ដោយ យ៉ង ចាន់តារា
2024.10.09
RFA

ប្រធានសមាគមឧកញ៉ាកម្ពុជា លោក លី យ៉ុងផាត់ (ឆ្វេង) ថ្លែងក្នុងពេលជួបសម្ដែងការគួរសមជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី៦ មេសា ២០២៣។ រូប៖ ហ្វេសប៊ុកសមាគមឧកញ៉ាកម្ពុជា
សហរដ្ឋអាមេរិកបានសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលថ្មីៗនេះ គឺការដាក់ទណ្ឌកម្មទៅលើអ្នកជំនួញដ៏មានឥទ្ធិពល និងសម្បូររឿងអាស្រូវរំលោភសិទ្ធិមនុស្សប្រចាំស្រុកខ្មែរ លោក លី យ៉ុងផាត់។ តើលោក លី យ៉ុងផាត់ មានប្រវត្តិយ៉ាងណា ហើយបានធ្វើអ្វីខ្លះ ទើបបានជារងទណ្ឌកម្មបែបនេះ?
លោក លី យ៉ុងផាត់ គឺជាមហាសេដ្ឋីមួយរូប ដែលមានទាំងទ្រព្យសម្បត្តិ និងអំណាចនយោបាយនៅកម្ពុជា។ កេរ្តិ៍ឈ្មោះរបស់លោកបានល្បីរន្ទឺពេញស្រុកខ្មែរ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ដោយសារតែការរីកចម្រើននៃមុខជំនួញផង ព្រមទាំងរឿងអាស្រូវជាប់ចោទរឿងរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មជាច្រើនផង។
លោក លី យ៉ុងផាត់ មានអាយុ ៦៦ឆ្នាំ។ លោកកើតនៅឆ្នាំ១៩៥៨ នៅខេត្តកោះកុង។ លោកមានឈ្មោះដើមថា ផាត់ ស៊ុផាផា (Phat Suphapha) និងមានសញ្ជាតិពីរ គឺខ្មែរ និងថៃ។ លោក លី យ៉ុងផាត់ មានងារជា «លោកអ្នកឧកញ៉ា» ដែលជាថ្នាក់ខ្ពស់បំផុតនៃឋានានុក្រមឧកញ៉ា ខណៈភរិយារបស់លោក ឈ្មោះ គីម ហ៊ាង មានងារជាអ្នកឧកញ៉ា។ លោក លី យ៉ុងផាត់ មានកូនប្រុសស្រីចំនួន ៥ នាក់ ហើយពួកគេម្នាក់ៗក៏សុទ្ធតែមានងារជាឧកញ៉ាដែរ រួមមាន អ្នកស្រី លី អាផណ អ្នកស្រី លី ផៃលីន អ្នកស្រី លី យ៉ាវឡាក់ លោក លី ឆូកឆៃ និងលោក លី ភូនរ៉ាត់។
ជីវិតនយោបាយរបស់លោក លី យ៉ុងផាត់ បានឡើងខ្ពស់ត្រដែត ដោយសារតែលោកបានជ្រើសរើសលោក ហ៊ុន សែន ជាបង្អែកនយោបាយ។ លោកទទួលបានតួនាទីជាន់ខ្ពស់ទាំងនៅក្នុងបក្សប្រជាជនកម្ពុជា និងស្ថាប័នជាតិ។ ក្រោយសម្រេចផែនការដាក់កូនឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីហើយនោះ លោក ហ៊ុន សែន ក៏បានលើកលោក លី យ៉ុងផាត់ ឱ្យក្លាយទៅជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ឬជាកាន់ហិបលុយឱ្យគណបក្សប្រជាជនកម្ពុជា នៅចុងឆ្នាំ២០២៣។ តួនាទីនេះបានធ្វើឱ្យលោក លី យ៉ុងផាត់ ក្លាយជាមនុស្សម្នាក់នៅក្នុងចំណោមក្បាលម៉ាស៊ីនដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ លោកជាសមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ដែលជាអ្នកកៀរគរលុយពីក្រុមឧកញ៉ាទូទាំងស្រុកខ្មែរ។
