស់​បំណុល។

លោក​ស្រី​បន្ថែម​ថា ការ​ថយ​ចុះ​ប្រាក់​ចំណូល​យ៉ាង​គំហុក​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​លោកស្រី​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ជាច្រើន​រួមមាន កាត់​បន្ថយ​របប​អាហារ ចាយ​វាយ​ត្បិត​ត្បៀត​ ហើយ​ម្យ៉ាង​ទៀត ​ត្រូវ​បង់​ថ្លៃ​បន្ទប់​ជួល ព្រមទាំង​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​ផង​ដែរ។

លោកស្រី វី រីណា៖ «មាន​ឯណា​យើង​ខ្ចី​លុយ​គេ​មក​រក​ស៊ី ​ព្រោះ​យើង​វា​អត់ ដើម្បី​បាន​ដើរ​មក​រក​ស៊ី​ហើយ​នេះ​ខ្ចី​លុយ​គេ​១​លាន​មក​ លុយ​រាប់​ឱ្យ​គេ​ខ្លះ​ទុក​ទៅ​ផ្សារ​ខ្លះ»

អ្នក​ផ្តល់​សេវាកម្ម​ទេសចរ​សង្កេត​ឃើញ​ថា អ្នក​លក់​ដូរ​ខ្នាត​តូច គឺ​ជា​អ្នក​រង​ផល​ប៉ះពាល់​ធ្ងន់​ជាង​គេ​ដោយសារ​ពួកគាត់ បាន​ចង់​ការ​ប្រាក់​ពី​វិស័យ​ឯកជន​ឬ​ហៅ​ថា លុយ​រាប់​ ដោយ​ត្រូវ​បង្វិល​សង​ម្ចាស់​បំណុល​ប្រចាំ​ថ្ងៃ ក្នុង​កម្រិត​ការ​ប្រាក់​ខ្ពស់​។

ក្រុម​អាជីវក​អះអាង​ថា ការ​បែក​បាក់​រវាង​អ្នក​នយោបាយ មិន​ចុះ​សម្រុង​គ្នា​បម្រើ​សង្គម​ជាតិ ​ជា​កត្តា​សំខាន់​មួយ ធ្វើឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​​ដាំ​ក្បាល​ចុះ ពិបាក​នឹង​ងើប​រួច។ 

រីឯអាជីវកលក់ដូរចល័តម្នាក់ទៀត​គឺ​អ្នកស្រី ជា មិនា បាន​ទម្លាក់​កំហុស​លើ​អ្នក​នយោបាយ​មិន​ចេះ​រួបរួម​គ្នា ស្តារ​ជីវភាព​ពលរដ្ឋ​ឡើង​វិញ ធ្វើឱ្យពលរដ្ឋកាន់តែវេទនា។

លោកស្រី​បន្ត​ទៀត​ថា អ្នក​នយោបាយ​គួរតែ​រិះ​រក​ដំណោះ​ស្រាយ​រក្សា​សុខ​សន្តិភាព​ពិត​ប្រាកដ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ជឿ​ទុក​ចិត្ត​ ពុំ​មែន​ចេះ​តែ​និយាយ​ដោះសា​នោះ​ទេ ៖

អ្នកស្រី ជា មិនា៖ «អ្នក​នយោបាយ​កុំ​ឈ្លោះ​គ្នា​ប្រកែក​គ្នា​ដោយ​សារ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ហ្នឹង​ទៅ ដូច​ថា​មើល​បំណាំ​គ្នា​អញ្ចឹង​ បែរ​មក​រួបរួម​គ្នា​សាមគ្គី​គ្នា​ឡើង​វិញ»

ចំណែក​ឯ​នៅ​តាម​ផ្សារ​មួយ​ចំនួន ក្នុង​ក្រុង​សៀមរាប​ឯណោះ​វិញ រួមមាន ផ្សារ​សាមគ្គី​ , ផ្សារ​ក្រឡាញ់ , ផ្សារ​លើ, និង​ផ្សារ​ចាស់​ជា​ដើម ក៏​មាន​ភាព​ស្ងប់ស្ងាត់​ដែរ ​អ្នកលក់​ដូរ​ភាគ​ច្រើន អង្គុយ​ស្រងោច​ស្រងាត់ និង​មាន​តូប​លក់​ដូរ​ខ្លះ​ទៀត ចាក់​សោរ​បិទ​ទ្វារ​ និង​ដាក់​ស្លាក​លក់​បន្ទាន់​ក៏​មាន។

ពលរដ្ឋ​អះអាង​ថា អាជីវក​ខ្លះ​លក់​មិន​សូវ​ដាច់ គ្មាន​ប្រាក់​បង់​ថ្លៃ​តូប និង​ខ្លះ​ទៀត ប្តូរ​មុខ​របរ ទៅ​ធ្វើការ​នៅ​តំបន់​ខេត្ត​ឆ្ងាយៗ និង​ខ្លះ​ទៀត ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ។

អាជីវក​លក់​ដូរ​នៅ​ផ្សារ​ចាស់ កញ្ញា កាយ សុភី  ​រំលឹក​ថា មុន​ឆ្នាំ ២០១៧ ក្នុង​ពេល​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ  ​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​សៀមរាប​ច្រើន​ស្អេក​ស្កះ ពលរដ្ឋ​មាន​ជីវភាព​ធូរធារ មិន​ដូច​បច្ចុប្បន្ន​នោះ​ឡើយ។ រីឯ​មន្ត្រី​រដ្ឋាភិបាល​តែងតែ​ផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ ពន្លើស​តួលេខ​ភ្ញៀវ​ទេសចរ ៖

កញ្ញា កាយ សុភី៖ «និយាយ​រួម​គាត់​គិត​ថា​ចាប់​ពី​ពេល​ឡើង​ទៅ​គឺ​ច្រើន​របស់​គាត់​ហើយ តាម​ការ​ពិត​អត់​មាន​មនុស្ស​ទេ​ហើយ​អ្នក​លក់​ក៏​មិន​សូវ​ដាច់​ដែរ​ ហើយ​អ្នក​លក់​ខ្លះ​ទៀត​រក​លុយ​មួយ​រស់​ក៏​ពិបាក។ តែ​អ្នក​ខ្លះ​វិញ​យក​លុយ​បង់​តូប​ពិបាក​ ព្រោះ​វា​ស្ងាត់​ភ្ញៀវ អត់​មាន​ចំណូល ប៉ុន្តែ​ត្រូវ​តែ​ធ្វើ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័គ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី ០៦ កញ្ញា ដោយ​ទូរសព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​ច្រាល​ចោល​ចំពោះ​ការ​លើក​ឡើង​របស់​ក្រុម​អាជីវក ដោយ​លោក​អះអាង​ថា កម្ពុជា​គ្មាន​វិបត្តិ​នយោបាយ​នោះ​ទេ ហើយ​ការ​ចរចា​នយោបាយ​ក៏​គ្មាន​ដែរ ៖

លោក សុខ ឥសាន៖ «វិបត្តិ​នយោបាយ​នៅ​កម្ពុជា​អត់​មាន​ទាល់​តែ​សោះ ហើយ​បើ​ចង់​តស៊ូ​ក្នុង​នយោបាយ​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​ខិតខំ​ធ្វើការ​ដើម្បី​ប្រជាជន​និង​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ទៅ ​អញ្ចឹង​អ្នក​ចង់​ធ្វើ​ត្រូវ​ត្រៀម​លក្ខណៈ​ដែល​ត្រូវ​កសាង​គុណ​សម្បត្តិ​ត្រូវតែ​រង់ចាំ​ប្រកួត​ប្រជែង​នៅ​បោះឆ្នោត​អាណត្តិ​កាល​ទី​៨​នេះ​ទៅ​អត់​មាន​បញ្ហា​ទេ»

