គណបក្ស​ជំនាន់ថ្មី​ស្នើ​ឱ្យ​តុលាការ​ច្រានចោល​បទចោទ​លើ​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

៣០ កញ្ញា ២០២៤
ហាន ណូយ
វីអូអេខ្មែរ

រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងសវនាការកាត់ទោសសកម្មជនគណបក្សប្រឆាំងដែលពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ ក្នុងអំឡុងសវនាការកាត់ទោសសកម្មជនគណបក្សប្រឆាំងដែលពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។

ភ្នំពេញ — គណបក្ស​ជំនាន់​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ មាជ សុវណ្ណារ៉ា​ បាន​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ទៅ​លើ​សកម្ម​ជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កក្កដា។​

សកម្ម​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​នោះ​រួម​មាន​លោក​ ស្រ៊ុន ស្រ៊ន​ កញ្ញា​ ភឹង សោភា ​លោក​ ចក់ ប៊ានមុន្នី ​និង​លោក​ សាន សិទ្ធ។ ​ពួកគេ​ត្រូវ​បាន​ចោទ​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង ​និង​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ ក្រោយ​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​អំពី​គុណ​វិបត្តិ ​និង​គុណ​សម្បត្តិ​មួយ​ចំនួន​ ​ដែល​អាច​កើត​ចេញ​ពី​កិច្ច​សហការ​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ​ឡាវ ​វៀតណាម​ (CLV-DTA)។​


សេចក្តី​ថ្លែង​ការណ៍ ​ចុះ​ថ្ងៃ​ទី ​៣០​ ខែ​កញ្ញា ​ឆ្នាំ​ ២០២៤ ​របស់​គណបក្ស​ជំនាន់​ថ្មី​បាន​បញ្ជាក់​ថា៖​ «តុលាការ​គួរ​គិត​ពិចារណា​ប្រកប​ដោយ​ករុណា​ធម៌​ ទម្លាក់​ចោល​នូវ​បទ​ចោទ​និង​ដោះលែង​សកម្ម​ជន​ទាំង​នោះ​ឱ្យ​ពួកគេ​មាន​សិទ្ធិ​សេរីភាព​ឡើង​វិញ​ដោយ​ការ​អនុគ្រោះ​ខ្ពស់​ក្នុងនាម​ជាខ្មែរ​ រួម​ជាតិ​សាសន៍​តែ​មួយ​ ហើយ​អ្វីៗ​គ្រប់​យ៉ាង​នោះ​គឺ​ជា​ការ​គិតគូរ​ផល​ប្រយោជន៍​រួមជាតិ​តែ​មួយ​ គ្រាន់​តែ​ប្រើ​វិធី​សាស្ត្រ​និង​រូបភាព​នៃ​ផ្លូវ​ដើរ​ដោយ​ប្រើ​ទស្សនៈផ្សេង​គ្នា​ប៉ុណ្ណោះ​ ដែល​ស្រប​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ»។​

បើ​តាម​គណបក្ស​ជំនាន់​ថ្មី​ សកម្ម​ភាព​របស់​ពួកគេ​ជា​ការ​ចូល​រួម​កិច្ច​ការ​សង្គម​ស្រប​តាម​ច្បាប់​ ពោល​គឺ​ពួក​គេ​គ្រាន់​តែ​ចូលរួម​សម្តែង​មតិ​ដើម្បី​ជា​ការ​ស្ថាបនា ​និង​លើក​កម្ពស់​សិទ្ធិ​ចូល​រួម​ចំណែក​បណ្តុះ​បណ្តាល​ធនធាន​យុវជន​ និង​ពលរដ្ឋ​ទូទៅ​នៃ​ប្រទេស​កម្ពុជា​ ឱ្យ​បាន​យល់​ដឹង​បន្ថែម​នូវ​តថភាព​សង្គម​ជាតិ​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។​

អ្នក​នាំ​ពាក្យ​គណបក្ស​ជំនាន់​ថ្មី​លោក​ នី​ សោភ័ណ្ឌ ​ប្រាប់​វីអូអេ​បន្ថែម​ថា៖ ​«គណបក្ស​ជំនាន់​ថ្មី​យើង​គិត​ថា ​រដ្ឋាភិបាល ​…​ ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​លើក​លែង​ទោស​ឱ្យ​ពួក​គាត់​ដើម្បី​ឱ្យ​មាន​ឯកភាព​ជាតិ​ខ្មែរ ​សាមគ្គី​ភាព​គ្នា​ ភាតរ​ភាព​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា​ដើម្បី​ជជែក​គ្នា​នៅ​លើ​គោល​ជំហរ​មួយ​គឺ​ថា​កម្តល់​ជាតិ​ជា​ធំ»។​

យ៉ាង​ណា​ក៏​ដោយ ​មន្ត្រី​ និង​ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា​យល់​ថា ​ការ​លើក​ឡើង​របស់​សកម្ម​ជន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​គឺ​លើស​ពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។​

គួរ​រំឭក​ថា ​ក្រោយ​ការ​ចាប់​ខ្លួន​អ្នក​រិះគន់​ពាក់ព័ន្ធ​នឹង​កិច្ច​សហការ​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​កម្ពុជា-ឡាវ-វៀតណាម ​(CLV-DTA)​ លោក ​ហ៊ុន​ សែន​ អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា​ប្រកាស​ថា ​កម្ពុជា​បាន​សម្រេច​ដក​ខ្លួន​ចេញ​ពី​គម្រោង​ដ៏​ចម្រូង​ចម្រាស​នោះ។​ ការ​ប្រកាស​ដក​ខ្លួន​ពី​កិច្ច​សហការ​នោះ​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រឆាំង​ជាច្រើន​នៅ​ក្រៅ​ប្រទេស។ ​

លោក​ ហ៊ុន សែន ​ចាត់​ទុក​ថា ​ការ​ដក​ខ្លួន​នេះ​គឺ​ជា ​«ការ​ដក​អាវុធ» ​ចេញ​ពី​ដៃ​ក្រុម​ប្រឆាំង​ដែល​បាន​យក​រឿង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​មក​វាយ​ប្រហារ​រដ្ឋាភិបាល​កម្ពុជា។​

ពាក់ព័ន្ធ​នឹង​ការ​ទទូច​របស់​គណបក្ស​ជំនាន់​ថ្មី​ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ ជិន ម៉ាលីន​ ប្រាប់​វីអូអេ​ថា ​ការ​ស្នើ​សុំ​របស់​គណបក្ស​ជំនាន់​ថ្មី​មិន​មាន​ឥទ្ធិ​ពល​ខាង​ផ្លូវ​ច្បាប់​លើ​ការ​សម្រេច​របស់​តុលាការ​ឡើយ។​

លោក​ថ្លែង​ថា៖​ «ជា​គោល​ការណ៍​ច្បាប់​ផ្អែក​ទៅ​លើ​រដ្ឋ​ធម្មនុញ្ញ ​នីតិ​វិធី​ផ្លូវ​ច្បាប់​របស់​កម្ពុជា​ វា​មិន​មាន​ឥទ្ធិពល​អ្វី​ទៅ​លើ​ស្ថាប័ន​តុលាការ​ទេ។​ មាន​តែ​ការ​ចូល​រួម​ក្នុង​ដំណើរ​ការ​នីតិ​វិធី​របស់​តុលាការ​ ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់​ បង្ហាញ​មូលដ្ឋាន​ សក្ខី​កម្ម​ឱ្យ​បាន​រឹងមាំ​នូវ​ការ​ដោះ​បន្ទុក ​តតាំង​បទចោទ​អ្វី​ដែល​សមត្ថ​កិច្ច​មាន»។​

បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ​ ការ​ស្នើ​សុំ​របស់​គណបក្ស​ជំនាន់​ថ្មី​គឺ​ជា​ការ​ប្រើ​ប្រាស់​សិទ្ធិ​ និង​ជា​រូប​ភាព​ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ​តែ​ប៉ុណ្ណោះ។​

នៅ​ក្នុង​សំណុំ​រឿង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ​កម្ពុជា-ឡាវ-វៀតណាម ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ចំនួន​ ដូច​ជា​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ និង​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International) ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​ជា​បន្ទាន់​អ្នក​ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​យក​ទៅ​ឃុំ​ខ្លួន។​

អង្គការ​ទាំង​ពីរ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ថា៖ ​«យ៉ាង​ហោច​ណាស់​មនុស្ស​ ៥៩​ នាក់ ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ដែល​រួម​មាន​សកម្ម​ជន​បរិស្ថាន ​សិទ្ធិ​មនុស្ស ​និង​សកម្ម​ជន​ផ្សេង​ទៀត ​ព្រម​ទាំង​កុមារ​មួយ​ចំនួន​ទៀត​ នៅ​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ​និង​ត្រូវ​បាន​ចោទ​ប្រកាន់​ ដោយ​គ្រាន់​តែ​ពួក​គេ​បង្ហាញ​ទស្សនៈ​ដោយ​សន្តិវិធី។ ​អាជ្ញាធរ​គួរ​តែ​ទម្លាក់​ចោល​ភ្លាមៗ​រាល់​ការ​ចោទ​ប្រកាន់»៕​

What Next?

Recent Articles

Leave a Reply

Submit Comment