ដោយ វិទ្យុអាស៊ីសេរី
2024.09.11
RFA
រូបត្លុកនយោបាយ៖ វិធីសាស្ត្រ «គោះយកលុយ» សម័យនាយករដ្ឋមន្ត្រីកូន រូប៖ RFA
មួយឆ្នាំក្រោយឡើងកាន់អំណាចតាមរយៈការផ្ទេរអំណាចបន្តពូជ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាន់តែបង្ហាញឱ្យឃើញពីកម្សោយ និងបញ្ហាប្រឈមក្នុងការប្រមូលថវិកាជាតិ។ ពីដំបូងឡើយ រដ្ឋាភិបាលរបស់លោកបានធ្វើឱ្យពលរដ្ឋស្ទើរគ្រប់ស្រទាប់វណ្ណៈក្តៅក្រហាយដោយសារតែការអនុវត្តវិធានការជំរិតយកពន្ធពីពលរដ្ឋជ្រុលហួសហេតុ។ ហេតុការណ៍នេះ បានជំរុញឱ្យឪពុករបស់លោកត្រូវប្រញាប់ប្រញាល់ចេញមកអន្តរាគមន៍ ដើម្បីបន្សាបកំហឹងរបស់ពលរដ្ឋ។ ក្រោយហេតុការណ៍នេះ សាបរលាបមិនបានប៉ុន្មាន រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានរិះរកវិធីសាស្ត្រប្រមូលលុយតាមរបៀបផ្សេងទៀត។ នោះគឺការផ្ដួចផ្ដើមឱ្យមានការរៃអង្គាសលុយដ៏សម្បើមមួយមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេស ដោយអះអាងថាយកទៅ «កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។ បន្ថែមពីលើនេះ លោកក៏បានចេញអនុក្រឹត្យតម្រូវឱ្យអ្នក ដែលមានគោរមងារឧកញ៉ា ត្រូវបង់វិភាគទានប្រចាំឆ្នាំ ពោលគឹ ១សែនដុល្លារសម្រាប់អ្នកដែលមានគោរមងារជា «លោកអ្នកឧកញ៉ា» ១ម៉ឺន៥ពាន់ដុល្លារ សម្រាប់អ្នកដែលមានគោរមងារជា «អ្នកឧកញ៉ា» និង ៨ពាន់ដុល្លារសម្រាប់អ្នកដែលមានគោរមងារជា «ឧកញ៉ា»។ អ្នកវិភាគមួយចំនួន វាយតម្លៃថា វិធានការជាបន្តបន្ទាប់របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នេះ អាចជាវិធីសាស្ត្រ «គោះ» យកលុយបែបថ្មី ខណៈរដ្ឋាភិបាលអាចប្រឈមនឹងកង្វះថវិកាជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។