ពលរដ្ឋ និង​ព្រះសង្ឃ​ស្នើ​អ្នក​នយោបាយ​ឱ្យ​ផ្សះផ្សា​ជាតិ ហើយ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

ដោយ សេក បណ្ឌិត
2024.10.01
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ និង​ព្រះសង្ឃ​ស្នើ​អ្នក​នយោបាយ​ឱ្យ​ផ្សះផ្សា​ជាតិ ហើយ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ នៅ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ

(រូបឯកសារ) ឆ្វេង៖ លោក គា វិសាល ជា​សកម្មជន (កណ្ដាល) លោក ស៊ុន ចន្ធី និង​លោក ថាច់ សេដ្ឋា ជា​ថ្នាក់ដឹកនាំ​គណបក្ស​កម្លាំង​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ។ រូប៖ ហ្វេសប៊ុកគណបក្សកម្លាំងជាតិ


ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ស្នើ​អ្នក​នយោបាយ ឱ្យ​ងាក​មក​ផ្សះផ្សា​ជាតិ​តាម​រយៈ​ការ​ដោះ​លែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព និង​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ព្រោះ​ថា ការណ៍ ដែល​អ្នក​នយោបាយ ទាំង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង បន្ត​ខាំ​ធ្មេញ​ដាក់​គ្នា ចាត់​ទុក​គ្នា​ជា​សត្រូវ​ជា​ច្រើន​ទសវត្សរ៍​មក​នេះ ពុំ​មែន​ជា​ការ​ដឹកនាំ​ប្រទេស​ទៅ​រក​ការ​រីកចម្រើន​នោះ​ឡើយ។

ពលរដ្ឋ​រស់នៅ​ក្រុងបាវិត ខេត្តស្វាយរៀង លោក សួន វុទ្ធា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១ ខែតុលាការ ថា នៅ​តាម​វត្ត​មួយ​ចំនួន ពុំ​សូវ​ឃើញ​មាន​ពុទ្ធបរិស័ទ​ទៅ​ធ្វើ​បុណ្យ​ច្រើន​នោះ​ទេ ដោយសារ​តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន មាន​បញ្ហា​ជីវភាព​ខ្វះខាត។ ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត ទោះបីជា​បាន​ទៅ​វត្ត​ធ្វើ​បុណ្យ​ជួបជុំ​គ្រួសារ​ក្ដី ក៏​ពុំ​សូវ​សប្បាយ​ចិត្ត ដូច​ឆ្នាំ​មុនៗ នោះ​ទេ។

លោក​បន្ត​ថា វិបត្តិនយោបាយ និង​ការ​បែកបាក់​ផ្ទៃក្នុង​ជាតិ​ជា​ច្រើន​ឆ្នាំ​មក​នេះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ប្រកាន់​បក្ខ​ពួកនិយម ស្អប់គ្នា បែកបាក់​ជា​ពីរ​ក្រុម មើល​មុខ​គ្នា​លែង​ចំ ព្រោះ​តែ​មាន​និន្នាការ​ផ្ទុយ​គ្នា។ លោក​ថា ករណី​នេះ ប្រជាពលរដ្ឋ ក៏​ដូច​ជា ប្រទេស​ជាតិ​ទាំង​មូល ពុំ​ទទួល​បាន​ផល​ចំណេញ​អ្វី​ទាល់​តែ​សោះ ពី​ការ​ឈ្លោះ​ប្រកែក​គ្នា​រវាង​ខ្មែរ និង​ខ្មែរ។

លោក​ចង់​ឃើញ​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​ផ្សេងៗ ទៀត គួរតែ​ទម្លាក់​មានៈ ចិត្ត​ចង់​ឈ្នះ​ចាញ់​គ្នា លាប​ពណ៌​គ្នា ចោទ​ប្រកាន់​គ្នា ដោយ​ងាក​មក​ផ្សះផ្សា​ជាតិ ផ្ដល់​ក្ដី​អនុគ្រោះ​ឱ្យ​គ្នា ហើយ​ស្ដារ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ឡើងវិញ ដោយ​ផ្ដោត​លើ​ការ​ស្វែងរក ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ជូន​ពលរដ្ឋ ជា​ធំ​នោះ ជា​ការ​ប្រសើរ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ។

