បក្សជំនាន់ថ្មីស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនាឱកាសបុណ្យភ្ជុំបិណ្ឌ

កម្ពុជា
កម្ពុជា-សង្គម
30/09/2024 – 10:23
ដោយ៖ សឹម ចាន់សំណាង
RFI

គណបក្សជំនាន់ថ្មី បានស្នើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សម្របសម្រួលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួន៤នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាកន្លងទៅ។ គណបក្សជំនាន់ថ្មីស្នើឡើងយ៉ាងដូច្នេះ ពីព្រោះ គណបក្សចង់ឃើញសកម្មជនទាំងនោះត្រឡប់មកមានសេរីភាពវិញ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

បក្សជំនាន់ថ្មីស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនាឱកាសបុណ្យភ្ជុំបិណ្ឌ


ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយថ្ងៃទី៣០ កញ្ញានេះ គណបក្សជំនាន់ថ្មីយល់ឃើញថា ក្នុងរដូវកាលពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ រដ្ឋាភិបាលកម្ពុជា និងតុលាការគួរគិតគូរពិចារណាទម្លាក់បទចោទប្រកាន់ និងដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួន៤នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែកក្កដា។ បើតាម គណបក្សជំនាន់ថ្មី សកម្មភាពរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំង៤នាក់ គឺការចូលរួមកិច្ចការសង្គមស្របតាមច្បាប់ សម្តែងមតិ លើកជាយោបល់ដើម្បីការស្ថាបនា លើកកម្ពស់សិទ្ធិ និងរួមចំណែកបណ្តុះបណ្តាលធនធានពលរដ្ឋខ្មែរឲ្យយល់ដឹងពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ច្បាប់ជាតិ និងអន្តរជាតិនានា។

ជាមួយគ្នានោះ គណបក្សជំនាន់ថ្មីបានកត់សម្គាល់ទៀតថា សកម្មភាពនានាដែលលើកឡើងទាក់ទងនឹងបញ្ហាកិច្ចព្រមព្រៀង CLV-DTA កន្លងមក គឺគ្រាន់តែជាការបង្ហាញក្តីព្រួយបារម្ភពីការបាត់បង់ដែនដីខណ្ឌសីមារបស់ប្រទេស ដោយផ្អែកលើបរិបទនៃប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយរបស់កម្ពុជា។

គួរជម្រាបថា សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំង៤នាក់ ដែលត្រូវបានអាជ្ញាធរខេត្តសៀមរាបចាប់ខ្លួនកាលពីថ្ងៃទី២៣ កក្កដា រួមមានលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក ចក់ ប៊ានមុន្នី និងលោក សាន សិទ្ធ ក្នុងបទញុះញង់។ ពួកគេទាំងបួននាក់បានរងបទចោទប្រកាន់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ក្រោយពីពួកគេបានធ្វើអត្ថាធិប្បាយពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម ឡាវ CLV-DTA

អ្នកស្រី ស្វាយ ពៅ ភរិយារបស់លោក សាន សិទ្ធ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី៣០កញ្ញានេះថា បច្ចុប្បន្ននេះ ស្វាមីរបស់អ្នកស្រី និងគ្នីគ្នា មានមេធាវីការពារក្តីជូនហើយ និងថា អ្នកស្រីស្នើសុំឲ្យតុលាការពន្លឿននីតិវិធីសវនាការសំណុំរឿងស្វាមីរបស់អ្នកស្រី ប្រសិនជារកឃើញថា ស្វាមីអ្នកស្រីពិតជាបានប្រព្រឹត្តអំពើណាមួយខុសច្បាប់។ យ៉ាងណាមិញ អ្នកស្រីនៅតែទទូចឲ្យរដ្ឋាភិបាលកម្ពុជា និងតុលាការដោះលែងស្វាមីអ្នកស្រីមានសេរីភាពឡើងវិញ ដើម្បីអាចត្រឡប់មកជួបជុំគ្រួសារ ជាពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅសប្តាហ៍នេះ។

សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួន៤នាក់ ដែលត្រូវបានចាប់ខ្លួន
សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួន៤នាក់ ដែលត្រូវបានចាប់ខ្លួន © សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៍ស្ដីពីកម្ពុជា

ក្រសួងយុត្តិធម៌ តាមរយៈរដ្ឋលេខាធិការ និងអ្នកនាំពាក្យលោក គឹម សន្តិភាព បានឲ្យដឹងថា ពិធីបុណ្យភ្ជុំ ពុំមែនជាឱកាសក្នុងការអនុគ្រោះទោសដែលមានកំណត់ក្នុងច្បាប់នោះឡើយ។

គួររំលឹកដែរថា កាលពីថ្ងៃទី២០កញ្ញាកន្លងទៅថ្មីៗនេះ អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន រួមទាំងក្រសូងការបរទេសកម្ពុជា បានប្រកាសដកខ្លួន និងបញ្ចប់ការចូលរួមរបស់កម្ពុជាក្នុងគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA នៅក្នុងហេតុផល គិតគូរដល់កង្វល់ពលរដ្ឋលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយរបស់ប្រទេសដើម្បីដកអាវុធចេញពីដៃពួកក្រុមប្រឆាំងជ្រុលនិយម។ ទោះបីជាកម្ពុជាបានដកខ្លួនចេញពីគម្រោងអភិវឌ្ឍបីប្រទេសនេះក្តី វៀតណាមបានបញ្ជាក់ក្នុងជំនួបក្រៅផ្លូវការមួយកាលពីថ្ងៃទី២៥កញ្ញា ជាមួយតំណាងទូតកម្ពុជា និងឡាវថា ទោះបីជាគ្មានគម្រោង CLV-DTA ក៏ប្រទេសទាំងបីនៅតែបន្តបង្កើនកិច្ចសហប្រតិបត្តិការ មិនថា ទាំងទ្វេភាគី ឬត្រីភាគី៕

What Next?

Recent Articles

Leave a Reply

Submit Comment