ការ​មិន​ជ្រៀត​ជ្រែក​គ្នា​ «ធ្វើ​ឱ្យ​មេដឹកនាំ​មួយ​ចំនួន​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​នៅ​អាស៊ាន»

ដោយ ទីន ហ្សាការីយ៉ា
2024.09.29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ការ​មិន​ជ្រៀត​ជ្រែក​គ្នា​ «ធ្វើ​ឱ្យ​មេដឹកនាំ​មួយ​ចំនួន​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​នៅ​អាស៊ាន»

កិច្ចប្រជុំកំពូល​អាស៊ាន-ជប៉ុន លើកទី​២៦ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។ រូប​៖ អង្គភាពប្រតិកម្មរហ័ស


ក្រុម​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថា​ ក្រុម​មេដឹកនាំ​ប្រទេស​នៅ​តំបន់​អាស៊ាន​មួយ​ចំនួន​ កំពុង​តែ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​ ទោះបី​ប្រទេស​ទាំង​នោះ​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​ជាគោល​ក៏ដោយ។ ប្រទេស​ទាំង​នោះ រួម​មាន​ថៃ កម្ពុជា​ និង​ប្រទេស​ភូមា​ ឬ​មីយ៉ាន់ម៉ា (Myanmar) ជាដើម។

ក្រុម​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ​ លើក​ឡើង​ថា ធម្មនុញ្ញ​អាស៊ាន​គឺជា​គន្លឹះ​ដ៏​សំខាន់​ដែល​ជំរុញ​ឱ្យ​មេដឹកនាំ​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ដឹកនាំ​តាម​បែប​ផ្ដាច់ការ​ បង្កើត​បក្ខ​ពួក​និង​គ្រួសារ​និយម។

អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា​ មាន​ប្រសាសន៍​ថា​ គោល​ការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​គ្នា​របស់​អាស៊ាន​គឺ​ជា​ឧបសគ្គ​ដ៏​សំខាន់​ ដែល​ជំរុញ​ឱ្យ​មេដឹកនាំ​មួយ​ចំនួន​មិន​អាច​អន្តរាគមន៍​ទៅ​ប្រទេស​ដែល​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​បាន។ លោក​ បន្ថែម​ថា​ ធម្មនុញ្ញ​អាស៊ាន​ដែល​ចែង​ពី​ការ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​នេះ ​បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​បង់​សិទ្ធិ​សេរី​ភាព ដោយសារ​តែ​មេដឹកនាំ​ទាំង​នោះ​ រំលោភ​សិទ្ធិមនុស្ស​ ដោយ​មិន​ខ្វល់​ពី​គោលការណ៍​ជាសាកល​ស្ដីពី​សិទ្ធិ​មនុស្ស៖។

មាត្រា២​នៃ​ធម្មនុញ្ញ​អាស៊ាន​ចែង​ថា​ មិន​ត្រូវ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​សមាជិក​អាស៊ាន។ គោរព​សិទ្ធិ​របស់​រដ្ឋ​ជា​សមាជិក​នីមួយៗ​ ក្នុង​ការ​ដឹកនាំ​អត្ថិភាព​ជាតិ​របស់​ខ្លួន​ ដោយ​ពុំ​មាន​ការ​ជ្រៀត​ជ្រែក​ពី​ខាងក្រៅ​ការ​ធ្វើ​វិទ្ធង្សនា​ និង​ការ​បង្ខិត​បង្ខំ។

ក្រុម​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថា ដោយសារ​តែ​ធម្មនុញ្ញ​អាស៊ាន​ចែង​ពី​ការ​មិន​អាច​ជ្រៀត​ជ្រែក​ផ្ទៃក្នុង​គ្នា​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ ធ្វើ​តាម​អំពើ​ចិត្ត​ ដែល​មិន​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ។ ទោះបី​ជា​ប្រទេស​ទាំង​នោះ​ ​ប្រកាន់​យក​របប​ដឹកនាំ​​តាម​ប្រជាធិបតេយ្យ​​ ជ្រើសរើស​មេដឹកនាំ​តាម​រយៈ​ការ​បោះឆ្នោត​ក៏ដោយ។​ ក្រុម​មេ​ដឹក​នាំ​​ទាំង​នេះ​មិន​ខ្វល់​អំពី​ការ​បោះឆ្នោត​ឬ​យក​ប្រជា​រាស្ត្រ​ជា​ធំ​ឡើយ។​ ពួកគេ​គិត​ពី​ការ​រក្សា​អំណាច​ក្រុម​បក្ខពួក​ជាធំ។ ប្រទេស​ទាំង​នោះ​រួម​មាន​ថៃ​ ភូមា​ ជា​ពិសេស​គឺ​មេ​ដឹក​នាំ​កម្ពុជា​តែម្ដង។

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​ និង​រំលោភ​​សិទ្ធិ​មនុស្ស​តាំង​ពីឆ្នាំ២០១៧មក។ សព្វ​ថ្ងៃ​នេះ​ ទោះបី​ជា​លោក ហ៊ុន សែន​បាន​ផ្ទេរ​អំណាច​ឱ្យ​កូន​លោក​ ហ៊ុន ម៉ាណែត ហើយ​ក្ដី ​ក៏​ការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន​មិន​បាន​កែប្រែ​ស្ថានភាព​ឱ្យ​ប្រសើរ​វិញ​ដែរ។

នៅ​ស្រប​ពេល​ដែល​ត្រកូល​ហ៊ុន​កំពុង​ដឹកនាំ​ប្រទេស​រំលោភ​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​និង​ ញាំញី​ដោយ​អំពើ​អយុត្តិធម៌​សង្គម​នេះ​ ក៏​គ្មាន​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​លូក​ដៃ​ ឬ​ថ្កោល​ទោស​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ដែរ ដោយសារ​តែ​រនាំង​ធម្មនុញ្ញ​អាស៊ាន​មាត្រា២នេះ។​ លើក​លែង​តែ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​​មួយ​ចំនួន​ទៀត​នៅ​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ ដែល​ថ្កោល​ទោស​អំពី​ការរំលោភ​សិទ្ធិ​មនុស្ស​និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ។

បន្ថែម​ពី​នេះ​នា​ឱ​កាស​​​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​ទៅ​ចូល​រួម​វេទិកា​អន្តរជាតិ​​មួយ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​កាល​ពីដើម​ខែ​កញ្ញា​នោះ​ លោក ហ៊ុន សែន​ ថែម​បាន​ថ្លែង​អប់រំ​គេ​ថា​ សន្តិភាព​និង​ស្ថិរភាព​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​អាស៊ាន​​ ស្រប​ពេល​រដ្ឋាភិបាល​ដឹកនាំ​ត្រកូល​ហ៊ុន​​ ជា​អ្នក​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​និង​បង្ក​អំពើ​ហិង្សា​ពិត​ប្រាកដ​នោះ។

ទន្ទឹម​និង​នេះ​ លោក ហ៊ុន សែន ថា​ សន្តិភាព និង​ស្ថិរភាព គឺ​ជា​មូលដ្ឋាន​ សម្រាប់​អ្វីៗ​ទាំង​អស់​ និង​គ្រប់យ៉ាង។ លោក​បន្ត​ថា សម្រាប់​ផ្ទៃ​ក្នុង​អាស៊ាន​វិញ​គឺ​អាច​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​បាន​ស្អិតល្មួត ដោយសារ​តែ​ការ​មិន​ជ្រៀត​​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា​នេះ។

លោក ហ៊ុន សែន៖ «កម្ពុជា​បាន​សម្លឹង​ឃើញ​អាស៊ាន​ជា​យន្តការ​ពហុ​ភាគី​និយម​កម្រិត​តំបន់​ ដែល​ធ្វើការ​ផ្អែក​លើ​កុងសង់ស៊ីស​ មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​ផង​គ្នា​ និង​ជា​ស្ថាប័ន​តំបន់​ដែល​មាន​ដៃ​គូ​សហ​ប្រតិបត្តិការ ​ដែល​ចំណុច​ទាំង​នេះ​ គឺ​ជា​ភាព​ទាក់ទាញ​ខ្លាំង​សម្រាប់​នយោបាយ​ការ​ទូត​របស់​កម្ពុជា»

