ដោយ ច័ន្ទ ដារ៉ូ
2024.09.30
RFA
សមាជិកបណ្តាញយុវជនកម្ពុជាសកលប្រចាំម៉ាឡេស៊ី ឈ្មោះ នួន តឿន ត្រូវកម្លាំងអាជ្ញាធរម៉ាឡេស៊ីចាប់ខ្លួន កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក មួន តឿន
សកម្មជនបក្សប្រឆាំងឱ្យដឹងថា សមត្ថកិច្ចម៉ាឡេស៊ីបានចាប់បញ្ជូនពលករខ្មែរម្នាក់ដែលរិះគន់រដ្ឋាភិបាលនាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត មកកម្ពុជាវិញទាំងបង្ខំ តាមសំណើរបស់អាជ្ញាធរកម្ពុជានៅល្ងាចថ្ងៃទី៣០ ខែកញ្ញា។
ប្រធានគណៈកម្មការសម្របសម្រួលជនភៀសខ្លួនគណបក្សសង្គ្រោះជាតិប្រចាំប្រទេសម៉ាឡេស៊ី លោក អៈម៉ាត់ ចាមាល ប្រាប់វិទ្យុអាស៊ីសេរីថា ពលករខ្មែរឈ្មោះ នួន តឿន ត្រូវបានប៉ូលិសអន្តោប្រវេសន៍ម៉ាឡេស៊ីបញ្ជូនឱ្យអាជ្ញាធរកម្ពុជានៅវេលាម៉ោង ៧ល្ងាចម៉ោងនៅប្រទេសនេះ។ លោកឱ្យថាពលករឈ្មោះ នួន តឿន នឹងទៅដល់ប្រទេសកម្ពុជានៅវេលាម៉ោង៨ ទៅម៉ោង៩យប់នេះដោយមានមន្រ្តីស្ថានស្ថានទូតខ្មែរទៅជាមួយ។ លោកបញ្ជាក់ថា ពលករឈ្មោះ នួន តឿន អាចប្រឈមជាប់ពន្ធនាគារ ឬរងការធ្វើបាបពីអាជ្ញាធរកម្ពុជា។
លោក អៈម៉ាត់ ចាមាល ថ្កោលទោសចំពោះអាជ្ញាធរកម្ពុជានិងម៉ាឡេស៊ីដែលចាប់បញ្ជូនអ្នករិះគន់ថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ មិនអាចទទួលយកបានទេ។
លោក អៈម៉ាត់ ចាមាល៖ «ខាងប៉ូលិសអន្តោប្រវេសន៍ម៉ាឡេស៊ី និងស្ថានទូតខ្មែរបានបញ្ជូនគាត់ទៅភ្នំពេញបាត់ហើយ តាមជើងហោះហើរកូឡាឡាំពួរទៅភ្នំពេញ ទង្វើរំលោភសិទ្ធិមនុស្សមិនគួរប្រទេសប្រជាធិបតេយ្យទាំងមូលទៅរួមដៃជាមួយរបបផ្តាច់ការ ធ្វើអ្វីដែលមិនស្របនឹងច្បាប់អន្តរជាតិបាទ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រី ស្ថានទូតខ្មែរប្រចាំប្រទេសម៉ាឡេស៊ី និងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅយប់ថ្ងៃទី៣០ ខែកញ្ញា។
សកម្មជនបក្សប្រឆាំងឱ្យដឹងថា សមត្ថកិច្ចម៉ាឡេស៊ី៦នាក់ សហការជាមួយមន្ត្រីស្ថានទូតខ្មែរបានចម្រុកចូលចាប់ខ្លួនពលករខ្មែរ និងជាសមាជិកបណ្តាញយុវជនកម្ពុជាសកលប្រចាំម៉ាឡេស៊ី ឈ្មោះ នួន តឿន ដល់ក្នុងផ្ទះថៅកែ នៅរដ្ឋសេឡាំងហ្គ័រ (Selangor) កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា។ មុនពេលចាប់ខ្លួន ពលករឈ្មោះ នួន តឿន បានប្រាប់ថា ប៉ូលិសចោទគាត់ថាពាក់ព័ន្ធនឹងការនិយាយរិះគន់រដ្ឋាភិបាលក្រុងភ្នំពេញលើបណ្តាញសង្គម។
នួន តឿន គឺជាពលករខ្មែរធ្វើការស្របច្បាប់ដែលគាំទ្រគណបក្សប្រឆាំង។ ពលកររូបនេះតែងប្រើប្រាស់បណ្តាញសង្គមនិយាយរិះគន់រឿងអយុត្តិធម៌ក្នុងសង្គម បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ជាពិសេសរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឥតសំចៃមាត់។ មុនពេលចាប់ខ្លួននេះ ពលកររូបនេះធ្លាប់រងការគំរាមកំហែងចាប់ខ្លួនជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរបក្សកាន់អំណាចផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។