2024.10.03
RFA
កង្វះជាតិដែកបណ្តាលឲ្យស្លេកស្លាំងដោយសារខ្វះឈាមក្រហម អាចប៉ះពាល់ដល់ដំណេក ការគិត ថាមពល និងសតិអារម្មណ៍ជាដើម។ អ្នកដែលប្រថុយប្រថានខ្ពស់ខ្វះជាតិដែករួមមាន ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ស្ត្រីអស់រដូវ ស្ត្រីមករដូវច្រើន និងស្ត្រីដែលបង្អត់អាហារខ្លួនឯងដោយចង់ស្គមជាដើម។
តើជំងឺខ្វះឈាមក្រហមមានរោគសញ្ញាអ្វីខ្លះ? តើគេអាចមានវិធីណាខ្លះដើម្បីបង្ការជំងឺមួយនេះ?
កង្វះគ្រាប់ឈាមក្រហម (Anemia) គឺជាជំងឺមួយបណ្តាលមកពីកង្វះជាតិដែក ដែលភាគច្រើនកើតលើស្ត្រីនិងយុវតី។ គ្រាប់ឈាមក្រហមមានមុខងារសំខាន់ នាំអុកស៊ីហ្សែនសម្រាប់ទៅផ្គត់ផ្គង់គ្រប់សរីរាង្គកាយរបស់មនុស្ស។ កង្វះគ្រាប់ឈាមក្រហម បណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត។
ក្រុមវេជ្ជបណ្ឌិតជំនាញសុខភាព ឲ្យដឹងថា រោគសញ្ញានៃការខ្វះជាតិដែករួមមាន ស្លេកស្លាំងខុសពីធម្មតា ហេវហត់ ខ្សោយអស់កម្លាំង ដង្ហក់ ឆាប់ហត់ ហ៊ឹងត្រចៀក ស្រវាំងភ្នែក វិលមុខ ឈឺក្បាល ញ័រដើមទ្រូង ចុកទ្រូង បេះដូងលោតញាប់ មួរម៉ៅខឹងច្រើន មិនសូវចង់ទទួលទានអាហារ និងស្ពឹក ឬស្រពន់ដៃជើង។
ប្រធានសមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិក និងជាគ្រូពេទ្យជំនាញព្យាបាលជំងឺកុមារ លោកវេជ្ជបណ្ឌិត តាន់ សុង មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ពីរដ្ឋកាលីហ្វរនីញ៉ា (California) ថា បញ្ហាខ្វះឈាមក្រហមនេះ អាចបណ្តាលមកពីកត្តាពូជ ការទទួលទានរបបអាហារខ្វះជីវជាតិ និងបញ្ហាស្ត្រីធ្លាក់ឈាមច្រើនពេក ពេលមករដូវ ហើយមានស្ត្រីខ្លះទៀត មករដូវមិនទៀងទាត់ រហូតដល់ ២ដងក្នុងមួយខែក៏មាន។
វេជ្ជបណ្ឌិត តាន់ សុង៖ «បាទដោយសារបាត់បង់ឈាមដោយរដូវវាច្រើនហួសហេតុ។ ឈាមរដូវមានបញ្ហាអកម៉ូន ឬបញ្ហាស្បូន។ ដូច្នេះប្រភពបញ្ហាបណ្តាលមកពីបាត់បង់ ឬខ្វះឈាម គេត្រូវការបញ្ចូលឈាមប្រសិនបើខ្វះខ្លាំងពេក បើមិនខ្វះខ្លាំងគេគ្រាន់តែឲ្យថ្នាំលេបជាតិដែក ដើម្បីឲ្យខ្លួនផលិតឈាមក្រហមឡើងវិញ»។
ការសិក្សាស្រាវជ្រាវនៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៣ បង្ហាញថា ៤០% នៃស្ត្រីនិងយុវតី អាយុចន្លោះពី ១២ ទៅ២១ឆ្នាំ ខ្វះជាតិដែក និង៦% មានជំងឺស្លេកស្លាំងខ្វះឈាមក្រហម។ អ្នកដែលរងគ្រោះខ្លាំង ដោយសារបញ្ហាខ្វះជាតិដែករួមមាន ស្ត្រីធ្លាក់ឈាមច្រើនពេកពេលមករដូវ ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលទារកថ្មីៗ ស្ត្រីបំបៅដោះកូនដោយទឹកដោះម្តាយ និងស្ត្រីទទួលទានរបបអាហារមិនត្រឹមត្រូវពីព្រោះចង់ស្គម និងអ្នកទទួលទានរបបអាហារគ្មានជីវជាតិគ្រប់គ្រាន់ ខ្វះជាតិដែក ខ្វះជាតិអាស៊ីដហ្វូលីក (folic acid) និងខ្វះវីតាមីនបេ១២។ បន្ថែមពីនេះ អ្នកមានជំងឺគ្រាប់ឈាមក្រហម (Hemoglobinopathy) ពីកំណើត ធ្វើអោយគ្រាប់ឈាមមិនមានគុណភាព និងករណីខ្លះទៀត បណ្តាលមកពីមានជំងឺខ្សោយតម្រងនោម (Kidney failure) ជំងឺមហារីកគ្រាប់ឈាម និងជំងឺមហារីកផ្សេងៗ។
ចំពោះស្ត្រីមានផ្ទៃពោះដែលខ្វះជាតិដែក អាចបណ្តាលឲ្យទារកកើតមកមិនគ្រប់ខែ មានទំងន់ទាបខុសពីធម្មតា ហើយករណីខ្លះទៀត អាចបណ្តាលឲ្យរលូតកូនក៏មាន។ វិធីតែមួយគត់ដើម្បីដឹងពិតប្រាកដថា ខ្លួនប្រាណខ្វះជាតិដែក គឺការធ្វើតេស្តឈាម។ សរីរាង្គកាយរបស់មនុស្សមិនថា ស្ត្រីឬប្រុស ក្មេងឬចាស់ ត្រូវការជាតិដែក ដើម្បីបង្កើតកោសិកាក្រហម កោសិកាសាច់ដុំ និងមូលេគុលផ្សេងៗទៀតក្នុងខ្លួន។
លោកវេជ្ជបណ្ឌិត តាន់ សុង ប្រធានសមាគមសុខាភិបាលខ្មែរ ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញនិងគិលានុប្បដ្ឋាយិការាប់រយនាក់ពីសហរដ្ឋអាមេរិក ទៅបំពេញបេសកកម្មព្យាបាលជំងឺដោយឥតគិតថ្លៃ នៅប្រទេសកម្ពុជារៀងរាល់ឆ្នាំ ឲ្យដឹងបន្ថែមថា ប្រជាពលរដ្ឋខ្មែរនៅកម្ពុជា ច្រើនមានបញ្ហាខ្វះជាតិដែក។ បញ្ហាខ្វះជាតិដែកនេះ បណ្តាលឲ្យស្លេកស្លាំង ខ្សោយអស់កម្លាំងល្ហិតល្ហៃ ដង្ហក់ និងឆាប់ហត់។
វេជ្ជបណ្ឌិត តាន់ សុង៖ «ខ្វះឈាមដោយសារជាតិដែកសំខាន់ជាងគេ ហ្នឹងយើងអាចព្យាបាលបាន ប៉ុន្តែខ្វះឈាមដោយសារជំងឺតពូជ ហ្នឹងមិនអាចព្យាបាលបានទេ។ ករណីខ្លះ កូនហ្នឹងកើតមកត្រូវបញ្ចូលឈាមមួយជីវិត បើមិនអ៊ីចឹងទេ ពោះឡើងធំ កើតអណ្តើក នៅស្រុកយើងឃើញកើតច្រើនណាស់។ ដូច្នេះរឿងឈាមនេះសំខាន់ណាស់ត្រូវញ៉ាំម្ហូបអាហារឲ្យគ្រប់គ្រាន់ឲ្យមានជាតិដែក។ ខ្វះជាតិដែកធ្វើឲ្យយើងខ្សោយ ធ្វើការអ្វីឆាប់ហត់ ហើយជាតិដែកសំខាន់ណាស់…»។
របាយការណ៍ស្រាវជ្រាវដដែលបង្ហាញថា បរិមាណជាតិដែកដែលត្រូវការ គឺអាស្រ័យលើអាយុ ភេទ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនដោយទឹកដោះម្តាយ។ ចំពោះស្ត្រីនិងយុវតីដែលធ្លាក់ឈាមច្រើនពេលមករដូវ ឬមានបញ្ហាបេះដូង គ្រូពេទ្យជំនាញនឹងតម្រូវឲ្យបញ្ចូលកោសិកាឈាមក្រហម ឬក៏បញ្ចូលជាតិដែក ដើម្បីខ្លួនប្រាណអាចផ្ទុកជាតិដែកបានគ្រប់គ្រាន់។ បន្ថែមពីនេះ ពួកគេត្រូវទទួលទានអាហារដែលមានជាតិដែក ឬថ្នាំបំប៉នជាតិដែកបន្ថែម ប្រមាណពី ៤៦ ទៅ៦៥មីលីក្រាម ក្នុងមួយថ្ងៃៗ។ ប៉ុន្តែក្នុងលក្ខខណ្ឌដែលស្ត្រីឬយុវតី មិនមានបញ្ហាជំងឺខ្វះជាតិដែក តម្រូវការប្រចាំថ្ងៃគឺចន្លោះពី ៨ទៅ ១៨មីលីក្រាម តាមរយៈការទទួលទានអាហារសំបូរជាតិដែក រួមមាននៅក្នុងសណ្តែកគ្រប់មុខ ផ្លែឈើ ដូចជាស្ត្រូប៊រី ល្ហុង ផ្លែប៊រ ស៊ុត សាច់គោ សាច់ជ្រូក ត្រីសាល់ម៉ុង តៅកួរ និងបន្លែបៃតង ជាដើម។
លោកវេជ្ជបណ្ឌិត តាន់ សុង ក៏បានណែនាំដល់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទ ដែលមានដីនៅជុំវិញលំនៅឋាន គួរតែឧស្សាហ៍ដាំបន្លែគ្រប់មុខ ដើម្បីទទួលទានប្រចាំថ្ងៃ ជាពិសេសគឺបន្លែស្លឹកបៃតង ដូចជាខាត់ណា ស្ពៃ ត្រកួន ប្រកហ្គឺលី និងសណ្តែកកួរ ជាដើម។ លោកវេជ្ជបណ្ឌិតបន្តថា ការទទួលទានបន្លែធម្មជាតិគ្មានជាតិគីមី សាច់មាន់ ត្រី និងផ្លែឈើគ្រប់មុខ ក៏អាចជួយបង្កើតជាតិដែកឲ្យបានគ្រប់គ្រាន់ ដែលរាងកាយត្រូវការចាំបាច់ដើម្បីសុខភាពល្អ។
វេជ្ជបណ្ឌិត តាន់ សុង៖ «រឿងជាតិដែក ខ្ញុំចង់អំពាវនាវឲ្យបងប្អូនទាំងអស់ គឺញ៉ាំអាហារមានជីវជាតិឲ្យគ្រប់គ្រាន់ ជាពិសេសនៅស្រុកយើងច្រើនមានបញ្ហាខ្វះជាតិដែក បន្លែបៃតង សំបូរជាតិដែកច្រើនណាស់ សាច់ក៏ច្រើនណាស់ ដូចជាឈាមជ្រូកក៏ច្រើនដែរ ហើយផ្លែឈើខ្លះ ក៏ច្រើនដែរ។ ដូចនេះម្ហូបអាហារត្រូវតែមានជីវជាតិ មានវីតាមីនដេ ខ្មែរយើងពីដើម ចង់ញាំបាយស ហ្នឹងខ្វះវីតាមីនដេ ធ្វើឲ្យស្ពឹកដៃស្ពឹកជើង មានជាតិដែក មានជាតិប្រូតេអ៊ីនគ្រប់គ្រាន់ ទើបមានសុខភាពល្អ…»។
ស្ថិតិអង្គការសុខភាពពិភពលោកឲ្យដឹងថា ជំងឺខ្វះឈាមក្រហម ប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ១ពាន់ ៦រយលាននាក់ ឬប្រមាណជិត២៥% នៃពលរដ្ឋសរុបទាំងអស់ក្នុងពិភពលោក។ ចំណែកនៅប្រទេសកម្ពុជាវិញ ពុំមានស្ថិតិបង្ហាញពីអ្នកជំងឺខ្វះឈាមក្រហមនោះទេ។
បញ្ហាខ្វះឈាមក្រហមនេះ ក៏ជាមូលហេតុបណ្ដាលឱ្យប៉ះទង្គិចដល់ជីវភាពគ្រួសារទាំងមូលដែរ ពីព្រោះវាប៉ះពាល់ដល់សុខភាព និងការងាររបស់ស្ត្រី ជាហេតុនាំឲ្យកាត់បន្ថយផលិតភាពការងារ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ដោយសារមិនអាចធ្វើការងារបានពេញលេញ។ បន្ថែមពីនេះ ស្ត្រីដែលកើតជំងឺខ្វះឈាមក្រហម ប៉ះពាល់ដល់សតិអារម្មណ៍ពួកគេ ដោយសារមិនអាចផ្ចង់អារម្មណ៍បានល្អ ខឹងមួរម៉ៅច្រើន និងអស់កម្លាំងល្ហិតល្ហៃ ជាដើម។ អាស្រ័យហេតុនេះ គ្រូពេទ្យផ្ដល់ដំបូន្មានថា ស្ត្រីឬយុវតី ត្រូវទៅពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីរកមូលហេតុពិតប្រាកដ តាមរយៈការធ្វើតេស្តឈាម ដើម្បីឈានទៅរកការព្យាបាលដ៏ត្រឹមត្រូវនិងឆាប់រហ័ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។