ក្រុម​អ្នក​តាម​ដាន​កិច្ច​ការ​អន្តរជាតិ​ លើក​ឡើង​ថា​ ការ​ថ្លែង​របស់​លោក​ ហ៊ុន សែន នេះ​ គ្រាន់​តែ​ជា​រនាំង​បិទ​បាំង​អំពើ​អាក្រក់​របស់​រដ្ឋាភិបាល​ និង​ដើម្បី​ទប់ស្កាត់​ប្រទេស​នៅ​ក្នុង​តំបន់​ កុំ​ឱ្យ​លូកដៃ​លើ​ការ​ដឹកនាំ​ត​ត្រកូល​ ដែល​បំបិទ​សំឡេង​ប្រជាពលរដ្ឋ គាប​សង្កត់​សិទ្ធិមនុស្ស​ និង​​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​វិញ​ទេ។

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក​ លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា ប្រទេស​នៅ​អាស៊ាន​មួយ​ចំនួន​កំពុងតែ​ដឹកនាំ​បែប​អាជ្ញា​និយម ឬ​ផ្ដាច់​ការ​​កំពុង​តែ​ខ្លាំង​ពិសេស​កម្ពុជា​ និង​ភូមា​ ដែល​ដឹកនាំ​បែប​គ្រួសារ​និយម​និង​ផ្ដាច់ការ។

ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (​ហៅ​កាត់​ថា APHR) កាល​ពី​ពេល​ថ្មីៗ​នេះ​ សំដែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ ដែល​កម្ពុជា​នឹង​មិន​ត្រឹមតែ​ជា​រដ្ឋ​ឯក​បក្ស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​រដ្ឋ​គ្រប់គ្រង​ដោយ​គ្រួសារ​តែមួយ។ APHR ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ បើកភ្នែក​មើល​ការ​ក្រសោប​យក​អំណាច​របស់​ក្រុម​គ្រួសារ​ត្រកូល​«​ហ៊ុន​» និង​ចាត់វិធានការ​បញ្ឈប់​ការ​បន្ត​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ទោះ​បី​ជា​នៅ​ក្នុង​មាត្រា​២​នៃ​ធម្មនុញ្ញ​អាស៊ាន បាន​ចែង​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន​ លើក​ស្ទួយ​ ការពារ​សិទ្ធិមនុស្ស​ និង​លើក​កម្ពស់​យុត្តិធម៌​សង្គម​ក្ដី ក៏​រដ្ឋាភិបាល​នៃ​រដ្ឋ​ជា​សមាជិក​នៅ​តែ​បំពាន​បំពាន​ធម្មនុញ្ញ​នេះ​ដដែល​ ដោយសារ​តែ​រដ្ឋាភិបាល​ទាំង​នេះ​ ធ្វើ​អ្វី​ៗ​ដើម្បី​អំណាច​ក្រុម​គ្រួសារ​និង​បក្ខពួក។ ប្រទេស​ទាំងនោះ​រួម​មាន៖ ដូចជា​ រដ្ឋាភិបាល​កម្ពុជា​ និង ​ភូមា​ឬ​មីយ៉ាន់​ម៉ា (Myanmar) និង​ថៃ​ជា​ដើម។ ប្រទេស​ដែល​អនុវត្ត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ល្អ​ជាង​គេ​នោះ​គឺ​ម៉ាឡេស៊ី (Malaysia) ឥណ្ឌូណេស៊ី​ (Indonesia)និង​ ហ្វីលីពីន (Philippine)​ជាដើម។ រីឯ​វៀតណាម​(Vietnam) និង ឡាវ(Lao) ប្រកាន់​យក​របប​កុម្មុយនិស្ត។

​​​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា​(Myanmar) មេដឹកនាំ​យោធា​ដឹកនាំ​ដោយ​លោក ម៊ីន អ៊ុងលាំង (Min AungHlaing) បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​អ្នក​ស្រី អ៊ុង សានសូជី (Aung SannSukyi) តាំង​ពី​ឆ្នាំ​២០២១។ មក​ទល់​ពេលនេះ ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ។ របប​សឹក​បាន​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ និង​ចាប់​អ្នក​ប្រឆាំង​ដាក់​ពន្ធនាគារ​រាប់​ម៉ឺន​នាក់។

