សមត្ថកិច្ច​ឃាត់ខ្លួន​ស្រ្តីម្នាក់​តាម​ការ​ស្នើ​របស់​លោក ហ៊ុន សែន រឿង​រិះគន់​វៀតណាម

០៩ កញ្ញា ២០២៤
ប៉ោក លក្ខិណា
ជា ម៉ារ៉ា
វីអូអេខ្មែរ

រូបឯកសារ៖ អតីត​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែង​អំពី​គម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»រវាង​កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)
រូបឯកសារ៖ អតីត​នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថ្លែង​អំពី​គម្រោង​«តំបន់​ត្រីកោណ​អភិវឌ្ឍន៍»រវាង​កម្ពុជា ឡាវ និងវៀតណាម នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

ភ្នំពេញ — ក្រោយ​ការ​ស្នើ​សុំ​របស់​លោក ​ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្រ្តី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​បង្គាប់​ឱ្យ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​ក្រោម​បទ​ចោទ ​«ញុះញង់​បង្កឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​ក្រោយ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រូប​នោះ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម ​និង​ប្រើប្រាស់​ពាក្យ​ «យួន» ​ក្នុង​សំណេរ។​

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នោះ​ត្រូវ​បាន​តុលាការ​បញ្ជាក់​ក្នុង​ដីកា​ចាប់​ខ្លួន ​មាន​ឈ្មោះ ​ហ៊ូ រុនអេង​ អាយុ​ ៥៣ ​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​ព្រែក​ដើម​ចាន់ ​ឃុំ​សំបួរមាស​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់ចាម។​


អ្នកស្រី​ ហ៊ូ រុនអេង ​បាន​ចូល​ទៅ​សរសេរ​បញ្ចេញ​មតិ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​ ៨ ខែ​កញ្ញា ​ដោយ​ប្រើ​ពាក្យ​ «យួន​ចូល​ក្នុង​ដី​ខ្មែរ» ​និង​ «យួន​គ្រប់គ្រង»។​

សំណេរ​របស់​អ្នកស្រី​មាន​អត្ថន័យ​ដើម​ថា៖ ​«នែ​ បង្គោលៗ​ហើយ ​ប៉ុន្តែ​មនុស្ស​យួន​ចូល​ក្នុង​ដី​ខ្មែរ ​យួន​គ្រប់​គ្រង​យូរៗ​ទៅ ពួក​[គេ]​ធ្វើ​កល​ល្បិច​ចោទ​ខ្មែរ​ថា​ ជា​ខ្មាំង​ឱ្យ​អ្នក​ដឹក​នាំ​ខ្មែរ​សម្លាប់​ចាប់​ដាក់​គុក ​ឬ​សម្លាប់​អស់​ទៅ​ជា​យ៉ាង​ណា​កូនៗ ​គួរ​អាណិត​ទេ»

លោក ​ហ៊ុន សែន ​បាន​ប្រតិកម្ម​នឹង​សារ​របស់​អ្នក​លេង​ហ្វេស​ប៊ុក​នោះ​ ថា​ នេះ​មិន​មែន​ជា​ការ​បញ្ចេញ​មតិ​ទេ​ ហើយ​លោក​ថែម​ទាំង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ស្វែង​រក​អ្នក​ស្រី ​ហ៊ូ រុនអេង ​មក​ចាត់​ការ​តាម​ផ្លូវ​ច្បាប់។​

នៅ​ថ្ងៃ​ដដែល ​អ្នកស្រី ​ហ៊ូ រុនអេង​ បាន​ចេញ​វីដេអូ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ទង្វើ​របស់​អ្នកស្រី​ ដោយ​អ្នក​ស្រី​លើក​ឡើង​ថា​ អ្នក​ស្រី​ជា​ «មនុស្ស​គ្មាន​ចំណេះ​ដឹង» ​ហើយ​បាន​សរសេរ​គ្មាន​មូលដ្ឋាន ​និង​ស្នើ​សុំ​ការ​លើក​លែង​ទោស​ពី​លោក​ ហ៊ុន សែន។​

អ្នក​ស្រី​ថ្លែង​ថា៖​ «អ៊ីចឹង​មើល​ទៅ​ការ​ដែល​ខ្ញុំ​ comment​ [សរសេរ​តប]​ នៅ​ក្នុង​ផេក​របស់​សម្តេច​នេះ​ ខ្ញុំ​អត់​ដឹង​ថា​ ការ​សរសេរ​ទៅ​ហ្នឹង​មាន​ការ​ខុស​ឆ្គង​យ៉ាង​ណា​នោះ​ សូម​ឱ្យ​សម្តេច​អភ័យ​ទោស​ដល់​កូន​ផង។​ កូន​អត់​ដឹង​អី​ទេ​ កូន​អត់​សូវ​ចេះ​នៅ​ក្នុង​បញ្ហា​ហ្វេសបុក​ហ្នឹង​ដោយ​សារ​តែ​ឃើញ​គេ​បង្ហោះ​អ៊ីចឹង ​ក៏​ចេះ​តែ​សរសេរៗ​ទៅ»។​

ក្រោយ​មក​ លោក ​ហ៊ុន សែន ​បាន​បង្ហោះ​ដី​កា​របស់​តុលាការ​រាជធានី​ភ្នំពេញ ​ដែល​បង្គាប់​ឱ្យ​នាំ​ខ្លួន​អ្នក​លេង​ហ្វេសប៊ុក​រូបនោះ​ ដោយ​ឃើញ​មាន​រូប​ភាព​សមត្ថ​កិច្ចឃាត់​ខ្លួនអ្នក​ស្រី ​ហ៊ូ រុនអេង ​ផង​ដែរ។​

លោក ​ហ៊ុន សែន ​បញ្ជាក់​ថា ​មិន​មាន​ការ​លើក​លែង​ទោស​ដល់​អ្នក​ស្រី ​ហ៊ូ រុនអេង ​នោះ​ទេ ​ព្រោះ​សិទ្ធិ​បញ្ចេញ​មតិ​ត្រូវ​បាន​គោរព ​តែ​ការ​មួល​បង្កាច់​មិន​ត្រូវ​បាន​អត់​ឱន។ ​លោក​បន្ថែម​ថា​ សង្គម​ស៊ីវិល​ ឬ​ជន​បរទេស​ ឬ​ «បិតា​សិទ្ធិ​មនុស្ស» ​ត្រូវ​ពិចារណា​លើ​មតិ​របស់​អ្នក​ស្រី ​ហ៊ូ រុនអេង​ ជា​មុន​សិន​ មុន​នឹង​បញ្ចេញ​ទស្សនៈ​លើការ​ចាប់​ខ្លួន​នេះ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សំ វិច្ឆិកា​ អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ និង​លោក ហេង វុទ្ធី ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​បាន​នៅ​ឡើយ​ទេ។​

ចំណែក​លោក ​ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ​ប្រាប់​វីអូអេ​ថា សមត្ថកិច្ច​គ្រាន់​តែ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​តែ​ប៉ុណ្ណោះ។​

លោក ​អំ សំអាត​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​សេរីភាព​បញ្ចេញ​មតិ​មាន​ចែង​ក្នុង​មាត្រា​ ៤១ ​នៃ​រដ្ឋ​ធម្មនុញ្ញ​ និង​មាត្រា​ ១៩ ​នៃ​កតិកា​សញ្ញា​ស្ដី​អំពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិនយោបាយ។ ​ទោះ​ជាយ៉ាង​ណា ​លោក​ថា ​ការ​បញ្ចេញ​មតិ​ត្រូវ​តែ​ប្រកប​ដោយ​ក្រម​សីលធម៌។​

លោក​ថ្លែង​ថា៖​ «ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ ប៉ុន្តែ​ត្រូវ​ប្រកប​ដោយ​ក្រម​សីលធម៌ ​រិះ​គន់​ដើម្បី​ស្ថាបនា​ រិះគន់​ក្នុង​ន័យ​មាន​មូលដ្ឋាន​ និង​មាន​ព័ត៌មាន​គ្រប់គ្រាន់ ​ដើម្បី​បញ្ចេញ​មតិ។ ​អាហ្នឹង​គឺជា​ការ​ធានា​មួយ​ដែរសម្រាប់​ពលរដ្ឋ»។​

គួរ​បញ្ជាក់​ថា​ កាលពី​ចុង​ខែ​សីហា ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​(Human Rights Watch)​ បាន​លើក​ឡើង​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ​៩៤ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​តាំង​ពី​ចុង​ខែ​កក្កដា​ ឆ្នាំ​ ២០២៤​ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​កិច្ច​សហ​ប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ ​វៀតណាម ​ឬ​ហៅ​ថា ​CLV-DTA។​ អង្គការ​អន្តរ​ជាតិ​នេះ​បញ្ជាក់​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​៥៩​នាក់​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ​និង​ត្រូវ​បាន​ចោទ​ប្រកាន់​ ដោយ​គ្រាន់​តែ​ពួក​គេ​បង្ហាញ​ទស្សនៈ​ដោយ​សន្តិវិធី៕​

What Next?

Recent Articles

One Response to "សមត្ថកិច្ច​ឃាត់ខ្លួន​ស្រ្តីម្នាក់​តាម​ការ​ស្នើ​របស់​លោក ហ៊ុន សែន រឿង​រិះគន់​វៀតណាម"

  1. Anonymous says:

    This is how Hun Sen treated cambodia people because this guy is not cambodian.

Leave a Reply

Submit Comment