ដោយ មាន ឫទ្ធិ
2024.09.30
RFA
អគ្គស្នងការនគរបាលជាតិ លោក ស ថេត (រូបកណ្ដាល) ជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក ស ថេត
អ្នកឃ្លាំមើលថា អំពើឧក្រិដ្ឋកម្មកាប់សម្លាប់គ្នារវាងជនជាតិចិន នឹងជនជាតិចិនមួយចំនួន កំពុងបង្កអសន្តិសុខ និងភាពគ្មានសណ្ដាប់ធ្នាប់ក្នុងសង្គម។ ការលើកឡើងនេះ បន្ទាប់ពីសមត្ថកិច្ចកាលពីពេលថ្មីៗនេះ បានចាប់បញ្ជូនខ្លួនជនជាតិចិនចំនួន២ក្រុម បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែកញ្ញា ថា ឧក្រិដ្ឋកម្មទាំងនេះ កំពុងបង្កក្ដីបារម្ភដល់ពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក អំ សំអាត៖ «ករណីជាច្រើន ដែលកើតឡើងអំពីជនជាតិចិននិងជនជាតិចិន មានទាំងការបាញ់សម្លាប់ និងការប្រើប្រាស់អំពើហិង្សា មានទាំងសម្លាប់ដោយអាវុធ និងឧបករណ៍ផ្សេងៗ ដូចជាការចាប់ជំរិតជាដើម រវាងជនជាតិចិននិងជនជាតិចិន។ អ៊ីចឹងបញ្ហាបទល្មើសទាំងនេះ បង្កឲ្យមានការភ័យខ្លាចសម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសទាក់ទងនឹងបញ្ហាសន្តិសុខ និងសុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខសង្គម ដែលធ្វើឲ្យពលរដ្ឋមានការភ័យខ្លាច ហើយមិនមែនមានតែពលរដ្ឋទេ បើករណីទាំងអស់នេះ កើតឡើងច្រើនវាជះឥទ្ធិពលផងដែរដល់វិស័យទេសចរណ៍ ជាពិសេសភ្ញៀវទេសចរអន្តរជាតិ»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា បានបញ្ជូនខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ៦នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការវាយកាប់ចាក់គ្នា បណ្ដាលឲ្យជនជាតិចិនម្នាក់បាត់បង់ជីវិត កាលពីថ្ងៃទី២៥ ខែកញ្ញា។
កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យដឹងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា សមត្ថកិច្ចខណ្ឌចំការមន កាលពីយប់រំលងអធ្រាត្រថ្ងៃទី២៥ ខែកញ្ញា បានចុះបង្ក្រាបករណីកាប់ចាក់គ្នារវាងជនជាតិចិនចំនួន២ក្រុម ក្នុងនោះមួយក្រុមមានគ្នាចំនួន៧នាក់ និងមួយក្រុមទៀតមានគ្នាចំនួន២នាក់ ប្រដាប់ដោយដំបងទីបជ្រុង និងកាំបិតចុងស្រួច បណ្ដាលឲ្យជនជាតិចិនម្នាក់ស្លាប់ នៅទីតាំងខាងមុខផ្សារព្រីន ថាមស្វែរ (Prince Times Square) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងទៀតថា មូលហេតុ នៃអំពើហិង្សាទៅវិញទៅមកនេះ គឺកើតឡើងពីជនជាតិចិនមានគ្នា ៧នាក់ បានទៅទារលុយពីជនជាតិចិនមានគ្នា២នាក់ ហើយឈានដល់ការឈ្លោះប្រកែកគ្នារវាងភាគីទាំងពីរ ។ បន្ទាប់មកជនជាតិចិនមានគ្នា ៧នាក់បានព្រួតគ្នាវាយលើភាគីម្ខាងទៀត ដែលមានគ្នា២នាក់ និងចុងក្រោយជនជាតិចិនមានគ្នា២នាក់នោះ បានរត់ចូលទៅក្នុងហាង រួចយកកាំបិតចាក់ទៅលើក្រុមជនជាតិចិនមានគ្នា ៧នាក់ បណ្ដាលឲ្យជនជាតិចិនម្នាក់បាត់បង់ជីវិត។ ករណីនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ដើម្បីសាកសួរពីបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២៩ ខែកញ្ញា។
អំពើឧក្រិដ្ឋកម្មដូចជា ការកាប់សម្លាប់គ្នា អំពើបាញ់បោះដោយសេរីតាមទីសាធារណៈ និងការចាប់ជំរិតញាត់មនុស្សបញ្ចូលឡានជាច្រើនករណីផ្សេងទៀត បានកើតឡើងនៅតាមបណ្ដារាជធានីខេត្តមួយចំនួន ជាពិសេសខេត្តព្រះសីហនុ ដែលបង្កឡើងដោយជនជាតិចិនមួយចំនួនកាលពីពេលកន្លងទៅ ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ផ្ដល់អនុសាសន៍ថា ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្ម ដែលបង្កឡើងដោយជនបរទេស រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ គួរតែពង្រឹងការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ស្ដីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងលុបបំបាត់អំពើពុករលួយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។