ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្អូញត្អែរ​អំពី​ការ​ត​លិខិត​ធ្វើការ ត្រូវ​ចំណាយ​លុយ​ច្រើន​ឱ្យ​ទៅ​ក្រុមហ៊ុន និង​មន្ត្រី​ប៉ូលិស​នៅ​ព្រំដែន

ដោយ សុជីវី
2024.10.03
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ត្អូញត្អែរ​អំពី​ការ​ត​លិខិត​ធ្វើការ ត្រូវ​ចំណាយ​លុយ​ច្រើន​ឱ្យ​ទៅ​ក្រុមហ៊ុន និង​មន្ត្រី​ប៉ូលិស​នៅ​ព្រំដែន

ពលករ​ខ្មែរ​ជា​ច្រើន​ធ្វើការ​នៅ​ប្រទេស​ថៃ ធ្វើ​ពិធី​កាន់បិណ្ឌ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ២០២៤។ រូប៖ ពីពលរដ្ឋ


ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ត្អូញត្អែរ​អំពី​ការ​បន្ត​លិខិត​ធ្វើការ (MOU) តម្រូវ​ឱ្យ​បង់ លុយ​ជាង ២ម៉ឺនបាត ឬ​ជិត ១ពាន់​ដុល្លារ ក្នុង​ម្នាក់ ឱ្យ​ទៅ​ក្រុមហ៊ុន ដើម្បី​ជួយ​រត់​ឯកសារ និង​មួយ​ចំណែក ផ្ដល់​ទៅ​មន្ត្រី​ប៉ូលិស នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត។ ពួក​គាត់​ថា ការ​ចំណាយ​លុយ ច្រើន​លើស​លប់ នេះ ធ្វើ​ឱ្យ​ពលករ​ភាគ​ច្រើន ជួប​ការ​លំបាក។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​បង់​លុយ​ច្រើន​បែប​នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់ និង​កេងប្រវ័ញ្ច​លើ​ពលករ ។

ពលករ​ខ្មែរ​ជា​ច្រើន​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​នឹង​ផុត​កំណត់​លិខិត​ធ្វើការ ឬ​ហៅ​ថា អនុស្សរណៈ​យោគយល់​គ្នា (MOU) រយៈ ៤ឆ្នាំ ពួក​គាត់​ត្រូវ​ធ្វើ​លិខិត​បន្ត​សុពលភាព​ថ្មី តាម​រយៈ​ក្រុមហ៊ុន​ឯកជន ដោយ​ត្រូវ​បង់​លុយ មិន​ក្រោម ២ម៉ឺនបាត ឬ​ជិត ១ពាន់​ដុល្លារ​ឱ្យ​ទៅ​ក្រុមហ៊ុន​រត់​ឯកសារ និង​បង់​ទៅ​ឱ្យ​ប៉ូលិស​ប្រចាំ​ច្រក​ព្រំដែន​ប៉ោយប៉ែត។

ពលករ​ខ្មែរ​ធ្វើ​សំណង់ នៅ​ក្រុងបាងកក (Bangkok) ប្រទេស​ថៃ លោក រឿន សុនឿន មក​ពី​ខេត្តបន្ទាយមានជ័យ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ ខែតុលា​ថា MOU របស់​លោក នឹង​ផុត​សុពលភាព​នៅ​ខែវិច្ឆិកា ហើយ​លោក និង​ពលករ​ជាង ៤០នាក់​ផ្សេង​ទៀត បាន​ពឹង​ឱ្យ​ក្រុមហ៊ុន អ៊ែន អេស៊ា ថបស្ពីដ លេប័រ សាប់ផ្លាយ ឯ.ក (Ann Asia Top Speed Labour Supply CO. LTD) ដើម្បី​រត់​ឯកសារ សម្រួល​ជាមួយ​មន្ត្រី​ប៉ូលិស នៅ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត ដើម្បី​បន្ត​សុពលភាព​លើ​លិខិត​ការងារ​ជាថ្មី។

ទោះជាយ៉ាងណា​ក្ដី ពលករ​សំណង់​រូប​នេះ​ត្អូញត្អែរ​ថា ទម្រាំ​នឹង​ទទួល​បាន​លិខិត MOU និង​ទិដ្ឋាការ​ការងារ​ជា​ថ្មី ពួក​លោក​ត្រូវ​ចំណាយ​ថវិកា​ច្រើន​លើ​ការ​ធ្វើ​ដំណើរ​ចុះ​មក​ខ្មែរ ដើម្បី​ថតរូប និង​ស្នាក់នៅ​រង់ចាំ​ធ្វើ​ឯកសារ​រួចរាល់។ ករណី​នេះ ធ្វើឱ្យ លោក ខាត ពេលវេលា និង ថវិកា ដែល​ត្រូវ​ចំណាយ​ផ្សេងៗ មិន​ក្រោម ២ ទៅ ៣ពាន់​បាត ឬ​ជាង ១០០ដុល្លារ​បន្ថែម​នោះ​ទេ លើ​ថវិកា​ជាង ២ម៉ឺន​បាត ផ្ដល់​ឱ្យ​ទៅ​ខាង​ក្រុមហ៊ុន​រត់​ឯកសារ។

រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ថ្វីត្បិត​តែ​ពួក​គាត់​ធ្វើការ​ដោយ​ស្រប​ច្បាប់​ក្ដី ក៏ប៉ុន្តែ ការ​ចំណាយ​ថវិកា​លើ​ឯកសារ​ផ្សេងៗ ដូចជា ថ្លៃ​ធ្វើ​លិខិត​ឆ្លងដែន ត​ទិដ្ឋាការ​ការងារ និង MOU ការងារ​រៀងរាល់ ៤ឆ្នាំ ពួក​គាត់​ត្រូវ​ចំណាយ​ថវិកា​ស្មើនឹង​រត់​ឯកសារ ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដំបូងៗ ដែរ។ ជាក់ស្ដែង ពលករ​ម្នាក់​ត្រូវ​ចំណាយ​ថវិកា ១ម៉ឺន ៥ពាន់​បាត ទៅ ២ម៉ឺនបាត ឬជាង ៥០០ដុល្លារ ទៅ ១ពាន់​ដុល្លារ​ទម្រាំ​ទទួល​បាន សិទ្ធិ​ធ្វើការ​នៅ​ប្រទេស​ថៃ។ ការ​ចំណាយ​ច្រើន​លើសលប់​នេះ​ពលករ ភាគ​ច្រើន​បាន​ពឹង​មេខ្យល់ ឬ​ក្រុមហ៊ុន​ឯកជន ដើម្បី​រត់​ឯកសារ​ឱ្យ។

ពលករ​ម្នាក់​ទៀត មាន​ស្រុក​កំណើត​នៅ​ខេត្តសៀមរាប ដែល​នឹង​លិខិត​ធ្វើការ​ផុត​កំណត់ នៅ​ខែ​ក្រោយ គឺ​លោកស្រី រុំ សម្បត្តិ លើក​ឡើង​ថា កាល​ពី​អំឡុង​ជំងឺ កូវីដ-១៩ រដ្ឋាភិបាល​ថៃ​ពុំ​តម្រូវ​ឱ្យ​ពលករ​ខ្មែរ ចុះ​មក​ខ្មែរ ដើម្បី​ត​លិខិត​ការងារ MOU នោះ​ទេ ព្រោះ​អាច​ធ្វើ​នៅ​ប្រទេស​ថៃ​បាន ដោយ​គ្រាន់តែ​ចំណាយ​ថវិកា ម្នាក់១ម៉ឺន ៥ពាន់បាត ឬ​ជាង ៧០០ដុល្លារ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ លើក​នេះ តម្រូវ​ឱ្យ​ចុះ​ទៅ​ត នៅ​ខ្មែរ ដែល​ត្រូវ​ត្រៀម​ចំណាយ​ច្រើន​ជាង​មុន។

លោកស្រី​ទទូច​ឱ្យ​រដ្ឋាភិបាល និង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ជួយ​ពិនិត្យ​លើ​ករណី​ទាំង​នេះ ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ភាព​ងាយ​ស្រួល ហើយ​ពលករ​អាច​ចំណាយ​ថវិកា បាន​តិច​ជាង​នេះ។ លោកស្រី​ថា រៀងរាល់​ឆ្នាំ ពុំ​សូវ​មាន​ការងារ ធ្វើ​ទៀង​ទាត់ ហើយ​លុយកាក់​តិច​តូច ទុក​ត្រៀម​តែ​លើ​ការ​ត​ទិដ្ឋាការ (VISA) ការងារ​ប្រចាំ​ខែ។ ដូច្នេះ​ហើយ ធ្វើ​ឱ្យ​លោកស្រី រួម​នឹង​ពលករ​ខ្មែរ​ជា​ច្រើន​ទៀត ចាយ​វាយ​លុយ​កាក់ ដោយ​ត្បិតត្បៀត។

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បី​ឆ្លើយ​តប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែតុលា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នក​ទទួល។

ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរ​ប្រវេសន៍ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា សង្កេត​ឃើញ​ថា ករណី​មេ​ខ្យល់ ឬ​ក្រុមហ៊ុន​ឯកជន តម្រូវ​ឱ្យ​ពលករ​បង់​លុយ ជាង ២ម៉ឺន​បាត ឬ​ជិត ១ពាន់​ដុល្លារ ដើម្បី​រត់​ឯកសារ ត​លិខិត​ធ្វើការ (MOU) នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់ និង​ជា​ការ​កេងប្រវ័ញ្ច​ផល​ប្រយោជន៍​ពី​ពលករ ព្រោះថា ពលករ​ភាគ​ច្រើន ពួក​គាត់​ពុំ​សូវ​យល់​ពី​ច្បាប់។

លោក​បន្ត​ថា ករណី​នេះ បាន​កើត​ឡើង​ជាយូរ​មក​ហើយ ហើយ​បាន​ក្លាយ​ជា​រឿង​ធម្មតា សម្រាប់​ពលករ​ចំណាក​ស្រុក​ទៅ​ធ្វើការ នៅ​ប្រទេស​ថៃ ព្រោះ​ថា ករណី​នេះ រដ្ឋាភិបាល ហាក់​ពុំ​អើពើ​តាមដាន​លើ​ក្រុមហ៊ុន​នាំ​ពលករ​មក​ធ្វើការ​នៅ​ក្រៅ​ប្រទេស ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​ពួក​គេ​រំលោភ​បំពាន​សិទ្ធិ​ពលករ​តាម​អំពើ​ចិត្ត ជាពិសេស រឿង​បញ្ហា​លុយ​កាក់។

កាល​ពី​ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ជំរុញ​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​ជួយ​សម្រួល​ការ​ធ្វើ​លិខិត​ឆ្លងដែន និង​កិច្ចការ រដ្ឋាភិបាល​មួយ​ចំនួន ជូន​ពលរដ្ឋ ឱ្យ​មាន​ភាព​ងាយ​ស្រួល និង​ចំណាយ​តិច។ ប៉ុន្តែ ពលករ​នៅ​តែ​ត្អូញត្អែរ​ថា តម្លៃ​លិខិត​ឆ្លងដែន នៅ​តែ​មាន​តម្លៃ​ខ្ពស់ និង​មាន​នីតិវិធី​ស្មុគស្មាញ​ដដែល ដែល​ជា​ឱកាស ឱ្យ​មន្ត្រី​ពុករលួយ ឃុបឃិត​គ្នា​ជាមួយ នឹង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន កេង​ចំណេញ​លើ​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles