កម្ពុជា
កម្ពុជា-សង្គម
30/09/2024 – 11:57
ដោយ៖ សឹម ចាន់សំណាង
RFI
ក្រោយបានធ្វើការតវ៉ាអស់រយៈពេលជាច្រើនឆ្នាំ ក្រុមសហជីពនៃក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis នៅទីបំផុត ទទួលបានប្រាក់សំណងពីភាគីក្រុមហ៊ុន។ តំណាងសហជីពក្រុមហ៊ុន Giant Ibis លើកឡើងថា ពួកគេសម្រេចចិត្តទទួលសំណងនេះទាំងបង្ខំ និងថា ភាគីក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់មកលើពួកគេ។
ក្រុមសហជីពក្រុមហ៊ុនឡានក្រុង Giant Ibis សម្រេចទទួលសំណងក្រោយពីតវ៉ា អស់ជាច្រើនឆ្នាំ
កាលពីថ្ងៃទី២៧ កញ្ញា នាយកដ្ឋានវិវាទការងារ និងនាយកដ្ឋានអធិការកិច្ចការងារ បានសម្របសម្រួលកិច្ចប្រជុំបើកប្រាក់ឈ្នូល រវាងភាគីក្រុមហ៊ុនដឹកអ្នកដំណើរ Giant Ibis និងសហជីពតំណាងឲ្យបុគ្គលិករបស់ក្រុមហ៊ុន។ តាមការអះអាងរបស់មេដឹកនាំសហជីពលោក សៀម ម៉ូរ៉ាឌី ក្រុមសហជីពសុខចិត្តទទួលយកសំណងពីក្រុមហ៊ុន បើទោះវាមិនសមស្របតាមច្បាប់ការងារ បន្ទាប់ពីក្រុមហ៊ុនបានប្រើប្រាស់ប្រព័ន្ធតុលាការដាក់សម្ពោធមកលើក្រុមសហជីព។ ជារួម មានបុគ្គលិក១០នាក់ដែលបានទទួលបានប្រាក់សំណងពីក្រុមហ៊ុន។ លោក សៀម ម៉ូរ៉ាឌី និយាយថា ចំពោះលោកផ្ទាល់ ក្រុមហ៊ុនផ្តល់សំណងប្រមាណជាង ១ពាន់ដុល្លារ ពោលគឺតិចជាងពាក់កណ្តាល បើសិនគេយោងទៅតាមច្បាប់ការងារ។ ទោះជាយ៉ាងណា មេដឹកនាំសហជីពរូបនេះបញ្ជាក់ថា សំណងដែលក្រុមហ៊ុនបានផ្តល់មកឲ្យពួកគេនោះ គឺផ្អែកទៅលើអតីតភាពការងាររបស់ពួកគេ។
គួររំលឹកថា កាលពីខែមេសា ឆ្នាំ២០២៣ បុគ្គលិកនៃក្រុមហ៊ុនដឹកអ្នកដំណើរ ចាយអ៊ិន អាយប៊ីស Giant Ibis បាននាំគ្នាឈរតវ៉ាលើកបដា នៅមុខទីស្នាក់ការរបស់ក្រុមហ៊ុនក្បែរផ្សាររាត្រី។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនព្យួរកិច្ចសន្យាការងារ តាំងតែពីឆ្នាំ២០២០ ដោយមិនបានកំណត់ថ្ងៃចូលធ្វើការងារវិញនោះទេ។ ពួកគេបានធ្វើការតវ៉ាដើម្បីឱ្យក្រុមហ៊ុនទទួលយកបុគ្គលិករាប់សិបនាក់ចូលធ្វើវិញ ខណៈអ្នកតវ៉ាចោទថា ក្រុមហ៊ុននេះមានការរើសអើងសហជីព។
នៅក្នុងការតវ៉ាជាច្រើនខែ លោក សៀម ម៉ូរ៉ាឌី ប្រធានសហជីព និងអនុប្រធានសហជីពម្នាក់ទៀត ឈ្មោះ អោ ចន្ធី ត្រូវបានម្ចាស់ក្រុមហ៊ុនឡានក្រុង Giant Ibis ប្តឹងទៅតុលាការ កាលពីខែតុលា ឆ្នាំ២០២៣ ពីបទរារាំង បង្កឧបសគ្គដល់ចរាចរណ៍សាធារណៈរបស់ក្រុមហ៊ុន។ យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនឡានក្រុង Giant Ibis នៅក្នុងអំឡុងពេលតវ៉ានៅមុខក្រុមហ៊ុន មេដឹកនាំសហជីពទាំង២បានយករថយន្តចត បាំងរារាំងរថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ។
ក្រសួងការងារតាមរយៈអ្នកនាំពាក្យលោក កត្តា អ៊ន បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០កញ្ញានេះថា ភាគីសហជីព និងតំណាងក្រុមហ៊ុនបានបញ្ចប់វិវាទនឹងគ្នា ដោយភាគីសហជីពបានទទួលសំណង ក្រោយមានការសម្របសម្រួលពីក្រសួងការងារ។ ប៉ុន្តែលោក កត្តា អ៊ន បានឲ្យដឹងទៀតថា បញ្ហាបណ្តឹងនៅតុលាការនោះ ដែលមានតាំងពីពេលមេដឹកនាំសហជីពបានតវ៉ានៅមុខក្រុមហ៊ុន Giant Ibis គឺជារឿងបុគ្គលរបស់សហជីព និងក្រុមហ៊ុន ។ មួយវិញទៀត បើតាមអ្នកនាំពាក្យក្រសួងការងាររូបនេះ តុលាការមិនបានគាបសង្កត់សហជីពឡើយ និងថា តុលាការគ្រាន់តែធ្វើការពិនិត្យតាមអង្គហេតុ និងអង្គច្បាប់តែប៉ុណ្ណោះ។ បើតាមលោក កត្តា អ៊ន នីតិវិធីដោះស្រាយទៅមុខយ៉ាងណានោះ គឺភាគីទាំងសងខាងមានសិទ្ធិស្វែងរកមេធាវីដើម្បីការពារក្តីរបស់ខ្លួន៕