ទូតអង់គ្លេស និង​សហភាព​អឺរ៉ុប​​បារម្ភ​ពី​ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន លោក ម៉ិច ដារ៉ា

ដោយ សុ ជីវី
2024.10.03
RFA

ទូតអង់គ្លេស និង​សហភាព​អឺរ៉ុប​​បារម្ភ​ពី​ការ​ចាប់ខ្លួន​អ្នក​សារព័ត៌មាន លោក ម៉ិច ដារ៉ា

លោក​ ម៉ុច​ ដារ៉ា​ កំពុងចែករំលែកបទពិសោធន៍សរសេរព័ត៌មានបែបស៊េីបអង្កេតដល់សិក្ខាកាម​ News Room នៅបន្ទប់បណ្ដុះបណ្ដាលអ្នកសារព័ត៌មាន​ វ័យក្មេង​ នៃមជ្ឈមណ្ឌលកម្ពុជាដេីម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) កាល​ពីថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ទាក់ទង​នឹង​ការ​ចាប់​ឃុំខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អង់គ្លេស លោក ម៉ាក ថេយើរ៍ (Marc Thayre) បាន​ថ្លែង​តាមរយៈ​សារ​នៅលើ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចក្រភព​អង់គ្លេស កាលពី​ល្ងាច​ថ្ងៃ​ទី​០២ ខែ​តុលា ថា​ការ​ចោទ​ប្រកាន់​លោក ម៉ិច ដារ៉ា នាំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ជាខ្លាំង និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។ លោក ម៉ាក ថេយើរ៍ បន្ត​ថា ការ​បំពេញ​វិជ្ជាជីវៈ​របស់​លោក ដារ៉ា បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​ការ​យល់ដឹង​ទាក់ទង​នឹង​មណ្ឌល​ឆបោក​តាម​អនឡាញ និង​ការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ពី​ការងារ​ដោយ​បង្ខំ។ លោក​បញ្ជាក់​ថា សេរីភាព​បញ្ចេញមតិ​ជា​ផ្នែក​មួយ​មូលដ្ឋានគ្រឹះ ដែលនាំឱ្យ​សង្គម​មានជ័យ​ជម្នះ​ទាំង​ផ្នែក​សង្គម និង​សេដ្ឋកិច្ច។

ស្ថានទូត​អង់គ្លេស​ជំរុញ​ឱ្យ​អាជ្ញាធរ​ពិចារណា​ឡើងវិញ​ពី​ការ​ចោទប្រកាន់ លោក ម៉ិច ដារ៉ា នេះ។

ជាមួយគ្នា​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ចេញ​ថ្លែងការណ៍​ដោយ​បារម្ភ​ពី​ការ​ចាប់ខ្លួន​លោក ម៉ិច ដារ៉ា ដែល​ស្ថាប័ន​នេះ​ចាត់ទុក​ថា ជា​អ្នក​កាសែត​ដែល​មាន​កំណត់ត្រា​គួរឱ្យ​គោរព​លើ​សេចក្ដីរាយការណ៍​អំពី​ការជួញដូរ​មនុស្ស​របស់​គាត់។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា ខ្លួន​គាំទ្រ​ខ្លាំង​ដល់​សេរីភាព​សារព័ត៌មាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles