កម្ពុជា
សេរីភាពសារព័ត៌មាន
01/10/2024 – 17:29
ដោយ៖ ហេង ឧត្តម
RFI
អ្នកកាសែតដ៏មានថ្វីដៃ លោក ម៉ិច ដារ៉ា ត្រូវនគរបាលកម្ពុជា ចាប់ឃាត់ខ្លួន នៅខេត្តកោះកុង ពីថ្ងៃចន្ទ ទី៣០កញ្ញា ហើយត្រូវនាំខ្លួនទៅសួរចម្លើយនៅតុលាការដំបូងក្រុងភ្នំពេញ នារសៀល ថ្ងៃអង្គារ ទី១ តុលា។ ចៅក្រមស៊ើបសួរ បានសម្រេចចោទប្រកាន់រូបលោកអំពីបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ពេលនេះ អាជ្ញាធរបានយកខ្លួនលោក ម៉ិច ដារ៉ា ទៅឃុំឃាំងបណ្តោះអាសន្ន នៅមន្ទីរឃុំឃាំងខេត្តកណ្តាល។
តុលាការភ្នំពេញចោទប្រកាន់អ្នកកាសែត ម៉ិច ដារ៉ា អំពីបទញុះញង់បង្កភាពវឹកវរ
អ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា តែងតែសរសេរអត្ថបទស្តីពីប្រធានបទរសើបខ្លាំង និងរិះគន់ចំណាត់ការរបស់អាជ្ញាធរខ្មែរ។ ប្អូនស្រីរបស់លោក ម៉ិច ដារ៉ា, កញ្ញា ម៉ិច សេរីរ័ត្ន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ ដោយក្តីព្រួយបារម្ភថា ក្រុមគ្រួសារនៅពុំបានទទួលដំណឹងអំពីសុខទុក្ខរបស់លោក ម៉ិច ដារ៉ា នៅឡើយ។ ពេលចាប់ខ្លួននៅស្រែអំបិល ខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចបានត្រឹមតែបង្ហាញដីការបស់ព្រះរាជអាជ្ញា ទាំងប្រញាប់ប្រញាល់ខ្លាំងពេក និងគ្មានបានពន្យល់ដំណើរដើមទងអ្វីសោះឡើយ។ ម្លោះហើយ កញ្ញាស្នើសុំការបំភ្លឺមូលហេតុនៃការចាប់ខ្លួននេះ និងចង់សុំសិទ្ធិឲ្យគ្រួសារអាចចូលសួរសុខទុក្ខ។
មួយថ្ងៃក្រោយចាប់ខ្លួន, អ្នកកាសែត ម៉ិច ដារ៉ា ត្រូវកងកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសួរចម្លើយ នៅសាលាដំបូង រាជធានីភ្នំពេញ។ នីតិវិធីស៊ើបសួរបឋម ចប់នៅរសៀលថ្ងៃអង្គារ ហើយ លោក ម៉ិច ដារ៉ា ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការ នៅម៉ោងប្រមាណ ៣រសៀល។ នេះបើតាមមេធាវី រឹម បូរ៉ា ដែលក្រុមគ្រួសារបានពឹងពាក់ឲ្យការពារសិទ្ធិជូនកូនក្តី លោក ម៉ិច ដារ៉ា។
សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ចៅក្រមស៊ើបសួរ បានចោទប្រកាន់ ម៉ិច ដារ៉ា អំពីបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ អង្គហេតុ គឺ លោក ម៉ិច ដារ៉ា បានបង្ហោះសារជាច្រើន លើបណ្តាញសង្គមផ្សេងៗ ដែលមានលក្ខណៈញុះញង់ និងយករូបភាពមរណីយដ្ឋានបាភ្នំ នៅខេត្តព្រៃវែង ដែលបានត្រូវវាយកម្ទេច បំភ្លៃការពិត មួលបង្កាច់ ប្រឌិតព័ត៌មាន បញ្ឆេះកំហឹងលើថ្នាក់ដឹកនាំរដ្ឋាភិបាល។ សាលាដំបូង ក៏អះអាងថា ជនត្រូវចោទ បានសារភាពទទួលស្គាល់។
ករណីបទចោទប្រកាន់យ៉ាងដូច្នោះ បើតាមក្រមព្រហ្មទណ្ឌខ្មែរ មាត្រា៤៩៥ លោក ម៉ិច ដារ៉ា អាចនឹងប្រឈមុខត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ចន្លោះពី ៦ ខែ ទៅ ២ ឆ្នាំ ហើយនិង ត្រូវពិន័យជាប្រាក់ ចន្លោះពី១លានទៅ៤លានរៀល។
ជុំវិញរឿងនេះ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមមិនសន្និដ្ឋានអ្វីចំពោះបទចោទប្រកាន់យ៉ាងណាមួយទៅលើអ្នកកាសែតឆ្នើម ម៉ិច ដារ៉ា នោះទេ។ ក៏ប៉ុន្តែ លោក ណុប វី ដែលបានធ្វើកិច្ចការផ្នែកការពារសិទ្ធិអ្នកកាសែត និងធ្លាប់បានធ្វើការងារជាមួយលោក ម៉ិច ដារ៉ា ផង បានសង្កេតឃើញថា ប្រធានបទនីមួយៗរបស់អ្នកកាសែតរូបនេះ ច្រើនតែជារឿងរសើប ហើយជាប្រធានបទសំខាន់ៗដែលថ្នាក់ដឹកនាំប្រទេស គួរឲ្យចិត្តទុកដាក់ ចង់ដឹងចង់ឮ ដើម្បីយកជាពន្លឺសម្រាប់ធ្វើគោលនយោបាយរបស់ខ្លួន។
បើតាមប្រភពពី សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ដែលតាមដានយ៉ាងស្និទ្ធចំពោះករណីចាប់ខ្លួនអ្នកកាសែតរូបនេះ បានបង្ហើបប្រាប់វិទ្យុបារាំងRFI ថា លោក ម៉ិច ដារ៉ា ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅមន្ទីរពន្ធធនាគារក្នុងខេត្តកណ្តាល។
ក្រោយពីបញ្ចប់ការសិក្សាវិស័យសារព័ត៌មាននៅភ្នំពេញ លោក ម៉ិច ដារ៉ា បានប្រលូកក្នុងវិជ្ជាជីវៈជាច្រើនឆ្នាំក្នុងស្ថាប័នសារព័ត៌មានឯករាជ្យជាច្រើន។ ស្ថាប័នទាំងនោះ កាលពីមុននិងមុនពេលត្រូវបិទទ្វារ ធ្លាប់តែមានទំនោររិះគន់និងស្វែងរកការពិត តួយ៉ាង កាសែត ឌឹ ខេមបូឌា ដេលី, កាសែតភ្នំពេញប៉ុស្តិ៍ និង វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី។ អត្ថបទដ៏ល្បីល្បាញរបស់លោក ពាក់ព័ន្ធនឹងការស៊ើបអង្កេតអំពីការជួយដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញនៅស្រុកខ្មែរ ពិសេសទាក់ទងនឹងពួកចិននៅកំពង់សោម។ កាលឆ្នាំទៅមិញ លោក ម៉ិច ដារ៉ា បានទទួលពាន់រង្វាន់អ្នកកាសែតឆ្នើម «Hero Awards» ពីសំណាក់លោក អង់តូនី ប្ល៊ីងកិន ប្រមុខការទូតសហរដ្ឋអាមេរិក។
បន្ទាប់ពីទទួលដំណឹងពីករណីបទចោទប្រកាន់ប្រឆាំងនឹងអ្នកកាសែត ម៉ិច ដារ៉ា រួចហើយ, អង្គការ សមាគម ក្រុមសង្គមស៊ីវិល ចំនួន ៤៦ ស្ថាប័ន ក្នុងនោះរួមមាន អង្គការសិទ្ធិមនុស្សលីកាដូ ផង បានចេញសេចក្តីថ្លែងការណ៍រួមមួយ អំពាវនាវឲ្យដោះលែង អ្នកសារព័ត៌មានរូបនេះ ជាបន្ទាន់៕