អ្នកកាសែតបរិស្ថានម្នាក់នៅស្ទឹងត្រែង បានរងបទចោទពីការកាប់បំផ្លាញព្រៃឈើ និងញុះញង់

កម្ពុជា
29/09/2024 – 10:37
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

យោងតាមការចុះផ្សាយពីសារព័ត៌មានអន្ដរជាតិ Mongabay នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកកាសែតនៅខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ​ អ៊ុក ម៉ៅ ដែលតែងចុះផ្សាយពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ភ្នំជម្រកសត្វ ត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទ កាប់រានព្រៃឈើដោយខុសច្បាប់ និងបទញុះញង់។ Mongabay បញ្ជាក់ថាការសម្រេចចោទប្រកាន់បែបនេះ ធ្វើឡើងក្រោយពេលអ្នកកាសែត អ៊ុក ម៉ៅ មិនរាងចាលក្នុងការចុះផ្សាយពីក្រុមហ៊ុនរុករករ៉ែមួយ ដែលមានទំនាក់ទំនងនឹងឥស្សរជនជាន់ខ្ពស់ផ្នែកយោធានៅកម្ពុជា។

អ្នកកាសែតបរិស្ថានម្នាក់នៅស្ទឹងត្រែង បានរងបទចោទពីការកាប់បំផ្លាញព្រៃឈើ និងញុះញង់


បន្ទាប់ពីរងការចោទប្រកាន់ថា បានកាប់រានព្រៃឈើដោយខុសច្បាប់ និងបង្កការញុះញង់ អ្នកកាសែត អ៊ុក ម៉ៅ កំពុងស្ថិតក្រោមការឃ្លាំងមើលដោយអាជ្ញាធរ និងមិនអាចចេញពីតំបន់បានឡើយ បើសិនគ្មានការអនុញ្ញាតពីតុលាការខេត្តស្ទឹងត្រែង។ សាលាដំបូងខេត្តស្ទឹងត្រែងបានចោទប្រកាន់អ្នកកាសែតរូបនេះ នៅថ្ងៃទី១៨ កញ្ញា ក្រោយពេលហៅលោកទៅជួបសួរដេញដោលពីការងាររបស់លោក នៅថ្ងៃទី១៧ កញ្ញា ឆ្នាំ​២០២៤។ នេះបើតាមកាសែតMongabay។

ចំពោះការចោទប្រកាន់នេះ លោក អ៊ុក ម៉ៅ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពិសេសលើវិធានការរដ្ឋបាល គឺ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររយ:ពេល១០ឆ្នាំ លើបទចោទកាប់រានព្រៃឈើរដ្ឋដោយខុសច្បាប់ និង ២ឆ្នាំ ពីបទញុះញង់ ព្រមទាំងពិន័យជាប្រាក់១ម៉ឺនដុល្លារ។

កាសែតបរទេស​ Mongabay សរសេរ​បន្តថា​ លោក អ៊ុក ម៉ៅ​ ត្រូវបានគេស្គាល់នៅក្នុងសហគមន៍ថាបានដើរតួយ៉ាងសំខាន់ក្នុងការលាតត្រដាងការរំលោភយកដី ដែលប្រព្រឹត្តដោយក្រុមហ៊ុនរុករករ៉ែមួយ របស់បុគ្គលម្នាក់ឈ្មោះ​ លីន​ វត្តី ។ សារព័ត៌មានបរទេស អះអាងថា បុគ្គល លីន វត្តី មានទំនាក់ទំនងនឹងឥស្សរជនជាន់ខ្ពស់ក្នុងកងទ័ពកម្ពុជា។

ទាក់ទងនឹងការរាយការណ៍ពីសកម្មភាពកាប់ឈើ និងជីករ៉ែ របស់ក្រុមហ៊ុនរុករករ៉ែ លី វត្តី​ នេះដែរ សាលាដំបូងខេត្តស្ទឹងត្រែង ធ្លាប់ហៅអ្នកកាសែត អ៊ុក ម៉ៅ ទៅសាកសួរម្ដងហើយកាលពីថ្ងៃទី២០ ខែសីហា ។

អ្នកកាសែតបរិស្ថានម្នាក់នៅស្ទឹងត្រែង បានរងបទចោទពីការកាប់បំផ្លាញព្រៃឈើ និងញុះញង់
អ្នកកាសែតបរិស្ថានម្នាក់នៅស្ទឹងត្រែង បានរងបទចោទពីការកាប់បំផ្លាញព្រៃឈើ និងញុះញង់ © Mongabay

មេធាវីការពារក្ដីឱ្យអ្នកកាសែត អ៊ុក ម៉ៅ ពីសមាគមអាដហុក លោក អ៊ឹម ផាណា បានប្រាប់ Mongabay ថា  មិនមានភស្តុតាងណាមួយបង្ហាញថា លោក អ៊ុក ម៉ៅ ពាក់ព័ន្ធក្នុងការកាប់រានព្រៃឈើ ឬថាការរាយការណ៍របស់គាត់អំពីភ្នំជម្រកសត្វជាការញុះញង់នោះទេ។

តែយ៉ាងណាមេធាវីអាដហុករូបនេះបញ្ជាក់ថា ការចោទប្រកាន់របស់តុលាការ ជាឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។ ចំណែកនីតិវិធីព្រហ្មទណ្ឌ ចៅក្រមអាចអនុវត្តបាននូវវិធានការពីរ គឺបញ្ជូនជនជាប់ចោទទៅមន្ទីរឃុំឃាំង ឬឱ្យត្រឡប់ទៅផ្ទះវិញតែស្ថិតក្រោមការឃ្លាំមើលពីអាជ្ញាធរ។

លោកមេធាវីមិនដឹងពីពេលវេលាដែលដំណើរការនៃការចោទប្រកាន់នេះ ចំណាយពេលប៉ុណ្ណានោះទេ ប៉ុន្តែលោកអះអាងថា លោក អ៊ុក ម៉ៅ គឺទទួលបណ្ដឹងពីមន្ទីរបរិស្ថាន និងព្រៃឈើខេត្តស្ទឹងត្រែង មិនមែនបុគ្គល លីន វត្តី នោះទេ។

ទាក់ទិនរឿងនេះលោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានច្រានចោលនូវការលើកឡើងថា តុលាការចោទប្រកាន់លោក អ៊ុក ម៉ៅ ដោយគ្មានភស្ដុតាង។ លោកបានប្រាប់សារព័ត៌មាន Mongabay ដែរថា ប្រសិនបើមិនមានភ័ស្តុតាងទេ តុលាការនឹងមិនមានការចោទប្រកាន់ឡើយ។ តែអ្នកនាំពាក្យរូបនេះ អះអាងថា នេះជាឆន្ទានុសិទ្ធិរបស់ចៅក្រម លោកមិនអាចបញ្ជាក់បានឡើយ។

គួរជម្រាបថា នៅតំបន់ភ្នំជម្រកសត្វ កាលពីខែឧសភា ឆ្នាំ២០២៤​ ប្រធានសហគមន៍ម្នាក់ឈ្មោះថា មឿង រដ្ឋា ក៏ធ្លាប់បានរងនូវការចោទប្រកាន់ផងដែរពាក់ព័ន្ធនឹងបញ្ហាព្រៃឈើនេះ។ បច្ចុប្បន្នប្រធានសហគមន៍រូបនេះកំពុងជាប់ពន្ធនាគារជាមួយអ្នកទោសប្រមាណ ១១០០០ នាក់។ នេះបើតាម Mongabayដដែល៕

What Next?

Recent Articles

Leave a Reply

Submit Comment