រីឯ​ប្រទេស​ថៃ​វិញ ក៏​មិន​បាន​អនុវត្ត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​បាន​ល្អ​ដែរ។ កាល​ពេល​ថ្មីៗ​នេះ​ តុលាការ​ធម្មនុញ្ញ​ថៃ​ ដែល​នៅ​ក្រោម​ឥទ្ធិពល​របស់​ក្រុម​យោធា​ដែល​និយម​ស្ដេច​ថៃ​នោះ បាន​សម្រេច​ដក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន (Sretha Thavisin) ចេញ​ពី​នាយករដ្ឋមន្ត្រី។ ក្រៅ​ពី​នេះ​តុលាការ​ធម្មនុញ្ញ​ដដែល​នេះ​កាល​ពី​ថ្ងៃ​ទី៧ សីហា បាន​ចេញ​សាលក្រម​ប្រកាស​រំលាយ​គណបក្ស​កាវក្លៃ (Move forward)​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​ថៃ។ ហើយ​តុលាការ​ក៏​ដាក់​បម្រាម​ប្រធាន​និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ទៀត មិន​ឱ្យ​ធ្វើ​នយោបាយ​ម្នាក់ៗ ១០ឆ្នាំ​ថែម​ទៀត​ផង។

ទាក់​ទង​នឹង​បញ្ហា​នេះ​សមាជិក​សភា​អាស៊ាន (APHR )បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ កាល​ពី​ថ្ងៃទី១៥​កញ្ញា ចំ​ថ្ងៃ​ទិវា​ប្រជាធិបតេយ្យ​អន្តរជាតិ ​ អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​នានា​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​ ត្រូវ​បញ្ចប់​ការ​គាបសង្កត់​គ្រប់​ទម្រង់​ប្រឆាំង​នឹង​អ្នក​ការពារ​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ។

ប្រធាន​សភា​សភា​អាស៊ាន​ ហៅ​កាត់​ថា APHR អ្នកស្រី ម៉ើស៊ី គ្រើស្ទី បារែន (Mercy Chriesty Barends) និង​ជា​សមាជិក​សភា​ឥណ្ឌូណេស៊ី​សង្កត់​ធ្ងន់​ថា អ្វី​ដែល​បំផ្លាញ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នោះ  គឺ​គណបក្ស​ប្រឆាំង​នៅ​ត្រូវ​បាន​ រំលាយ​ចោល​ជា​ប្រព័ន្ធ​ ហើយ​ស្ថាប័ន​ឯករាជ្យ​កំពុង​ត្រូវ​បាន​ផាត់​ចោល។ ការ​បោះឆ្នោត​ដែល​ធ្លាប់​តែ​ជា​គោលការណ៍​ដ៏​ចម្បង​ សម្គាល់​លិទ្ធ​ប្រជាធិបតេយ្យ​ ត្រូវ​បាន​ទម្លាក់​ចុះ​ មក​ត្រឹម​ជា​ពិធីការ​ និង​កែ​បន្លំ​ដំណើរ​ការ​បោះឆ្នោត ខណៈ​មេដឹកនាំ​ផ្ដាច់ការ​ពង្រឹង​អំណាច​របស់​ខ្លួន​ តាម​រយៈ​ការ​ជ្រៀត​ជ្រែក​កិច្ចការ​តុលាការ។ ប្រើ​ប្រាស់​តុលាការ​ជា​ខែល​ ឬ​ជា​ឧបាយ​កល​នយោបាយ​ឥត​លាក់​លៀម​ ដើម្បី​យក​មក​បំផ្លាញ​ដំណើរ​ការ​ប្រជាធិបតេយ្យ។
ក្រុម​សមាជិក​សភា​អាស៊ាន ជំរុញ​ឱ្យ​អាស៊ាន​ធ្វើ​សមាហរណកម្ម​នៃ​បទដ្ឋាន​ប្រជាធិបតេយ្យ​ និង​ការ​លើក​កម្ពស់​ទៅ​ក្នុង​សេចក្ដី​ព្រាង​ចក្ខុ​វិស័យ​អាស៊ាន​ឆ្នាំ២០៤៥​ ដែល​គ្រោង​នឹង​អនុម័ត​នៅ​ឆ្នាំ២០២៥​នេះ ដើម្បី​សម្រេច​បាន​នូវ​ការ​សន្យា​របស់​ធម្មនុញ្ញ​អាស៊ាន​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment