តុលាការ​ចោទ​ប្រកាន់​ពលករ​ខ្មែរ​ដែល​បញ្ជូន​ពី​ម៉ាឡេស៊ី ពី​បទ​ញុះញង់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ

ដោយ ច័ន្ទ ដារ៉ូ
2024.10.01
RFA

តុលាការ​ចោទ​ប្រកាន់​ពលករ​ខ្មែរ​ដែល​បញ្ជូន​ពី​ម៉ាឡេស៊ី ពី​បទ​ញុះញង់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ

ពលករ​ខ្មែរ​ឈ្មោះ នួន តឿន ជាសមាជិក​បណ្តាញយុវជនកម្ពុជាសកល​ប្រចាំ​ម៉ាឡេស៊ី​ម្នាក់ ដែល​កម្លាំង​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់ខ្លួន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកឈ្មោះកូនខ្មែរឈឺចាប់


ពលករខ្មែរ​ម្នាក់​ដែល​សមត្ថកិច្ចម៉ាឡេស៊ី​ចាប់​បញ្ជូន​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោយសារ​រិះគន់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​នៅលើ​បណ្តាញសង្គម ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ម២ រាជធានីភ្នំពេញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី១ ខែ​តុលា។

កញ្ញា នួន តឿន ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ «ញុះញង់​ឱ្យ​ប្រព្រឹត្តអំពើ​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម និង​ញុះញង់​ឱ្យ​មាន​ការរើសអើង»។ នេះ​បើ​យោង​ទៅ​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​អគ្គនាយករដ្ឋាន​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ​លោក នុត សាវនា។

លោក នុត សាវនា៖ « អ្នក​ដែល​បញ្ជូន​ពី​ម៉ាឡេស៊ី​ហ្នឹង ឥឡូវ​ឃុំខ្លួន​នៅ​មណ្ឌលអប់រំ​កែប្រែ​ទី២ តើការ​ឃុំ​ខ្លួន​គាត់​ពាក់ព័ន្ធ​រឿង​អ្វី​ទៅ​ឯកឧត្តមបាទ​ញុះញង់​ឱ្យ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម និង​ញុះញង់​ឱ្យ​មាន​ការរើសអើង »។

ទោះយ៉ាងណា​ការចាប់​អ្នកមានមតិ​ផ្ទុយ​ឆ្លងដែន​បែប​នេះ ត្រូវ​ក្រុម​អ្នកនិយម​ប្រជាធិបតេយ្យ និង​អង្គការសិទ្ធិមនុស្ស​ថ្កោលទោស​ចំពោះ​អាជ្ញាធរកម្ពុជា និង​ម៉ាឡេស៊ី​ដែល​បាន​ចាប់​បញ្ជូន​អ្នករិះគន់​នេះ ថា បំពាន​លើ​គោលការណ៍​ច្បាប់ រំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ និង​ផ្តល់​គម្រូ​អាក្រក់​ដល់​ប្រទេស​ក្នុង​តំបន់​ ដោយ​មិន​អាច​ទទួល​យក​បាន​ឡើយ។ ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​កញ្ញា នួន តឿន ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥតលក្ខខណ្ឌ។

សមត្ថកិច្ច​ម៉ាឡេស៊ី​៦នាក់ សហការ​ជាមួយ​មន្រ្តី​ស្ថានទូតខ្មែរ​បាន​ចម្រុក​ចូល​ចាប់ខ្លួន​ពលករខ្មែរ និង​ជា​សមាជិក​បណ្តាញ​យុវជនកម្ពុជា​សកល​ប្រចាំម៉ាឡេស៊ី​គឺ​កញ្ញា នួន តឿន ដល់​ក្នុង​ផ្ទះ​ថៅកែ នៅ​រដ្ឋ​សេឡាំងហ្គ័រ (Selangor) កាល​ពី​ល្ងាច​ថ្ងៃ​ទី២៨ ខែ​កញ្ញា។ បន្ទាប់​មក ប៉ូលិស​អន្តោប្រវេសន៍​ម៉ាឡេស៊ី បាន​បញ្ជូន​ពលករ​រូបនេះ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​វិញ តាម​សំណើ​របស់​អាជ្ញាធរកម្ពុជា​នៅ​ល្ងាច​ថ្ងៃ​ទី៣០ ខែកញ្ញា។

កញ្ញា នួន តឿន មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ ជា​កូន​កំព្រា​ឪពុកម្តាយ។ នាង​គឺ​ជា​ពលករ​ខ្មែរ​ធ្វើការ​ស្របច្បាប់​ដែល​ចេញមុខ​គាំទ្រ​គណបក្សប្រឆាំង។ កញ្ញា​តែង​ប្រើប្រាស់​បណ្តាញ​សង្គម​និយាយ​រឿង​អយុត្តិធម៌​នានា ដូចជា​បញ្ហាពលរដ្ឋ​រងគ្រោះ​ដីធ្លី បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជាពិសេស​រិះគន់​ការដឹកនាំ​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ឥត​សំចៃ​មាត់។ កញ្ញា​បាន​រង​ការគំរាមកំហែង​ចាប់ខ្លួន​ពី​សំណាក់​មន្រ្តី​គណបក្ស​ប្រជាជនកម្ពុជា​ជា​បន្តបន្ទាប់​នៅ​មុន​ពេល​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment