ដោយ វិទ្យុអាស៊ីសេរី
2024.09.09
RFA
រូបត្លុកនយោបាយ៖ យុទ្ធនាការ «សម្ដែង» ទៅមើលព្រំដែន? រូប៖ RFA
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ដួចផ្ដើមដឹកមនុស្សទាំងហ្វូងទៅមើលព្រំដែនភាគឦសានជាប់តំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដោយឥតគិតថ្លៃរហូតដល់ចុងឆ្នាំ២០២៤។ រដ្ឋាភិបាលអះអាងថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីផ្ដល់ឱកាសដល់ពលរដ្ឋឱ្យបានឃើញដោយផ្ទាល់នូវការអភិវឌ្ឍជាក់ស្ដែងតាមតំបន់ព្រំដែន។ យុទ្ធនាការនេះ កើតមានឡើងតែប៉ុន្មានសប្ដាហ៍ក្រោយពលរដ្ឋខ្មែរនៅក្រៅប្រទេសផ្ទុះការតវ៉ាដ៏រីករាលដាលទាមទារឱ្យដកកម្ពុជាជាបន្ទាន់ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលពួកគេបារម្ភថា អាចធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងអធិបតេយ្យទៅប្រទេសវៀតណាម នាពេលអនាគត។ ថ្វីបើមានការរិះគន់យ៉ាងនេះក្តី រដ្ឋាភិបាលនៅតែរក្សាជំហរមិនដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការដ៏ចម្រូងចម្រាសនេះឡើយ បើទោះជាកន្លងទៅលោក ហ៊ុន ម៉ាណែត ធ្លាប់អួតអាងថា កម្ពុជាមិនខ្ចីពឹងចម្រុះបរទេសដកដង្ហើមក៏ដោយ។
នេះគឺជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រជិត ៤០ឆ្នាំនៃការដឹកនាំដោយប្រើកណ្ដាប់ដៃដែករបស់រដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីឪ លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត ដែលរដ្ឋាភិបាលអនុញ្ញាតឱ្យពលរដ្ឋទៅមើលព្រំដែនទាំងហ្វូងយ៉ាងដូច្នេះ។ ក៏ប៉ុន្តែ នៅទន្ទឹមនឹងការអនុញ្ញាតនេះ អាជ្ញាធរនៃរដ្ឋាភិបាលដដែលនេះ មិនញញើតនឹងចាប់ចងពលរដ្ឋខ្លួនឯង ជាពិសេសក្រុមអ្នកនិយាយរិះគន់រឿងរ៉ាវព្រំដែន និងកិច្ចសហប្រតិបត្តិការ CLV នេះដាក់គុកច្រវាក់មិនតិចជាង ៩៤នាក់ឡើយចាប់តាំងពីចុងខែកក្កដាមក ក្នុងនោះមានរាប់ចាប់តាំងពីសកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម និងយុវជនជាដើម។ ពួកគេទាំងនោះមួយភាគធំក្រោយមកត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ខណៈបច្ចុប្បន្ននៅសល់មនុស្ស ៩នាក់ កំពុងជាប់ឃុំបណ្ដោះអាសន្នក្រោមបទចោទ «រួមគំនិតក្បត់» ឬ «ញុះញង់» ជាដើម។
ក្រុមអ្នកឃ្លាំមើលមួយចំនួន ហៅយុទ្ធនាការដឹកមនុស្សទៅមើលព្រំដែននេះ ថាជាការ «សម្ដែង» ជារឿង «ប្រជាភិថុតិ» ដើម្បីបង្វែរស្ថានការណ៍ ខណៈរដ្ឋាភិបាលមិនហ៊ានឱ្យពលរដ្ឋទៅមើលដំណើរការបោះបង្គោលព្រំដែននៅតំបន់មានជម្លោះ ឬបង្គោលព្រំដែនដើមបោះដោយសម័យអាណានិគមនិយមបារាំង ឬតំបន់ដីសម្បទានសេដ្ឋកិច្ចដែលមានពលករវៀតណាមរស់នៅជាច្រើន ព្រមទាំងបន្តបង្ក្រាបមកលើក្រុមអ្នករិះគន់ឥតស្រាកស្រាន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។