ដោយ ជី វិតា
2024.10.01
RFA
មេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ ក្រោយចេញពីពន្ធនាគារ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
មេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ រីករាយជួបជុំគ្រួសារ និងធ្វើបុណ្យ ក្រោយជាប់ពន្ធនាគាររយៈពេល២ឆ្នាំ តែទោះជាយ៉ាងណាកញ្ញាថា នឹងដឹកនាំកូដករណាហ្គាវើលដ៍បន្តទាមទារសិទ្ធិការងារនាពេលឆាប់ៗ។ មន្ត្រីសង្គមស៊ីវិលស្នើក្រសួងការងារចេញមុខដោះស្រាយលើវិវាទការងារនេះឱ្យបានឆាប់ដើម្បីយុត្តិធម៌សង្គម។
មេដឹកនាំសហជីពក្រុមហ៊ុនណាហ្គា វើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែកញ្ញា ថា កញ្ញាទើបទទួលបានសេរីភាពរយៈពេលជាងពីរសប្ដាហ៍ប៉ុណ្ណោះ ហើយជារយៈពេលមួយដែលកញ្ញាទទួលបានភាពរីករាយបំផុត នៅខណៈដែលកញ្ញាបានទៅវត្តជាមួយក្រុមគ្រួសារ និងសមាជិកកូដករក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ កញ្ញារំលឹកថា កាលពីឆ្នាំមុន ខណៈកញ្ញាកំពុងជាប់ក្នុងពន្ធនាគារទាំងអយុត្តិធម៌ និងអាចធ្វើបុណ្យជាមួយព្រះសង្ឃក្នុងសំលៀកបំពាក់អ្នកទោសប៉ុណ្ណោះ។
កញ្ញា ឈឹម ស៊ីថរ៖ «ការដែលយើងត្រូវបាត់បង់សេរីភាពទាំងអយុត្តិធម៌ ទាំងដែលយើងមិនបានធ្វើអីខុស ថែមទាំងការទាមទារហ្នឹង គឺជាការទាមទារមួយដែលពាក់ព័ន្ធឱ្យក្រុមហ៊ុនឯកជនអនុវត្តច្បាប់ ហើយច្បាប់ហ្នឹងមានចែងទាំងនៅក្នុងរដ្ឋធម្មនុញ្ញទាំងច្បាប់សហជីព ទាំងច្បាប់ស្ដីពីការងារ ប៉ុន្តែផ្ទុយទៅវិញ អ្នកដែលបំពានច្បាប់មិនត្រូវបានដាក់ទោស ទៅជាអ្នកដែលទាមទារឱ្យមានការអនុវត្តច្បាប់បែរជាត្រូវបានដាក់ទោសវិញ អ៊ីចឹងពិបាកនឹងថ្លែងនូវអារម្មណ៍ដែលទទួលរងនូវភាពអយុត្តិធម៌បែបហ្នឹង»។
កញ្ញា ឈឹម ស៊ីថរ ថាក្នុងរយៈពេល ២ឆ្នាំក្នុងពន្ធនាគារ កញ្ញាយកភាពឈឺចាប់ទាំងខ្លួនមិនបានប្រព្រឹត្តកំហុសនោះ មកជាការតាំងចិត្តថា នឹងបន្តដឹកនាំកូដករតស៊ូមតិពេលចេញពីពន្ធនាគារ។ កញ្ញាថា ការតស៊ូមតិនឹងធ្វើឡើងនៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌដើម្បីឱ្យខាងក្រុមហ៊ុន បនល្បែងចេញមុខដោះស្រាយការទាមទារ៩ចំណុច។
កញ្ញា ឈឹម ស៊ីថរ៖ «ទាំងពីដំបូងរហូតមកដល់ពេលនេះ បើគិតពីនីតិវិធីនៅក្នុងការប្ដឹងជំទាស់ជាមួយក្រុមហ៊ុនរហូតដល់មានការធ្វើកូដកម្មនេះដល់បីឆ្នាំជាងមែន ប៉ុន្តែជាស្មារតីរបស់ក្រុមទាំងមូល គឺយើងនូវតែរក្សាស្មារតីក្នុងការបន្តការតវ៉ាធ្វើកូដកម្មដោយសន្តិវិធីរហូតទទួលបានដំណោះស្រាយដែលសមរម្យ»។
រដ្ឋាភិបាលស៊ុយអែត កាលពីខែមេសា បានប្រកាសប្រគល់ពានរង្វាន់អន្តរជាតិ ឌឹ ភើ អេងងើ (The Per Anger Prize) ឆ្នាំ២០២៤ ដល់ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ គឺកញ្ញា ឈឹម ស៊ីថរ ចំពោះវីរភាពកញ្ញាដែលបានការពារសិទ្ធិការងារ និងការរងទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាល និងក្រុមហ៊ុនបទល្បែងណាហ្គាវើលដ៍។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេសអាមេរិក ក៏បានផ្ដល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ជូនមេដឹកនាំសហជីពរូបនេះដែរ ក្នុងចំណោមបុគ្គល១០ រូបមកពីជុំវិញពិភពលោក។
កូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ធ្វើឡើងដោយទាមទារលក្ខខណ្ឌការងារចំនួន៩រួមមាន ទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ចូលបម្រើការងារឡើងវិញ។ ចំណុចទីពីរ កូដករទាមទារឱ្យក្រុមហ៊ុនគិតប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឱ្យបានត្រឹមត្រូវ និងចំណុចទីបីកូដករទាមទារឱ្យក្រុមហ៊ុនផ្ដល់ប្រាក់ដំណាច់អតីតភាពការងារ និងប្រាក់រំឭកអតីតភាពការងារជាដើម។
វិទ្យុអាស៊ីសេរីព្យាយាមសុំការឆ្លើយតបរឿងនេះ ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានទេ នៅថ្ងៃទី៣០ ខែកញ្ញា។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីដ្លី និងធនធានធម្មជាតិនៃសមាគម សិទ្ធិមនុស្សអាដហុក (Adhoc) លោក យិន ម៉េងលី មានប្រសាសន៍ថា វិវាទរវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំមកហើយ។ លោកថារដ្ឋាភិបាលដែលមានសិទ្ធិបញ្ចប់នូវវិវាទសិទ្ធិការងារនេះគួរតែចេញមុខដោះស្រាយឱ្យបានឆាប់ ខណៈលោកមើលឃើញថា រយៈពេលកន្លងមកនេះរដ្ឋាភិបាលរងការរិះគន់ខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិលើករណីមួយនេះ។
លោក យិន ម៉េងលី៖ «ប៉ុន្តែរដ្ឋាភិបាលបែរជាមិនអាចធ្វើការសម្របសម្រួលធ្វើការដោះស្រាយបញ្ហានេះចេញ យើងមានការសោកស្ដាយ ហើយការដោះស្រាយជម្លោះនេះមិនចេញ វាអាចធ្វើឱ្យប៉ះពាល់មុខមាត់របស់រដ្ឋាភិបាលមតិជាតិ មតិអន្តរជាតិមានការមិនសប្បាយចិត្តចំពោះបញ្ហានេះ»។
កាលពីខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ឈប់និយោជិក និងសហជីពដោយបង្ខំចំនួន ១.៣២៩នាក់ ក្នុងនោះមានសមាជិកសហជីពប្រមាណចំនួន ១.១០០នាក់ ក្រោមហេតុផល វិបត្តិកូវីដ១៩ តែយ៉ាងណាបុគ្គលិក និងសហជីពនៃណាហ្គាវើលដ៍ជាងមួយពាន់នាក់បានចាប់ផ្ដើមធ្វើកូដកម្មដោយពួកគេអះអាងថា ក្រុមហ៊ុនបនល្បែងមួយនេះមិនបានក្ស័យធន តែជាការរើសអើងសហជីពទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។