កាល​ពី​ដើម​ឆ្នាំ ២០២៤​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ ដើម្បី​ជំរុញ​វិស័យ​ទេស​ចរាចរណ៍​នៅ​កម្ពុជា។

គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​ដឹកនាំ​ដោយ​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន និង​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ លោក សុខ សូកេន ព្រមទាំង​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ជាដើម។
គណៈកម្មាធិការ​នេះ​មាន​បេសកកម្ម​សម្រប​សម្រួល អភិវឌ្ឍ​វិស័យ​ទេសចរណ៍ រៀបចំ​គោល​នយោបាយ ​សិក្សា​ស្រាវជ្រាវ​ពី​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច សង្គម វប្បធម៌ និង​បរិស្ថាន​ជាដើម។

ក៏​ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ជា​ច្រើន​ខែ​កន្លង​ទៅ​នេះ​ ការងារ​របស់​គណៈ​កម្មាធិការ​នេះ គ្មាន​ប្រសិទ្ធ​ភាព​នោះ​ទេ ថែម​ទាំង​ខ្ជះខ្ជាយ​ថវិកា​រដ្ឋ។ 

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈ​មណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង យល់​ថា បញ្ហា​នយោបាយ គឺ​ជា​កត្តា​សំខាន់ ​ប៉ះពាល់​ដល់​សន្តិសុខ​ សម្រាប់​អ្នក​ទេសចរណ៍​ ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​ឱ្យ​ចំ​ទិសដៅ ដើម្បី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ៖

លោក យង់ គិមអេង៖ «កន្លង​មក​មិន​ថា​នៅ​ប្រទេស​ណា​ប្រទេស​ណា​ទេ​ស្ថាន​ភាព​នយោបាយ​មាន​ការ​ព្រួយ​បារម្ភ​គឺ​គេ​តែងតែ​មាន​ចេញ​ការ​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​របស់​គេ​ ឬ​ក៏​សន្តិសុខ​សន្តិសុខ​នៅ​ក្នុង​សហគមន៍​ឱ្យ​តែ​មាន​ការ​ព្រួយ​បារម្ភ​គឺ​គេ​ចេញ​ការ​ព្រមាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​របស់​គេ​ក្នុង​ការ​ធ្វើ​ដំណើរ​ជាតិ​ដើម​ដែល​រឿង​នេះ​គឺ​ជា​រឿង​សំខាន់​សំខាន់»

បាយការណ៍​គ្រឹះ​ស្ថាន​អង្គ​រឱ្យ​ដឹង​ថា​រយៈ​ពេល​៨ ខែ ដើមឆ្នាំ ២០២៤នេះ  មាន​ភ្ញៀវ​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ជាង ៦ សែន​នាក់ (៦៥១.៨៥៧  ) កើន​ឡើង​ ៣១​ភាគ​រយ បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំ២០២៣ ហើយ​រក​ចំណូល​បាន​ជាង ៣០ លាន​ដុល្លារ ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ។

រីឯ​កាល​ពី​ឆ្នាំ២០១៧ ក្នុង​ពេល​កម្ពុជា​មិន​ទាន់​មាន​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ គ្រឹះ​ស្ថាន​អង្គរ​ឱ្យ​ដឹង​ថា

រយៈ​ពេល ១១ខែ​ក្នុង​ឆ្នាំ២០១៧ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​២លាន​នាក់​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ទទួល​បាន​ចំណូល​ជាង​៩៥​លាន​ដុល្លារ​អាមេរិក។

ក្រុម​អាជីវក​បន្ថែម​ថា ក្នុង​ពេល​ដែល​កម្ពុជា​មាន​ជម្លោះ​នយោបាយ​ជិត ១០ឆ្នាំ​កន្លងមក​នេះ តាំង​ពី​រដ្ឋាភិបាល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​កើន​ឡើង​ក្នុង​ប្រទេស​ថៃ វៀតណាម និង ម៉ាឡេស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment