ដោយ មាន ឫទ្ធិ
2024.10.03
RFA

ជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ (ស្ដាំ) ជាមួយអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាគឺលោក វ៉ាង វិនពីន (Wang Wenbin) នាទីស្ដីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកក្រសួងទេសចរណ៍
អ្នកឃ្លាំមើលបញ្ហាសង្គមវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យទេសចរណ៍ ឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាបន្តពឹងពាក់ដង្ហើមចិនគ្មានទីបញ្ចប់។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា និងចិនបានឯកភាពលើកិច្ចសហការធំៗចំនួន ៧ចំណុចក្នុងគោលដៅជំរុញវិស័យទេសចរណ៍នៅកម្ពុជា។
អ្នកឃ្លាំមើលពីបញ្ហាសង្គមលើកឡើងប្រៀបធៀបថា ប្រទេសចិនកំពុងវាយក្បាលអង្អែលខ្នង នៅក្នុងទំនាក់ទំនងជាមួយកម្ពុជា។ ពួកគេលើកឡើងថា ប្រសិនបើប្រទេសចិនពិតជាមានចេតនាជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាពិតមែននោះ ចិននឹងមិនបណ្ដែតបណ្ដោយឱ្យភាពយន្តចិនឈ្មោះ នូ ម៉រ បែតស៍ (No More Bets) ដែលនិយាយអំពីបញ្ហាឧក្រិដ្ឋកម្មនៅកម្ពុជា ផ្សព្វផ្សាយទូទាំងសកលលោក ហើយអ្នកនយោបាយចិនបែរជាចេញមុខជាបន្តបន្ទាប់ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍ជាមួយរដ្ឋាភិបាលកម្ពុជាបែបនេះទេ។
អ្នកសិក្សាបញ្ហាសង្គម និងនយោបាយ លោក ប៉ោ មករា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ ខែតុលា ថា ទំនាក់ទំនងក្នុងរូបភាពរបៀបនេះ គឺជាទំនាក់ទំនងដែលគ្មានភាពស្មោះត្រង់ និងឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជានៅតែរស់នៅខ្វះចិនមិនបាន និងពឹងដង្ហើមចិនដកគ្មានទីបញ្ចប់។ លោកបន្ថែមទៀតថា កម្ពុជាជាប្រទេសតូចដែលបានផ្ដេកផ្ដួលតាមរយៈការបង្កើតទំនាក់ទំនងល្អជាមួយចិន ហើយប្រវត្តិសាស្ត្របង្ហាញថា កម្ពុជាមិនដែលចំណេញជាដុំកំភួនក្នុងការបង្កើនទំនាក់ទំនងល្អជាមួយចិនឡើយ។ ជាមួយគ្នានេះ លោកថា ប្រសិនបើកម្ពុជាមាននីតិរដ្ឋត្រឹមត្រូវ និងជាប្រទេសដែលគួរជាទីកក់ក្ដៅសម្រាប់ជនបរទេស ភ្ញៀវទេសចរទូទាំងពិភពលោកក៏អាចនឹងមកកម្សាន្តនៅកម្ពុជាដោយគ្មានការអូសទាញ។
លោក ប៉ោ មករា៖ «យើងអត់អាចយកដើមផ្កាពីរបីដើមលម្អមុខផ្ទះ ហើយថា ផ្ទះយើងស្អាតហើយយើងដើរហៅគេ ទៅគោះផ្ទះទ្វារគេប្រាប់ថា ផ្ទះយើងស្អាតហើយអាហ្នឹងអត់ទេ ព្រោះរឿងមួយចំនួនត្រូវបានអន្តរជាតិស្នើសុំហើយ ប្រទេសសេរីមួយចំនួនត្រូវបានស្នើសុំឱ្យកម្ពុជាកែលម្អលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព រឿងអំពើពុករលួយមួយចំនួនហ្នឹង។ រដ្ឋាភិបាលក៏គួរតែស្នើសុំឱ្យមានការបង្ហាញពីមូលហេតុអ្វីបានជាចិនផលិតរឿង (No more bets) មិនគិតដល់កម្ពុជា។ កម្ពុជាខ្លួនឯងក៏គួរតែសួរផលិតកម្មហ្នឹងថា មានភស្តុតាងអីត្រឹមត្រូវអត់ ដើម្បីធ្វើឱ្យកេរ្តិ៍កម្ពុជាប្រសើរឡើងវិញដោយសារតែរឿងហ្នឹងភ្ញៀវទេសចរខ្លាចមិនមកកម្ពុជា»។
ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា និងចិន បានឯកភាពគ្នាចុះកិច្ចព្រមព្រៀងចំនួន ៧ចំណុចធំៗ ដោយអះអាងថា ជាកិច្ចសហប្រតិបត្តិការជួយជំរុញលើវិស័យទេសចរណ៍នៅកម្ពុជា។ កិច្ចព្រមព្រៀងនោះរួមមានប្រទេសចិនអះអាងថា នឹងផ្ដល់កិច្ចសហការល្អជាមួយក្រសួងទេសចរណ៍កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរនៅអំឡុងចុងខែតុលា និងខែវិច្ឆិកានេះ។ ចិនក៏អះអាងទៀតថា នឹងជួយជំរុញក្រុមហ៊ុនអាកាសចរណ៍ហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជាឱ្យកាន់តែច្រើន ជួយផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌កម្ពុជា និងចុះអនុស្សរណៈយោគយល់គ្នាបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងចិន ជាដើម។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ហួត ហាក់ ជាមួយអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាគឺលោក វ៉ាង វិនពីន (Wang Wenbin) កាលពីថ្ងៃទី៣០ ខែកញ្ញា។
អ្នកឃ្លាំមើលរិះគន់ថា ទោះបីជាកម្ពុជាកំពុងបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈពឹងផ្អែកឱ្យចិនជួយវិស័យទេសចរណ៍នេះក្ដី ក៏ទំនងមិនអាចស្ដារឱ្យទេសចរចិន និងអន្តរជាតិផ្សេងទៀតមកលេងកម្សាន្តនៅកម្ពុជាច្រើនកុះករដូចមុនដែរ។ ជាមួយគ្នានេះ ភាពយន្តចិនឈ្មោះ នូ ម៉រ បែតស៍ ដែលបានផ្សព្វផ្សាយកន្លងមកនិយាយអំពីបញ្ហាឧក្រិដ្ឋកម្មនៅកម្ពុជាដូចជា ការចាប់ជំរិតមនុស្សធ្វើទារុណកម្ម ជួញដូរមនុស្ស និងឆបោកតាមអនឡាញកំពុងប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ និងមុខមាត់កម្ពុជាលើឆាកអន្តរជាតិ។
កម្ពុជាដែលតែងចាត់ទុកចិនជាមិត្តដែកថែបបានត្រឹមបញ្ចេញប្រតិកម្មថា ភាពយន្តចិននេះ គឺជាការលាបពណ៌ និងមិនឆ្លុះបញ្ចាំងពីការពិតកម្ពុជា។ មកដល់ពេលនេះ ក្រុមហ៊ុនដែលផលិតភាពយន្ត នូ ម៉រ បែតស៍ ក្រៅពីទទួលចំណូលខ្ទង់ពាន់លានដុល្លារ ក្រុមហ៊ុនក៏បានលក់កម្មសិទ្ធិបញ្ញានៃភាពយន្តនេះ ដើម្បីបញ្ចាំងនៅក្រុមហ៊ុនបញ្ចាំងភាពយន្តតាមអនឡាញ ដូចជា ណិតហ្វិ្រច (Netflix) ដែលធ្វើឱ្យមនុស្សលើពិភពលោកអាចចូលទស្សនកាន់តែទូលំទូលាយ។
កាលពីឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៥លាននាក់ ក្នុងនោះទេសចរចិនមានជាង ៥៤ម៉ឺននាក់។ ចំណែក រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៤លាននាក់ ក្នុងនោះទេសចរចិនមានជាង ៥៤ម៉ឺននាក់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២ ខែតុលា។
អ្នកឃ្លាំមើលលើកឡើងថា កម្ពុជាគួរតែជជែកជាមួយប្រទេសចិនកុម្មុយនិស្តឱ្យបានស៊ីជម្រៅ និងស្នើឱ្យមានវិធានការទប់ស្កាត់ខ្សែភាពយន្តដែលផ្សព្វផ្សាយអាក្រក់ពីកម្ពុជា ខណៈប្រទេសចិនខ្លួនឯងក៏មានគណៈកម្មការត្រួតពិនិត្យខ្សែភាពយន្តមុនអនុញ្ញាតឱ្យចាក់បញ្ចាំង និងផ្សព្វផ្សាយ។ ពួកគាត់ថា ទោះបីជាកម្ពុជាមានសេចក្ដីរាយការណ៍អំពីឧក្រិដ្ឋកម្មជួញដូរមនុស្ស និងការឆបោកតាមអនឡាញ កម្ពុជា និងចិនដែលប្រកាសអំពីទំនាក់ទំនងមិនអាចកាច់ផ្ដាច់បាននោះ គួរតែរួមគ្នាបង្ក្រាប និងប្រឆាំងអំពើឧក្រិដ្ឋកម្មទាំងអស់នេះ ជាជាងផលិតជាខ្សែភាពយន្តផ្សព្វផ្សាយបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។