វិបត្តិ​នយោបាយ​បាន​ជាប់​គាំង​ជិត ១០ឆ្នាំ​មក ក្រោយ​ពី​តុលាការ​ក្រុងភ្នំពេញ​បាន​បញ្ជា ឱ្យ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ឆ្នាំ២០១៧ ហើយ​មន្ត្រី​បក្ស​ប្រឆាំង មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​គុក ចំណែក​មន្ត្រី​មួយ​ចំនួន​ទៀត រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដែល​ហេតុការណ៍​នេះ ត្រូវ​បាន​អង្គការ​ជាតិ និងអន្តរជាតិ​វាយ​តម្លៃ​ថា ជា​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​អាក្រក់​នៅ​កម្ពុជា។

ចាប់​តាំង​ពី​ពេល​នោះ សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ មក​លើ​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ បាន​បន្ត​កើត​មាន​ជា​ហូរហែ ដោយ​ពុំ​បន្ធូរបន្ថយ​ឡើយ រហូត​ដល់​បច្ចុប្បន្ន។ ចំណែក​ពលរដ្ឋ​មួយ​ចំនួន​ជំពាក់​បំណុល​វ័ណ្ឌក និង​ពលរដ្ឋ​ខ្លះ​ទៀត ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស កាន់តែ​កើន​ឡើង ដូចជា ប្រទេស​ថៃ និង​កូរ៉េ​ខាង​ត្បូង​ជាដើម។

ចំណែក​ព្រះសង្ឃ​គង់​នៅ​ខេត្តបាត់ដំបង ព្រះតេជព្រះគុណ ជា វុទ្ធី មាន​ថេរ​ដីកា​ថា បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺ​ជា​ប្រពៃណី​មួយ បណ្ដុះ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចៀសវាង​អំពើ​បាប ការ​បៀតបៀន​គ្នា ឱ្យ​ចេះ​សាមគ្គី​គ្នា និង​ចេះ​ផ្ដល់​ក្ដី​អនុគ្រោះ​ឱ្យ​គ្នា​ទៅ​វិញ ទៅ​មក​តាម រយៈ​ការ​ធ្វើ​បុណ្យទាន ចំពោះ​ព្រះសង្ឃ ការ​សមាទាន សីលប្រាំ និង​ការ​រលឹក​ដឹង​គុណ ដល់​បុព្វបុរស​ខ្មែរ ឬ​សាច់ញាតិ ដែល​បាន​ចែក​ឋាន​ទៅ។

បន្ថែម​ពី​នោះ ព្រះតេជព្រះគុណ​មាន​ថេរ​ដីកា​ថា បុណ្យភ្ជុំបិណ្ឌ គឺ​បណ្ដុះ​ឱ្យ​ពលរដ្ឋ មិន​ថា អ្នក​នយោបាយ បក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​នោះ​ទេ គឺ​ឱ្យ​ចេះ​រួបរួម​គ្នា ផ្សះផ្សា​ជាតិ ជជែក​គ្នា ព្រោះ​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ ជម្លោះ​នយោបាយ​បង្ក​ផល​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ទាំង​មូល​កាន់តែ​អាក្រក់។ ព្រះអង្គ​ថា នា​ពេល​បុណ្យ​ភ្ជុំបិណ្ឌ អ្នក​នយោបាយ ជាពិសេស បក្ស​កាន់​អំណាច គួរតែ​ទម្លាក់​បទ​ចោទ ដោះលែង សកម្មជន​បរិស្ថាន សិទ្ធិមនុស្ស និង​នយោបាយ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ផ្សះផ្សា​ជាតិ ។

នៅ​ថ្ងៃ​ទី១ ខែតុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​ហ្វេសប៊ុក ដើម្បី​អបអរ​សាទរ​បុណ្យ​កាន់បិណ្ឌ និង​បួងសួង​ដល់ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​ឡាយ ឱ្យ​ជួយ​ថែរក្សា​ប្រោសព្រំ​សព្វ​សាធុការ​ពរជ័យ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រកប​ដោយ​សេចក្ដី​សុខ។ រីឯ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក៏​បាន​បង្ហោះ​លើ​ហ្វេសប៊ុក ដែរ​ថា ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​របស់​ខ្មែរ ដែល​មាន​តាំង​ពី​បុរាណ​កាល​មក ហើយ​ជា​ពេល​វេលា​មួយ ដែល​ប្រជាពលរដ្ឋ ឬ​ពុទ្ធបរិស័ទមាន​ឱកាស​ធ្វើ​បុណ្យទាន សន្សំ​កុសល និង​ជួបជុំ​សាច់ញាតិ បងប្អូន នៅ​តាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស តាម​ទី​វត្តអារាម​នានា។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បី​ឆ្លើយ​តប​ជុំវិញ រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១ ខែតុលាការ។

ទាក់ទិន​រឿង​នេះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សម្រាប់​បក្ស​ក្រៅ​រដ្ឋាភិបាល គឺ​តែងតែ​គិត​ផល​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ ហើយ​ចង់​មាន​ការ​បង្រួបបង្រួមជាតិ ពិត​ប្រាកដ​មួយ​នៅ​ក្នុង​ប្រទេស ដូច​អ្វី ដែល​ប្រជាពលរដ្ឋ​ចង់​បាន ក៏ប៉ុន្តែ រឿង​នេះ​ពុំ​អាច​កើត​ឡើង​បាន​ទេ ប្រសិនបើ​បក្ស​កាន់​អំណាច​ពុំ​មាន​ឆន្ទៈ ដើម្បី​ដោះស្រាយ ការ​ជាប់​គាំង​នយោបាយ​ទេ​នោះ។

លោក​បន្ត​ថា បច្ចុប្បន្ន កម្ពុជា​មិន​ពិបាក​នោះ​ទេ ក្នុង​កិច្ចការ​បង្រួបបង្រួម​ជាតិ ព្រោះ​មាន កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែល​ជា​លំនាំ​ដ៏​ល្អ របស់​អ្នក​នយោបាយ ប្រសិនបើ​គោរព​តាម​គោលការណ៍​ទាំង​នោះ ឱ្យ​បាន​ត្រឹមត្រូវ។ រីឯ​ការ​ដឹកនាំ​បច្ចុប្បន្ន​នេះ លោក​កត់​សម្គាល់​ថា ហាក់​ដូច​ជា​ដើរ​មិន​ទាន់​ស្រប​នឹង​គន្លង នៃ​ស្មារតី​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​នៅ​ឡើយ ដែល​បញ្ហា​របស់​ពលរដ្ឋ​ជា​ច្រើន មិន​ត្រូវ​បាន​ដោះស្រាយ ដោយ​ស្មើ​មុខ​ស្មើ​មាត់។

ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មួយ​ចំនួន បាន​នាំ​គ្នា​បង្ហាញ​ការ​សោកសៅ អាណិតអាសូរ បាត់បង់​សមាជិក​គ្រួសារ នៅ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ដោយសារតែ​អ្នក​ខ្លះ មាន​សាច់ញាតិ​ជាប់ពន្ធនាគារ ពាក់ព័ន្ធ​រឿង​នយោបាយ ចន្លោះ​ពី ១ឆ្នាំ ទៅ ៥ឆ្នាំ​មក​ហើយ នៅ​ពុំ​អាច​ជួបជុំ​គ្រួសារ​បាន​ឡើយ។ ពួក​គាត់​បាន​ស្នើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរតែ​គិតគូរ​ស្ដារ​ប្រជាធិបតេយ្យ និង​បង្រួបបង្រួម​ជាតិ​ឡើង​វិញ ដោយ​ដោះលែង អ្នកទោស នយោបាយ ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment