០១ តុលា ២០២៤
ហ៊ុល រស្មី
វីអូអេខ្មែរ
ភ្នំពេញ — អ្នកកាសែតឯករាជ្យលោក ម៉ិច ដារ៉ា ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួន ពេលលោក និងក្រុមគ្រួសារធ្វើដំណើរចាកចេញពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ កាត់តាមផ្លូវល្បឿនលឿនក្នុងស្រុកស្រែអំបិលខេត្តកោះកុង ហើយមកដល់ពេលនេះ លោកត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបញ្ជូនមកកាន់តុលាការក្រុងភ្នំពេញ ជុំវិញការបង្ហោះរូបភាពលើបណ្តាញសង្គមទាក់ទងរមណីយដ្ឋានបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមអ្នកការពារសិទ្ធិមនុស្ស។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំ សំអាត ប្រាប់សំឡេងសហរដ្ឋអាមេរិក(វីអូអេ)ថា មុនពេលចាប់ខ្លួន លោក ម៉ិច ដារ៉ា បានផ្ញើសារតាមទូរសព្ទ SMS មកអង្គការលីកាដូ បញ្ជាក់ថា លោកត្រូវបានចាប់ខ្លួនដោយកងរាជអាវុធហត្ថ ហើយក៏ដាច់ការទាក់ទងគ្នា។ ទោះយ៉ាងណា លោកថា លោក ម៉ិច ដារ៉ា ត្រូវបានចាប់ខ្លួន នៅកន្លែងបញ្ជាបង់ប្រាក់ផ្លូវល្បឿនលឿនចំណុចស្រែអំបិល បន្ទាប់ពីបានបញ្ចប់ដំណើរកម្សាន្តនៅស្រុកកំណើតនៅខេត្តព្រះសីហនុ។
លោកបន្ថែមថា ការចាប់ខ្លួនលោក ម៉ិច ដារ៉ា កើតឡើងមួយថ្ងៃក្រោយមានប្រតិកម្មពីរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ទៅនឹងការបង្ហោះរបស់លោក ម៉ិច ដារ៉ា លើបណ្តាញសង្គមហ្វេសប៊ុកនូវរូបភាពអំពីរមណីយដ្ឋានស្រុកបាភ្នំ។
បើតាមលោក អំ សំអាត អាជ្ញាធរមានសមត្ថកិច្ចគួរមានការស៊ើបអង្កេតឱ្យបានល្អិតល្អន់ក្នុងករណីចាប់ខ្លួនលោក ម៉ិច ដារ៉ា ដែលសកម្មក្នុងអាជីពសារព័ត៌មាន និងហ៊ានរាយការណ៍ពីរឿងរសើបមួយចំនួនដូចជា ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញ។
លោកថ្លែងថា៖ «អ៊ីចឹង យើងមើលទិដ្ឋភាពនេះ វាជារឿងមួយដែលគួរតែមានការស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងមានចំណាត់ការផ្លូវច្បាប់ ណាមួយដើម្បីចៀសវាងកុំឱ្យមានផលប៉ះពាល់ទៅដល់អ្នកសារព័ត៌មានសកម្ម ឬក៏ធ្វើឱ្យមានការរិះគន់»។
លោក អំ សំអាត យល់ឃើញថា អាជ្ញាធរគួរតែពិចារណាដោះលែង លោក ម៉ិច ដារ៉ា ប្រសិនបើលោកគ្រាន់តែមានភាពសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គម។
លោកប្រាប់វីអូអេថា៖ «បើសិនជាលោកម៉ិច ដារ៉ាគ្រាន់តែជាការបញ្ចេញមតិ នៅតាមបណ្តាញសង្គមផ្សេងៗ ឬក៏ដោយសារតែភាពសកម្មនៃការងារសារព័ត៌មានរបស់លោកហ្នុងទេ គឺអង្គការលីកាដូនៅតែទទូចសុំឱ្យអាជ្ញាធរ និងតុលាការ មានការដោះលែងលោកម៉ិច ដារ៉ាឱ្យមានសេរីភាពឡើងវិញ»។
ការចាប់ខ្លួនលោក ម៉ិច ដារ៉ា បានកើតឡើង បន្ទាប់ពីរដ្ឋបាលស្រុកបាភ្នំ បានចេញឃ្លីបវីដេអូមួយលើបណ្តាញសង្គមហ៊្វេសប៊ុក ដោយច្រានចោលការបង្ហោះរូបភាពចំនួនពីរសន្លឹករបស់លោក ម៉ិច ដារ៉ា ដែលបង្ហាញអំពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញភ្នំក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមរយៈវីដេអូមានរយៈពេលជិតបួននាទី ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មួយថ្ងៃមុនការចាប់ខ្លួនលោក ម៉ិច ដារ៉ា រដ្ឋបាលស្រុកបាភ្នំ ថ្លែងថា ការបង្ហោះរបស់លោក ម៉ិច ដារ៉ា មានចរិតញុះញង់ បំភ្លើសការពិត ព្រោះគ្មានការបាត់បង់ភ្នំឈើកាច់ ក្នុងស្រុកបាភ្នំនោះទេ តែមានការអភិវឌ្ឍបន្ថែមនៅទីនោះ។
មន្ត្រីមួយរូបថ្លែងថា៖ «ដោយឡែកព័ត៌មានហ្វេសប៊ុករបស់លោក ម៉ិច ដារ៉ា នេះ គឺគាត់មានបំណងចង់ញុះញង់ឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយល់ច្រឡំថា ស្រុកបាភ្នំ គឺបាត់ភ្នំ តាមពិតទៅគឺមិនមែនដូច្នេះទេ»។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានផ្តល់ការកត់សម្គាល់ថា៖ «ការបង្ហោះផ្សាយថាបច្ចុប្បន្នមានសកម្មភាពនៃការជីកកាយយកថ្មនៅបាភ្នំ គឺជាព័ត៌មានក្លែងក្លាយ!»។
ទូរទស្សន៍ជាតិកម្ពុជា ក្រសួងព័ត៌មាន ក៏បានផ្សព្វផ្សាយឃ្លីបវីដេអូរបស់រដ្ឋបាលស្រុកបាភ្នំ តាមទំព័រហ្វេសប៊ុករបស់ខ្លួន។ វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីរដ្ឋបាលស្រុកបាភ្នំបាននៅឡើយទេ។
យ៉ាងណាក៏ដោយ លោក Phil Robertson នាយកអង្គការតស៊ូមតិការងារ និងសិទ្ធិមនុស្សក្នុងតំបន់អាស៊ី ហៅកាត់ថា (AHRLA) ជឿថា ការចាប់ខ្លួនលោក ម៉ិច ដារ៉ា គឺជានិមិត្តរូប នៃការគាបសង្កត់របស់រដ្ឋាភិបាលកម្ពុជា ចំពោះការរិះគន់នានាចេញពីប្រព័ន្ធផ្សព្វផ្សាយ។
លោកបានអត្ថាធិប្បាយក្នុងសារអ៊ីមែលមួយថា៖ «ការចាប់ខ្លួនលោក ម៉ិច ដារ៉ា ចំពោះការបង្ហោះសារលើប្រព័ន្ធទំនាក់ទំនងសង្គម គឺគួរឱ្យអស់សំណើច និងមិនអាចទទួលយកបានទេ ហើយការណ៍នេះបានលាតត្រដាងពីការចង់បានរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែតនូ វការឃោសនារឿងនានារបស់រដ្ឋាភិបាលដល់សាធារណជនជាជាងការអនុញ្ញាតឱ្យមានសេរីភាពសារព័ត៌មាន។ លោក ម៉ិច ដារ៉ា មិនបានធ្វើរឿងណាមួយនាំទៅដល់ការចាប់ខ្លួនលោកនោះទេ … ហើយគួរតែទម្លាក់រាល់ការចោទប្រកាន់ និងដោះលែងលោកដោយឥតលក្ខខណ្ឌ»។
លោកបានបន្ថែមថា៖ «លោក ម៉ិច ដារ៉ា បានផ្តល់សេចក្តីរាយការណ៍ដ៏គួរឱ្យងឿងឆ្ងល់អំពីមជ្ឈ មណ្ឌលឆបោក ដែលប្រើប្រាស់វិធីសាស្រ្តលួងលោមមនោសញ្ចេតនា រួចបោកប្រាស់លុយ (pig butchering) មានមូលដ្ឋាននៅប្រទេសកម្ពុជា ដែលបានផ្តល់ឱ្យប្រទេសនេះនូវកេរ្តិ៍ឈ្មោះមិនល្អ ប៉ុន្តែរដ្ឋាភិបាលនៅជ្រើសរើស យកការលាក់បាំងការរំលោភបំពានទាំងនេះ ជាជាងនាំខ្លួនឧក្រិដ្ឋជនបរទេសដែលធ្វើប្រតិបត្តិការមជ្ឈមណ្ឌលទាំងនោះមកទទួលទោសតាមច្បាប់។ រដ្ឋាភិបាលកម្ពុជា គួរអរគុណលោកម៉ិច ដារ៉ាចំពោះការងាររបស់គាត់ចំពោះប្រទេស មិនគួរចាប់ខ្លួនគាត់ទេ»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក អេង ហ៊ី បញ្ជាក់ឱ្យវីអូអេដឹងថា កម្លាំងមានសមត្ថកិច្ចបានចាប់ខ្លួន លោក ម៉ិច ដារ៉ា ទៅតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការ ហើយមន្ត្រីតុលាការកំពុងបន្តនីតិវិធីស៊ើបអង្កេត។
លោកថ្លែងថា៖ «យើងមានការឃាត់ខ្លួនបុគ្គលឈ្មោះ ម៉ិច ដារ៉ា មែន គឺទៅតាមដីកាបញ្ជា ឱ្យចូលខ្លួនរបស់អយ្យការ ដូច្នេះគឺការស៊ើបអង្កេតគឺកំពុងបន្ត។ ខ្ញុំបាទបានប្រគល់ព័ត៌ មាននេះ គឺផ្តល់ព័ត៌មាន គឺបានត្រឹមប៉ុណ្ណឹង»។
លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានកម្ពុជា ដែលរាយការណ៍យ៉ាងសកម្មពីការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងឆ្នាំ ២០២៣ លោកបានឈ្នះពានរង្វាន់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការរាយការណ៍នៃអំពើជួញដូរមនុស្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា (ខេមបូចា)។
សមាគមខេមបូចា បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសនោះទៀតថា លោក ម៉ិច ដារ៉ា ធ្លាប់ជាអ្នកសារព័ត៌ មាននៅ ស្ថាប័នសារព័ត៌មានឯករាជ្យមួយ ចំនួនដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) សារព័ត៌មានភ្នំពេញប៉ុស្តិ៍ និងវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី មុនពេលអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយមួយនេះត្រូវបានដកហូតកាលពីខែកុម្ភៈ ឆ្នាំ ២០២៣។ បច្ចុប្បន្ន លោកជាអ្នកសារព័ត៌មានឯករាជ្យ (freelance journalist)។
នាយកប្រតិបត្តិសមាគមខេមបូចាលោកណុប វី ប្រាប់វីអូអេថា លោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានដែលបានធ្វើសេចក្តីរាយការណ៍ជាច្រើន ដែលអាចរួមចំណែកដល់ការរៀបចំគោលនយោបាយរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងអំពើជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដូច្នេះ វាមានការចាំបាច់នៅក្នុងការធានាសុវត្ថិភាព និងសន្តិសុខដល់អ្នកកាសែតរូបនោះ។
លោកថ្លែងថា៖ «យើងក៏ទទូចឱ្យសមត្ថកិច្ចពាក់ព័ន្ធលោកមេត្តាដោះលែង លោក ម៉ិច ដារ៉ាឱ្យមានសេរីភាពឡើងវិញ ដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិ អំពីការគោរពទៅដល់សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ហើយនិងសេរីភាពរបស់អ្នកសារព័ត៌មាន នៅក្នុងការសរសេរនិងការផ្តល់ព័ត៌មានឬក៏ផ្សព្វផ្សាយព័ត៌មាន ទោះបីជារឿងអ្វីក៏ដោយ ដែលមានតម្លៃសម្រាប់សង្គមទូទៅ។ហើយមួយទៀតដើម្បីបង្ហាញថា សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងការបញ្ចេញមតិ ហ្នឹងគឺទទួលបាននូវការគោរព»។
ទាំងលោក ណុប វី នៃសមាគមខេមបូចា និងលោក អំ សំអាត នៃអង្គការលីកាដូ ដែលតាមដានសំណុំរឿងរបស់លោក ម៉ិច ដារ៉ា បានបញ្ជាក់វីអូអេឱ្យដឹងថា លោក ម៉ិច ដារ៉ា ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោកប្លង់ សុផលតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម តែគ្មានការឆ្លើយតប។
យោងតាមប្រភពព័ត៌មាន លោក ម៉ិច ដារ៉ា ត្រូវបានចាប់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថ នៅវេលាម៉ោង៣ និង ៥៧នាទី រសៀលនៅត្រង់ផ្លូវបំបែកស្រែអំបិលនៃផ្លូវល្បឿនលឿនឆ្ពោះមកទីក្រុងភ្នំពេញ ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
សមាជិកគ្រួសារ ដែលស្ថិតក្នុងរថយន្តជាមួយលោក ម៉ិច ដារ៉ា បានឱ្យដឹងថា នៅពេលដែលរថយន្តកំពុងតម្រង់ជួរនៅបញ្ជរបង់ប្រាក់ កម្លាំងអាវុធហត្ថបានមកដល់ ដោយមានរថយន្ត ៦ គ្រឿង ក្នុងនោះមួយគ្រឿង ជារថយន្តកងរាជអាវុធហត្ថ និង ៥ គ្រឿងទៀតជារថយន្តស៊ីវិល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមខេមបូចាដែលបានតាមដានយ៉ាងដិតដល់ករណីចាប់ខ្លួនលោកម៉ិ ច ដារ៉ា។
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកដំណឹងនៃការចាប់ខ្លួនលោក ម៉ិច ដារ៉ា ដោយមានខ្លះចាត់ទុកថា ការចាប់ខ្លួនអ្នកកាសែតឯករាជ្យរូបនោះជារឿងអយុត្តិធម៌ និងស្នើឱ្យមានការដោះលែង។
កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២២ លោក ម៉ិច ដារ៉ា ធ្លាប់ត្រូវបានប៉ូលិសអន្តោប្រវេសន៍ខេត្តព្រះសីហនុចាប់ខ្លួនមួយរយៈពេលខ្លី ដោយចោទថា «ថតរូបដោយគ្មានការអនុញ្ញាត»។ នៅពេលនោះ លោកជាអ្នកកាសែតរបស់អង្គភាពព័ត៌មានសំឡេងប្រជាធិបតេយ្យ(វីអូឌី) និងបានចុះទៅធ្វើសេចក្តីរាយការណ៍ព័ត៌មានដោយមានការថតរូបអំឡុងពេលអាជ្ញធរក្រុងដែលនៅជាប់មាត់សមុទ្រនេះ ចុះបង្ក្រាបនៅក្នុងទីតាំងមួយដែលមានជនជាតិវៀតណាមខុសច្បាប់ស្នាក់នៅ៕