ទាក់ទងនឹងវិស័យជំនួញវិញ លោក លី យ៉ុងផាត់ ត្រូវបានគេដាក់រហស្សនាមឱ្យថា ជាស្ដេចត្រាញ់ខេត្តកោះកុង (King of Koh Kong) ដោយសារតែឥទ្ធិពល និងមុខជំនួញជាច្រើនរបស់លោកនៅក្នុងខេត្តជាប់ព្រំដែនថៃមួយនេះ។ លោកក្ដោបក្ដាប់មុខជំនួញក្នុងវិស័យជាច្រើន មានជាអាទិ៍ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពល រួមមាន វារីអគ្គិសនី ព្រមទាំងការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចមានដូចជា សណ្ឋាគារ កន្លែងកម្សាន្ត សួនសត្វ សួនទឹក ទីលានវាយកូនហ្គោល កាស៊ីណូ និងហាងលក់ទំនិញ។ ខាងផ្នែកកសិកម្ម និងឧស្សាហកម្មវិញ លោកមានក្រុមហ៊ុនចម្ការកៅស៊ូ ចម្ការអំពៅ និងរោងចក្រផលិតស្ករស ខណៈផ្នែកសេវាកម្ម លោកមានក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែទឹកជ្រៅ ហើយវិស័យសារព័ត៌មានវិញ លោកមានស្ថានីយទូរទស្សន៍ផងដែរ។
យ៉ាងណាក៏ដោយចុះ ជំនួញចាក់ស្រេះពហុវិស័យរបស់លោក លី យ៉ុងផាត់ នេះ ក៏បាននាំមកនូវវិនាសកម្ម និងអន្តរាយដល់ជីវភាពរស់នៅរបស់ពលរដ្ឋជាច្រើនដែរ ជាឧទាហរណ៍ករណីច្បាមយកដី និងបណ្ដេញពលរដ្ឋចេញទាំងបង្ខំនៅខេត្តកំពង់ស្ពឺ ជាដើម ខណៈមុខជំនួញខ្លះរបស់លោកមានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវឧក្រិដ្ឋកម្មផ្សេងទៀត មានជាអាទិ៍ ពលកម្មកុមារពាក់ព័ន្ធនឹងឧស្សាហកម្មស្ករអំពៅ ការជួញដូរមនុស្ស ការបូមខ្សាច់ខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ និងបរិស្ថាន ការរត់ពន្ធថ្នាំជក់ អំពើលាងលុយកខ្វក់ ការបើកបនល្បែងអនឡាញខុសច្បាប់ និងអំពើឆបោកតាមអនឡាញ ជាដើម។
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិច ដែលធ្លាប់ស៊ើបអង្កេតអំពីករណីបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ មានកេរ្តិ៍ឈ្មោះអាក្រក់ខាងរំលោភសិទ្ធិមនុស្ស បំផ្លាញធនធានធម្មជាតិ និងប្រព្រឹត្តអំពើពុករលួយជាច្រើនឆ្នាំមកហើយ ជាពិសេសអាជីវកម្មខ្សាច់បែបអានាធិបតេយ្យនៅក្នុងខេត្តកោះកុង ហើយចុងក្រោយនេះ គឺករណីកាប់បំផ្លាញព្រៃឈើ។
លោក អាឡិច ៖ «L.Y.P Group គឺខូចឈ្មោះអស់ហើយ គឺឈ្មោះឡើងកខ្វក់តែម្ដង សូម្បីតែមុនឡើងវិទ្យុហ្នឹង ខ្ញុំមើលគេហទំព័ររបស់ L.Y.P Group គឺអត់មានទៀតទេ គេហទំព័រគឺអត់ដំណើរការតែម្ដង។ ឧទាហរណ៍មួយទៀតចុងក្រោយ ព័ត៌មានដែលខ្ញុំទើបទទួលបានថ្មីៗនេះ គឺក្រុមហ៊ុន L.Y.P Group ហ្នឹង កំពុងតែពាក់ព័ន្ធពេញទំហឹងទៅលើការកាប់ឈើទ្រង់ទ្រាយធំនៅជួរភ្នំពេញ ក្រោមលេសទំនប់វារីអគ្គិសនីស្ទឹងមេទឹកនៅខេត្តពោធិ៍សាត់ និងខេត្តកោះកុង»។
ករណីឧក្រិដ្ឋកម្មព្រៃឈើចុងក្រោយពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ នេះ ក៏ត្រូវបានរកឃើញដោយក្រសួងបរិស្ថានដែរ។ ក្រសួងបរិស្ថានបានបញ្ជាក់ក្នុងលិខិតមួយច្បាប់កាលពីថ្ងៃទី២ កញ្ញាថា ក្រុមហ៊ុន ស្ទឹងមេទឹក ហាយដ្រូផៅវ័រ (Stung Meteuk Hydropower Co., Ltd) របស់លោក លី យ៉ុងផាត់ ដែលកំពុងសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីស្ទឹងមេទឹក ស្ថិតក្នុងខេត្តកោះកុង និងខេត្តពោធិ៍សាត់ បានកាប់ឈើ និងប្រមូលឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។ ក្រសួងបរិស្ថានបានសម្រេចផ្អាកសកម្មភាពរបស់ក្រុមហ៊ុនជាបណ្ដោះអាសន្ន រហូតដល់ក្រុមហ៊ុនមានយន្តការគ្រប់គ្រង និងធានាមិនឱ្យមានសកម្មភាពល្មើសច្បាប់កើតឡើងជាថ្មីទៀត។
មកដល់ពេលនេះ លោក លី យ៉ុងផាត់ មិនធ្លាប់ត្រូវបានរដ្ឋាភិបាល ឬសភា កោះហៅទៅសួរនាំអំពីរឿងអាស្រូវឧក្រិដ្ឋកម្មនានាពាក់ព័ន្ធនឹងក្រុមហ៊ុនទាំងឡាយរបស់លោកនោះឡើយ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន ថែមទាំងកាត់ដីរដ្ឋជិត ១ពាន់ហិកតារ (៩០០) ហិកតារនៅខេត្តព្រះសីហនុ និងកំពង់ស្ពឺ ប្រគល់ជាកម្មសិទ្ធិឯកជនឱ្យទៅលោក លី យ៉ុងផាត់ និងក្រុមគ្រួសាររបស់លោកថែមទៀតផង កាលពីអំឡុងឆ្នាំ ២០២០ និង ២០២១។ នេះមិនទាន់រាប់បញ្ចូលដីសម្បទានសេដ្ឋកិច្ចចំនួនរាប់ម៉ឺនហិកតារ និងគម្រោងវិនិយោគជាច្រើនផ្សេងទៀត ដែលរដ្ឋាភិបាលត្រកូលហ៊ុនបានផ្ដល់ឱ្យទៅក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ នោះនៅឡើយទេ។
យ៉ាងណាក៏ដោយចុះ យីអ៊ុនរបស់លោក លី យ៉ុងផាត់ មិនមែនចេះតែឡើងរហូតនោះទេ។ មហាសេដ្ឋីសញ្ជាតិខ្មែរ-ថៃ រូបនេះត្រូវបានសហរដ្ឋអាមេរិកកាច់បំបាក់ធ្មុង តាមរយៈសេចក្ដីប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមប្រាមមិនឱ្យធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិ កាលពីថ្ងៃទី១២ កញ្ញា ថ្មីៗនេះ។ ក្រសួងរតនាគារអាមេរិកដាក់ទណ្ឌកម្មនេះលើលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្ម ៥ របស់លោក រួមមាន សម្ព័ន្ធក្រុមហ៊ុន L.Y.P Group រមណីយដ្ឋានអូរស្មាច់ (O-Smach Resort) សណ្ឋាគារ ហ្កាឌិន ស៊ីធី (Garden City Hotel) រមណីយដ្ឋានកោះកុង (Koh Kong Resort) និងសណ្ឋាគារភ្នំពេញ (Phnom Penh Hotel)។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក លី យ៉ុងផាត់ ដើម្បីសុំការឆ្លើយតបរឿងនេះបានទេ។ ប៉ុន្តែសមាគមឧកញ៉ាកម្ពុជាដែលមានរូបលោកជាប្រធាននោះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយចាត់ទុកទណ្ឌកម្មនេះថា ជា «អយុត្តិធម៌» និងទទូចឱ្យក្រសួងរតនាគារអាមេរិកលុបចោលទណ្ឌកម្មនេះ។ ដូចគ្នានេះដែរ ក្រសួងការបរទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក៏បានស្រែកព្រមគ្នាថា ទណ្ឌកម្មនេះ ជារឿង «អយុត្តិធម៌» រំលោភអធិបតេយ្យ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកវិញ ក្រសួងរតនាគារអាមេរិកបានផ្តល់អំណះអំណាងថា ការដាក់ទណ្ឌកម្មនេះ គឺដោយសារតែលោក លី យ៉ុងផាត់ និងសម្ព័ន្ធអាជីវកម្មរបស់លោក មានជាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងពលកម្មដោយបង្ខំក្នុងជំនួញឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ (Crypto)។
ជុំវិញរឿងនេះ អ្នកការពារបរិស្ថានលោក អាឡិច ថ្លែងថា ស្វាគមន៍ចំពោះទណ្ឌកម្មនេះ ពីព្រោះលោកថា វាសមទៅនឹងទង្វើរំលោភបំពានទាំងឡាយដែលលោក លី យ៉ុងផាត់ និងក្រុមហ៊ុនទាំងឡាយរបស់គាត់បានប្រព្រឹត្ត។
លោក អាឡិច៖ «លោក លី យ៉ុងផាត់ គាត់មិនល្ងង់ទេ។ គាត់ដឹងហើយថា អាចនឹងមានគេដាក់ទណ្ឌកម្ម ដូច្នេះហើយមិនមែនស្អែកគាត់ក្លាយជាអ្នកក្រ សុំទានតាមផ្លូវនោះទេ។ គាត់មានល្បិចកលច្រើនណាស់ ដើម្បីលាក់លុយ ប៉ុន្តែយ៉ាងហោចណាស់ គឺតទៅមុខទៀត គាត់រស់ភ័យៗទេ រស់ភ័យខ្លាច អាហ្នឹងគឺសមមុខហ្មង»។
ចំណែកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិញ លោកមានប្រសាសន៍ថា ទណ្ឌកម្មនេះជាការវែកមុខជនឧក្រិដ្ឋដែលបានបំផ្លាញផលប្រយោជន៍ជាតិ ហើយលោកជឿជាក់ថា ទណ្ឌកម្មមួយនេះនឹងមានប្រសិទ្ធភាព។
លោក សម រង្ស៊ី៖ «សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន គេសហការគ្នាដើម្បីធ្វើឱ្យប្រព័ន្ធធនាគារអន្តរជាតិហ្នឹង វាដើរបានល្អត្រឹមត្រូវ មានច្បាប់ជាធរមាន។ អ៊ីចឹងគេនឹងផ្អាកថា បើលុយ លី យ៉ុងផាត់ គ្រួសារ លី យ៉ុងផាត់ ក្រុមហ៊ុន លី យ៉ុងផាត់ ចង់ផ្ទេរពីប្រទេសមួយទៅប្រទេសមួយ ពីកន្លែងមួយទៅកន្លែងមួយ អត់បានទេ គឺគេបង្កក ហើយគេអាចរឹបអូសតែម្ដង។ អ៊ីចឹងធ្វើឱ្យកិច្ចការរបស់ លី យ៉ុងផាត់ បក្ខពួក និងក្រុមហ៊ុន លី យ៉ុងផាត់ ទាំងអស់ហ្នឹង វានឹងស្ទះ។ លី យ៉ុងផាត់ ស្ទើរតែអស់ខ្យល់ដកហើយពេលនោះ»។
លោក សម រង្ស៊ី សង្កត់ធ្ងន់ថា ដោយសារលោក លី យ៉ុងផាត់ ជាអ្នកជួយទ្រទ្រង់លុយកាក់ដល់អំណាចក្រុមគ្រួសារលោក ហ៊ុន សែន និងគណបក្សកាន់អំណាច ដូច្នេះលោកជឿថា ទណ្ឌកម្មនេះក៏នឹងជះឥទ្ធិពលទៅលើរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាដែរ។
លោក សម រង្ស៊ី៖«របប ហ៊ុន សែន បក្ខពួក ហ៊ុន សែន ដែលរស់ដោយសារការចិញ្ចឹមមួយផ្នែកធំពី លី យ៉ុងផាត់ ហ្នឹង ពួកអស់ហ្នឹងក៏បាត់បង់ប្រាក់ចំណូលតាមហ្នឹង និងទទួលនូវភាពទន់ខ្សោយជាងមុន ហើយបើឈានទៅដល់រឹបអូសទ្រព្យសម្បត្តិ ចាត់វិធានការដូចគ្នា បង្កក ធ្វើឱ្យលុយពួកហ្នឹងស្ទះចំពោះអ្នកដែលនៅជុំវិញ ហ៊ុន សែន មួយចំនួន ឬច្រើនជាងហ្នឹងទៀត អាហ្នឹងរបប ហ៊ុន សែន ក៏កាន់តែខ្សោយជាងហ្នឹងទៀត»។
អ្នកសង្កេតការណ៍មួយចំនួនយល់ថា ជាជាងជំនួសមុខឱ្យលោក លី យ៉ុងផាត់ ដោយចេញមកច្រានចោលការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនេះ រដ្ឋាភិបាលកម្ពុជា ឬរដ្ឋសភាកម្ពុជា គួរតែបើកការស៊ើបអង្កេតទៅលើមុខជំនួញ និងសកម្មភាពមិនប្រក្រតីនានារបស់មហាសេដ្ឋីរូបនេះ ដែលរងការចោទប្រកាន់ ដើម្បីស្វែងរកការពិតជូនពលរដ្ឋខ្មែរ ដែលមានសិទ្ធិត្រូវដឹងឮរឿងទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។